អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឱ្យដឹងថា ការស៊ើបអង្កេតលើករណីរបស់ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ លោក គ្រី សីហា ដែលដោះលែងជនសង្ស័យពាក់ព័ន្ធសកម្មភាពឆបោកតាមអនឡាញ កំពុងបន្តធ្វើនៅឡើយ ខណៈអ្នកឃ្លាំមើលចង់ឃើញការពន្លឿននីតិវិធីលើករណីនេះ និងមានចំណាត់ការប្រកបដោយតម្លាភាព។
លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ Press Start Cambodia នៅថ្ងៃទី២៣ ខែកក្កដានេះថា ជុំវិញករណីរបស់ព្រះរាជអាជ្ញារងដែលក្រសួងយុត្តិធម៌ បានព្យួរការងារ កាលពីថ្ងៃទី១៦ ខែកក្កដា ដោយសារតែការដោះលែងជនសង្ស័យក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះ គឺកំពុងស្ថិតក្នុងដំណាក់កាលដំណើរការនៅឡើយ រីឯរយ:ពេលបិទបញ្ចប់ការស៊ើបអង្កេតពេលណានោះ ក៏លោកមិនទាន់អាចដឹងដែរ។
លោកមានប្រសាសន៍ថា៖ «សំណុំរឿងព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ កំពុងស្ថិតក្នុងដំណាក់កាលកំពុងដំណើរការ កំពុងធ្វើការនៅឡើយទេ។ ឯបទចោទ ភស្តុតាងអ្វីៗ ចំណាត់ការបន្ត ឬដោះលែងប៉ុន្មាននាក់ៗ កាលពីថ្ងៃណានោះ រួមទាំងពេលវេលាកំណត់នៃការស៊ើបអង្កេត ខាងACUមិនទាន់អាចជម្រាបបានទេ គ្រប់សំណុំរឿងទាំងអស់តែងអ៊ីចឹង បើមានការប្រែប្រួលយ៉ាងណា ខ្ញុំនឹងជូនដំណឹងពេលក្រោយទៀត»។
តែយ៉ាងណា បើតាមប្រភពពីសារព័ត៌មាន Fresh News ដែលបានស្រង់ប្រសាសន៍ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងទៅពុកលួយ ឱ្យដឹងថា ACU បានសម្រេចឃាត់ខ្លួន លោក គ្រី សីហា នៅម៉ោងជាង ៩ព្រឹកថ្ងៃទី២៣ ខែកក្កដានេះ បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលព្រះរាជអាជ្ញារងរូបនេះ បានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះលែងមនុស្ស ៥នាក់ ក្នុងនោះមានបុរសជនជាតិចិនម្នាក់ និងស្ត្រីជនជាតិវៀតណាម៤នាក់ ដែលសមត្ថកិច្ចរកឃើញពីក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
ប្រភពដដែល បន្តថា លោក ហ៊ូ ស្ថាបនា អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមស៊ើបអង្កេតផ្ទាល់ករណីនេះ បានស្ដាប់ចម្លើយ លោក គ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតដល់ឃើញមានបន្ទុកគ្រប់គ្រាន់ទើបសុំការអនុញ្ញាតពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនលោក គ្រី សីហា។
កាលពីថ្ងៃទី១៦ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញលិខិតបញ្ជាក់ពីការផ្អាកមុខងារបណ្ដោះអាសន្នរបស់លោក គ្រី សីហា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវស្រាវជ្រាវ ទាក់ទងនឹករណីដោះលែងជនសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅខេត្តពោធិ៍សាត់។
ចំណាត់ការភ្លាមៗរបស់ក្រសួង ទៅលើព្រះរាជអាជ្ញារងរូបនេះ គឺធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពិនិត្យ និងចាត់វិធានការទៅលើព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែងក្រុមជនល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈសមត្ថកិច្ចខេត្តនេះ បានបើកយុទ្ធនាការបង្ក្រាបបទល្មើសល្បែងអនឡាញ។
Press Start Cambodia មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះ ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានទេ នៅថ្ងៃ២៣ ខែកក្កដានេះ។
អ្នកសិក្សាបញ្ហាសង្គម និងនយោបាយ លោក ប៉ោ មករា យល់ថា ជុំវិញនីតិវិធិលើព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គឺជាសកម្មភាពល្អមួយរបស់ក្រសួងពាក់ព័ន្ធ ដើម្បីជំរុញប្រព័ន្ធយុត្តិធម៌ឱ្យងាកមកដាក់ទោសអ្នកប្រព្រឹត្តខុស បើទោះជាអ្នកនោះជាមន្ត្រីក៏ដោយ។
តែយ៉ាងណា លោកចាត់ទុកសកម្មភាពនេះ ថាមានភាពយឺតយ៉ាវខ្លាំង បើប្រៀបធៀបនឹងករណីស៊ើបអង្កេតរឿងសកម្មជននយោបាយ សកម្មជនបរិស្ថាន និងអ្នកធ្វើការងារសង្គមផ្សេងៗ។
លោកស្នើថា៖ «ក្រសួងពាក់ព័ន្ធគួរពន្លឿនបើកការស៊ើបអង្កេតករណីនេះ ប្រកបដោយតម្លាភាព ដើម្បីធានាថា គ្មានមន្ត្រីដោះលែងជនល្មើសបន្តបន្ទាប់ទៀត»។
ជាមួយគ្នានេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) លោក នី សុខា បានដាក់ការបារម្ភ និងសង្ស័យថា មុននឹងបញ្ជូនលោក គ្រី សីហា ទៅអង្គភាពប្រឆាំងអំពើពុករលួយ មិនមែនគ្មានព័ត៌មានអ្វីសោះនោះទេ ដូច្នេះអាជ្ញាធរគប្បីមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ឆាប់រហ័ស ជៀសវាងអូសបន្លាយពេលនាំឱ្យប្រែប្រួលភស្តុតាងមួយចំនួនបាន។
លោកជំរុញថា៖ «ថ្វីបើពុំមានការកំណត់ពេលវេលាឱ្យឆាប់រហ័ស ហើយរឿងនេះទៀតសោត គឺស្ថិតក្នុងភ្នែកមហាជន ព្រោះពាក់ព័ន្ធនឹងការប្រព្រឹត្តរបស់អ្នកមានអំណាច ពួកគាត់កំពុងរង់ចាំមើលថាតើចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ចនេះ យុត្តិធម៌ត្រឹមត្រូវតាមច្បាប់ដែរឬអត់? ដូច្នេះគួរតែមានការអង្កេតឱ្យបានឆាប់រហ័ស»។
យោងតាមរបាយការណ៍ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា បានបង្ហាញលទ្ធផលបង្ក្រាបបាន ១៣៨ទីតាំង ឃាត់ខ្លួនជនសង្ស័យសរុប ៣ ០៧៥នាក់ ក្នុងនោះ មានជនជាតិចិន ១ ០២៨នាក់, វៀតណាម ៦៩៣នាក់, ឥណ្ឌូនេស៊ី ៣៦៦នាក់, ឥណ្ឌា ១០៥នាក់, បង់ក្លាដេស ១០១នាក់, ថៃ ៨២នាក់, កូរ៉េ ៥៧នាក់, ប៉ាគីស្ថាន ៨១នាក់, នេប៉ាល់ ១៣នាក់, ម៉ាឡេស៊ី ៤នាក់ និងជនជាតិផ្សេងទៀត ដូចជា ហ្វីលីពីន ឡាវ កាមេរ៉ូន នីហ្សេរីយ៉ា យូហ្គាន់ដា សេរ៉ាលីអូន ម៉ុងហ្គោលីរុស្ស៊ី មីយ៉ាន់ម៉ា ជាដើម។
របាយការណ៍ដដែល បន្តថា ក្រោយប្រតិបត្តិការបង្ក្រាបទីតាំង និងជនសង្ស័យ សមត្ថកិច្ចរាជធានី-ខេត្ត បានបញ្ជូនមុខសញ្ញាមេខ្លោង ១១នាក់ ទៅតុលាការ ក្នុងនោះតុលាការចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នចំនួន ៨នាក់ ហើយជនជាតិចិនចំនួន ១៧នាក់ទៀត ត្រូវបានបញ្ជូនទៅទីតាំងចំនួន២ ដើម្បីត្រៀមបណ្តេញចេញទៅប្រទេសសាមីវិញ៕