ក្រុងបាត់ដំបង ជាក្រុងតែមួយគត់ដែលបានដាក់បញ្ចូលជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារដំបូងគេក្នុងចំណោមក្រុងនានានៅកម្ពុជា តាំងពីខែតុលា ឆ្នាំ២០២៣ ដោយអង្គការយូណេស្កូ។ ក្រុងបាត់ដំបង ជាក្រុងមួយក្នុងខេត្តបាត់ដំបង ដែលមានសំណង់អគារតាំងពីសម័យអាណានិគមបារាំងជាច្រើនខ្នង ហើយក្លាយជាគោលដៅទេសចរណ៍មួយដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តផងដែរ។
នៅជិតអគារបុរាណទាំងនោះ ក៏មានផ្សារណាត់ ដែលគេស្គាល់ថាជាផ្សារតាំងពីសម័យបារាំងមកម្លេះ ដែលមានទីតាំងនៅមុខស្ទឹងសង្កែ។ តែយ៉ាងណា តំបន់ទាំងនេះ ដែលពីមុនធ្លាប់ជាតំបន់ដែលមានភ្ញៀវជាតិ និងអន្តរជាតិ ដើរទស្សនាតាមដងផ្លូវ ក្នុងផ្សារ និងមាត់ស្ទឹងជាដើម ឥឡូវនេះមានសភាពស្ងប់ស្ងាត់ជាងមុន ដោយសារតែអាជ្ញាធរបានធ្វើកាយផ្លូវដាក់ប្រព័ន្ធឡូ ដែលធ្វើឱ្យផ្លូវមានសភាពខូចច្រើនកន្លែង ដូចជា មានជង្ហុកច្រើន និងមានសភាពហុយខ្លាំង ព្រមទាំងមានដក់ទឹកនៅពេលធ្លាក់ភ្លៀងផងដែរ។
បញ្ហាទាំងនេះ ជាហេតុធ្វើឱ្យអាជីវករនៅក្រុងបាត់ដំបង ជួបប្រទះនូវផលវិបាក លក់ដូរមិនសូវដាច់ ដែលធ្វើឱ្យធ្លាក់ចុះចំណូល ប៉ះពាល់ដល់ជីវភាពរស់នៅ។
កំពុងលក់ចេកអាំង និងដំឡូងអាំង លើរទេះកង់ នៅផ្លូវមួយក្បែរផ្សារណាត់ ក្រុងបាត់ដំបង លោក យៀរ យ៉ា អាយុ ៥៥ឆ្នាំ បានឱ្យដឹងថា លោកបានលក់នៅទីនោះ តាំងពីឆ្នាំ២០០៩មកម្លេះ ហើយការលក់ដូរមានស្ថានភាពល្អប្រសើរ ដោយសារតែមានភ្ញៀវទេសចរទៅលេងកម្សាន្តនៅទីនោះច្រើន។ ប៉ុន្តែចាប់តាំងពីអាជ្ញាធរបានធ្វើការកាយផ្លូវដាក់ប្រព័ន្ធលូ ធ្វើឱ្យផ្លូវខូចខាតខ្លាំង ចាប់តាំងពីឆ្នាំ២០២០មក បានធ្វើឱ្យការលក់ដូរបស់គាត់ធ្លាក់ចុះបន្តិចម្តងៗ ជាពិសេសនៅក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ គឺលោកពិបាករកចំណូលខ្លាំង។
លោកថា៖ «ប៉ុន្មានឆ្នាំមុនលក់បានជាង២០ម៉ឺន[រៀល] ឡូវលក់បានតែ១០ម៉ឺន[រៀល]… ឡូវលក់ថយច្រើន ដោយសារដូចថាពេលនេះ គេរកអត់សូវបាន មនុស្សក៏អត់សូវមាន។ មិនសូវមាន សូម្បីភ្ញៀវនៅតាមសណ្ឋាគារ ពីមុនមានអ្នកចូលពេញៗហ្នឹង តែមើលឥឡូវគ្មានផង»។
លោកយៀរ យ៉ា បន្តថា បើសិនជាការធ្វើប្រព័ន្ធលូ និងផ្លូវនេះ នៅយូរឆ្នាំទៀត នោះនឹងធ្វើឱ្យមុខរបរ និងអាជីវកម្មរបស់អាជីវករផ្សេងទៀត នៅក្នុងតំបន់នេះ កាន់តែធ្លាក់ដុនដាបខ្លាំងឡើងៗ។
នៅពេលធ្វើដំណើរទៅផ្នែកខាងក្រោយនៃផ្សារណាត់ ដែលពេញទៅដោយដីហុយទ្រលោម មើលអ្វីមិនចង់ឃើញ និងផ្លូវមានសភាពទ្រុតទ្រោមផងនោះ អ្នកស្រី រិទ្ធគន្ធា អាយុ ៣៣ឆ្នាំ ជាបុគ្គលិកហាងលក់សាច់ផាក់ឡូវមួយកន្លែង បានរៀបរាប់ថា ការលក់ដូររបស់គាត់មានការថយចុះបណ្ដើរៗ ចាប់តាំងពីដើមឆ្នាំ២០២៤មក ហើយការថយចុះនេះបណ្តាលមកពីកត្តាផ្លូវមានសភាពខូចខាតខ្លាំង ដោយសារការជួសជុលដាក់ប្រព័ន្ធលូ និងបញ្ហាសេដ្ឋកិច្ច។
ស្ត្រីវ័យ ៣៣ឆ្នាំ រូបនេះ និយាយថា៖ «វាមួយផ្នែកហ្នឹងដែរ ព្រោះមួយរយៈនេះ វាហុយខ្លាំងជាងមួយរយៈមុន ព្រោះពេលជីក[ដាក់លូ]ទៅវាបាក់បែកផ្លួវ។»
កំពុងកាប់សាច់បណ្ដើរ និយាយបណ្ដើរ អ្នកស្រីថា បើសិនបញ្ហាផ្លួវខូចនៅតែបន្តមាន ហើយការជួសជុលបន្តអូសបន្លាយរយៈពេលយូរទៅមុខទៀត នោះការលក់ដូរក៏កាន់តែធ្លាក់ចុះជាងនេះទៅទៀត ខណៈការលក់ដូរបច្ចុប្បន្ន ធ្លាក់ចុះរហូតដល់៤០ភាគរយ។
បើតាមស្ត្រីរូបនេះ មិនត្រឹមតែចំណូលលក់ដូរក្នុងហាងធ្លាក់ចុះទេ សូម្បីតែបុគ្គលិកក៏ត្រូវបានថៅកែស្នើសុំការយោគយល់ ដោយកាត់បន្ថយប្រាក់ខែស្ទើរពាក់កណ្តាលផងដែរ ហើយបញ្ហានេះបានប៉ះពាល់ដល់ជីវភាពអ្នកស្រី ដែលត្រូវរកប្រាក់ផ្គត់ផ្គង់គ្រួសារទាំងមូលផងដែរ។
អ្នកស្រីបន្តថា៖ «គាត់ទើបទម្លាក់[ប្រាក់ខែ]អាពេលគេជីកលូហ្នឹងឯង។ យើងចាយវាយតាមហ្នឹង និយាយរួមប្ដីខ្ញុំគាត់អត់មានការងារអីទេ និយាយរួមជំហរតែខ្ញុំម្នាក់សុទ្ធ»។
អាជីរករលក់ម្ហូបអាហារនៅក្បែរផ្សារណាត់មួយរូបទៀត អ្នកស្រី សាត រដ្ឋា បានលើកឡើងដែរថា នៅពេលដែលផ្លូវខូច និងមានសភាពហុយបែបនេះ ធ្វើឱ្យការលក់ដូររបស់គាត់ពេលនេះ ពិបាកជាងសម័យកូវីដ-១៩ទៅទៀត។ ករណីនេះ អ្នកស្រីត្រូវបង្ខំចិត្តជំពាក់លុយគេ ដោយយកអីវ៉ាន់ និងគ្រឿងទេសផ្សេងៗ មកប្រើសិន ពេលលក់បានប្រាក់ទើបសងលុយឱ្យគេវិញ។
អ្នកស្រីថា កាលពីមុនអ្នកស្រីលក់បាយ ក្នុងមួយថ្ងៃអស់អង្ករមួយបាវ ប៉ុន្តែបច្ចុប្បន្ន អង្ករមួយបាវលក់៣ទៅ៤ថ្ងៃទើបអស់។
ស្ត្រីវ័យ ៣៤ឆ្នាំនេះ និយាយថា៖ «និយាយទៅពិបាកតាំងពីគេធ្វើផ្លូវទៅវាពិបាកចង់និយាយចឹង វាហុយផងអីផង ចឹងហើយមួយណាគេមនុស្សតែរាងហុយវា [កន្លែងលក់] អត់សូវមានអ្នកចូល វាអត់ដូចមុន ចង់និយាយអញ្ចេះ។ បើថារឿងកាលកូវីដថាយើងរាងគ្រាន់ជាងវិញ បើតែឥឡូវចង់យ៉ាប់ជាងកូវីដទៀត»។
អ្នកស្រី សាត រដ្ឋា បន្ថែមថា ដោយសារបញ្ហាផ្លូវពិបាកក្នុងការធ្វើដំណើរ និងមានបញ្ហាដីហុយខ្លាំង ដែលជាកត្តាធ្វើឱ្យមិនសូវមានភ្ញៀវចូលមកបរិភោគអាហារច្រើនដូចមុន។
អ្នកស្រីបន្តថា៖ «បើអ្នកខ្លះដូចថាគេដឹកភ្ញៀវមកពេលខ្លះចូលមកគេថាអូ វាហ៊ុយ ពេលខ្លះវាពិបាកជិះចូល ពិបាកផ្លូវ»។
យ៉ាងណា អ្នកស្រី រំពឹងថា ការលក់ដូរនឹងមានភាពប្រសើរឡើងពេលផ្លូវធ្វើរួចរាល់ ព្រោះមានផ្លូវស្អាតនឹងមានភ្ញៀវចូលច្រើន។
អ្នកស្រីថ្លែងថា៖ «គ្រាន់តែថា សុំតែផ្លូវស្អាត ចង់បានផ្លូវវាស្អាតវិញទៅវាស្រួល […] ឆាប់ហើយក៏វាល្អ គ្រាន់ថាវាមើលទៅវាស្អាតទាំងផ្លូវ គេជិះមកក៏កន្លែងយើងលក់ដូរមើលទៅក៏វា គេមើលមកថាវាមានសភាពស្រស់ស្អាត»។
បញ្ហាផ្លូវខូច និងហុយខ្លាំងនេះ មិនត្រឹមតែប៉ះពាល់ដល់អាជីវករដែលក់ដូរចំណីអាហារនោះទេ សូម្បីអ្នកមានរបររត់ម៉ូតូឌុប ក៏បានត្អូញត្អែរពីបញ្ហាជីវភាពធ្លាក់ចុះដែរ។
កំពុងអង្គុយនៅលើម៉ូតូ រងចាំដឹកភ្ញៀវ នៅតាមដងផ្លូវដែលមានសភាពខូចខាតនេះដែរ លោក ជួន អ៊ន់ វ័យ៦៦ឆ្នាំ មានប្រសាសន៍ថា ការរត់ម៉ូតូឌុបរបស់លោកមិនសូវមានអ្នកជិះដូចមុនទេ ដោយមួយខែលោករកប្រាក់ចំណូលបានប្រហែល ២០ម៉ឺនរៀល ខណៈពីមុន ពេលដែលផ្លូវមានសភាពល្អស្អាត លោកអាចរកប្រាក់បាន ពី ៣០ម៉ឺន ទៅ ៤០ម៉ឺនរៀលក្នុងមួយថ្ងៃ។
លោកថា៖ «ព្រួយ ព្រួយបារម្ភ បើយើងរកមិនបានផង ហើយយើងកាន់តែចាស់ទៅហើយ។ ពិបាករកចំណូលណាស់ឥឡូវ»។
លោកបន្ថែមថា ម៉ូតូដែលរត់សព្វថ្ងៃលោកបង់រំលស់ទេ ចំណូលដែលទទួលបានពីការរត់ម៉ួតូនេះមិនគ្រប់ថ្លៃបង់រំលស់ប្រចាំខែផង លោកត្រូវយកលុយដែលកូនលោកជូនប្រចាំខែមកបន្ថែមឱ្យគ្រប់ចំនួន។ លោកថា ពីមុនមានផ្លូវស្អាត មានភ្ញៀវជិះច្រើន ព្រោះមានអ្នកទេសចរមកលេងខេត្តនេះច្រើន។
លោកថា «សំណូមពរថាឱ្យជួយធ្វើផ្លូវឱ្យបានល្អ កុំឱ្យវាហុយ កុំឱ្យវាអីចឹង»។

ចំណែក អ្នកស្រីទៀប សុខា អាយុ ៤០ឆ្នាំ ជាអ្នកលក់ម្ហូបអាហារនៅភូមិមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងដែរនោះ និយាយថា បញ្ហាផ្លូវខូចខ្លាំង ហើយហុយខ្លាំងនេះ រូបអ្នកស្រី ក៏ដូចជាអាជីវករផ្សេងទៀត មិនហ៊ានរាយការណ៍ទៅអាជ្ញាធរ ដើម្បីឱ្យជួយដោះស្រាយទេ ដោយបារម្ភខ្លាចមានបញ្ហាជាមួយអាជ្ញាធរ ព្រោះកន្លងមក អាជ្ញាធរធ្លាប់ចុះមកណែនាំឱ្យអ្នកស្រីឱ្យឈប់លក់នៅក្រោមសំយ៉ាប ព្រោះថាវាធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសោភណ្ឌភាពទីក្រុង។
អ្នកស្រីនិយាយថា «យើងលក់នៅនេះគេថា យើងប៉ះពាល់បរិស្ថាន ដល់អញ្ចឹងទៅយើងមិនដែលហ៊ាននិយាយអីទេ។ យើងខ្លាចដូចថា យើងចេះតែនៅស្ងៀមៗទៅ ចេះតែគេធ្វើមិចធ្វើទៅ ថ្ងៃណាថ្ងៃនឹងទៅអញ្ចឹងទៅហាស ព្រោះយើងមិនសូវហ៊ាននិយាយទេ ព្រោះអីខ្លាចថា យើងលក់នេះអត់មានសិទ្ធិលក់អញ្ចឹងណា ប៉ះពាល់បរិស្ថានគេអីចឹង»។
ជាការឆ្លើយតប អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍ថា ការណ៍ដែលផ្លូវនៅក្នុងក្រុង មានសភាពខូចខាតច្រើនកន្លែង ដោយសារតែអាជ្ញាធរកំពុងអនុវត្តគម្រោងស្ថាបនានូវស្ថានីយ៍ចម្រោះទឹកកខ្វក់ ស្ថានីយ៍បូម និងប្រព័ន្ធលូទឹកកខ្វក់។ លោកបន្តថា គម្រោងនេះនឹងបញ្ចាប់នៅចុងឆ្នាំ២០២៥នេះហើយ ហើយការកសាងហេដ្ឋាររចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យស្អាតឡើងវិញ នឹងចាប់ផ្តើមធ្វើនៅក្នុងឆ្នាំ២០២៦ខាងមុខ។
លោកថា៖ «គេអនុវត្តគម្រោងហ្នឹង គេបញ្ចប់ក្នុងចុងឆ្នាំ២០២៥នេះ ពាក់ព័ន្ធនឹងអាការរៀបចំជួសជុលកសាងប្រព័ន្ធបណ្ដាញទឹកស្អាត ហើយនិងបណ្ដាញក្រោមដី បណ្ដាញដែលគេហៅថា បណ្ដាញរំដោះទឹកភ្លៀង រំដោះទឹកកខ្ចក់ហ្នឹង ហើយក្នុងឆ្នាំ២០២៦ នឹងអនុវត្តគម្រោងក្នុងការជួសជុលផ្លូវដែលខូចខាតហ្នឹងឡើងវិញ […] ធនាគារអភិវឌ្ឍន៍អាស៊ី ADB គាត់មើលឃើញអំពីការលំបាកខាងផ្លូវថ្នល់ លោកនឹងផ្ដល់ហិរញ្ញប្បទាន ជាង៥០លានដុល្លាទៀត សម្រាប់ឱ្យមកធ្វើផ្លូវនៅក្នុងក្រុងហ្នឹង»។
លោកបន្ដថា ទោះបីគម្រោងនេះមិនមែនជាគម្រោងរបស់រដ្ឋបាលខេត្តក៏ពិតមែន ប៉ុន្តែអាជ្ញាធរខេត្ដបានសហការជាមួយអ្នកម៉ៅការ ក្នុងការធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការរកស៊ីរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។
លោកថា៖ «ធម្មតា ការអភិវឌ្ឍអីមួយតែងតែមានផលប៉ះពាល់តិច ឬច្រើន ប៉ុន្តែអាជ្ញាធរខេត្ដនឹងខិតខំបញ្ចៀសការផលប៉ះពាល់ឱ្យសល់តិច។ ដូចខ្ញុំបញ្ជាក់ចឹងថា ប្រជុំតឹងសរសៃកដាក់គ្នា ខ្ញុំហ្នឹងហើយជាអ្នកតឹងសរសៃក ជាមួយខាងគម្រោងហ្នឹង ពាក់ព័ន្ធអារឿងផលប៉ះពាល់ ដើម្បីតវ៉ា ដើម្បីឱ្យដឹងថាប្រជាពលរដ្ឋហ្នឹងមានផលប៉ះពាល់អី […]។ វាមិនមែនជាគម្រោងរបស់រដ្ឋបាលខេត្ដ ហើយខេត្ដបានខិតខំហើយ ខិតខំថាធ្វើម៉េចកាត់បន្ថយផលប៉ះពាល់ឱ្យនៅតិច ហើយខាងអ្នកម៉ៅការ អ្នកដែលដេញថ្លៃហ្នឹង គឺធ្វើម៉េចដើម្បីនឹងសម្រួលផ្លូវហ្នឹង កន្លែងណាដែលលំបាកឱ្យជួយខិតខំសម្រួលផ្លូវហ្នឹង យើងបានធ្វើការងារហ្នឹងជាប់ជាប្រចាំ»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មើលឃើញថា ស្ថានភាពហេដ្ឋារចនាសម្ព័នផ្លូវថ្នល់នៅកម្ពុជា មិនទាន់ភាពល្អប្រសើរនៅឡើយ គួបផ្សំនឹងស្ថានភាពសេដ្ឋកិច្ចកំពុងធ្លាក់ចុះទៀត ធ្វើឱ្យប្រជាពលរដ្ឋចាយវាយដោយត្បិតត្បៀត ជាហេតុធ្វើឱ្យការលក់ដូររបស់អាជីវករមានការលំបាក។
លោកបន្តថា ជាដំណោះស្រាយ អាជ្ញាធរត្រូវរៀបចំពន្លឿនការជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានស្អាត រកកន្លែងសមរម្យឱ្យអាជីវករសម្រាប់លក់ដូរ ការបណ្ដុះបណ្ដាលអាជីវករពីការគ្រប់គ្រងអាជីវកម្មខ្នាតតូច ការឧបត្ថម្ភគាំទ្រពេលអាជីវករធ្លាក់ខ្លួនក្នុងបំណុល និងជាពិសេសការទាក់ទាញភ្ញៀងទេសចរមកលេងឱ្យបានច្រើន។
លោកថា៖ «ចឹងជាដំណោះស្រាយត្រូវរៀបចំផ្លូវឱ្យបានស្អាត ហើយទុកកន្លែងគាត់លក់ដូរឱ្យបានសមរម្យទីមួយ។ ទីពីរ រដ្ឋត្រូវរៀបចំយន្ដការម៉េចឱ្យអ្នកលក់អាចមានកន្លែងណា ដែលអាចលក់ដូរ ហើយមានកន្លែងមានអតិថិជនសម្រាប់អាស្រ័យផលនេះការមុខរបរបស់គាត់ ហើយទី៣ រដ្ឋគួរតែរៀបចំឱ្យការគ្រប់គ្រងបណ្ដុះបណ្ដាលបន្ថែមទៀត ពីការគ្រប់គ្រង Business (ជំនួញ) Small business (មុខជំនួញខ្នាតតូច)[…] ឱ្យមានជំនាញច្បាស់លាស់ ហើយរដ្ឋគួរតែឧបត្ថម្ភធនធាននៅពេលអាជីវករណាម្នាក់ធ្លាក់ក្នុងអន្ទាក់បំណុល ហើយអត់មានថវិកាក្នុងការស្តារអាជីវកម្ម ចឹងត្រូវគិតចំណុចទាំងអស់នេះឡើងវិញ ចំណុចសំខាន់មួយទៀត ត្រូវគិតពិចារណា ធ្វើយ៉ាងមិចទាក់ទាញភ្ញៀវទេសចរ ឱ្យអាជីវករអាចអាស្រ័យផលទាំងភ្ញៀវទេសចរជាតិ និងអន្ដរជាតិ»។
គូរបញ្ជាក់ផងថា គម្រោងជីកគាស់កកាយផ្លូវ ស្ថាបនានូវស្ថានីយ៍ចម្រុះទឹកកខ្វក់ ស្ថានីយ៍បូម និងប្រព័ន្ធលូទឹកកខ្វក់នេះ ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២០មកម៉្លេះ មាន២គម្រោង គឺតំបន់ត្រើយខាងលិច និងត្រើយខាងកើតស្ទឹងសែន ក្នុងក្រុងបាត់ដំបង៕
អត្ថបទដោយ៖ គង់ ស្រីរ័ត្ន និង