រដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ អំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ បន្ទាប់ពីកងកម្លាំងយោធាថៃ បានបើកការបាញ់ប្រហារលើជនស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួស។
កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញ យោធាថៃ បានបាញ់ប្រហារលើប្រជាពលរដ្ឋខ្មែរ ខណៈពួកគេកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់។
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានលើទំព័រហ្វេសប៊ុករបស់ក្រសួង បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ លោកស្រីថា កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់រាល់អរិភាព(ភាពជាសត្រូវ)ជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយ នៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
លោកស្រី ម៉ាលី សុជាតា បានលើកឡើងទៀតថា៖ «ព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារការបាញ់ប្រហាររបស់យោធាថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាកាលពីម្សិលមិញនេះ»។
បើតាមក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះដែរ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ ក៏បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទៅកាន់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីពិនិត្យពីស្ថានភាពសុខភាពរបស់ប្រជាជនស៊ីវិលកម្ពុជាដែលបានរងរបួស ដោយសារការបាញ់ប្រហារ របស់យោធាថៃ និងបានចុះទៅមើលផ្ទាល់នៅមណ្ឌលជនភៀសសឹករបស់អ្នកភូមិព្រៃចាន់ ដែលបានភៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព នៅក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរ។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណរិទ្ធ មានប្រសាសន៍យ៉ាងខ្លីថា ស្ថានភាពនៅភូមិព្រៃចាន់ នៅថ្ងៃព្រហស្បតិ៍នេះ មានសភាពស្ងប់ស្ងាត់ ខណៈអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋជាង ២០០គ្រួសារ នៅភូមិព្រៃចាន់ ទៅកាន់កន្លែងសុវត្ថិភាព។
លោកថា៖ «ស្ថានភាពនៅព្រៃចាន់ មានការស្ងប់ស្ងាត់ ហើយប្រជាពលរដ្ឋពួកយើងជម្លៀសគាត់ចេញមកដើម្បីរក្សាសុវត្ថិភាព ពួកយើងយកគាត់ចេញតាំងពីយប់[ថ្ងៃទី១២ ខែវិច្ឆិកា]។ ពួកគេឥលូវនៅទីតាំង គឺនៅវត្តចាន់ស៊ី»។
ប្រជាពលរដ្ឋភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ លោក ពៅ វុទ្ធ បានថ្លែងប្រាប់ Press Start Cambodia ថា ក្រោយហេតុការណ៍បាញ់ប្រហារលើពលរដ្ឋខ្មែរ ពីសំណាក់យោធាថៃនោះ បានធ្វើឱ្យរូបលោក ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀ បន្តរស់នៅក្នុងភាពភ័យខ្លាច និងបានភៀសខ្លួនចេញពីភូមិឋានរបស់ពួកគេ។
លោកថា៖ «ពេលកើតហេតុហ្នឹង ខ្ញុំនៅកន្លែងត្រង់សេកំពុងបូមទឹកឲ្យទាហាន ក្រោយមកម្ដាយខ្ញុំបានទូរសព្ទមកប្រាប់ថាថៃបាញ់គ្នាហើយ។ ពេលនោះខ្ញុំប្រញាប់ទៅរកម៉ែភ្លាម ដើម្បីដឹកគាត់ចេញពីភូមិជៀសវាងកុំឲ្យមានការរងរបួសទៅលើឪពុកម្ដាយខ្ញុំ[…] និយាយពីរឿងភ័យនោះភ័យខ្លាំងណាស់ ព្រោះវាលេងសុទ្ធតែកាំភ្លើងហើយយើងមិនមានអាវុធអីតបតសោះ។ វាប៉ងចង់បាន វានៅតែធ្វើទុក្ខបុកម្នេញយើងរហូតហ្នឹង ដូចដីចម្ការខ្ញុំអី វាព័ទ្ធយកអស់តាំងពីយូរហើយ ខ្ញុំអត់មានចំណូលអីទេរាល់ថ្ងៃនេះ សុំរស់ត្រឹមតែមួយសុខ វាមិនឱ្យយើងសុខទៀត វានៅបាញ់បោះធ្វើបាបប្រជាពលរដ្ឋយើងរហូតដល់ស្លាប់»។
បន្ទាប់ពីកើតមានករណីយោធាថៃបានបាញ់ប្រហារលើប្រជាពលរដ្ឋខ្មែរមក ក្រសួង ស្ថាប័នរដ្ឋ ព្រឹទ្ធសភា រដ្ឋសភា អង្គការសង្គមស៊ីវិល សហជីព គណបក្សនយោបាយ និងអង្គភាពស្ថាប័នជាច្រើនទៀត រួមទាំងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើដ៏ឃោរឃៅរបស់យោធាថៃមកលើជនស៊ីវិលកម្ពុជានេះ។
ក្នុងនោះ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានលើកឡើងពីការបានរៀបចំ និងដាក់ញត្តិជាបន្ទាន់ ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ផងដែរ។
ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានអំពាវនាវឱ្យបញ្ឈប់រាល់សកម្មភាពអរិភាពយោធា និងធានាសុវត្ថិភាពរបស់ជនស៊ីវិលកម្ពុជា, ធ្វើការស៊ើបអង្កេតដោយឯករាជ្យ និងមិនលម្អៀង ដើម្បីកំណត់ការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មនេះ, ផ្តល់ការថែទាំព្យាបាលជាបន្ទាន់ និងសំណងសមរម្យដល់ជនរងគ្រោះ និងគ្រួសាររបស់ពួកគេ និងពង្រឹងវិធានការបង្ការ និងអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួជាដើម។
គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ក៏បានស្នើឱ្យអង្គការសហប្រជាជាតិ ចាត់តាំងឱ្យមានបេសកកម្មស្វែងរកការពិត មកវាយតម្លៃស្ថានភាពនៅតំបន់ព្រំដែន និងទប់ស្កាត់ការកើតឡើងវិញនៃអំពើហិង្សាបែបនេះ និងបានអំពាវនាវឱ្យថៃដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌផងដែរ។
សម្រាប់ អ្នកវិភាគកិច្ចការសង្គម និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចាន់រឿន បានថ្លែងថា ការបាញ់ប្រហាររបស់ទាហានថៃលើជនស៊ីវិលកម្ពុជា ជា «ទង្វើព្រៃផ្សៃ និងជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់លាស់»។
លោកបន្ថែមថា សកម្មភាពនេះបង្ហាញថា ភាគីថៃមិនត្រឹមតែមិនគោរពកិច្ចព្រមព្រៀងសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើអាវុធបាញ់ប្រហារលើប្រជាពលរដ្ឋស្លូតត្រង់ ដែលជាសកម្មភាពអាចចាត់ទុកថាជា «ឧក្រិដ្ឋកម្មសង្គ្រាមតាមទស្សនៈសិទ្ធិមនុស្សអន្តរជាតិ»។
តាមការវិភាគរបស់ លោកប៉ា ចាន់រឿន ការឆ្លើយតបដោយសន្តិវិធីពីសំណាក់កម្ពុជា គឺជាជំហរដែលត្រឹមត្រូវ និងចាំបាច់ក្នុងស្ថានភាពបច្ចុប្បន្ន។
លោកបានអះអាងថា៖ «ថៃកំពុងព្យាយាមបង្កឲ្យកម្ពុជាប្រតិកម្មវិញ ដើម្បីមានលេសបើកសង្គ្រាមឡើងម្ដងទៀត។ ការអត់ឆ្លើយតបតាមបែបហិង្សា គឺជាយុទ្ធសាស្ត្រដែលឆ្លាតវៃបំផុត ដើម្បីរក្សាសន្តិភាពនិងភាពយូរអង្វែងរបស់តំបន់»។
លោកក៏បានណែនាំថា កម្ពុជាត្រូវតែពង្រឹងយុទ្ធសាស្ត្រការពារ និងអន្តរាគមន៍ដោយមិនចាំបាច់ ប្រើប្រាស់តែការទូតជាវិធីសាស្ត្រសំខាន់ក្នុងការទប់ស្កាត់ការបង្កជម្លោះបន្ថែម។
លោកបានបញ្ជាក់ថា៖ «កម្ពុជាគួរបន្តប្រើយន្តការការទូត ដោយស្នើឲ្យប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព កាន់តែចូលរួមសកម្ម ក្នុងការទប់ស្កាត់ការប្រឈមប្រដាប់អាវុធឡើងវិញតាមបណ្តោយព្រំដែន […] សមាជិកអាស៊ាននីមួយៗក៏មិនត្រូវស្ងប់ស្ងៀមដែរ គួរតែមានអន្តរាគមន៍ទប់ស្កាត់ កុំឲ្យមានការកើតឡើងវិញនូវជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ដែលនៅបង្កជាអស្ថេរភាពសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស និងអស្ថេរភាពនយោបាយនៅក្នុងតំបន់»។
ភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា–ថៃ បានកើតឡើងឡើងវិញចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានការប៉ះទង្គិចយោធា និងការបាញ់ប្រហារយ៉ាងខ្លាំងនៅតំបន់មួយចំនួននៅតាមបណ្តោយព្រំដែន រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទព្រះវិហារ និងតំបន់ភ្នំទ្រព្យ ដែលបង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខក្នុងតំបន់។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជានិងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានកិច្ចប្រជុំកំពូលអាស៊ានប្តូរវេន ធ្វើជាសាក្សី។
ក្នុងកិច្ចព្រមព្រៀងនោះ បានបញ្ជាក់ពីការដោះលែងទាហានខ្មែរ ចំនួន ១៨នាក់ ដែលភាគីថៃបានចាប់ឃុំខ្លួន ការដកហូតអាវុធធុនធ្ងន់ពីតំបន់ព្រំដែន និងការជួយសហការដោះស្រាយបញ្ហាមីនសល់ពីសង្គ្រាម ព្រមទាំងពង្រឹងសន្តិភាពតាមបណ្តោយព្រំដែន និងសហការក្នុងការដោះស្រាយជម្លោះដោយសន្តិភាព។
ប៉ុន្តែក្រោយការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព បានប្រមាណ ២សប្តាហ៍ និងក្រោយមានហេតុការណ៍ទាហានថៃជាន់មីនរងរបួសនេះ រដ្ឋាភិបាលថៃ បានប្រកាសផ្អាកការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយចោទកម្ពុជាថា បានដាក់មីនថ្មី តាមបណ្តោយព្រំដែន តែការចោទនេះត្រូវបានកម្ពុជាបដិសេធ។
គួរបញ្ជាក់ផងដែរថា កម្ពុជា និងថៃ បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងអាស៊ាន ម្តងរួចមកហើយ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ប៉ុន្តែភាពតានតឹងនៅតែបន្តកើតមាននៅតាមតំបន់ព្រំដែន ដោយសារទាហានថៃបានរាយបន្លាលួស ដាក់សំណាញ់ នៅតំបន់មួយចំនួន ចូលដែនអធិបតេយ្យភាពរបស់កម្ពុជាជាបន្តបន្ទាប់ ហើយចុងក្រោយនេះ មានការបាញ់ប្រហារពីសំណាក់យោធាថៃ ទៅលើពលរដ្ឋកម្ពុជាបណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់៕

