កម្ពុជា​​​ស្នើ​ឱ្យ​ចិន ម៉ាឡេ​ស៊ី និង​អគ្គ​លេខា​ធិការ​UN ជួយ​​អន្ត​រាគមន៍​ឱ្យ​​​ថៃ​​គោរព​​បទ​ឈប់​បាញ់

នាយករដ្ឋមន្ត្រីកម្ពុជា ស្នើ​ដល់​​​ប្រទេស​ចិន ម៉ាឡេស៊ី និង​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជាជាតិ(UN) ជួយ​​អន្តរាគមន៍​ឱ្យ​ថៃ​គោរព​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញ​លេញ ដោយ​បញ្ឈប់​ការ​ពង្រីក​តំបន់​ជម្លោះ និង​បណ្ដេញ​ពលរដ្ឋ​ស៊ីវិល​ដោយ​បង្ខំ តាម​រយៈយន្តការតាម​ដានដោយភាគីទីបី និងត្រូវដោះស្រាយបញ្ហាផ្អែកលើច្បាប់អន្តរជាតិ។

យោងតាមសេចប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះថ្ងៃទី០៤ ខែកញ្ញា ឱ្យដឹងថា អំឡុងពេល​កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូក កាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុង​ជំនួបជាមួយប្រធានា​ធិបតី​ចិន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយ​បាន​ស្នើ​សុំឱ្យ​មាន​កិច្ច​អន្តរា​គមន៍ ដើម្បីជំ​រុញ​ឱ្យ​មាន​ការ​អនុវត្ត​​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព និង​ពេញ​លេញនូវ​បទ​ឈប់បាញ់ តាម​រយៈ​យន្តការ​តាម​ដាន​ដោយ​ភាគី​ទីបី ដោះ​ស្រាយ​បញ្ហា​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរ​ជាតិ និង​បញ្ឈប់​ការ​ពង្រីក​តំបន់​ជម្លោះ ការ​ប្រើ​យោធា​កាន់​កាប់​ខុស​ច្បាប់ និងការបណ្ដេញពលរដ្ឋស៊ីវិលដោយបង្ខំពីតំបន់ដែលបានរស់នៅច្រើនឆ្នាំមកហើយ។

ប្រភពដដែលបន្តថា អាជ្ញាធរ​ខេត្ត​ខ្មែរ ក៏​បាន​ប្រាប់​អភិបាល​ខេត្ត​ថៃ  ឱ្យ​រក្សា​ស្ថាន​ការណ៍​ព្រំដែន​នៅ​ដដែល ដោយ​ទុក​ការ​វាស់​វែង​កំណត់​បន្ទាត់​ព្រំដែន ទៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។

ចំណែក ​រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏​បាន​​ផ្ញើ​លិខិត​​ទៅ​អភិបាល​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ចុះ​ថ្ងៃ​​​ទី​០២ ខែកញ្ញា ឆ្នាំ២០២៥ ដោយលើកឡើង​ថា​ ការវាស់វែងបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ គឺស្ថិតក្រោមគណៈ​កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលស្រប​តាមកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការព្រំដែន កាលពីខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈនៃការ​យោគយល់គ្នាស្ដីពីការវាស់វែង ខណ្ឌសីម៉ាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ ឬហៅថា MOU ឆ្នាំ២០០០។​

លិខិតដដែល​ អះអាងថា ការធ្វើសកម្មភាពដោយឯកតោភាគី ប៉ះពាល់ដល់ពលរដ្ឋកំពុងរស់នៅ​ និងអាស្រ័យ​ផលក្នុងតំបន់នោះ ជាការរំលោភលើ MOU ឆ្នាំ២០០០ និង​កិច្ចព្រមព្រៀងបទឈប់​បាញ់​រវាងកម្ពុជាថៃ នាថ្ងៃទី២៨ ខែកក្កដា ២០២៥ រួមទាំងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈ​កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថ្ងៃទី០៧ខែសីហា។

លិខិតរដ្ឋបាលខេត្តបន្ទាយមានជ័យ និយាយថា៖ «ខ្ញុំសូមស្នើឱ្យឯកឧត្តម រក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនកំពុងរស់នៅនាពេលបច្ចុប្បន្ន ហើយទុកកិច្ចការនេះជូនទៅ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានេះ»។

លិខិតរបស់អភិបាលខេត្តខ្មែរនេះ ធ្វើឡើងដោយឆ្លើយតបនឹងអភិបាលខេត្តស្រះកែវ Parinya Phothisat កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដែលបានផ្ញើលិខិតមួយច្បាប់ជូនអភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ទីពលរដ្ឋខ្មែរដែលបានទន្ទ្រានយកទឹកដីថៃក្នុងភូមិ Ban Nong Chan និង Nong Ya Kaew។

លោក Parinya Phothisat បានដាក់ឱសានវាទជូនអភិបាលខេត្តបន្ទាយមានជ័យ ទាមទារឱ្យមានការរុះរើផ្ទះប្រជាពលរដ្ឋខ្មែរចំនួន ១៧០​គ្រួសារ ពីភូមិបានណងចាន់ (Ban Nong Chan) និង Nong Ya Kaew ក្នុងស្រុក Khok Sung  នៃខេត្តស្រះកែវ ប្រទេសថៃ ឱ្យមានប្រសិទ្ធភាពជាបន្ទាន់។ នេះតាមការចុះផ្សាយរបស់កាសែត The Nation។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា នេះ ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ ស្រុកអូរជ្រៅ បានតវ៉ាប្រឆាំងនឹងកងកម្លាំងថៃ ដែលចូលមកឡោមព័ទ្ធយកដីរបស់ពួកគេ។ នេះបើតាមវីដេអូដែលផុសលើបណ្ដាញ​សង្គម ដោយបង្ហាញពីការប្រទូសរ៉ាយគ្នា រវាងពលរដ្ឋខ្មែរនិងកងកម្លាំងថៃ។

អ្នក​នាំ​ពាក្យ​រដ្ឋបាល​​​ខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណា​រិទ្ធ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត នៅ​មិន​ទាន់ទទួលបានការឆ្លើយតបពី​អាជ្ញាធរខេត្តស្រះកែវ ថៃ នៅឡើយទេ ក្រោយការផ្ញើ​លិខិតនេះ។ ​លោក​បន្ត​ថា នៅ​រសៀល​នេះ កង​កម្លាំង​ថៃ និ​ងព​លរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជោគ​ជ័យ​ នៅ​តែ​កំពុង​ឈរ​តទល់​មុខ​គ្នាច​ម្ងាយ​៣០​ម៉ែត្រ ដោយ​ពលរដ្ឋ​បាន​ឈរ​លាត​សន្ធឹង​ប្រមាណ១០០​ម៉ែត្រ។ យ៉ាង​ណា លោក​អះអាងថា នៅមិនទាន់មានការប៉ះទង្គិចគ្នាឡើយ។

លោក​ក៏បានបញ្ជាក់ដែរថា ពលរដ្ឋមិនអាចត្រូវបានឱ្យចាកចេញពីតំបន់ដែលបានរស់នៅនោះទេ ហើយប្រសិនបើ​ថៃ មិនព្រមអាចជជែកគ្នានៅកិច្ចប្រជុំ GBC បាន។

លោកនិយាយថា៖ «យើងអត់ចេញទេ ទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋយើងវានៅ​លើស​ពី​៣០​ឆ្នាំ​ហើយ។ ចឹង​បើ​មាន​បញ្ហា​អី​ខាង​ថៃ​មិន​ព្រម ឱ្យដោះស្រាយតាមរយៈទ្វេភាគី តាមគណៈកម្មាធិការព្រំដែន GBC ទៅ ចេះមកឈ្លានពាន ទន្រ្ទានយកម៉េចកើត»។ 

ពលរដ្ឋខ្មែរម្នាក់ដែលត្រូវបានកងកម្លាំងថៃយកបន្លាលួសហ៊ុមព័ទ្ធផ្ទះ និងកំពុងរស់នៅក្នុងតង់ក្បែរផ្ទះ នៅភូមិព្រៃចាន់ អ្នកស្រី ហ៊ូល ម្លិះ អាយុ៥២ឆ្នាំ និយាយ​ថា អ្នកស្រីមិនចង់បាត់បង់ផ្ទះទៅប្រទេសថៃនោះទេ ហើយ​សង្ឃឹមថា រដ្ឋាភិបាលប្រទេសទាំងពីរ នឹងជួយសម្រួលឱ្យអ្នកស្រីបានរស់នៅក្នុងផ្ទះវិញ។

អ្នកស្រី​និយាយថា៖ «សូមខាងរដ្ឋាភិបាលឱ្យជួយដោះស្រាយ​ទាំងខាងថៃ ទាំងខាងខ្មែរ ឱ្យជួយ​សម្រួលគ្នា ឱ្យរហ័សខ្ញុំបាននៅ»។

អ្នកស្រី​បានអះអាងថា គ្រួសាររបស់អ្នកស្រី បានរស់នៅទីនោះ​ អស់រយៈពេលជាង៣០ឆ្នាំមកហើយ និងមានប្លង់ទន់ដែលទទួលស្គាល់ពីឃុំ។ អ្នកស្រី​បន្តថា អ្នកស្រីទើបតែសាងសង់ផ្ទះថ្មបាន​រយៈពេលជាង២ឆ្នាំ និងចំណាយប្រាប់អស់ប្រមាណ៣ម៉ឺនដុល្លារ។

នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការហាមឃាត់ និងបណ្ដេញពលរដ្ឋខ្មែរ​ពីផ្ទះសម្បែង ជាការរំលោភសិទ្ធិមនុស្សនិងបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់​ធ្ងរ​លើ​ជន​ស៊ីវិល។ លោកថា កម្ពុជានិងថៃ មានការចុះ MOU និង គណៈកម្មាធិការព្រំដែន ជាដើម គួរតែត្រូវបានដោះស្រាយតាមរយៈមធ្យោបាយទាំងនោះ។

លោក​និយាយថា៖ «ការហាមឃាត់ ឬបណ្ដេញប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលទៅផ្ទះសម្បែងពីភាគីថៃ ពីយោធា​ថៃ គឺជាការរំលោភបំពានលើសិទ្ធិមនុស្សធ្ងន់ធ្ងរ ពីព្រោះប្រជាពលរដ្ឋស៊ីវិល ហើយនៅក្នុង​បទ​ឈប់​បាញ់​១៣ចំណុច ក៏ដូចជាគោលការណ៍នៃច្បាប់អន្តរជាតិ យោធាថៃមិនអាចរំលោភមកលើជនស៊ីវិលកម្ពុជាបានទេ។ ចឹងចំណុចនេះ ចាត់ទុកថា រំលោភបំពានសិទ្ធិធ្ងន់ធ្ងរ សម្រាប់ជនស៊ីវិល ជាពិសេស​ប្រជាពលរដ្ឋដែលត្រូវយោធាបណ្ដេញចេញពីផ្ទះសម្បែង នេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងបំពានលើច្បាប់អន្តរជាតិ»។

ចំណែកអ្នកនាំពាក្យរងក្រសួងការបរទេសលោក ហុក សុភា បញ្ជាក់ថា កិច្ចប្រជុំ GBC អាចរៀបចំនៅថ្ងៃ ទី៩ និងទី១០ ខែកញ្ញា ខណៈកិច្ចប្រជុំ JBC និងកិច្ចប្រជុំអមផ្សេងទៀត នឹងរៀងចំពីថ្ងៃទី១៤ ដល់ទី២០ ខែកញ្ញា ឆ្នាំ២០២៥៕

អត្ថបទគួរឱ្យចាប់អារម្មណ៍