បទយកការណ៍៖ អាណាព្យាបាល និងសិស្សានុសិស្ស​ស្នើអាជ្ញាធររៀបចំ​​ផ្លូវថ្មើរ​ជើង​​នៅជុំ​វិញសាសា​​ ខណៈ​ចិញ្ចើម​ផ្លូវ​ខ្លះ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែងលក់ដូរនិងចំណតរថយន្ត​

ខណៈសំឡេង​ជួង​ទី​បួន​​បន្លឺឡើងនៅ​តាម​សាលា​រដ្ឋ​ ​​ដែលជា​សញ្ញា​ប្រាប់ថាដល់​ម៉ោង​​ចេញ​​ទៅ​ផ្ទះ​ហើយនោះ​​ សិស្សានុសិស្ស​​បាន​ចេញពីថ្នាក់រៀន​យ៉ាងរួសរាន់ដោយ​​មានសិស្ស​​ខ្លះ​ដើរ​ ខ្លះ​រត់​សំដៅ​មក​រក​ក្លោង​ទ្វារ​ចេញ​​​។ សិស្សខ្លះ​នៅផ្ទះ​ឆ្ងាយ​មាន​អាណាព្យាបាល​មក​ទទួល​ភ្លាមៗ​ ខ្លះទៀត​នៅ​រេរា​មុខ​សាលា​រង់ចាំ​​​ឱពុក​ម្តាយ​របស់​ពួក​គេមកទទួល​ រីឯសិស្សមួយ​ចំនួន​ទៀត​ត្រូវ​​ធ្វើ​ដំណើរត្រឡប់​​ទៅ​ផ្ទះ​ដោយ​​ថ្មើរ​ជើង​​ដោយ​ខ្លួន​ ប៉ុន្តែ​​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ដើរ​វៀង​​គេច​ពី​រទេះលក់នំ តូប​លក់​កាហ្វេ​ តូប​លក់​សម្ភារសិក្សា​​ និង​​យាន​យន្ត ​ដែល​ចតបន្តបន្ទាប់​គ្នា​លើ​ចិញ្ចើម​ផ្លូវ​ជុំវិញរបង​សាលា​។ សិស្សតូចៗ​ខ្លះ​ត្រូវ​បង្ខំចិត្តចុះ​​ដើ​​រលើ​​ចំណីផ្លូវ​ ដែលកំពុង​​មាន​ចរាចរដ៏មមាញឹក​។​

​ចិញ្ចើម​ផ្លូវ​នៅ​ជុំវិញសាលារដ្ឋ​​មួយ​ចំនួន​ធំនៅ​រាជធានី​​ភ្នំពេញ ​ត្រូវ​បាន​គេយក​​​មក​ធ្វើ​ជា​​កន្លែង​លក់​ដូរ​ដូច​ជា​តូប​លក់អាហា​រភេសជ្ជៈ តូប​លក់សម្ភារសិក្សា​ ហើយ​ពេល​ខ្លះ​គេ​យក​ធ្វើ​ជា​ចំណត​រថយន្ត​ក៏មាន​។​ បញ្ហា​នេះ ​បាន​ធ្វើ​ឱ្យ​​សិស្សានុសិស្ស​និង​អាណាព្យាបាល​​​ មជ្ឈដ្ឋាន​ខ្លះ​ទៀត​សម្តែង​ការ​ព្រួយ​បារម្ភ​​​ថា ការ​រំលោភ​​យក​ចិញ្ចើម​ផ្លូវ​ ដើម្បីធ្វើ​អាជីវកម្ម​បែបនេះ​ អាចបង្ក​ហានីភ័យ​ចំពោះ​សុវត្ថិភាព​របស់សិស្ស​​ក្មេង​ៗ​ ដោយ​សារពួកគេត្រូវ​បង្ខំ​ចិត្ត​ចុះពីចិញ្ចើម​ផ្លូវ​ដើរ​លើ​​ផ្លូវ​ ដែល​ធ្វើ​ឱ្យ​ពួកគេ​ប្រ​ឈម​​នឹង​គ្រោះ​ថ្នាក់​ចរាចរ​ ស្របពេលអា​ណាព្យាបាល​ចង់​ឃើញ​​អាជ្ញាធរ​ពង្រឹង​ការ​ប្រើ​ប្រាស់ទីធ្លាសា​ធារណៈ​​ឱ្យ​បាន​ប្រសើរ​ជាង​​នេះ។​

ស្ថិតក្នុងឯកសណ្ឋានអាវសនិងសំពត់ខៀវ កុមារីម្នាក់​រៀនថ្នាក់ទី៥ នៅ​សាលាបឋមសិក្សា​ស្ទឹងមាន​ជ័យ​ បាន​ប្រាប់ថា នាង​តែងតែដើរពីផ្ទះមកសាលានិង​ត្រឡប់ទៅ​ផ្ទះវិញជារៀងរាល់ថ្ងៃ ដោយសារនាង​គ្មាន​​ឪពុកម្តាយ​មក​ទទួលដូចសិស្សដទៃ។

កុមារីរូបនេះ បន្ថែម​ថា ឪពុក​ម្តាយ​របស់​នាងបាន​សម្រេច​ឱ្យ​នាង​ដើរទៅសាលា​រយៈពេលជាង​ពីរឆ្នាំមកហើយ​​ដោយ​យល់​ថា នាងមានអាយុ​ច្រើន​គ្រប់គ្រាន់អាច​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯងបាន​​ ប៉ុន្តែ​នាង​ត្អូញត្អែរ​ថាមាន​ការ​ពិបាក​នៅក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរជើង​តាម​ចិញ្ចើម​ផ្លូវ​នៅពេលចេញពីសាលា​ ដោយ​សារអាជីវករ​ច្រើន​​យក​ធ្វើ​ជា​កន្លែង​​លក់​ដូរ​។​

កុមារី ដែលមាន​រាងក្រអាញនិង​សម្បុរសរូបនេះ និយាយមួយៗថា ៖ «ខ្ញុំសំណូមពរឲ្យគេរៀប​ចំ​ផ្លូវសម្រាប់ថ្មើរជើង អ្នកខ្លះគេមានម៉ូតូឡានជិះអីចឹងទៅវាពិបាកដើរ»។

ស្ត្រីមេផ្ទះ​ឈ្មោះ​​ ម៉ៅ ធីតា រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ បានប្រាប់​​ថា អ្នក​ស្រី​មានការព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់កូន នៅពេលបណ្តោយ​ឱ្យកូន​​​ធ្វើដំណើរទៅសាលា​ដោយខ្លួន​ឯងរៀងរាល់ថ្ងៃ។ អ្នក​ស្រីបន្ត​ថា​ ​អ្នក​ស្រី​មិនអាចជូនកូនទៅសាលាបានដូច​មុន​បាន​ទេ ដោយសារ​អ្នក​ស្រី​មាន​បញ្ហា​ជើង​ បន្ទាប់ពីជួប​​គ្រោះថ្នាក់ចរា​ចរណ៍ ខណៈប្តីរបស់​អ្នក​ស្រីក៏រវល់ជាមួយការងារ។

លោកស្រីថា៖«ព្រួយបារម្ភដែរអ្នកគ្រូ តែយើងមិនដឹងធ្វើម៉េច ព្រោះយើងឥឡូវអត់មានអ្នកជូនគ្នាទៅរៀន[…] ចង់សំណូមពរឲ្យគាត់​លៃ​លក​រកមធ្យោបាយម៉េចឲ្យគាត់មានផ្លូវសម្រាប់ក្មេងដើរទៅសាលា»។

អង្គុយលើម៉ូតូរង់​ចាំយកកូនចៅ​ចេញពីសាលាបឋមសិក្សាទួលស្វាយព្រៃ លោក ខាន់ សុវណ្ណ មានវ័យ៦៨ ឆ្នាំ ជាអ្នករត់ម៉ូត៉ូឌុប និយាយ​ថា លោកតែង​តែ​មកចាំ​ទទួល​កូនឱ្យ​បានមុន​ពេល​កូន​ចេញ​ពី​រៀន​​ជា​ប្រចាំ​​ ដោយ​សារ​មាន​ការព្រួយបារម្ភអំពីសុវត្តភាពរបស់កូនចៅ ព្រោះតែនៅមុខសាលាមានឡានចេញចូលច្រើន ហើយផ្លូវចង្អៀត។

លោកបន្តថា៖ «ចេះតែភ័យដែរ ផ្លូវវាចង្អៀត ពេលកូនចេញមកឡានចេញចូលៗ។ ចេះតែបារម្ភហ្នឹងបានសុខចិត្តចេញមកមុន​។ ពេលខ្លះមុន៥នាទី ខ្លះមកមុនទៅ។ […] សំណូមពរថា ជួយរៀបចំស្រួលបួលមក»។  លោកក៏ស្នើឱ្យភាគីពាក់ព័ន្ធជួយរៀបចំសណ្តាប់ធ្នាប់ចិញ្ចើម​ផ្លូវសាធារណៈឱ្យបានល្អប្រសើរជាងនេះពិសេសនៅតាម​សាលា​រៀន​។

លោក ឡុង អឿង ជាអាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាដូនពេញ ប្រាប់ Press Start Cambodia ថា លោកសង្កេតឃើញថា បច្ចុប្បន្ន នៅតាមចិញ្ចើមផ្លូវមានអាជីវករលក់ដូរពាសពេញធ្វើឱ្យ ចង្អៀត គ្មានផ្លូវសម្រាប់កុមារដើរថ្មើរជើង នាំឱ្យសិស្សានុសសិ្ស ពិបាកក្នុងការធ្វើដំណើរ ហើយលោកបារម្ភអំពីបញ្ហាសុវត្តិភាពរបស់ពួកគេ។ លោកថា យ៉ាងហោចណាស់គួតែទុកចិញ្ចើម​ផ្លូវសម្រាប់ដើរឱ្យបាន១ ម៉ែត្រទើបកុមារមានលទ្ធភាពដើរបានស្រួល។

លោកនិយាយ​ថា៖ « ចិញ្ចើមផ្លូវសម្រាប់តែដើរបានសុខ បើតាមផ្លូវលក់ដូរអស់ហើយហ្នឹង មនុស្សដើរតាមណា មានតែដើរតាមថ្នល់? មានតែដើរតាមថ្នល់ហ្នឹង ក្មេងៗវាដឹងអីវា។ ពិបាកដែរម៉ូត៉ូឡានអី បើកលឿនៗ​ ​ណាស់ឥឡូវ ណាតែខ្ញុំក៏ខ្លាចដែរជិះម៉ូតូឆ្លងថ្នល់ បើជិះមិនផុតគេបុកយើង”​។

រីឯអ្នកស្រី សោម សុភ័ណ្ឌ មានអាយុ ៤៣ឆ្នាំ  ជា​អ្នកប្រកបរបរលក់ភេសជ្ជៈនិងផ្លែឈើនៅសាលាបឋមសិក្សាទួលស្វាយព្រៃ ប្រមាណជាង ៥ឆ្នាំមកហើយ បានប្រាប់ពីមូលហេតុដែលអ្នកស្រីលក់នៅលើខឿនជាប់របងសាលានេះ ក៏ព្រោះតែអ្នកស្រីពុំមានលទ្ធភាពបង់ថវិកាលក់នៅទីតាំងផ្សេង។

អ្នកស្រី សោម សុភ័ណ្ឌ បន្ថែមថា ការលក់នៅជាប់របង់សាលាដូច្នេះមិនប៉ះពាល់ដល់ផ្លូវថ្មើរជើងទេ ព្រោះនៅសល់កន្លែងដើរថ្មើរជើងដែរ ប៉ុន្តែ​អ្នក​ស្រី​ហាក់បន្ទោស​ទៅលើ​ការ​ចត​របស់រថយន្ត​នៅទីនោះច្រើន​ជាង​។

អ្នកស្រីថា៖ «យើងលក់ដូរអ៊ីចឹងវាអត់ជាអីទេ យើងនៅមាន space[ផ្លូវទំនេរ] សម្រាប់ពួកគាត់ដើរហើយ គ្រាន់តែថា ការចតការអីរបស់ឡានតាក់ស៊ីអីវារៀងរញ៉េរញ៉ៃ ហើយឥឡូវលក់ដូរមិនបានផង»។

តាមច្បាប់ស្ដីពី «ផ្លូវថ្នល់» មាត្រា៦៤ ចែងថា ជនណាដែលធ្វើកិច្ចការសាធារណការទាំងឡាយនៅក្នុងតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ គែមផ្លូវ និងដីនៅសល់ នៃដីចំណីផ្លូវដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវពិន័យជា ប្រាក់ចំនួន ៥០០ ០០០ (ប្រាំសែន) រៀល។

ចំណែកមាត្រា ៧១ ចែងថា ជនណាដែលសាងសង់ដោយខុសច្បាប់នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដី សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងត្រូវព្រមានឲ្យរុះរើ។ ករណីរឹងទទឹង ត្រូវផ្តន្ទា​ទោសជាប់​ពន្ធនាគារ ១ខែ–១ឆ្នាំ និងពិន័យ ១០០,០០០ (មួយលានរៀល)–២,០០០,០០០ (ពីរលានរៀល)។

លោក លី យូសួរ នាយកសាលាបឋមសិក្សាទួលស្វាយព្រៃ បានប្រាប់ថា នៅជុំវិញរបងសាលារបស់លោក​មានអ្នកចតយានយន្តជារៀងរាលថ្ងៃ ជាពិសេសនៅពេលព្រឹក ដែលរួមមានម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្តជាដើម។

លោកថា៖ «និយាយទៅ អាអ្នករឺម៉ក អាអ្នកឡានចតពេញហ្នឹងតែទាំងអស់ហ្នឹង មួយជុំវិញទាំងអស់ហ្នឹង តាំងពីផ្សារដើមគរមកយល់ទេ? ហ្នឹងហើយចង់និយាយអញ្ចេះ […] មូលហេតុហ្នឹងមកពីណា? មកពីប្រជាជន មកពីអ្នកអស់ហ្នឹង អ្នកលក់ដូរវាលក់អញ្ចឹង អ្នកចតហ្នឹងអញ្ចឹង»។

លោកនាយកសាលាអះអាង​ថា លោកចាត់ចែងសណ្ដាប់ធ្នាប់ទាំងអស់តែនៅក្នុងបរិវេណសាលាប៉ុណ្ណោះ ឯខាងក្រៅរបងសាលា លោកគ្មានសិទ្ធិហាមឃាត់ការចតនានានោះទេ។

លោកបន្ដថា៖ «អាហ្នឹងវានៅលើអាជ្ញាធរទេយល់ទេ? មិនមែនលើយើងជានាយកសាលាទេ យើងទៅធ្វើស្អីកើត[…]ខ្ញុំនៅតែខាងក្នុងទេក្នុងបរិវេណសាលា ខាងក្រៅខ្ញុំមានសិទ្ធិអីទៅធ្វើអីកើតទេ»។

លោកស្រី អ៊ុង កុលវឌ្ឍនា ជានាយិកានៃសាលាបឋមសិក្សាភ្នំដូនពេញ បានឱ្យដឹងថា ជារឿយៗអំពីបញ្ហាចិញ្ចើមផ្លូវតែងតែប្រាប់ទៅកាន់អាជ្ញាធរដែនដី ដើម្បីឱ្យ​ដោះស្រាយ​ ព្រោះជាដែនសមត្ថកិច្ចរបស់អាជ្ញាធរ​។

លោកស្រីថា៖ «រឿងនេះមិនមែនរបស់សាលាទេ របស់អាជ្ញាធរដែនដីទេអូន»។

មន្ត្រីនៅ​អធិការដ្ឋាននគរបាល​ខណ្ឌបឹងកេងកងទទួល​បន្ទុក​ផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍ដែលសុំ​មិនប្រាប់​ឈ្មោះ បានឱ្យដឹងថា  លោក​មានការលំបាកក្នុងការបណ្ដេញអ្នកចតនៅជុំវិញសាលាណាស់ ដោយលោកថា ពល​រដ្ឋ និងអាជីវករតែងតែទៅចតនៅទីនោះជាបន្តបន្ទាប់ ប៉ុន្តែលោក​សង្កេត​ឃើញថា ​នៅម៉ោងសិស្សចេញពីរៀន មិនមានឡានចតនៅទីនោះទេ ដោយ​កងកម្លាំងរបស់លោកតែងតែទៅរៀបចំសណ្ដាប់​ធ្នាប់ និងសម្រួលចរាចរណ៍នៅជុំវិញសាលាជានិច្ច។

លោកថា៖ «ខ្ញុំពេលដែលម៉ោងសិស្សសាលាចេញ គឺខ្ញុំយកកម្លាំងខ្ញុំទៅដាក់សម្រួលចរាចរណ៍ អត់ឱ្យសិស្សសាលាឆ្លងកាត់ថ្នល់នោះទេ ហើយអាពេលដែលម៉ោងសិស្សសាលាចេញហ្នឹងដូចជាសិស្សសាលាចេញដូចអត់មានខាងឡានចតទេ ទៅអស់ហើយ»។

​លោក​បន្ថែម​ថា​ មានតែឡានរបស់​អាណាព្យាបាលសិស្ស​ដែល​រង់​ចាំទទួលសិស្សចេញពីរៀន ហើយ​លោក​ក៏​ស្នើឪពុកម្ដាយ ឬអាណាព្យាបាលសិស្សកុំប្រើប្រាស់ឡានទៅទទួលកូនៗ គឺជិះម៉ូតូជំនួសវិញចៀសវាងការ​កកស្ទះមុខសាលា​។

លោកថា៖ «អាចទៅយកកូនជិះម៉ូតូខ្លះទៅ ឬក៏អាចឆ្លៀតឈប់ឱ្យឆ្ងាយដើរទៅយកក៏បានដែរ បើថាដល់មុខសាលាទាំងអស់គ្នាហើយ វ៉ល់ហើយមានអីទៀត បើឡានទៅម្នាក់មួយៗអ៊ីចឹង ហើយគិតម៉េច»។

ចំណែកឯ លោក ចាប ឌីណា អភិបាលរងខណ្ឌដូន​ពេញ បានអះអាងថា កន្លងមកអភិបាលខណ្ឌដូនពេញ​បានចុះ​រៀបចំសណ្តាប់ធ្នាប់​ អនាម័យជា​ប្រចាំ​​នៅ​គ្រប់សាលាទាំងអស់ទៅតាមមូលដ្ឋាន ក៏​ដូចជា​ការ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​។ ទោះបីជា​យ៉ាងណា ​លោក​ទទួល​ស្គាល់ថា នៅមាន​ភាព​ខ្វះចន្លោះក្នុង​ការ​រៀបចំសណ្តាប់ធ្នាប់​នៅកន្លែង​មួយចំនួន​។​

លោកថា ៖ «តាមពិតរឿងកិច្ចការងារនេះ យើងអនុវត្តគ្រប់សកម្មភាពទាំងអស់នៅក្នុងមូលដ្ឋានរបស់យើងមិនសំដៅទៅលើខាងវិស័យអប់រំទេ វិស័យណាក៏ដោយមានការទំនាក់ទំនងគ្នារៀបចំការងារជូននិងមានតាមតម្រូវការ»។

ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក​ស្រី ឃួន វិច្ឆកា មានប្រសាសន៍ថា ក្រសួងអប់រំបានរៀបចំឱ្យមានសាលារៀនគំរូដោយសហការជាមួយនឹងដៃគូពាក់ព័ន្ធនានា ខំប្រឹងប្រែង ក្នុងការជួយសម្រួល ឱ្យសិស្សានុសិស្សឆ្លងថ្នល់ ដោយសុវត្តិភាព លើសពីនេះនៅក្នុងកម្មវិធីសិក្សា ក្រសួងក៏មានបញ្ចូលនូវមុខវិជ្ជា ឬមេរៀនទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ដែលធ្វើការអប់រំ តាំងពីកម្រិតបឋមសិក្សា អំពីច្បាប់ចរាចរណ៍ ដើម្បីឱ្យសិស្សានុសិស្សចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បី​សុវត្ថិភាព​នៅក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​សាលារៀន​។

លោកស្រីបន្តថា៖  «ដើម្បីរក្សាសុវត្តិភាពប្អូនៗទាមទារគ្រប់ភាគីពាក់ព័ន្ធចូលរួមទាំងសាលារៀន មាតាបិតា អាជ្ញាធរដែនដី ជាពិសេសប្អូនៗដោយ​ខ្លួនឯងផ្ទាល់ដែរ ដូច្នេះក្រៅពីការផ្ដល់ចំណេះដឹង ក៏ដូចជា ការធ្វើការងារជិតស្និតជាមួយសហគមន៍ជាដើម”។

លោក យង់ គឹមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) យល់ថា បញ្ហាចញ្ចើមផ្លូវ ដែលទុកសម្រាប់កុមារធ្វើដំណើរមួយចំនួននៅពេលបច្ចុប្បន្ន បានប្រែក្លាយជាទៅកន្លែងសម្រាប់អាជីវករលក់ដូរនិងចំណតរបស់​យាន​យន្ត​ផ្សេងៗទៅហើយ ដែលនេះជាបញ្ហាប្រឈមចំ​ពោះ​សុវត្ថិភាពកុមារ ព្រោះក្មេងៗទាំងនោះតែងដើរចូលទ្រូងផ្លូវសម្រាប់​យានយន្ត។

លោកថា៖ «ចញ្ចើមផ្លូវមានដែរ ជុំវិញសាលា ប៉ុន្តែក៏បានឱ្យអ្នកលក់ដូរ លក់ដូរជុំវិញពេញ ចឹងក្មេងៗហ្នឹងត្រូវ​តែចុះមកដើរនៅលើទ្រូងផ្លូវ ជាជាងដើរនៅលើ គេហៅថាចិញ្ចើមផ្លូវ ដូច្នេះហើយដែលជាប្រការដែលបង្កឱ្យមានគ្រោះថ្នាក់ខ្ពស់»។

លោក គឹមអេង ស្នើរឱ្យខាងសាលានិងអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់បន្ថែមទៅលើបញ្ហានេះ ដោយ​រៀប​ចំសណ្តាប់ធ្នាប់ចញ្ចើម​ផ្លូវ​ជុំវិញ​សាសារៀន​ទុក​​ឱ្យ​កូន​សិស្សអាចដើរ​បាន​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់ ​ឬអាចការ​ពារ​បាន​ទាំង​ស្រុង​ជា​ការ​ប្រសើរ​។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើថា តាមផ្លូវនៅរាជធានីភ្នំពេញ ពិបាកក្នុងការរកផ្លូវថ្មើរជើងសម្រាប់ឱ្យពលរដ្ឋធ្វើ​ដំណើរ​ ខណៈបណ្ដោយផ្លូវមួយចំនួនក៏បើក​បរលែងកើតទៀត ដោយសារការធ្វើអាជីវកម្មរំលោភចិញ្ចើមផ្លូវ។

លោកថា៖ «កិច្ចការមួយនេះ ខ្ញុំសូមទទូចនិងគាំទ្រឱ្យសហការជាមួយអគ្គស្នងការនគរបាលជាតិ នាយកដ្ឋានសណ្ដាប់ធ្នាប់ចរាចរណ៍ បូកទាំងរាជធានីភ្នំពេញ ក៏ដូចជាខណ្ឌទាំង១៤ អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមធ្វើការងារនេះ [ដើម្បីរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈ]»។

យោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វនៅចុងខែមីនា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកគឺជាមូលហេតុចម្បងនៃការស្លាប់ និងពិការរបស់កុមារ និងយុវវ័យនៅកម្ពុជា ស្មើនឹងប្រហែល ២០% នៃអ្នកស្លាប់សរុប។ ជារៀងរាល់ឆ្នាំ មានកុមារនិងយុវវ័យជាង ៣០០ នាក់ស្លាប់ និងរាប់ពាន់នាក់រងរបួសបណ្តាលឲ្យប្រទេសកម្ពុជាប្រឈមមុខនឹងបន្ទុកសុខភាពសាធារណៈ និងសេដ្ឋកិច្ចចំណាយប្រហែល ៤៦៦,៨ លានដុល្លារក្នុងមួយឆ្នាំ(ស្នើនឹង ១,៧% នៃផលិតផលក្នុងស្រុកសរុប) ។

បញ្ហាសំខាន់ៗរួមមានការអនុវត្តមិនទាន់គ្រប់គ្រាន់នៃបញ្ញតិជាក់លាក់ចំពោះកុមារក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនមានសុវត្ថិភាព និងការថែទាំជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅមានកម្រិត។ មានតែ ១១% នៃកុមាររងរបួសបានទៅដល់មន្ទីរពេទ្យក្នុងរយៈពេល ៣០នាទី៕

អត្ថបទគួរឱ្យចាប់អារម្មណ៍