សកម្មជន​រកឃើញករណីកាប់ឈើ​ប្រណិត​ៗជិត​៥០ដើមនៅ​តំបន់​ការពារ​ព្រៃ​ឡង់​

ដោយៈ

សុត បាន Avatar

សកម្ម​ជន​ការពារព្រៃឈើ ​រក​ឃើញ​​ថា ដើមឈើប្រណិត​​ធំៗ​ជិត៥០​ដើម ក្នុង​តំបន់​ការ​ពារ​ព្រៃឡង់ ក្នុង​ខេត្ត​ព្រះវិហារ ត្រូ​​វ​​បានគេលួច​កាប់បំផ្លាញជា​ថ្មី​ទៀត ខណៈមន្ត្រី​ថា​នឹង​ចុះទៅ​ស្រាវ​ជ្រាវ​​ករណី​នេះ។

ការរកឃើញ​​នេះ ក្រោយ​​ពី​សកម្មជន​​​ព្រៃឈើនៅ​តំបន់​ព្រៃឡង់​ បាន​​ឆ្មក់​​ចូល​ក្នុង​​​​​ព្រៃ​​ការ​​ពារ​​មួយ​​នេះ​​ រយៈ​​ពេល​​២ថ្ងៃ​ ចាប់​​ពី​​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៣ ខែ​​មីនា​ ឆ្នាំ​២០២៦។

សកម្មជន​ការពារ​ព្រៃឡង់​​ខេត្ត​ព្រះវិហារ លោក ខេម សុឃី បានឱ្យ​ដឹង​​​​​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២៦​នេះ​​ថា អំឡុងពេលចុះទៅ​ល្បាតនៅតំបន់ព្រៃឡង់នោះ​ លោក​និង​ប្រជាសហគមន៍​ដែល​​​ចូល​រួម​ បានរកឃើញគល់​ឈើ​ធំៗ​ដែល​ទើប​នឹង​កាប់ថ្មី​ៗ​ប្រមាណជិត ៥០គល់ ស្ថិត​នៅ​ភូមិ​​សាស្ត្រ​​ភូមិ​ស្រែវាល ឃុំភ្នា ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ។

លោកថា៖ «ករណីនេះ ទើបតែកាប់ថ្មីៗនេះ ប្រហែលជា៥០គល់នៅក្នុងហ្នឹង។ ប្រភេទដែលកាប់​មាន​ឈើផ្អៀក កកោះ ឈើទាល ក្រឡាញ់ ដើមត្បែងហ្នឹងក៏ ជាឈើដែលប្រភេទគេកាប់»។

លោក ខេម​ សុឃី បន្តថា នៅពេល​ចុះល្បាតនោះ លោក​​ក៏បានជួប​នឹង​អ្នកកាប់ឈើ​ដោយ​ផ្ទាល់ផងដែរ ដែលពួកគេគឺជា​ពលរដ្ឋ​រស់នៅក្នុង​តំបន់​ ហើយ​ឈើ​ដែលបានកាប់នោះពួកគេ​លក់​ឱ្យ​ឈ្មួញ​បន្ត។ 

លោកថា៖ «អ្នកកាប់ជាពលរដ្ឋនៅតំបន់ហ្នឹង ខ្ញុំបានជួបផ្ទាល់។គាត់យកទៅលក់ឱ្យឈ្មួញ តែខ្ញុំមិន​បានសួរនាំច្រើនទេ»។

សកម្មជនការពារព្រៃឡង់នៅខេត្តព្រះវិហារ​​ម្នាក់​ទៀត លោក ស្រី ថី ដែល​បាន​ចុះល្បា​ត​ដែរ​នោះ សង្កេត​ឃើញ​ថា ស្រប​ពេល​រដ្ឋាភិ​បាល​រវល់​រឿង​​ដោះ​ស្រាយ​បញ្ហា​​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់​ក៏​នៅ​តែ​បន្ត​កើត​មាន​។

បន្ថែមលើ​នេះ លោកថា រដ្ឋាភិបាល​បានប្រកាសពី​ការ​ដាក់ពង្រាយ​​មន្រ្តីចុះល្បាតនៅតំបន់​ព្រៃឡង់ដែរ តែលោកថាវិធានការនេះ មិនអាចការពារព្រៃឈើបានទេ បើមិនពង្រឹងការអនុវត្តច្បាប់​​ឱ្យបានល្អនោះ។

លោក​ថា៖ «ការបារម្ភចេះតែបារម្ភហើយ ព្រោះមើលទៅវា! អាកំណើននៃការកាប់បំផ្លាញនៅតែ​មាន! ថាមិនកើត ក៏នៅតែមានដែរ អាកន្លែងកាប់ឈើហ្នឹង។ ទោះ​មានកិ​ច្ច​សហការ​ជាមួយ​អាជ្ញាធរ​មែន ក៏​ប៉ុន្តែ​ខ្វះ​ចន្លោះ​វា​នៅ​តែមា​ន! ថ្នាក់​ដឹក​នាំ​មន្ទីរ​បរិស្ថាន​នៅ​មាន​ការ​ខ្វះ​ចន្លោះ និង​កម្សោយ​នៃ​ការ​អនុវ​ត្ត​ច្បាប់​លើ​ជន​ទុច្ចរិត​ទាំង​នោះ»។

ទោះយ៉ាងណា ​អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹម បានលើកឡើង​ថា មន្រ្តី​បរិស្ថាន​បាន​និង​​​កំពុង​សកម្ម​​ក្នុង​ការ​​​​ចុះ​បង្រ្កាបបទល្មើសព្រៃឈើ ហើយ​ចំពោះ​ការ​រក​ឃើញ​​​របស់​សកម្មជន​ព្រៃឈើ​នេះ មន្ត្រីជំនាញ​នឹង​ចុះ​ស្រាវ​ជ្រាវ​បន្ថែម និងមានចំណាត់ការ​ផ្លូវ​ច្បាប់​ បើមាន​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់​នេះ​ពិត​មែន។​

លោកថា៖ «ខ្ញុំបានដាក់ព័ត៌មាន​ទៅ​ប្រធាន​ការិយាល័យ​ហើយ ឱ្យ​មន្រ្តី​ស្រាវ​ជ្រាវ​ទៅ​រក​គោល​ដៅ​ និង​ទីតាំង ថា​វា​កើត​ឡើង​នៅ​កន្លែង​ណា ហើយ​បើសិ​ន​ជា​ជួប​មែន គឺ​ខ្ញុំ​រឹត​បណ្តឹង និង​អនុវត្ត​ច្បាប់ ១០០​ភាគ​រយ ហើយ​ឆ្លើយ​តប​ទៅ​ប​ង​វិញ​ បើ​សិន​ពួក​ខ្ញុំ​បាន​ទៅ​ជួប និង​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់»។

កាលពីខែធ្នូ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ធ្លាប់បានចេញបញ្ជាដោយ​ម៉ឺង​​ម៉ាត់ ឱ្យទប់ស្តាត់ការកាប់បំផ្លាញព្រៃឈើឱ្យមានប្រសិទ្ធិភាព។

លោកថា៖«ខ្ញុំសុំចេញបញ្ជាឱ្យបណ្ដាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុត ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ[…] ហើយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពង្រឹងនិងបង្កើនកិច្ចសហការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈ»។

យ៉ាងណា មន្រ្តីគោលនយោបាយ និងតស៊ូមតិ អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ កញ្ញា ហេង គឹមសួ យល់​ថាការដែលធ្វើឱ្យបទល្មើសព្រៃឈើបន្តកើតមានឥតស្រាកស្រាន្ត ដោយសារកម្សោយនៃការ​អនុវត្តច្បាប់ និង​ការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​សកម្មជន និង​​សហគមន៍​មូល​ដ្ឋាន ក្នុង​ការ​ចុះ​ល្បាត។

កញ្ញាថា៖ «ដើម្បីឱ្យការសន្យា​ការពារព្រៃឈើឱ្យបានមែនទែន គឺរដ្ឋាភិបាលគួរតែការពារព្រឈើ​បែបមែនទែន ហើយដាក់ទោសទណ្ឌទៅលើអ្នកប្រព្រឹត្តិបទល្មើស ហើយស្រាវជ្រាវឱ្យ​ខ្លាំង​​បំផុតចំពោះអ្នក​នៅពីក្រោយខ្នង ដូចជាឈ្មួញធំៗជាដើម។ ហើយរឹងបណ្តឹងច្បាប់ ហើយ ខ្ញុំ​គិត​ថា មន្រ្តី ក៏ដូចជាក្រសួងពាក់ព័ន្ធ គួរតែចុះទៅអនុវត្តផ្ទាល់ទៅដល់ក្នុងព្រៃ​ថា តើពិតជាមាន​បទ​ល្មើស​មែន ឬក៏អត់ ជាជាងគ្រាន់តែមើល​ពី អប​ហ្វីស (office) ទៅ»។

ព្រៃឡង់មានផ្ទៃដីជាង ៤៣ម៉ឺនហិកតា គ្របដណ្ដប់លើខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ជាព្រៃធំជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារ នៅក្នុងឆ្នាំ២០១៦៕

ដោយ៖ ទួក ពិសិដ្ឋ

អត្ថបទគួរឱ្យចាប់អារម្មណ៍