កម្ពុជាណែនាំ​ពលរដ្ឋ​ខ្លួន​កុំ​ឱ្យ​ទៅ​ថៃ​បើ​គ្មាន​ការ​ចាំបាច់ ខណៈ​មាន​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ

ក្រសួងការបរទេសកម្ពុជា បាន​ណែនាំ​ពលរដ្ឋ​ខ្មែរ​កុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ក្នុង​ករណី​មិន​មាន​ការ​ចាំ​បាច់បំផុត ស្រប​ពេល​ដែល​ទំនាក់​ទំន​ង​រវា​ង​ប្រទេស​ទាំង​ពី​រនេះ កំពុង​មាន​ភាព​តាន​តឹង​ដោយ​សារ​​​បញ្ហា​​ព្រំដែន​។

តាមរយៈសេចក្ដីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិរបស់កម្ពុជា ​ចុះ​ថ្ងៃ​ទី២២​​ ខែមិថុនា ឆ្នាំ២០២៥ បានណែនាំថា៖ «ផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនង រវាងកម្ពុជា និងថៃ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមណែនាំពលរដ្ឋខ្មែរ​ចៀស​វាង​ការ​ធ្វើដំណើរទៅប្រទេសថៃ ក្នុងករណីមិនមានការចាំបាច់បំផុត»។

សេចក្ដីជូនដំណឹងដដែល ក៏បានក្រើនរំលឹកពលរដ្ឋ និងពលករខ្មែរទាំងអស់​ដែលកំពុងមាន​វត្ត​មាន​​នៅប្រទេស​ថៃ ឱ្យប្រុងប្រយ័ត្នខ្ពស់ ដោយតាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ ព្រមទាំងចៀសវាងទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា ដូចជាការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទជាដើម។

ករណីត្រូវការជំនួយបន្ទាន់ ក្រសួងការបរទេសកម្ពុជាស្នើពលរដ្ឋ និងពលករខ្មែរទាក់ទងទៅស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ។

អ្នកនាំពាក្យរងនៃក្រសួងការបរទេសកម្ពុជា លោក ហុក សុភា បាន​ប្រាប់​ថា សេចក្ដីណែនាំបែបនេះ គឺមានគោល​បំណងក្នុងការពារ​សុវត្ថិភាពប្រជាពលរដ្ឋខ្មែរ ក្នុងបរិបទដែលស្ថានការណ៍រវាងប្រទេសកម្ពុជា និងប្រទេសថៃ កំពុងមានភាពតានតឹង និងជាការឆ្លើយតបទៅភាគីថៃ។

លោកមានប្រសាសន៍ថា៖ «គ្រាន់តែថា នេះគឺយើងធ្វើដោយសារតែខាងគេក៏ធ្វើចឹងដែរ យើងក៏ធ្វើចេញការណែនាំសម្រាប់ប្រជាពលរដ្ឋយើងចឹងដែរទៅ ព្រោះតែស្ថានភាពនៅប្រទេសថៃហ្នឹងវាតឹងតែង វាខ្លាចប៉ះពាល់សុវត្ថិភាពលើប្រជាជនយើង»។

ចំណែកឯ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ដោយ​សារ​មូល​ហេតុ​ភាព​​តាន​តឹង​រវាង​ប្រទេស​ថៃ និង​កម្ពុជា​ នាពេលបច្ចុប្បន្ន ទាម​ទា​រ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទៅកាន់​ប្រជា​ពលរដ្ឋ ដោយលោកថា «ការពារប្រសើរជាងព្យាបាល»។

លោកមាននិយាយថា៖ «បើកាលណាមានស្ថានភាពអ្វីមិនល្អគេ alert (កើនរំលឹក) គេប្រាប់ប្រជាពលរដ្ឋឱ្យដឹងឱ្យប្រយត្ន័អីចឹងទៅណា អាហ្នឹងជាតួនាទីរបស់រាជរដ្ឋាភិបាលដែលគេគួរតែធ្វើអញ្ចឹង»។

លោក ម៉ន គើយ ជាពលករខ្មែរដែលកំពុងធ្វើការផ្នែកសំណង់នៅខេត្តជលបុរី នៃប្រទេសថៃ បានប្រាប់ថា ស្ថាន​ភាពនៅ​កន្លែង​ធ្វើការរបស់លោក មានសភាពស្ងប់ស្ងាត់ មិនទាន់មានពលករខ្មែរចាកចេញមក​កម្ពុជា​វិញទេ តែលោក​ឃើញពលករខ្មែរធ្វើការនៅកន្លែងផ្សេងពីលោកមួយចំនួន បានត្រឡប់មកកម្ពុជា​បណ្ដើរៗ​ហើយ។

ពលករខ្មែរវ័យ៣១ឆ្នាំរូបនេះ បានបន្តថា លោកក៏មានការព្រួយបារម្ភចំពោះស្ថានការណ៍រវាងប្រទេសកម្ពុជានិង​​ថៃដែរ ដោយលោកតែងតែងតាមដានព័ត៌មានពីបញ្ហានេះជាប្រចាំ ហើយបើករណីមានស្ថានភាព​តឹង​តែង​លោក​ទំនងនឹងត្រឡប់មកកម្ពុជាវិញ។

លោកថា៖«ស្ដាប់ព័ត៌មានទាំងអស់ភ័យៗដែរ ចង់ទៅផ្ទះដែរ[…]ចាំមើលសភាពការណ៍បន្តិចទៀត បើថា​ វានៅតែតឹង​ទៀត​ ខ្ញុំប្រហែលជាទៅខ្មែរវិញហើយ[…]អ្នកនៅថៃនេះ គេបម្រុងតែចាំនឹងទៅហ្នឹងហើយ តែគេចាំស្ដាប់​តែសភាពការណ៍ម៉េចៗហ្នឹង»។

ចំណែកពលករខ្មែរមួយរូបទៀត គឺលោក សុភ័ន អាយុ៤០ឆ្នាំ​ ធ្វើការនៅរោងចក្រដែកមួយកន្លែង​នៅ​ប្រទេស​ថៃ​ បាន​និយាយថា ស្ថានភាពជាទូទៅនៅ​តំបន់​លោកមានសភាពធម្មតា ហើយលោក​ក៏​មិន​ទាន់​មាន​គម្រោង​​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញដែរ។

លោកថា៖ «នៅកន្លែងធ្វើការខ្ញុំអត់មានអីផង […] ខ្ញុំអត់បានសម្រេចចិត្តថា នឹងទៅផ្ទះទេ ខ្ញុំនៅ​ធ្វើការ​បន្ត​ទៀត»។​

ជាមួយគ្នានេះ លោកស្នើឱ្យភាគីកម្ពុជា និងភាគីថៃ សម្របសម្រួលគ្នា ឱ្យត្រូវគ្នាវិញទៅ ដោយលោកថា ប្រជាជន​​ខ្មែរ និង​ប្រជាជនថៃ នៅមាន​ទំនាក់ទំនង​ល្អនឹងគ្នា​ធម្មតា​ទេ។

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ បានលើកឡើងថា ការដែលកម្ពុជាក្រើនរំលឹកពលរដ្ឋមិនឱ្យទៅ​ប្រទេសថៃបើគ្មានការចាំបាច់នេះ វាជារឿងធម្មតាទេ។ តែយ៉ាងណា លោកថា ប្រទេស​កម្ពុជានិងថៃ ហាក់កំពុង​​សងសឹកគ្នាទៅវិញទៅមក ដែលធ្វើឱ្យស្ថានការណ៍កាន់តែក្តៅ។

លោកថា៖ «តែខ្ញុំគ្រាន់តែមានអារម្មណ៍ថា ការចេញសេចក្ដីថ្លែងការណ៍​នេះ វាហាក់ដូចជាផ្ទួនៗពេក ហើយ​ខ្ញុំ​មើល​ទៅ ខ្ញុំគិតថា នេះជាការសងសឹកគ្នាទៅវិញទៅមកផង។ ខ្ញុំមើលទៅវាដូចជាមិនមានដំណោះស្រាយ​ណា​មួយ​​ជួយស្ថានការណ៍ទេ ដូចកាន់តែតឹងទៅៗហើយ»។

អ្នកវិភាគរូបនេះថា ក្នុងស្ថានការណ៍នេះ កម្ពុជាត្រូវពង្រឹងសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ដើម្បី​រស់​បាន​ដោយ​ឯករាជ្យ​ ឈរ​ដោយ​ខ្លួន​ឯង​ដោយមិនពឹងប្រទេសថៃ និងមិនបណ្ដែតបណ្ដោយដូចកាលពីមុន។

គួរជម្រាបជូនថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនេះ បាន​ចាប់​ផ្ដើមកើនឡើង​​​កម្ដៅ ​បន្ទាប់​ពីទាហាន​​​ថៃ​ បាន​វាយ​​​​ឆ្មក់​​​ចូល​​​​មក​​​បាញ់​​​សម្លាប់​​ទាហាន​​ខ្មែរ​​ម្នាក់​ នៅ​តំបន់​​​មុំ​បី ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ កាលពី​​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​ឧសភា ឆ្នាំ​២០២៥។ នេះ​បើតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការ​ពារ​ជាតិ​កម្ពុជា។

ក​ម្ដៅ​​វិវាទព្រំដែននេះ​ ប្រទេស​ទាំង​ពីរ​​ ហាក់​មានភាពតានតឹងឡើង​​បន្ថែម​​ទៀត​ ក្រោយ​​​ភាគី​ថៃ​​ដាក់​​​សម្ពាធ​​​កម្ពុ​​ជា ​តាម​រ​យៈ​​កា​រ​បិទ​ព្រំដែន​​​​​​ដោយ​ឯកតោ​ភាគី ការ​គំរាម​ថា​​កាត់​ផ្ដាច់​អគ្គិសនី និង​​សេវា​​អ៊ីន​ធឺណិតជាដើម​ ហើយកម្ពុជាបានប្រកាស​ផ្អាក​ការ​នាំ​ចូល​ពី​ប្រទេស​ថៃនូវ បន្លែ ផ្លែឈើ ​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន​គ្រប់ប្រភេទ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍