កម្ពុជាបង្ហាញលទ្ធផល​៤ចំណុច​​ក្នុង​​កិច្ច​​ចរចាជាមួយថៃ​ ក្រោយ​ការ​​ប៉ះ​ទង្គិច​ដោយ​អាវុធនៅខេត្តព្រះវិហារ

ភាគីកម្ពុជា បាន​បង្ហាញលទ្ធផល​កិច្ចនៃ​ប្រជុំចរចា​ជាមួយភាគីថៃ ចំនួន៤ចំណុច ក្រោយពី​មាន​ព្រឹត្តិ​​ការណ៍ប៉ះ​ទង្កិច​គ្នា​​ដោយ​​អាវុធ រវាង​កងទ័ព​កម្ពុជា​ និងកងទ័ពថៃ នៅខេត្តព្រះវិហារ បណ្តាល​ឱ្យ​ទាហាន​កម្ពុជា​ម្នាក់ បាន​ស្លាប់បាត់បង់ជីវិត។

មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និងថៃ នៅរសៀល​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២៥នេះ ​បាន​​​បើក​​ការ​ចរចា​ នៅ​ការិយាល័យ​ទំនាក់ទំនង​កិច្ច​ការ​ព្រំដែន​កម្ពុជា-ថៃ​ ច្រក​ព្រំដែន​ចុង​ចម​-អូរស្មាច់ ក្រោយ​មានការប៉ះទង្គិចគ្នា​ដោយ​អាវុធ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា នៅ​​តំបន់​មុំ​បី ស្ថិត​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យ​ទាហាន​កម្ពុជា​ម្នាក់ឈ្មោះ សួន រោន បានស្លាប់​។ ក្រសួងការ​ពារ​ជាតិកម្ពុជា បាន​បញ្ជាក់ថា​ ព្រឹត្តិការណ៍នេះ បានកើតឡើង​ដោយសារ​​កងទ័ពថៃ បានធ្វើការ​បាញ់​ប្រហារមុន​​ទៅលើ​លេណដ្ឋាន​ ដែល​ជា​ទីតាំង​ឈរ​ជើង​​របស់​កង​ទ័ព​កម្ពុជាជាយូរលង់ណាស់មក​ហើយ។

សេចក្តីថ្លែងការណ៍របស់អគ្គបញ្ជា​ការ​ដ្ឋាន​កម្ពុជា​ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២៥នេះ បានឱ្យដឹងថា ក្រោយ​ពីបានជួបចរចាគ្នា រវាងអគ្គមេបញ្ជាការ​រង មេបញ្ជាការ​កង​ទ័ព​ជើ​ងគោក​នៃកង​យោធពលខេមរភូមិន្ទ ដែលដឹកនាំ​ដោយ​លោក ម៉ៅ សុផាន់ និង​មេបញ្ជាការ​កងទ័ព​ជើង​គោក​ភូមិន្ទ​ថៃ លោក Pana Klaewblaudtuk នៅរសៀល​នេះ គឺទទួលបានលទ្ធផលចំនួន​​ ៤ចំណុច។

ប្រភពដដែលបន្តថា លទ្ធផលទាំង៤ចំនុច​នោះ​ រួមមាន ភាគីទាំង​ពីរ បន្តដោះស្រាយ​ស្ថាន​ការណ៍​តាម​គ្រប់​យន្តការ​ដែលមានស្រាប់ ដូចជា គណៈកម្មាធិការ​ព្រំដែនចម្រុះ(JBC) គណៈកម្មាធិការ​ព្រំដែនទូទៅ​កម្ពុជា-ថៃ (GBC) និងអនុស្សរណៈនៃការ​យោគយល់គ្នា​ឆ្នាំ២០០០ ស្តីពីការ​វាស់វែង​និងខណ្ឌសីមាព្រំ​ដែនគោក​​កម្ពុជា​-ថៃ ដើម្បីឱ្យ​ព្រំដែននៃ​ប្រទេស​ទាំងពីរ ក្លាយជា​ព្រំដែនសន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិ​ការ​ និងកា​រអភិវឌ្ឍ។

ភាគីទាំងពីរ បន្តគ្រប់គ្រង​ស្ថានការណ៍តាមស្ថានភាពដើម រក្សា​ភាព​អត់ធ្មត់ និង​ដោះស្រាយរាល់​បញ្ហា​តាមរយៈ​គណៈកម្មាធិការ​ព្រំដែនចម្រុះ ដែលនឹង​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈពេល​២ឬ៣សប្តាហ៍ខាងមុខ ដើម្បីរក្សា​ទំនាក់ទំនង​ល្អរវាង​ប្រទេស​ទាំងពីរ ខណៈភាគីកម្ពុជា ស្នើ​ឱ្យ​មាន​ការ​គោរពអធិបតេយ្យភាព និងបូរណ​ភាព​​​ទឹក​ដីគ្នាទៅវិញ​ទៅមក​ ធ្វើយ៉ាងណាកុំ​ឱ្យ​មាន​អរិភាព​ដូចព្រឹកថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥។ ចំណែក ចំណុចចុងក្រោយ ភាគី​កម្ពុជា នឹង​មិន​ដក​ថយ​ ឬឈរ​ជើង​ដោយគ្មានអាវុធ នៅចំណុច​ដែល​បាន​ប៉ះ​ទង្គិច​គ្នា​នោះទេ ព្រោះទីតាំង​នោះ​ភាគី​កម្ពុជា​បានឈរ​ជើង​តាំងពីមុនពេល​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃការយោគយល់គ្នា​ឆ្នាំ​២០០០ ស្តីពីការ​វាស់វែង​និងខណ្ឌសីមាព្រំដែន​គោគរវាង​កម្ពុជា-ថៃ។ នេះ​បើតាម​សេចក្តីថ្លែងការណ៍របស់អគ្គបញ្ជការដ្ឋាន។

​ជុំវិញ​ការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែន ក្នុងខេត្តព្រះវិហារ​នេះដែរ នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលកំពុង​ធ្វើទស្សនកិច្ច​នៅប្រទេស​ជប៉ុន ​បានបង្ហោះសារ​មួយនៅលើបណ្តាញសង្គម​​កាល​ពីយប់​​ថ្ងៃ​ម្សិលមិញថា ទោះបីជាលោកកំពុងស្ថិត​នៅក្រៅប្រទេស ប៉ុន្តែ​លោក​​បាន​តាមដាន​ស្ថានការណ៍វិវឌ្ឍ​យ៉ាង​យកចិត្តទុកដាក់ ក្រោមការ​រាយការណ៍​ពី​រដ្ឋមន្ត្រីក្រសួង​ការ​ពារ​​ជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការ​កងទ័ពជើង​គោក។

លោកបន្តដោយ​ក្នុងសំណេរដើមថា៖ «ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នា រវាងកងទ័ពនិងកងទ័ព ដែលមិន​ផ្ដល់ផលចំណេញ​អ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។ ក្នុងន័យនេះ ខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃ នៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់​ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បន្ត​ទៀតថា ចំពោះកា​រ​ចល័ត​កម្លាំង និង​អាវុធ​ទៅ​ព្រំដែន គឺ​ជាការ​អនុវត្ត​ផែន​ការ​បម្រុង​របស់​កង​ទ័ព​ ក្នុង​ការ​ការ​ពារ​បូរណភាព​ទឹក​ដី​របស់​កម្ពុជា ដែល​ត្រូវ​ត្រៀម​ជាស្រេច​ក្នុង​ករណី​ចាំបាច់​ជាយ​ថា​ហេតុណា​មួ​យ​ដែល​អាចកើ​តឡើ​ង ដែលករណីនេះ លោក​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ កុំមានការ​ព្រួយបារម្ភ និង​ទប់ស្កាត់កុំឲ្យបញ្ហានេះ​ទៅ​រីក​ធំ​រហូត​ក្លាយ​ជា​ជម្លោះជាតិ​សាសន៍ ហើយ​ផ្ដល់​ការ​ទុក​ចិត្ត​ចំពោះ​រាជ​រដ្ឋាភិបាល ក៏ដូចជាកងទ័ពកម្ពុជា ​ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហា​​នេះដោយការទទួលខុសត្រូវខ្ពស់។

លោកបន្ថែមថា៖ «ដូចខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជាមិនមានបំណងឈ្លាន​ពានប្រទេសណាមួយនោះទេ ហើយយើងចង់ឲ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្ត​ទៅដោយផ្អែកលើ​មូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បី​​ការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាម​ឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ»។

ជាមួយគ្នានេះដែរ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏​បានថ្លែងសារពិសេស​មួយ នៅព្រឹកថ្ងៃទី២៩​ ខែឧសភានេះដែរ ដោយបានគូសបញ្ជាក់ថា ការ​ដែល​កម្ពុជា​បញ្ជូន​សព្វា​វុធ និង​កង​ទ័ព​ ទៅ​កាន់​ព្រំដែន​កម្ពុជា-ថៃ នា​ខេត្ត​ព្រះវិហារនោះ មិនមែនជាការ​ធ្វើសង្គ្រាមទេ តែ​ជាការ​​ត្រៀម​​ទប់​​ទល់ ​​ក្នុងករណីភាគីម្ខាង​ទៀត​​​មាន​​ការ​ឈ្លាន​ពានតែប៉ុណ្ណោះ។​

លោកបានថ្លែងថា៖ «ពិតមែនហើយ ខ្ញុំបានបញ្ជាក់ទៅតាមការបង្ហោះតាមហ្វេសប៊ុកផេករបស់ខ្ញុំ ព្រឹកនេះ នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការចល័តកម្លាំងទ័ពរបស់យើងទៅកាន់ព្រំដែន។ ការចល័តទ័ពកម្លាំងទ័ព និងអាវុធធន់ធ្ងន់របស់យើងទៅកាន់ព្រំដែន មិនមែនទៅដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែគឺជាការត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់ក្នុងករណីដែលភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ គឺយើងមានសិទ្ធិការពារខ្លួន»។

លោក ហ៊ុន សែន បន្តថា ករណីផ្ទុះអាវុធកាលពីថ្ងៃ​ម្សិលមិញនេះ លោកជឿថា​ ទំនងជា​កើត​ឡើង​​ដោយ​​សារ​បុគ្គល​នៅ​ថ្នាក់​ក្រោមប៉ុណ្ណោះ ​មិន​មែន​ជា​ចេតនា​​របស់​រដ្ឋាភិបាល​ថៃ ​នាយក​រដ្ឋមន្ត្រីថៃ ឬក៏​ក្រសួង​ការពារ​ជាតិថៃនោះទេ។

លោកមានប្រសាស​ន៍ថា៖ «លើកនេះ ខ្ញុំមិនជឿថា វាជាបន្ទាត់នយោបាយ​របស់​រដ្ឋាភិបាល​ថៃ​ដែល ​ឬ​នាយក​​រដ្ឋ​​មន្ត្រី​​ថៃ ឬ​ក្រសួង​ការ​ពារ​ជាតិ​ថៃ អនុញ្ញាត​ឲ្យ​ធ្វើ​បែប​នេះ​ទេ អ្វី​ដែល​ជា​ការ​កត់​សម្គាល់​របស់​ខ្ញុំ គឺ​វា​ហាក់​ដូច​ជា​បាន​កើត​ឡើង​ដោយ​បុគ្គល ឬអង្គភាព​នៅ​ខាង​ក្រោម​ដែល​ធ្វើ​រឿង​នេះ ដែល​ព្រលឹម​ស្រាងៗត្រូវ​ចាប់​ផ្តើម​វាយ​ឆ្មក់ ប៉ុន្តែ​ម៉ោង​៦ល្ងាច​ម្សិល​បាន​ដក​ត្រឡប់​ទៅ​វិញ»។

ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសថៃ បានរាយការណ៍ថា កាលពីថ្ងៃទី​២៨ ខែ​ឧសភា លោក​ស្រី ផែថងថាន ស៊ីណា​វ៉ាត់ នាយក​រដ្ឋ​មន្ត្រីថៃ​ បាន​និយាយ​ថា ចំពោះ​ការ​ប៉ះ​ទង្គិចគ្នានៅ​​​​ព្រំដែន​​ នា​ពេល​ថ្មីៗ​នេះ រវាង​ទាហានថៃ និង​កម្ពុជា​ លោក​ស្រីបានទាក់ទងជាមួយក្រសួង​ការពារជាតិ និងបានពិភាក្សាជាមួយ​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដោយ​សង្កត់ធ្ងន់​ថា ប្រទេសទាំងពីរយល់អំពីស្ថានភាព និងកំពុងធ្វើការរួមគ្នាដើម្បីដោះស្រាយឱ្យបានឆាប់រហ័ស។

លោកស្រី​​បាន​បន្ថែ​ម​​ថា៖ «យើង​មិន​ចង់​ឲ្យ​រឿង​នេះ​កើន​ឡើង​ទេ»។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវ​ជ្រាវ​​ខាង​​ការ​អភិវឌ្ឍ​​សង្គម យល់​ថា បើសិន​ជានៅ​​ទុ​ក​​បញ្ហា​​នៅ​​តំប​ន់​​នោះ ដោយ​មិន​មាន​​កា​រ​​ដោះ​​ស្រាយ​​ណា​​មួយ​ វា​​នឹង​ធ្វើ​ឱ្យ​បញ្ហានេះប​ន្ត​ដល់​កូន​ចៅជំនាន់​ក្រោយ ហើយ​លោក​ចង់​ឱ្យ​ភាគី​ទាំង​ពីរ​​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​នេះ ដោយ​ប្រើ​ច្បាប់​អន្តរ​ជាតិ។

លោកបណ្ឌិតបន្តថា៖ «អីចឹងដើម្បីបញ្ឈប់រឿងហ្នឹង វាដល់ពេល​ដែល​កម្ពុជា​ត្រូ​វ​ប្រើ​ផ្លូវ​ច្បាប់​អន្តរ​ជាតិ ដើម្បី​​ធ្វើ​​ការ​ស្រាយ​បំភ្លឺ ឬ​ដោះ​ស្រាយ​បញ្ហា​ទាំង​២​ចំណុច​នេះ​ឱ្យ​បាន​ឱ្យ​ហើយ​រួច​ស្រេច​ទៅ ដើម្បី​​ជៀ​ស​​វាង​កុំ​ឱ្យ​ចេះ​តែ​មាន​រឿង​ដដែលៗ​តទៅ​ទៀត ហើយ​កុំ​ឱ្យ​មាន​ការ​ចោទ​ប្រកា​ន់​គ្នា​ទៅ​វិញ​​​ទៅ​មក​យក​​ត្រូវ​រៀង​ខ្លួន»៕

អត្ថបទគួរឱ្យចាប់អារម្មណ៍