តំណាង​​​អាយឆាកម្ពុជា​​លើក​ឡើង​ពី​ផល​ប៉ះពាល់​ ដោយសារ​ការ​វាយ​ប្រហារ​របស់​កង​​ទ័ពថៃ​

ដោយៈ

Press Start Cambodia Avatar

តំណាង​កម្ពុជា​ប្រចាំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (អាយឆា) បាន​លើកឡើង​ពីផល​ប៉ះពាល់​លើជនស៊ីវិល​ ​ទ្រព្យសម្បត្តិឯកជន​​និងសាធារណៈ ដោយ​សារការ​វាយ​ប្រហារ​របស់​កងទ័ព​ថៃ​ អំឡុង​កិច្ច​ប្រជុំលើក​ទី​៤២ ឆ្នាំ​២០២៦​ រយៈពេល​បួនថ្ងៃនៅក្រុង​ម៉ានីល ប្រទេសហ្វីលីពីន​។​

បើ​តាម​សេចក្តីប្រកាស​ព័ត៌មានរបស់​គណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា ​ចុះថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦ បាន​ឱ្យ​ដឹងថា លោក​ ស៊្រាង ចិន្តា ជា​តំណាង​​កម្ពុជា​ទៅ​ចូល​​រួម​កិច្ច​ប្រជុំនោះ​ បាន​ជម្រាប​ដល់​អង្គប្រជុំ​ថា ការ​វាយ​ប្រហារ​លើក​ទី​២​ រយៈ​ពេល​២១​ថ្ងៃនោះ បាន​ធ្វើ​ឱ្យ​ជនស៊ី​វិល​ជាច្រើន​នាក់​បាត់បង់ជីវិត​និង​រងរបួស បង្ក​ឱ្យ​មាន​ជនភៀស​សឹក​ជាង ៦៤៩ ០០០នាក់​ និង​បានបំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរ​លើ​ទ្រព្យ​សម្បត្តិ​ឯកជន​និងសាធារណៈ រួម​ទាំង​ប្រាសាទព្រះវិហារ ​ដែល​ជា​សម្បត្តិបេតិ​ក​ភណ្ឌ​ពិភពលោក។​

លោក​ ស៊្រាង ចិន្តា​ ក៏​បាន​លើកឡើងផងដែរ​ថា រយៈ​ពេល​ពីរ​ខែ ក្រោយ​បទ​ឈប់​បាញ់​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ បានចូលជា​ធរមាន ​ជនភៀសសឹកកម្ពុជា​ប្រមា​ណ​ជាង ៥០ ០០០នាក់​ទៀត​ ដែលភាគច្រើន​ជា​ស្ត្រីនិងកុមារ​ នៅមិន​ទាន់​អាចវិល​ត្រឡប់​ទៅលំនៅឋាន​វិញ​នៅឡើយ​ទេ។​

នៅក្នុង​កិច្ច​ប្រជុំនោះដែរ លោក ស៊្រាង ចិន្តា​ ក៏បាន​លើកឡើង​ពាក់ព័ន្ធនឹង​ការ​ឆបោក​​តាម​ប្រព័ន្ធបច្ចេកវិទ្យាហើយ​ថា កម្ពុជា​កំពុង​បង្ក្រាបយ៉ាងសកម្ម​និង​សម្រេច​​បាន​លទ្ធផល​ជា​ច្រើន​ករណី ក្នុង​នោះ មាន​ជនល្មើស​ចម្រុះជាតិសាសន៍​ត្រូវ​បាន​ចាត់ការ​តាម​នីតិវិធីច្បាប់ជាធរមាន​ និង​មាន​ការ​បណ្តេញចេញ​ជនបរទេ​សរាប់ពាន់នាក់​ ​ដែល​ពាក់​ព័ន្ធនឹង​បទល្មើស​នេះ ​ចេញពី​ប្រទេសផងដែរ​។

លោកបន្តថា ទន្ទឹមនេះ កម្ពុជា​ក៏​មាន​កិច្ចសហការ​យ៉ាងល្អជាមួយ​បណ្តាប្រទេសនិង​អង្គការនានាទាំងក្នុង​តំបន់និងអន្តរជាតិ​ និងកំពុងរៀបចំ​តាក់តែង​លិខិតបទ​ដ្ឋាន​​គតិ​យុត្តពាក់ព័ន្ធ​ ដើម្បី​ឈាន​ទៅ​ដល់​ការ​បោសសម្អាត​បទល្មើស​នេះ​ទាំង​ស្រុង​​ពីប្រទេសកម្ពុជា​៕​

អត្ថបទដោយ ញ៉ សៀវម៉ី​