ព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិ​ដ៏ធំមួយ​​​​នឹងមកដល់កម្ពុជាឆាប់ៗ​នេះ

ដោយៈ

Press Start Cambodia Avatar

ក្រសួង​ទេសចរណ៍​បើក​ភ្លើងខៀវ​​ឱ្យ​ក្រុមហ៊ុនទេសចរណ៍កម្រិត​ពិភពលោកមួយ​រៀប​ចំមហាសន្និបាតប្រតិបត្តិករទេសចរណ៍​ពិភព​លោកឆ្នាំ​២០២៦ ​នៅកម្ពុជា​ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​វិស័យ​ទេសចរណ៍នៅកម្ពុជា​​។​

ក្នុង​ជំនួប​សម្តែង​ការ​គួរសម​ជាមួយ​លោក ហួត ហាក់ រដ្ឋ​មន្ត្រីក្រសួង​ទេស​ចរណ៍​ កាល​​ពីថ្ងៃទី​២៦ ខែកុម្ភៈ លោក Mark Howarth Archer តំណាង​ក្រុមហ៊ុន​ទេស​ចរណ៍​​ G Adventures ទទួល​បាន​ការ​គាំទ្រ​និង​ឯកភាព​លើ​ការ​​ស្នើសុំ​រៀបចំ​ព្រឹត្តិ​ការណ៍​កម្រិត​អន្តរជាតិ​ និង​ជំនួប​ប្រតិបត្តិករទេសចរណ៍​ពិភព​លោក (GX Summit ២០២៦) នៅ​​កម្ពុជា រួម​ទាំង​ការ​ផ្តល់​ទីតាំង​រៀបចំពិព័រណ៌​ផលិត​ផល​ក្នុង​ស្រុក​​នៅវត្ត​ភ្នំ​ និង​ការ​រៀប​ចំដំណើរ​ទស្សនា​ប្រាសាទ​នានានៅក្នុង​ខេត្ត​សៀម​រាប​។​ នេះបើតាម​អត្ថបទ​រាយការណ៍​របស់​​ក្រសួង​ទេសចរណ៍ចុះថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​​២០​២៦។​​

​សេចក្តីរាយការណ៍​ដដែល​​បន្ត​ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​បាន​ថ្លែងអំណរគុណ​ចំ​ពោះ​​គំនិត​ផ្តួច​ផ្តើម​នេះ​ និង​កោត​សរសើ​រ​ចំពោះ​ការ​សម្រេចចិត្ត​ដ៏ល្អ​របស់​ក្រុមហ៊ុន​ ដែល​ជ្រើសរើស​កម្ពុជា​ ដើម្បីប្រារព្ធ​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏ធំ​នេះ។​

​លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​​ទៀត​ថា កម្ពុជា ​គឺជា​គោលដៅ​ទេសចរណ៍​មាន​សុវត្ថិភាព​ និង​មាន​សក្តានុពលខ្ពស់​សម្រាប់ការ​ធ្វើ​ដំណើរ​វិនិយោគ​និង​រៀបចំ​ព្រឹត្តិ​ការ​ណ៍​​​សកល​លោក ដោយ​សង្ឃឹមថា ការ​រៀប​ចំ​ព្រឹត្តិការណ៍​ GX Annual Summit ២០​២៦ នៅកម្ពុជា នឹង​រួម​ចំណែក​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ និង​ជំរុញ​ការ​ផ្សព្វ​​ផ្សាយ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាន់តែទូលំទូលាយ​។​

ចំនួន​ភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅកម្ពុជាមួយរយៈចុងក្រោយនេះហាក់​​មានការថយចុះ បើធៀបនឹងឆ្នាំ២០២៤។ ជាក់ស្ដែងនៅក្នុងរយៈពេល១១ខែ ឆ្នាំ​​២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែជាង៥លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះជិត១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ អ្នកជំ​នាញក្នុងវិស័យទេសចរណ៍ បានវាយតម្លៃថា ការធ្លាក់ចុះភ្ញៀវ​ទេសចរបរទេសនេះ ត្រូវបានទាញទម្លាក់ជាចម្បងដោយសារបញ្ហាជម្លោះព្រំដែនជាមួយថៃ៕

អត្ថបទដោយ៖ ហ៊ាង ឧត្តម​

អត្ថបទគួរឱ្យចាប់អារម្មណ៍