កម្ពុជាស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំបន្ទាន់ដើម្បីបញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា ខណៈការផ្ទុះអាវុធរវាងកងទ័ពប្រទេសទំាំងពីរ បាននិងកំពុងបន្តកើតមាននៅតាមតំបន់ព្រំដែន នៃខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៅថ្ងៃព្រហស្បតិ៍នេះ។
ការស្នើនេះ បានធ្វើឡើងតាមរយៈលិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ផ្ញើជូន លោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងលិខិតជាភាសាអង់គ្លេសនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្កោលទោសការវាយប្រហាររបស់ភាគីថៃ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពកម្ពុជា និងបំពានលើច្បាប់អន្តរជាតិ។ ករណីនេះ លោកបានស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់ ដើម្បីអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
លិខិតបន្តថា៖ «ពិនិត្យពិចារណាលើការឈ្លានពានដ៏ធ្ងន់ធ្ងរនាពេលថ្មីៗនេះដោយភាគីថៃ ដែលបានគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ យើងខ្ញុំសូមស្នើឱ្យមានការកោះប្រជុំបន្ទាន់ នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីបញ្ឈប់ការឈ្លានពានរបស់ភាគីថៃ»។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ ប្រធានព្រឹទ្ធសភាកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ លោក ហ៊ុន សែន បានសរសេរសារនៅលើហ្វេសប៊ុករបស់លោកថា ការឈ្លានពានដូចយោធាថៃថា នឹងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះ ដែលបានចេញបទបញ្ជាកាលពីម្សិលមិញ ពេលនេះទាហានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។
លោកបន្តថា កងទ័ពកម្ពុជាគ្មានជម្រើសអ្វី ក្រៅពីតបត និងវាយបកនោះឡើយ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រកបកិច្ចការធម្មតាលើគ្រប់វិស័យ និងគ្រប់ទីកន្លែង លើកលែងតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ហើយកុំភ័យស្លន់ស្លោរហូតទិញអង្ករ ទំនិញស្តុកទុក ឬការលក់ទំនិញដំឡើងថ្លៃជាដើម។
លោក ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធរបស់យើង»។
ស្របពេលគ្នានេះដែរ ក្រសួងការពារជាតិកម្ពុជា ក៏បានប្រកាសថ្កោលទោសចំពោះទង្វើឈ្លានពានយ៉ាងកម្រោល សាហាវ និងឃោរឃៅរបស់ទាហានថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដានេះដែរ។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិ នៅវេលាម៉ោងប្រមាណ ០៦:៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ ព្រមទាំងបានបង្ហោះដ្រូន និងបាញ់ឡើងលើ។
បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃ បានបើកការបាញ់ប្រហារមុន មកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់ នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលកងទ័ពកម្ពុជាបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា។
ប្រភពដដែល បន្តទៀតថា កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃ ដែលបានបំពានលើបូរណភាពទឹកដីកម្ពុជានោះទេ។
ក្រសួងការពារជាតិកម្ពុជា បន្តថា៖ «ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែត ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ»។
ជាមួយគ្នានេះដែរ ក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃ និងបានអំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងជៀសវាងសកម្មភាពឈ្លានពាន ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃនេះ ថៃបានបើកការវាយប្រហារមកលើកម្ពុជា នៅ៨ទីតាំង រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់ភ្នំទ្រព្យ វាលឥន្ទ្រី តាថាវ ភ្នំខ្មោច អានសេះអូរផ្កាស្នេហ៍ និងតំបន់មុំបី ដោយមានការប្រើប្រាស់អាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F-16 ផងដែរ។
លោកស្រីបញ្ជាក់ថា កម្ពុជាបានដណ្តើមកាន់កាប់ប្រាសាទតាក្របី ខណៈប្រាសាទតាមាន់ធំ កងទ័ពកម្ពុជានៅតែរក្សាការកាន់កាប់ដដែល។
ប្រជាពលរដ្ឋនៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ពលរដ្ឋនៅតំបន់នោះ បានលឺសំឡេងផ្ទុះអាវុធនៅម៉ោងជាង ៨ព្រឹក ហើយនៅម៉ោងជិត៩ព្រឹក ការផ្ទុះអាវុធកាន់តែលឺខ្លាំងឡើងៗ ដែលធ្វើឱ្យពួកគាត់មានការភ័យខ្លាច និងបានភៀសខ្លួនចូលព្រៃ ដើម្បីសុវត្ថិភាព។
កញ្ញាថា៖ «ដោយសារពេលព្រឹកប្រហែលជាម៉ោង ៧-៨ហ្នឹងធម្មតាទេបង ដោយសារខ្ញុំទៅប្រជុំហ្នឹងនៅក្នុងផ្សារ គេលក់ដូរធម្មតាទេ ប៉ុន្តែបងខ្ញុំគាត់នៅផ្ទះ គាត់ថាគាត់ឮតាំងពីព្រឹកម៉ោង៧-៨ តែឮសំឡេងតិចៗ ទាល់តែម៉ោង៩បានឮសំឡេងខ្លាំង»។
យុវតីវ័យ២៤ឆ្នាំរូបនេះ បានអំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ រកដំណោះស្រាយដោយសន្តិវិធី ខណៈកញ្ញាបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងប្រជាពលរដ្ឋ ព្រមទាំងការខូចខាតនានា ដោយសារសង្គ្រាម។
កញ្ញាថា៖ «ពិបាក ដោយសារផ្ទះមួយៗសុទ្ធតែមានកូនក្មេងតូចៗ ចឹងអាណិតគាត់ដែរ អ្នកខ្លះគាត់ទើបកូនខ្ចីកូនអី ចឹងពេលដែលគាត់រត់ភៀសខ្លួនចឹង វាតែងតែមានរឿងពិបាកហើយ[…] និយាយរួមអត់ចង់ឱ្យមានការកើតសង្រ្គាមទេ ចង់ឱ្យមានភាពសុខសប្បាយ សន្តិភាពចឹងទៅ ឱ្យប្រជាជនគាត់បានរស់នៅសុខស្រួល សុខសុវត្ថិភាពទាំងអស់គ្នា»។
អ្នកវិភាគ និងការស្រាវជ្រាវការអភិវឌ្ឍសង្គម លោបណ្ឌិត មាស នី បានលើកឡើងថា នៅពេលប្រទេសណាមួយដែលជាសមាជិកអង្គការសហប្រជាជាតិ ប្រឈមនឹងការឈ្លានពានពីប្រទេសជិតខាង គឺត្រូវបញ្ជូនលិខិតស្នើសុំឲ្យក្រុមប្រឹក្សានៃអង្គការនោះ មានការកោះប្រជុំជាបន្ទាន់ ដើម្បីរកដំណោះស្រាយ ដូចដែលកម្ពុជាបានធ្វើនៅពេលនេះ។
លោកបន្តថា៖ «នៅក្នុងកាលៈទេសៈ ខ្ញុំគិតថា យើងហ្នឹងគឺមិនមានជម្រើសអីច្រើន ក្រៅពីការទប់ទល់ជាមួយនឹងការឈ្លានពាន គឺឈរជើងឲ្យជាប់ ហើយកន្លែងណាគិតថាគេធ្លាប់ចូល មកតំបន់លើដីរបស់យើង ដោយសារខ្ញុំដឹងកន្លែងខ្លះមានចូលមក១០០ម៉ែត្រអី ឱកាសនេះគឺជាឱកាសដែលវិលត្រឡប់ទៅឈរជើងឲ្យជាប់នៅតាមតំបន់ហ្នឹងវិញ។ ជាមួយគ្នានេះ ការធ្វើការងារសកម្ម កិច្ចការទូត ជាពិសេសការងារទំនាក់ទំនងជាមួយនឹងមហាអំណាច ដូចជា ក្រុមប្រឹក្សាសន្តិសុខឬអង្គការសហប្រជាជាតិ ជារឿងមួយដែលសំខាន់ នយោបាយការបរទេសរបស់យើង ឲ្យត្រូវតែសកម្មផងដែរ»។
ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានកក្រើកឡើងវិញ ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីទាហានថៃ បានបើកការបាញ់ប្រហារទៅលើលេណដ្ឋានកងទ័ពកម្ពុជា នៅជួរមុខ ក្នុងតំបន់មុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យទាហានខ្មែរម្នាក់ឈ្មោះ សួន រ៉ោន បានស្លាប់។
ក្រោយហេតុការណ៍នេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសថា បានជូនដំណឹងរួចហើយទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពីបំណងប្តឹងថៃលើទីតាំងចំនួន ៤ចំនុច ក្នុងនោះមានប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣។
ជុំវិញវិវាទព្រំដែននេះដែរ នៅថ្ងៃទី២៣ ខែកក្កដា ម្សិលមិញនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយថៃ ឲ្យមកនៅទាបបំផុតត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលកំពុងបម្រើការងារនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសវិញ ព្រមទាំងតម្រូវឲ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជាដូចគ្នា។
ការឆ្លើយតបយ៉ាងដូច្នេះរបស់កម្ពុជា គឺក្រោយនាយករដ្ឋមន្រ្តីស្តីទីថៃ លោក ភូមថាំ វីឆាយ៉ាឆ័យ (Phumtham Wechayachai) បានសម្រេចចិត្តទម្លាក់កម្រិតការទូតជាមួយកម្ពុជា ដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជាត្រឡប់ចូលប្រទេសវិញ និងបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកកដូចគ្នា៕