អាជ្ញាធរជាតិអប្សរានឹងត្រួតពិនិត្យលើទម្រង់នៃការថតមួយចំនួននៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីបង្ការផលប៉ះពាល់ដល់បេតិកភណ្ឌ និងវប្បធម៌ជាតិ។
សេចក្តីអំពាវនាវចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ របស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់អង្គរអាចនឹងស្នើសុំត្រួតពិនិត្យ និងសួរនាំលើទម្រង់ នៃការថតមួយចំនួន ដែលសង្ស័យថា ប៉ះពាល់ដល់សង្គម បេតិកភណ្ឌ និងវប្បធម៌ជាតិ។
សេចក្តីអំពាវនាវដដែលបន្តថា ទម្រង់ នៃការថតមួយចំនួន ដែលអាចប៉ះ មានដូចជាទង្វើខុសពីក្រមប្រតិបត្តិអង្គរ ការថតសម្តែងនិងការស្លៀកសម្លៀកបំពាក់ ដែលខុសឆ្គងខ្លាំងនឹងទីតាំងបេតិកភណ្ឌ ការដើរបង្ហាញម៉ូត ការបញ្ចេញសកម្មភាព ដែលឆ្គាំឆ្គង និងមិនសមស្រប ការថតផ្សាយផលិតផលគ្មានការអនុញ្ញាត កាយវិការប្រមូលផ្តុំ និងការថតដែលអាចរំខានដល់ការទស្សនារបស់ភ្ញៀវជាតិនិងអន្តរជាតិនិងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈជាដើម។
បើតាមអាជ្ញាធរជាតិអប្សរា សេចក្តីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរាកត់សម្គាល់ឃើញមានចំណុចខ្វះចន្លោះមួយចំនួន ដែលអាចបង្កផលប៉ះពាល់ដល់សង្គម បេតិកភណ្ឌ និងវប្បធម៌ជាតិ។ តាមលិខិតដដែល អាជ្ញាធរអប្សរាក៏បានអំពាវនាវដល់ម្ចាស់គណនីលុបចេញវិញនូវខ្លឹមសារ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមទាំងអស់ ដែលបានបង្កឲ្យមានការយល់ច្រឡំដល់សាធារណៈជន ដើម្បីរក្សាបរិយាកាសសង្គមប្រកបដោយសាមគ្គីភាពជាតិតែមួយ។
ទោះជាយ៉ាងណា អាជ្ញាធរអប្សរាក៏បានថ្លែងអំណរគុណចំពោះសាធារណៈជន ដែលបានចូលរួមអនុវត្តនូវសេចក្តីប្រកាសកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលនូវលក្ខខណ្ឌ តម្រូវថ្មី ពាក់ព័ន្ធនឹងសេវាកម្មថតវីដេអូ ឬរូបភាពសន្លឹកនៅក្នុងរមណីយដ្ឋានអង្គរ៕
អត្ថបទដោយ៖ ច្រិញ យ៉ា

