គិត​ត្រឹម​ខែមិថុនានេះ មនុស្ស​​៦នាក់​ស្លាប់​ដោយ​ជំងឺ​​ផ្ដា​សាយ​​បក្សី​ ក្នុងចំណោមអ្នកឆ្លង​៨នាក់

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរកឃើញអ្នកឆ្លងជំងឺ​ផ្ដាសាយ​បក្សីប្រភេទ​ H5N1 សរុប​ចំនួន​ ​៨នាក់ហើយ​​ គិត​​ត្រឹម​ខែ​​មិថុនា​ ឆ្នាំ​​២០២៥​​នេះ ដែល​ក្នុងនោះ មានមនុស្ស ​៦នាក់ ​បាន​ស្លាប់​​ ក្រោយពី​​ពួក​គេ​បាន​ប៉ះ​ពាល់​​​ឬ​យក​មាន់​​ទា​ឈឺ​ឬ​ងាប់​​​ទៅ​បរិភោគ​។

តាមរយៈទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) នៅ​ព្រឹកថ្ងៃទី២៤ ខែមិថុនានេះ បាន​ឱ្យ​ដឹង​ថា នាយកដ្ឋាន​រកឃើញអ្នក​ឆ្ល​ង​ជំងឺ​ផ្ដាសាយ​​​​បក្សី​ H5N1 កើន​ចំនួន​​​៨​នាក់​ ក្នុងនោះ​៦នាក់​បានស្លាប់​ និងភាគ​ច្រើន​ជាកុមារ ត្រឹមខែ​មិថុនា​ ឆ្នាំ​២០២៥​នេះ​​។ ករណីនេះ នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺ​ឆ្លង បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ចូល​រួម​បង្ការ​ និង​ទប់​ស្កាត់​ជំងឺ​​ផ្ដាសាយ​​បក្សី​ H5N1។

ប្រភពដដែលគូសបញ្ជាក់​ថា​៖ «គ្រប់អ្នកជំងឺ​ទាំងអស់​ សុទ្ធ​តែមានពាក់ព័ន្ធ​​ប៉ះពាល់​ឬយកមាន់ទាឈឺឬងាប់​ យករៀបចំជាអាហារ​។  សូមរួមគ្នាបង្ការ​ និងទប់ស្កាត់​ជំងឺ​ផ្ដាសាយ​បក្សី​ H5N1។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥»។

នៅថ្ងៃនេះ​ដែរ ក្រសួង​សុខាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញករណីរកឃើញ​អ្នកជំងឺ​ម្នាក់ អាយុ ៤១ឆ្នាំ ដែលជាករណីចុង​ក្រោយនៃចំនួនអ្នកឆ្លង​ទាំង​៨នាក់​នោះ​ផងដែរ ដែលស្ត្រីរូប​នោះរស់​នៅ​ស្រុក​ពួក ខេត្តសៀមរាប។

ក្រសួង​បន្តថា បច្ចុប្បន្ន អ្នក​ជំងឺរូបនោះ ​​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ និងកំពុង​ទទួលបាន​ការ​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុកដាក់ពីសំណាក់​ក្រុមគ្រូ​​ពេទ្យ​។

ក្រសួង​បញ្ជាក់ថា៖ «បើតាមការ​សាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺ​ និងផ្ទះអ្នកជិត​ខាង​មាន​មាន់​ទា​ឈឺ​និងងាប់ ហើយ​អ្នក​ជំងឺ​បាន​កាន់​និងប៉ះពាល់​មាន់​ឈឺនិ​ងងាប់ រួច​យកទៅ​ធ្វើ​ម្ហូបទទួល​ទាន ៥ថ្ងៃ​មុន​ថ្ងៃ​ដែល​អ្នកជំងឺ​ចាប់​ផ្តើម​ឈឺ»។

​ជុំវិញករណីនេះការ​ឆ្លង​នេះ​ដែរ ក្រសួង​សុខាភិបាល​ បាន​ឱ្យ​ដឹង​​​​ថា ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួង​សុខាភិបាល​ថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋាន ស្វែងរក​ប្រភពចម្លង​ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុង​សហគមន៍។

ក្រសួងសុខាភិបាលបានក្រើន​រំលឹកដល់​ពលរដ្ឋ​​​ថា៖ «សូមយកចិត្ត​ទុកដាក់ប្រុងប្រយ័ត្នលើ​ជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់​​សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាប​ដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ​​ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬ​​មន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង​​ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ»។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បាន​លើក​ឡើង​ថា ករណីជំងឺ​ផ្ដាសាយបក្សី កំពុងមានការកើន​ឡើង​វិញ ដោយ​សារតែមាន​ការឆ្លងពីសត្វទៅមនុស្ស។ លោកបានបញ្ជាក់ថា មានប្រជាពលរដ្ឋខ្លះបានយក​សត្វដែលមានវីរុសនៃ​ជំងឺនេះមក​បរិភោគ រហូត​ដល់មានករណីខ្លះ​បាន​​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុ​​​ជីវិតថែមទៀត​​​។

លោកមានប្រសាសន៍ថា ៖ «ដូច្នេះសូមឱ្យប្រជាពលរដ្ឋហ្នឹងកុំយកមាន់ទាឈឺ ឬងាប់ហ្នឹង​យកមករៀបចំជាអាហារ ​គ្រាន់តែយកទៅកប់ចោល​​ឬដុតចោល ព្រោះពេលយើងបោច​ ពេលអីហ្នឹងធ្វើឱ្យសាយ​ភាយមេរោគឆ្លង​ទៅ​ណែ មាន់ទាដទៃទៀតដែលបង្កឱ្យរីករាលដាលក្នុងចំណោមសត្វបក្សី ហើយអាចរីករាលដាលទៅភូមិ ដទៃទៀត បានទៅសុំឱ្យបង្ការខ្លួនកុំឱ្យមានការប៉ះពាល់សោះ»។

អ្នកនាំពាក្យរូបនេះ បន្តថា​​ ក្រសួងបាន​និង​កំពុង​​ចាត់វិធានការ​ក្នុងការ​​​​ទប់​​ស្កាត់ និង​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​នេះ​​បន្ត​នៅ​ថ្ងៃ​ខាង​មុខ ប៉ុន្តែលោក​ក៏បាន​អំពាវនាវ​ដល់​​ប្រជាពលរដ្ឋ គួរ​​គប្បី​ស្វែង​យល់​បន្ថែម​ពី​អាការៈ​នៃ​ជំងឺ​នេះ​ផង​ដែរ។

លោកថា៖ «បច្ចុប្បន្នហ្នឹងយើងមានការត្រៀមលក្ខណៈទាំងប្រព័ន្ធតាមដានរុករក ទាំងមន្ទីរពិសោធន៍ដែលយើងអាច​ធ្វើ​តេស្ត​លឿន​រយៈ​ពេល ៥ម៉ោង​ចេញ​លទ្ធផល​ហើយ ហើយ​យើង​ក៏​បាន​ទិញ​ឱសថ សូម​បញ្ជាក់​ថាជំងឺ​នេះ​យើង​មាន​ឱស​ថ​ព្យាបាល​បាន សំខាន់​បំផុត​គឺប្រជា​ពលរ​ដ្ឋ​ពេល​ដែល​​មាន​ចេញ​រោគ​សញ្ញា​​គ្រុន​ក្តៅ ក្អក ឈឺក ហើយ​​មា​ន​​ប្រវត្តិ​​ប៉ះ​​ពាល់​​ជាមួយ​​សត្វ​​​បក្សី​​ឈឺ​ឬងា​ប់ ឬ​មួយ​ក្នុង​ភូមិ​មាន​មាន់​ទា​ងាប់​ហ្នឹង គឺ​ចាត់​ទុក​ថា​​ជា​ការ​សង្ស័យ​ជំងឺ​ផ្តាសាយ​បក្សី​ហើយ សូម​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ដែល​នៅ​មណ្ឌល​សុខភាព​មន្ទីរ​ពេទ្យប​ង្អែក​ជិត​បំផុត»។

លោក អ៊ូច វុទ្ធី គ្រូពេទ្យគុណធម៌ យល់ថា​ ការឆ្លង​ជំងឺផ្តាសាយ​បក្សី រហូត​ដល់មាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់​នេះ អាច​បណ្តាល​មក​ពីការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ នៅមានកម្រិត ដែលករណីនេះ លោក​បានជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​គួរ​បង្កើន​កា​រអប់រំ​ផ្សព្វ​ផ្សាយ និងទប់ស្កាត់​ការ​ចរាចរ​នៃ​សត្វ​បក្សី​ដែល​នាំ​ចូល​មកពីប្រភព​ផ្សេង​ៗផង​ដែរ ព្រោះវា​ជា​ផ្នែក​មួយ​ដែល​នាំ​ឱ្យ​មានករណីឆ្លង​ពីសត្វ​បក្សី ទៅមនុស្ស។​

លោកថា៖ «ដើម្បីទប់ស្កាត់នូវហានិភ័យកុំឱ្យស្លាប់បងប្អូនប្រជាពលរដ្ឋច្រើន ទីមួយគឺក្រសួងពាក់ព័ន្ធ ហើយច្រក​របៀង ច្រក​ចេញចូលតាមព្រំដែន​ផ្លូវ​អាកាស​ ផ្លូវ​គោក និង​ផ្លូវ​ទឹក​ហ្នឹង គឺ​តាម​ព្រំដែន​ហ្នឹង​គួរ​ណា​តែ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​នាំសា​ច់​បង្កក គេហៅ​ថា សាច់​ដែល​ក្លាសេ​ហ្នឹង ចឹង​សាច់​ដែល​ក្លាសេ​ក៏​អាច​នឹង​មាន​វីរុស​ទុំនៅ​ក្នុង​ហ្នឹង​ដែរ[…] ចឹង​គួរណា​តែ​ចូលរួម​ទាំង​អស់​គ្នា ទាំង​បង​ប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ទូទាំង​ប្រទេស»។

អ្នកស្រី អ៊ួក ស្រីពៅ អាយុ ៣៨ឆ្នាំ ជាកសិករនៅខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលដើមឡើយ គ្រួសារអ្នកស្រីក៏ធ្លាប់ទទួលទានមាន់​ដែលមានជំងឺដែរ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកស្រីមិនបានបរិភោគបន្តទេ ព្រោះព្រួយ​បារម្ភពីការឆ្លងជំងឺនានា។

អ្នកស្រីថា៖ «ពីមុនអត់ព្រួយបារម្ភទេ ប៉ុន្តែពីឥឡូវពីរបីឆ្នាំឥឡូវនេះ​ រាងព្រួយបារម្ភខ្លាចវាផ្តាសាយបក្សី […]​សំណូមពរឱ្យរាជរដ្ឋាភិបាលឱ្យមកណែនាំប្រជាជនឱ្យដឹងថា មាន់ផ្តាសាយបក្សី វារបៀបម៉េចអីរបៀបម៉េច អីចឹងហាស ខ្លះគេអត់ដឹងទេគេយកទៅធ្វើហូប គេអត់មានខ្លាចឆ្លងជំងឺឆ្លងអីទេ»។

យោងតាមសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល កន្លងមក ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​ជំងឺ​ផ្ដាសាយ​​បក្សី​ទាំង ៨ករណី បាន​កើត​ឡើង​លើប្រជា​​​ពលរដ្ឋ​ដែល​​​មា​ន​​អាយុចន្លោះ​​​ពី​ ២ឆ្នាំ ទៅ​ ៦៥​ឆ្នាំ ដែល​រស់​នៅ​ខេត្ត​​កំពង់​ចាម​ ព្រៃវែង ក្រចេះ កំពង់​ស្ពឺ តាកែវ ស្វាយរៀង និង​ខេត្ត​សៀមរាប៕

អត្ថបទគួរឱ្យចាប់អារម្មណ៍