ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើដល់ប្រធានអាស៊ាន និងមេដឹកនាំពិភពលោក ព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ជំរុញទៅភាគីថៃឱ្យគោរពបទឈប់បាញ់ បញ្ឈប់ការប្រើកម្លាំងប្រឆាំងជនស៊ីវិល និងបញ្ឈប់ការប្រើប្រាស់ឬគ្រោងប្រើប្រាស់កម្លាំងយោធាដើម្បីកំណត់ខណ្ឌសីមាព្រំដែនដោយឯកតោភាគី ក្រោយពីកម្លាំងចម្រុះរបស់ថៃបានប្រើប្រាស់ហិង្សាលើពលរដ្ឋ និងព្រះសង្ឃខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យរងរបួសជិត ៣០អង្គ/នាក់។
កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កងកម្លាំងយោធា និងក្រុមប៉ូលីសបង្ក្រាបបាតុកម្មរបស់ថៃ ដែលមានអាវុធគ្រប់ដៃ បានធ្វើសកម្មភាពចូលទៅរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបានប្រើប្រាស់ហិង្សាលើព្រះសង្ឃ និងពលរដ្ឋខ្មែរ បណ្តាលឱ្យរងរបួសចំនួន ២៨អង្គ/នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។
ក្រោយហេតុការណ៍នេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ជុំវិញបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។
ក្នុងលិខិតផ្ញើជូនលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ចុះថ្ងៃទី១៧ ខែកញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងពីស្ថានការណ៍ថ្មីៗ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលកម្លាំងយោធាថៃ មិនបានគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយថែមទាំងបានពង្រីកតំបន់ជម្លោះ តាមរយៈការរាយបន្លាលួស ដាក់របាំងឃាំង ចេញឱសានវាទបណ្តេញពលរដ្ឋខ្មែរចេញពីដីលំនៅដ្ឋានដែលពួកគេបានរស់នៅជាយូរលង់មកហើយ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។
លិខិតដដែលនោះ បន្តថា ប្រជាពលរដ្ឋខ្មែរចំនួន ២៥គ្រួសារ ត្រូវបានយោធាថៃរារាំងមិនឱ្យចូលផ្ទះសម្បែង និងស្រែចម្ការរបស់ពួកគេ ហើយថ្មីៗនេះ អ្នកនាំពាក្យយោធាថៃ ក៏បានគំរាមកំហែងថានឹងធ្វើការបណ្តេញចេញថែមទៀតនាពេលដ៏ខ្លីខាងមុខ ដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារ ដែលមានសមាជិកសរុបជាង ១០០០នាក់។ ហើយបើផ្អែកតាមប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកដីនៅទីតាំងចំនួន ១៧ផ្សេងទៀត ក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតីនៃប្រទេសកម្ពុជា ដោយផ្អែកលើផែនទីគូសដោយឯកតោភាគីខ្នាត១លើ៥០ពាន់។
ការណ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើដល់ប្រធានអាស៊ាន និងសហគមន៍អន្តរជាតិ ជួយជំរុញទៅប្រទេសថៃ ឱ្យប្រកាន់ខ្ជាប់ចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលសម្រេចបាននៅទីក្រុងពុត្រាចាយ៉ាង និងកិច្ចប្រជុំGBC និង RBC នាពេលថ្មីៗនេះ ហើយបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពជាឯកតោភាគី ដែលអាចបង្កើនភាពតានតឹង និងពង្រីកទំហំ និងវិសាលភាពនៃជម្លោះ។
លិខិតដដែលនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ស្នើឱ្យជំរុញទៅភាគីថៃហាមប្រើកម្លាំងប្រឆាំងជនស៊ីវិលនិងទ្រព្យសម្បត្តិ, រុះរើឧបសគ្គដែលទើបដាក់ថ្មីៗ ដូចជាបន្លាលួស សំបកកង់ឡាននៅតំបន់ដែលពលរដ្ឋខ្មែរបាននិងកំពុងរស់នៅ, បញ្ឈប់ផែនការបណ្តេញចេញដោយបង្ខំនិងអនុញ្ញាតឱ្យពលរដ្ឋខ្មែរ ដែលបានបណ្តេញចេញរួចបានត្រឡប់ទៅផ្ទះវិញ, បញ្ឈប់ការប្រើប្រាស់ឬគ្រោងប្រើប្រាស់កម្លាំងយោធា ដើម្បីការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី និងដោះលែងជាបន្ទាន់នូវយោធិនកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃ។
លិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា៖ «ខ្ញុំសង្ឃឹមជឿជាក់ថា ឯកឧត្តមនឹងពិចារណាផ្តល់ការគាំទ្រដ៏មានតម្លៃ តាមរយៈយន្តការសមស្រប ដើម្បីជួយជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រសិទ្ធភាពនូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានាដែលកម្ពុជា-ថៃបានសម្រេច»។
ជាមួយគ្នានោះ លោកបានអះអាងជាថ្មីទៀតថា កម្ពុជាប្តេជ្ញាដោះស្រាយវិវាទព្រះដែនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងធ្វើការជាមួយថៃ និងអាស៊ាន ដើម្បីរក្សាស្ថិរភាពជុំវិញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២។
ជុំវិញករណីកម្លាំងចម្រុះរបស់ថៃ បានប្រើហិង្សាលើប្រជាពលរដ្ឋ និងព្រះសង្ឃ នៅភូមិព្រៃចាន់ កាលពីថ្ងៃម្សិលមិញនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងថា កងកម្លាំងចម្រុះរបស់ភាគីថៃ រួមមាន កម្លាំងតម្រួតព្រំដែន ទាហានប៉ារ៉ា ទាហានឈុតខ្មៅ នគរបាល និងប្រជាពលរដ្ឋស្រុកគោកធ្យូង ចំនួនប្រហែល៣០០នាក់ មានអាវុធគ្រប់ដៃ និងមានឧបករណ៍សម្រាប់ទប់ស្កាត់បាតុកម្ម បានចូលមកធ្វើសកម្មភាពរាយបន្លាលួស នៅភូមិព្រៃចាន់។
លោកស្រី បន្តថា នៅក្នុងហេតុការណ៍នោះផងដែរ កងកម្លាំងចម្រុះរបស់ថៃ បានប្រើរថយន្តបំពាក់ឧបករណ៍សំឡេង ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រដាស់ត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាបបាតុកម្ម និងបាញ់ជំពាមកៅស៊ូ គ្រាប់ឃ្លី ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋ និងព្រះសង្ឃចំនួន ២៨អង្គ/នាក់ ដួលសន្លប់ និងរងរបួសធ្ងន់និងស្រាល។
លោកស្រីចាត់ទុកទង្វើរបស់ភាគីថៃនៅពេលនេះថា៖ «ទង្វើរបស់កងកម្លាំងចម្រុះរបស់ភាគីថៃ គឺជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃបទឈប់បាញ់ និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំGBCនិងRBCទាំងអស់កន្លងមក។ ជាងនេះទៅទៀត ការយកច្បាប់អាជ្ញាសឹកនិងច្បាប់ក្នុងស្រុករបស់ថៃមកអនុវត្តក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យកម្ពុជា និងច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ និងគោលការណ៍ច្បាប់ដែលទទួលស្គាល់ជាសកលដទៃទៀត”។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ Press Start Cambodia នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះតាមតេឡេក្រាមថា ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃខ្មែរ ដែលរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍នោះ បានកើនឡើងដល់ ២៩អង្គ/នាក់ ក្នុងនោះមានស្រ្តីចំនួន២នាក់ ហើយពេលនេះពួកគាត់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក និងខេត្ត។
លោកបន្តថា៖ “ខេត្តស្រះកែវ មកដល់ពេលនេះ មិនទាន់ឆ្លើយតបអ្វីទេ”។
ពលរដ្ឋមួយចំនួនដែលរងគ្រោះដោយសារការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែករបស់កម្លាំងចម្រុះថៃ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន BTV និងសារព័ត៌មានក្នុងស្រុក ដោយបានរៀបរាប់ពីហេតុការណ៍ និងក្តីឈឺចាប់ចំពោះទង្វើឃោរឃៅរបស់កម្លាំងយោធាថៃ។
ក្នុងនោះ ស្រ្តីរងគ្រោះម្នាក់ បាននិយាថា អ្នកស្រីមានក្តីឈឺចាប់ជាខ្លាំងដែលកងកម្លាំងថៃ បានរាយបន្លាលួសរំលោភលើដីខ្មែរ និងបានប្រើប្រាស់ហិង្សា និងជេរប្រមាថមកលើថ្នាក់ដឹកនាំ ព្រះសង្ឃ ទាហាន និងពលរដ្ឋខ្មែរ។ បើទោះជាអ្នកស្រីរងគ្រោះដោយការបង្ក្រាបពីសំណាក់កម្លាំងចម្រុះថៃក៏ដោយ ក៏អ្នកស្រីនៅតែបន្តចូលរួមការពារទឹកដីខ្មែរ ពីការឈ្លានពានរបស់ថៃដដែល។
អ្នកស្រីនិយាយថា៖ «ខ្ញុំអត់ខ្លាចស្លាប់! ពីមុនខ្ញុំរត់ ឥលូវឈប់រត់ហើយ ព្រោះខ្ញុំមេម៉ាយ ខ្ញុំអត់ខ្លាចអ្វីទាំងអស់ ខ្ញុំចិញ្ចឹមកូនពីនាក់តែឯងទៀត! ចឹងបើសិនខ្ញុំស្លាប់ ក៏ខ្ញុំមានន័យដែរ ព្រោះដីខ្មែររបស់ខ្ញុំ ប្រទេសខ្ញុំ ហើយបងប្អូនរបស់ខ្ញុំខ្មែររួមជាតិទាំងអស់គ្នា។ ខ្ញុំចង់ឲ្យគេឃើញថា វាធ្វើបាបខ្មែរយើងណាស់ ឈឺចាប់ណាស់ វាយកដីប្រជាជនយើង វាប្រមាថនាយករដ្ឋមន្រ្តីយើង វាប្រមាថលោកសង្ឃ វាប្រមាថប្រជាពលរដ្ឋ វាប្រមាថទាហាន បារម្ភពួកបងប្អូនឈឺចាប់អត់ដែលវាប្រមាថយើងនៅតទល់មុខវានេះ ហើយពួកយើងអត់មានអីទេ មានតែដំបងទេ!”។
រីឯអ្នកភូមិព្រៃចាន់មួយរូបទៀត ដែលរងគ្រោះដោយសារការបង្ក្រាបរបស់កម្លាំងចម្រុះថៃ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែរនោះ បានឱ្យដឹងថា កម្លាំងចម្រុះថៃ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងផ្សែងពុល ដែលធ្វើឱ្យពួកគាត់មានអាការៈពិបាកដកដង្ហើម ក្តៅខ្លួន និងឈឺក្បាលជាដើម។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានចាត់ទុកការប្រើប្រាស់អំពើហិង្សារបស់យោធាថៃ មកលើពលរដ្ឋកម្ពុជា ថាជាការរំលោភទៅលើសិទ្ធិមនុស្សធ្ងន់ធ្ងរ។
សេចក្តីថ្លែងការណ៍នោះ បានលើកឡើងថា៖ «សកម្មភាពរបស់ទាហានថៃ បាននិងកំពុងបង្កឲ្យមានផល ប៉ះពាល់យ៉ាងខ្លាំងលើសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់មនុស្សធម៌អន្តរជាតិ និងជាពិសេសច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសថៃជារដ្ឋភាគី»។
អ្នកវិភាគសង្គម និងនយោបាយ លោក ប៉ោ មករា កត់សម្គាល់ថា បើទោះបីជាមានបទឈប់បាញ់រវាងប្រទេសទាំងពីរមក ប៉ុន្តែភាគីថៃនៅតែរំលោភលើដែនអធិបតេយ្យកម្ពុជា និងធ្វើសកម្មភាពរំលោភលើសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរតាមបណ្តោយព្រំដែន។ លោកបន្តថា កម្ពុជាគួរតែប្រើប្រាស់នូវយន្តការផ្នែកច្បាប់ និងយន្តការអន្តរជាតិ ដើម្បីអាចដាក់បន្ទុកឲ្យថៃគោរពបទឈប់បាញ់ គោរពសិទ្ធិមនុស្ស និងគោរពដែនអធិបតេយ្យភាពកម្ពុជា។
លោកមានប្រសាសន៍ថា៖ «អ្វីដែលយើងសង្កេតឃើញកន្លងមក ចាប់តាំងពីមានបទឈប់បាញ់រហូតដល់ពេលនេះ អ្វីដែលភាគីថៃរំលោភបំពានហ្នឹង គឺការរុកគួន ធ្វើទុកបុកម្នេញប្រជាពលរដ្ឋរបស់កម្ពុជានៅតាមបណ្តោយព្រំដែន ដែលវាធ្វើឲ្យពួកគាត់ហ្នឹងរងទុក្ខផ្នែកខាងសិទ្ធិរស់រានមានជីវិត អញ្ចឹងបើយើងនិយាយពីសិទ្ធិរស់រានមានជីវិត យើងនឹកឃើញពីមុខរបររបស់គាត់ ទីជម្រករបស់គាត់ ការរស់នៅដោយមិនភ័យខ្លាច។ អញ្ចឹងបញ្ហាទាំងអស់នេះ ជាការព្រួយបារម្ភរបស់ពួកគាត់ ហើយរដ្ឋាភិបាលអាចយកបញ្ហានេះ ទៅដាក់បន្ទុកឲ្យផ្នែកសិទ្ធិមនុស្សធ្វើការរឿងនេះ ដើម្បីជំរុញឲ្យភាគីថៃគោរពសិទ្ធិមនុស្សជាអន្តរជាតិ»។
លោកអះអាងបន្ថែមថា យន្តការការទូតនៅតែមានសារៈសំខាន់ ដោយរាប់បញ្ចូលនូវក្របខណ្ឌគតិយុត្តិអន្តរជាតិ ដូចជា តុលាការក្រុងឡាអេ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងយន្តការអាស៊ានជាដើម៕