សមត្ថកិច្ចបានផ្ទេរជនជាប់ឃុំជាង ១០០០នាក់ ចេញពីពន្ធនាគារខេត្តឧត្តរមានជ័យ ទៅកាន់ពន្ធនាគារក្នុងខេត្តសៀមរាប នៅថ្ងៃទី២៨ ខែកក្កដា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពរបស់ពួកគេ ខណៈខេត្តឧត្តរមានជ័យមានហានិភ័យខ្ពស់ពីការវាយប្រហារដោយអាវុធពីទាហានថៃ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ឃៀង សុណាឌីន បានប្រាប់ Press Start Cambodia នៅល្ងាចថ្ងៃទី២៤ ខែកក្កដាថា ជនជាប់ឃុំចំនួន ១ ១១៤នាក់ ត្រូវបានដឹកចេញពីពន្ធនាគារខេត្តឧត្តរមានជ័យ ពីម៉ោង៥ព្រឹក ដល់ម៉ោង ១០:២០នាទីព្រឹក ថ្ងៃចន្ទម្សិលមិញ ដោយប្រើកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារសរុបចំនួន ១១៥នាក់ និងរថយន្តដឹកជញ្ជូនចំនួន ២៥គ្រឿង។
លោកបន្តថា ការផ្ទេរជនជាប់ឃុំពីពន្ធនាគារខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាប នៅពេលនេះ ជាការផ្ទេរបណ្តោះអាសន្ន ដោយផ្អែកលើស្ថានការណ៍ជាក់ស្តែងដែលយោធាថៃ វាយប្រហារមកលើប្រទេសកម្ពុជានៅតាមបន្ទាត់ព្រំដែន។
លោកថ្លែងថា៖ «ខ្ញុំសុំបញ្ជាក់ថា ការផ្ទេរពីឧត្តរមានជ័យមកទុកនៅសៀមរាបនេះ គឺជាការឃុំឃាំងបណ្តោះអាសន្ន មានន័យថា យើងផ្ទេរការគ្រប់គ្រងបណ្តោះអាសន្នទេ ដោយសារតែស្ថានភាព យើងមើលព័ត៌មានយើងដឹងហើយថា ភាគីថៃបានព្យាយាមផ្លោងគ្រាប់ចូលមកក្នុងតំបន់ទីប្រជុំជន ហើយក្រុងសំរោង ដោយសារពន្ធនាគារស្ថិតនៅក្នុងបរិវេនទីតាំងហ្នឹងដែល ចឹងបានថ្នាក់ដឹកនាំក្រសួងផ្តល់គោលការណ៍ឲ្យយើងផ្ទេរចេញបណ្តោះអាសន្នសិន» ។
លោកក៏បានបញ្ជាក់ដែលថា ការផ្ទេរមកកាន់ខេត្តសៀមរាប គឺដោយសារទីតាំងភូមិសាស្ត្រនៃខេត្តនេះ នៅជិតខេត្តឧត្តរមានជ័យ ហើយការផ្ទេរនេះក៏មិនដាក់នៅលាយឡំគ្នាដែរ ស្របពេលដែលពន្ធនាគារខេត្តសៀមរាប អាចទទួលការគ្រប់គ្រងបណ្តោះអាសន្នបាន។
អ្នកនាំពាក្យរូបនេះបន្ថែមថា បើទោះជាមានភាពចង្អៀតណែនក្នុងពន្ធនាគារខេត្តសៀមរាប ប៉ុន្តែជនជាប់ឃុំនឹងមានអារម្មណ៍សុវត្ថិភាព ត្បិតចាកឆ្ងាយពីតំបន់ដែលមានភាពតានតឹងខ្លាំង។
បើតាមអគ្គនាយកដ្ឋានពន្ធនាគារ គឺពន្ធនាគារខេត្តឧត្តរមានជ័យ ស្ថិតនៅចម្ងាយប្រមាណ ៥៣គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ។
ចំណែក អ្នកនាំពាក្យពន្ធនាគារខេត្តសៀមរាប លោក ឈៀង ឆៃយ៉ា បានឱ្យដឹងនៅថ្ងៃទី២៩ ខែកក្កដានេះថា បើទោះជាកម្ពុជា-ថៃ បានអនុវត្តបទឈប់បាញ់កាលពីម៉ោង១២យប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ខែកក្កដាក៏ដោយ ក៏ជនជាប់ឃុំនៅបន្តឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាបសិន រងចាំបទបញ្ជារបស់ថ្នាក់លើជាថ្មី ថានឹងត្រូវផ្ទេរទៅវិញនៅពេលណានោះ។
លោកថា៖ «យើងចាំទទួលបទបញ្ជាថ្នាក់លើ! នៅក្នុងនោះ ដូចអគ្គនាយកដ្ឋានពន្ធនាគារ គាត់បានបកស្រាយក្នុងផេករបស់គាត់អស់ហើយ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានលើកឡើងថា ការជម្លៀសជនជាប់ឃុំពីពន្ធនាគារខេត្តឧត្តរមានជ័យទៅកាន់ខេត្តសៀមរាប គឺជារឿងចាំបាច់ដែលត្រូវធ្វើ ដើម្បីធានាសុវត្ថិភាព ខណៈខេត្តនេះមានការប្រឈមនឹងការវាយប្រហារពីយោធាថៃ។
ទោះបីជាយ៉ាងណា លោកថា សមត្ថកិច្ច គួរយកចិត្តទុកដាក់បន្ថែមលើសេវាផ្គត់ផ្គង់ផ្សេងៗ ដែលជនជាប់ឃុំ ដោយរាប់បញ្ចូលទាំងអាហារ និងសេវាសុខាភិបាលផងដែរ ដើម្បីជួយសម្រួលដល់ជនជាប់ឃុំដែលកំពុងមានសភាពចង្អៀតណែន ក្នុងពន្ធនាគារ។
លោកថា៖ «ប៉ុន្តែអ្វីដែលសំខាន់ គឺការរៀបចំសម្រួលបន្ទប់ដាក់ជនជាប់ឃុំ ការការពារសុវត្ថិភាព ការរក្សាអនាម័យ ភ្លើង ទឹកប្រើប្រាស់ ទឹកស្អាត ត្រូវផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ រួមទាំងម្ហូបអាហារផងដែរ។ មួយទៀតគឺសហការជាមួយមន្ទីរសុខាភិបាលខេត្ត ទាក់ទងគ្រូពេទ្យប្រចាំការ និងព្យាបាលជនជាប់ឃុំ»។
បើតាមហ្វេសប៊ុករបស់ លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ គិតមកដល់ព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ស្ថានភាពតំបន់ក្តៅទាំង៣ នៅតាមបន្ទាត់ព្រំដែន ដូចជា តំបន់ប្រាសាទតាមាន់ តាក្របី និងថ្មដូន មានសភាពស្ងប់ស្ងាត់ ហើយជនភៀសសឹក កំពុងបន្តស្នាក់នៅជំរុំមានសុវត្ថិភាព។
ការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃ បានកើតឡើងចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ និងបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រហូតដល់យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទោះមានការបញ្ចប់ការផ្ទុះអាវុធ ក្រោយពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ ដែលមានជំរុញពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងការសម្របសម្រួលប្រធានអាស៊ាន ដោយមានការចូលរួមពីតំណាងចិនផងដែរ កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា។ ការប្រយុទ្ធគ្នានៅតាមព្រំដែននេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ ហើយកម្ពុជាបានវាយបកវិញ។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មានជនភៀសសឹកសរុប ៣៩ ៨២៨គ្រួសារ ស្មើនឹង១៣ ៤៧០៧នាក់ ដែលត្រូវបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព និងផ្ទះសាច់ញាតិរបស់ពួកគេ ក្នុងនោះមានទាំងស្ត្រី ស្ត្រីមានផ្ទៃពោះ កុមារ និងជនចាស់ជរាផងដែរ។
ប្រភពដដែលបន្តថា ការឈ្លានពានរបស់ថៃ ក៏បានធ្វើឱ្យសាលារៀនចំនួន ៦០០ ត្រូវបិទទ្វារនៅខេត្តចំនួន៥ ដែលប៉ះពាល់ដល់សិស្សសរុបប្រមាណ ១៥ម៉ឺននាក់ និងគ្រូបង្រៀនចំនួន ៦ពាន់នាក់៕