សាលាឧទ្ធរណ៍ត្បូង​ឃ្មុំ​​បើក​សវនាការ​​​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់អ្នកសារព័ត៌មាន​ផ្នែកបរិស្ថាន​​ សឿ សុជា

សាលាឧទ្ធរណ៍ត្បូងឃ្មុំ នៅថ្ងៃពុធនេះ បាន​បើក​សវនាការ​​ជំនុំ​ជម្រះលើសំណុំរឿង​​របស់ លោកសឿ សុជា អ្នកសារព័ត៌មាន​នៅគេហទំព័រហង្ស​ប៉ុស្តិ៍ (HPN News)ប្រចាំ​នៅ​ខេត្តកំពង់ធំ ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ គ្រោង​​​នឹងប្រកាស​សាលដីកា​លើសំណុំរឿងនេះ នៅ​ចុង​ខែមិថុនា​។

លោក សឿ សុជា ដែលតែង​សកម្មក្នុងការ​រាយការណ៍ព័ត៌មាន​ផ្នែកបរិស្ថាន ការរំលោភដីធ្លី និងការកាប់បំផ្លាញព្រៃ​ឈើ​នៅដែនជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ជា​ដើម​នោះ​​ ត្រូវ​បាន​តុលាការ​សម្រេច​​​ឃុំខ្លួនក្នុងពន្ធនាគារ​​ ​​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧ​​​សភា ឆ្នាំ២០២៤ និង​ត្រូវ​បានតុលាការ​នៃ​​​សាលា​ដំបូង​ខេត្ដ​កំពង់ធំ​​ សម្រេច​​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល ១ឆ្នាំ​ ក្រោម​​ការ​​ចោទប្រកាន់​ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទ​ឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យមានការ​រើស​អើង និងបទបរិហាកេរ្ដិ៍ជាសាធារណៈ» តាមមាត្រា៤៩៥ មាត្រា៤៩៦ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កាលពីអំឡុង​ខែវិច្ឆិកា​ ឆ្នាំ​២០២៥។

ក្នុងពេល​ប្រកាសសាលក្រម​ក្នុងអំឡុងខែវិច្ឆិកា​នោះ ​តុលាការ​បានសម្រេចដោះលែង​​​ លោក​ សឿ សុជា ឱ្យ​នៅក្រៅឃុំជា​បណ្តោះអាសន្ន បន្ទាប់​ពី​លោក​ជាប់ឃុំ​អស់រយៈពេល ៥ខែកន្លះ។

លោក សឿ សុជា អ្នកសារព័ត៌មាន​នៅគេហទំព័រហង្ស​ប៉ុស្តិ៍ (HPN News)ប្រចាំ​នៅ​ខេត្តកំពង់ធំ មាន​ប្រសាសន៍នៅថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ បន្ទាប់ពីចេញពីបន្ទប់សវនាការ​នៅសាលា​ឧទ្ធរណ៍​ត្បូង​ឃ្មុំថា លោក​ហាក់ពុំមាន​សង្ឃឹមថានឹង​ទទួល​បាន​​​យុត្តិ​ធម៌​​ក្នុង​សំណុំរឿង​នេះ​ឡើយ ដោយសារ​តែក្នុងសវនាការ​ ​ព្រះ​រាជ​អាជ្ញារ​ង​ មិន​បាន​ផ្ដល់​ឱកាស​ឱ្យ​លោក​បក​ស្រាយឱ្យ​អស់​សេចក្ដី​នោះ​ទេ។

លោកថា៖ «បើតាមខ្ញុំមើល តាមខ្ញុំគិតទៅ​យើង​វា​មិន​ទាន់​ហ៊ាន​ថា ប៉ុន្តែ​តាម​មើល​ចេតនា​និង​ការ​ជជែក​ដេញ​ដោលយើង​សង្ឃឹម​តិច​ណាស់ សឹង​តែ​គ្មាន​ភាគ​រយ​នៃ​ការ​សង្ឃឹម​ថា​ គេ​លើក​លែង​ការ​ចោទ​ប្រកាន់​ ប៉ុន្តែ​ចំពោះ​ខ្ញុំ​នៅ​តែ​យល់​ថាអយុត្តិ​ធម៌​ហ្នឹង ព្រោះ​គេ​ថា​ខ្ញុំ​ជេរ​ប្រមាថ​គេ​[…] ហើយ​ដល់​ពេល​យើង​ចង់​និយាយ​បក​ស្រាយ គេ​អត់​ឲ្យ​យើង​និយាយ គេថា​គេ​សួរ​ប៉ុណ្ណា​គេ​ឲ្យ​យើង​ឆ្លើយ​ប៉ុណ្ណឹង​ តែ​ពេល​ខ្លះ​គេ​ឲ្យ​យើង​និយាយ​តែ​យើង​និយាយ​ទៅ​ខាង​អគ្គ​ព្រះរាជ​អាជ្ញារង​ គាត់សម្លុត​ទៅ​វិញ គាត់​សម្លុត​គាត់​ស្រែក​ឮៗ ចឹង​យើង​មាន​អារម្មណ៍​ណា​និយាយ​ទៀត»។

បើតាម លោក សឿ សុជា ក្រោយ​ការ​សួរដេញដោល​ពេញ​មួយព្រឹក ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​ នឹង​ប្រកាស​សាល​ដីកា​លើសំណុំរឿងនេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ។

លោក កុល បុន អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍​​ត្បូង​ឃ្មុំ និង​​លោក តុប កក្កដា អតីតប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំ និង​ជាដើ​ម​បណ្ដឹង​​ក្នុង​សំណុំរឿង​នេះ បាន​បដិសេធ​អត្ថាធិប្បាយ។

លោក តុប កក្ក​ដា បាន​និយាយ​​ថា៖ «ខ្ញុំមិនខ្វល់ទេ បានហើយខ្ញុំរវល់ណាស់»។

បើតាម​ពាក្យបណ្តឹង អ្នកស្រី ស្រី សុផាន់ណារ៉ា មេធាវីតំណាងឱ្យ​លោក តុប កក្កដា ប្រធានមន្ទីរ​បរិស្ថានខេត្តកំពង់ធំ ដែលបានដាក់ចូលសាលាដំបូងខេត្តកំពង់ធំ កាល​ថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០២៤ បាន​​ប្តឹង លោក សឿ សុជា ដែលជា​អតីតភ្នាក់ងារសារព័ត៌មានអនឡាញ​អាស៊ានដេលីផងនោះ​ ពីបទ ញុះញង់ឱ្យមានការរើសអើង ញុះញង់ឱ្យប្រព្រឹត្តបទល្មើស​ឧក្រិដ្ឋ​ជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តតាមបណ្តាញសង្គមហ្វេសប៊ុក អាស៊ាន​​ដេលី សឿ សុជា និងគណនីតេឡេក្រាម សឿ សុជា។ នេះ​បើតាម​ការ​ផ្សាយរបស់​គេហទំព័រ​សារ​ព័ត៌មាន​ខេមបូចា។

ពាក្យបណ្តឹងនោះ បញ្ជាក់ថា លោក សឿ សុជា បានឈរ​​នៅពីមុខ​ស្នាក់ការ​បរិស្ថាន​ចាស់តំបន់​​អូរផ្អាវ ហើយ​​និយាយថា ស្នាក់ការចាស់​ដែល​ទុកចោល គឺជាឈើដែលបានកាប់យកមកសាងសង់ និងជាឈើដែលបានចាប់ពី​ពួក​លួច​កាប់ឈើ។ ដីព្រៃទីនេះវាលអស់ កាលពី១ឆ្នាំមុនសុទ្ធសឹង​ជា​ដីព្រៃស្តុក ដោយឃើញគេ​យក​ត្រាក់ទ័រមកឈូសឆាយព្រៃ តែគ្មានអ្នកអើពើ ហើយ​មន្រ្តី​យាម​​យូរៗ​ទៅបាត់ព្រៃអស់ មិនមែនការពារទេបែរជាអស់ព្រៃទៅវិញ។

ពាក្យបណ្តឹងនេះបានចោទលោក សឿ សុជា ថា ការនិយាយនេះសុទ្ធតែពាក្យមិនពិតនោះទេ​ព្រោះថាមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ ដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់​ជាន់ថ្នាក់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ។

ពាក្យបណ្តឹងខាងលើ បានចោទប្រកាន់ការផ្សាយរបស់លោក សឿ សុជា ធ្វើឱ្យមានការ​រើស​អើង​គុំកួនពូជសាសន៍ និងប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីជំនាញ និងអាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ និងគ្មានមូលដ្ឋានច្បាស់លាស់។

លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​ខេម​បូចា​​ដែល​ធ្វើ​ការ​ផ្នែក​លើក​កម្ពស់​សេរីភាព​​សារព័ត៌​មាន សង្ឃឹមថា សាលាឧទ្ធរណ៍​ខេត្ត​ត្បូង​ឃ្មុំ នឹងពិចារណាឡើងវិញ​ចំពោះករណីលោក សឿ សុជា។

លោកថា៖ «ខ្ញុំគិតថា យើងគួររង់ចាំពិនិត្យមើលលើការអនុវត្ត​នីតិវិធី​នៃកា​រ​សម្រេច​របស់​តុលាការ​សិន ចឹង​សង្ឃឹម​ថា សាលាឧ​ទ្ធរណ៍​​ត្បូងឃ្មុំ​លោក​នឹង​ពិចារណា ហើយ​នឹង​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​លើ​ លោក សុជា ហើយ​ឱ្យគាត់​មាន​សេរីភាព​ ដើម្បី​បន្ត​ការ​ងារ​ជាអ្នក​ធ្វើសេ​ចក្តី​រាយ​ការណ៍​ព័ត៌​មាន​ ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​កាប់​បំផ្លាញ​ធន​ធានធម្ម​ជាតិ​ ហើយនឹ​ង​ទាក់ទ​ង​ជាមួយ​នឹង​បញ្ហា​ដីធ្លី​នៅ​ក្នុង​ខេត្ត​ដែល​លោក​កំពុង​តែ​រស់​នៅ»។

ចំណែក ​នាយកទទួលបន្ទុក​កិច្ច​ការ​ទូទៅនៃ​​អង្គការការ​ពារ​សិទ្ធិ​មនុស្ស​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​រាយការណ៍ព័ត៌មាន​ពីបញ្ហាបរិស្ថាន ឬបញ្ហា​នានា​ក្នុង​សង្គមរបស់​អ្នកសារព័ត៌មាន មិន​គួរ​មានការ​ចោទប្រកាន់ពាក់ព័ន្ធនឹង​បទល្មើសព្រហ្មទណ្ឌនោះទេ។ លោកបន្ត​ថា តាម​ច្បាប់​ស្តីពីរបបសារព័ត៌មាន នៅពេល​ដែល​អ្នកសារព័ត៌​មាន អនុវត្តវិជ្ជាជីវៈសារព័ត៌មាន ហើយ​​​ផ្សព្វផ្សាយ​ទៅមានកំហុសឆ្គងណាមួយ អាជ្ញាធរ ឬស្ថាប័ន​សាម៉ី គួរ​ប្រាប់​ទៅអ្នកសារព័ត៌មាន​នោះ​​ឱ្យ​ធ្វើ​​ការ​កែតម្រូវ។

លោកថា៖ «ករណី​លោក សឿ សុជា ដែលជាអ្នកសារព័ត៌មាន ត្រូវបានសាលាដំបូងខេត្តកំពង់ធំ​ចោទ​ប្រកាន់ និង​ផ្តន្ទាទោស […]​គឺ​ផ្ទុយ​ពី​ច្បាប់ស្តីពីរបប​សារព័ត៌មាន ដែល​ចំពោះអ្ន​ក​សារព័ត៌មាន​ក្នុង​ពេល​ធ្វើកា​រ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​តាម​វិជ្ជាជីវ​:រប​ស់​ខ្លួន បើមានការខុសឆ្គង​គឺត្រូវអនុវត្តច្បាប់ស្តីពីរបបសារពត៌មាន លើកលែងតែអ្នកសារព័​ត៌មាន​ទៅ​ប្រ​ព្រឹត្ត​បទល្មើសព្រហ្មទណ្ឌ ឬបទឧក្រិដ្ឋ ដែលមិនមែនជាការអនុវត្តន៍វិជ្ជាជីវ:សារព័ត៌មាន។ ដូច្នេះការផ្តន្ទាទោសនេះគឺប៉ះពាល់ដល់សេរីភាពសារព័ត៌មាន និងជាការបំផិតបំភ័យដល់អាជីពជាអ្នកសារព័ត៌មាន នាំឱ្យអ្នកសារព័ត៌មានកំណត់នូវសេរីភាពរបស់​ខ្លួន ដែលនាំឱ្យបាត់តុល្យភាពព័ត៌មាន»។

ករណីនេះ មន្ត្រីសិទ្ធិមនុស្ស​រូបនេះ បាន​ស្នើ​ដល់​សាលា​ឧទ្ធរណ៍​ត្បូង​ឃ្មុំ ​ពិចារណា​ក្នុងការ​​​​លើក​លែង​​ការ​ចោទប្រកាន់​​​ទៅ​លើ​​លោក សឿ សុជា ដើម្បីចូ​លរួម​លើក​កម្ពស់​សេរីភាពសារព័ត៌​មាន​​នៅកម្ពុជា។

លោកថា៖«ខ្ញុំសង្ឃឹមថាសាលាឧទ្ធរណ៍ត្បូងឃ្មុំនឹងពិចារណាករណីលោក សឿ សុជា តាមច្បាប់ស្តីពីរបបសារពត៌មាន និងលើកលែងបទចោទប្រកាន់លើ លោក សឿ សុជា ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មានឱ្យសម​ពាក្យលើកឡើងថា សារព័ត៌មានជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា»៕

អត្ថបទគួរឱ្យចាប់អារម្មណ៍