រដ្ឋបាលខេត្តបាត់ដំបងចេញវិធានការគ្រប់គ្រងការ​ទិញ​-លក់​ប្រេងឥន្ធនៈ

រដ្ឋបាលខេត្តបាត់ដំបងដាក់​ចេញ​វិធានការ​មួយ​ចំនួន​ ដើម្បី​គ្រប់គ្រងហានិភ័យនៃការ​​ទិញ-លក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ ស្របពេល​មាន​ការ​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​។

យោងតាម​សេចក្តីណែនាំ​ចុះថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៦ បាន​ឱ្យ​ដឹងថា រដ្ឋបាល​ខេត្ត​​បាត់ដំបងបាន​ធ្វើ​ការ​ណែនាំ​នូវ​វិធានការ​មួយ​ចំនួន​ដូចជា តម្រូវ​ឱ្យ​មន្ទីរ អង្គភាព​​ជំនាញ​ពាក់​ព័ន្ធ រដ្ឋ​បាល​ ស្រុក និង​កម្លាំង​មាន​សមត្ថកិច្ច​ ចុះផ្សព្វផ្សាយ​ អប់រំណែ​នាំ​​ដល់​​គ្រប់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែក​ចាយ និងអ្នក​លក់​រាយ​ទាំង​អស់​​ក្នុង​មូល​ដ្ឋាន​ឱ្យ​អនុវត្ត​បាន​ខ្ជាប់ខ្ជួន​ ​លើ​តម្លៃនៃការ​លក់​ប្រេង​ឥន្ធនៈ ស្របតាម​​ការ​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​។

សេចក្តីណែនាំ​ដដែល​ក៏តម្រូវ​ឱ្យ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជា​ពលរដ្ឋ​ចូល​​រួម​បង្ការ និង​គ្រប់គ្រងហានីភ័យ​នានា​ ដើម្បីធានា​បាន​នូវ​ការ​សន្សំ​សំចៃ និង​ចៀស​​វាង​ដាច់​ខាត​នូវ​ការ​សម្រុក​ទិញ​ប្រេងឥន្ធនៈស្តុក​ទុក​ដោយ​ពុំមាន​ការ​ចាំ​បាច់​ ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​អាសន្ន​នានា​នាំឱ្យខូច​ខាតទ្រព្យ​សម្បត្តិ​ និង​ប៉ះពាល់​​ដល់​ជីវភាព​រស់នៅប្រចាំថ្ងៃ។​

រដ្ឋបាល​ខេត្ត​បាត់ដំបង​ក៏បាន​បន្តណែនាំ​ឱ្យ​មាន​កិច្ច​សហការ​ចុះត្រួតពិនិត្យ​ទីតាំ​ង​ស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកចាយ​ និង​អ្នក​លក់​រាយ​ទាំង​អស់​ ដើម្បីក្តាប់​បាន​នូវ​​ស្ថាន​ភាព​ជាក់​ស្តែង​ និង​ណែនាំ​លើក​ទឹកចិត្ត​ឱ្យ​ប្រតិបត្តិការ​លក់​ប្រេងឥន្ធនៈប្រកប​ដោយ​គុណភាព​ស្របតាម​បទដ្ឋាន​កំណត់​ និងគោរព​តាម​គោលការណ៍​តម្លៃលើ​ទីផ្សារ​។​

សេចក្តី​ណែនាំ​នេះ​ក៏បាន​ព្រមាន​ផងដែរ​ថា ករណី​ម្ចាស់ទីតាំង​ស្ថានីយប្រេងឥន្ធនៈ​ ដេប៉ូចែក​ចាយ និង​អ្នក​លក់​រាយ​ អនុវត្ត​ថ្លៃលក់​ដំឡើង​ខុស​ប្រក្រតី​ ដោយ​ផ្ទុយ​ពី​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ កម្លាំង​មាន​សមត្ថកិច្ច​ និង​ផ្នែក​ជំ​នាញ​​នឹងបិទទីតាំង​ទាំង​អស់​នោះ ព្រមទាំង​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់​។​

ទាក់​ទិន​នឹង​បញ្ហា​ប្រឈម​អំពីកង្វះខាត​ប្រេង​នេះ លោក កែវ រតនៈ រដ្ឋ​មន្ត្រីក្រ​សួង​​រ៉ែ និង​ថាមពល​មាន​ប្រសាសន៍​ថា​ មក​ដល់ពេលនេះកម្ពុជា​នៅ​បន្ត​នាំ​ប្រេង​ចូល​​ជា​​ធម្មតា​នៅឡើយ​។

លោក​មានប្រសាសន៍ថា “យើងអត់ទាន់មានបញ្ហាខ្វះប្រេងផ្គត់ផ្គង់ទេ។ សន្និធិបំរុង​​​របស់កម្ពុជាយើងនៅតែ ២១ ថ្ងៃដូចគ្នា បើគ្មានការនាំចូលមួយដំណក់សោះកម្ពុជា​យើងក៏អាចឈរជើងបាន ២១ ថ្ងៃ ”។

គួរបញ្ជាក់ផងដែរថា បញ្ហាប្រេងឡើងថ្លៃកើតឡើងដោយសារជម្លោះនៅតំបន់មជ្ឈិម​​បូព៌ា កាលពីថ្ងៃទី២០ ខែ​កុម្ភៈ ឆ្នាំ ២០២៦ រវាងសហរដ្ឋអាមេរិក អ៊ី​ស្រាអែល​ និងអឺរ៉ង់ ធ្វើឲ្យប៉ះពាល់ដល់ការនាំចេញប្រេងជាង ២០ % ពីមជ្ឈិមបូព៌ា។ បច្ចុប្បន្ន​តម្លៃប្រេងឆៅនៅលើពិភពលោកបានបន្តធ្លាក់ចុះបន្តិចវិញ បន្ទាប់ពីបានឡើង​​ថ្លៃយ៉ា​ង​គំ​ហុ​ក​ក្នុ​​ងពេលសង្គ្រាមផ្ទុះឡើងនៅតំបន់​មជ្ឈិម​បូព៌ា​កា​ល​ពី​សប្តាហ៍​​មុន​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍