អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចផ្អាកមុខងារ លោក ស៊ាន បូរ៉ាត ពីអនុប្រធាន ACU ជាបណ្ដោះអាសន្ន ក្រោយសង្ស័យជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ។
យោងតាមសេចក្ដីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី១១ ខែសីហានេះ ឱ្យដឹងថា អង្គភាពនេះ សម្រេចផ្អាកមុខងាររបស់លោក ស៊ាន បូរ៉ាត ពីអនុប្រធាន ACU ជាបណ្ដោះអាសន្ន ក្រោយបានឃើញកំណត់ហេតុស្ដាប់ចម្លើយរបស់លោក បូរ៉ាត ចំនួន១៣៣ ដែលក្រុមពិសេសស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គភាពបានស្ដាប់ក្នុងរយៈពេល៣៥ថ្ងៃ។
សេចក្ដីប្រកាសដដែល ក៏បានបង្គាប់ឱ្យលោក បូរ៉ាត ត្រូវបង្ហាញខ្លួនរៀងរាល់ថ្ងៃធ្វើការនៅអង្គភាពប្រឆាំងអំពើពុករលួយដែរ។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ មានប្រសាសន៍ថា ការផ្អាកមុខងារនេះ ក្រោយការស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គភាព រកឃើញភស្តុតាងថា លោក បូរ៉ាត អាចជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ហើយបច្ចុប្បន្ននេះ លោក បូរ៉ាត ស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេតដោយអង្គភាព ACU។
លោកបញ្ជាក់៖ «ខ្ញុំសូមបញ្ជាក់ជារួម ថា ក្រោយពីក្រុមស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គភាពប្រឆាំងអំពើពុករលួយពិនិត្យឃើញភស្តុតាង ដែលឯកឧត្តម ស៊ាន បូរ៉ាត អាចជាប់ពាក់ព័ន្ធនឹងករណីពុករលួយ អង្គភាពកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចបើកការស៊ើបអង្កេត លើ ឯកឧត្តម ស៊ាន បូរ៉ាត ក្នុងនាមជាជនសង្ស័យ»។
កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ បានបើកការស៊ើបអង្កេតលើលោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជារដ្ឋលេខាធិការក្រសួងអប់រំ រួមទាំងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកប្រាក់ពលរដ្ឋរាប់លានដុល្លារ នៅខេត្តកំពង់ធំ និងខេត្តសៀមរាប។
ជនរងគ្រោះពីការឆបោករបស់ក្រុមហ៊ុនប្រ៊ីនលានស៊ីធី អស់ប្រាក់ចំនួន៩ពាន់ដុល្លារ ដែលមានអ្នកស្រី ឡេង ចាន់ណា ជានាយិកានោះ គឺអ្នកស្រី យាន់ ឡែន អាយុ៣៧ឆ្នាំ ជឿថា លោក ស៊ាន បូរ៉ាត ពិតជាពាក់ព័ន្ធនឹងករណីឆបោកពលរដ្ឋរបស់ក្រុមហ៊ុននេះ ដោយសារអ្នកស្រីសង្កេតឃើញលោក បូរ៉ាត តែងតែមានវត្តមានរាល់ពេលមានកម្មវិធីជួបជុំរបស់ក្រុមហ៊ុន ជាមួយអ្នកដាក់ប្រាក់វិនិយោគ។
ជាអ្នកខេត្តសៀមរាប អ្នកស្រី ឡែន ទទូចឱ្យមានការផ្ដល់សំណងជាថវិកាខ្លះ ដើម្បីអ្នកស្រី អាចបង់សងធនាគារដែលបានខ្ចី ដើម្បីដាក់វិនិយោគជាមួយក្រុមហ៊ុនឆបោកនេះ។
អ្នកស្រីនិយាយថា៖ «ចង់បានដំណោះស្រាយឱ្យលុយកាក់មកខ្ញុំខ្លះមក ទោះបីអត់បានទាំងអស់ក៏ដោយ ឱ្យតែបានខ្លះ ឱ្យខ្ញុំដោះស្រាយធនាគារ ព្រោះកាលដែលខ្ញុំដាក់ យើងជឿពាក្យលួងលោមរបស់គេ ថាយកធនាគារទៅដាក់យើងអត់មានលុយសុទ្ធទេ ចឹងបានចង់បានលុយខ្លះដើម្បីសងធនាគារ»។
អ្នកស្រីបន្តថា៖ «យើងត្រូវរត់ចោលស្រុកធ្វើការសំណង់ ដើម្បីដោះបំណុល។ ធ្វើការនៅ [អូរស្មច់] នេះក៏វេទនាទម្រាំបានដោះគេរួច មួយខែៗមិនហ៊ានស៊ីអី ស៊ីអត់ស៊ីឃ្លាន ចុះមួយខែៗបង់ធនាគារ១លាន៥ម៉ឺនរៀល»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា អាជ្ញាធរគួរតែពន្លឿននីតិវិធីក្នុងការដោះស្រាយ ក្នុងសំណុំរឿងឆបោកប្រាក់ពលរដ្ឋអស់រាប់លានដុល្លារនេះ ដើម្បីផ្ដល់យុត្តិធម៌និងសំណងដល់ជនរងគ្រោះបានឆាប់រហ័ស។
លោកថា៖ «យើងគាំទ្រ ដែលអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតលើលោក ស៊ាន បូរ៉ាត ដែលពាក់ព័ន្ធនឹងករណីនេះ។ នេះជាករណីមួយដើម្បីស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារក្រុមហ៊ុន អតីតឧកញ៉ា ឡេង ចាន់ណា ហ្នឹង»។
អគ្គនាយិកាក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា ត្រូវបានចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីពលរដ្ឋរាប់ពាន់គ្រួសារនៅខេត្តសៀមរាប រួមទាំងបុគ្គលិកកម្ពុជាជាង១០០នាក់ដែលធ្វើការនៅប្រទេសកូរ៉េ បានបាត់បង់ការវិនិយោគយ៉ាងច្រើននៅក្នុងការបោកប្រាស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសតាមទំព័រហ្វេសប៊ុករបស់លោកថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនប្រ៊ីលានស៊ីធីនេះ ជាគម្រោងឆបោកមានលក្ខណៈជាប្រព័ន្ធ តាមរូបមន្ត Ponzi Scheme ឬហៅថា គម្រោងបោកប្រាស់បន្តគ្នា។ លោកក៏បានចាត់តាំងលោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាលឱ្យរៀបចំការពារក្តីជូនប្រជាពលរដ្ឋរងគ្រោះ។
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក បូរ៉ាត និងលោក ថាវី ក៏ធ្លាប់ត្រូវបានសាលាដំបូងខេត្តសៀមរាបសាកសួរក្នុងនាមជាសាក្សី នៅក្នុងសំណុំរឿងគម្រោងវិនិយោគដីធ្លីក្លែងបន្លំដែលបានឆបោកលុយជាង២០០លានដុល្លារ បន្ទាប់ពីប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅក្នុងខេត្តសៀមរាប បានបាត់បង់ប្រាក់យ៉ាងច្រើននៅក្នុងគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលសន្យាផ្ដល់ភាគលាភខ្ពស់ឱ្យពលរដ្ឋដែលដាក់វិនិយោគ។
យ៉ាងណាស្របពេលដែល តុលាការខេត្តសៀមរាប បញ្ជូនសំណុំរឿងអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកចំនួន ៣២សំណុំរឿង មកអង្គភាពប្រឆាំងអំពើពុករលួយ អង្គភាពនេះថា លោក ស៊ាន បូរ៉ាត និងលោក ស ថាវី មិនមែនជាសាក្សីទេ គឺជាជនសង្ស័យនៃសំណុំរឿង៕