អ្នកឃ្លាំមើលសង្គម ជំរុ​ញ​ឱ្យ​រដ្ឋាភិបាល​​ត្រៀម​​ថវិកា​​​​​ជួយ​​​អ្នកដែលត្រូវ​អនុវត្តកាតព្វកិច្ច​យោធា​ នៅពេលអនុវត្តច្បាប់

អ្នកឃ្លាំមើលសង្គម យល់ស្របចំពោះការ​ដាក់​ឱ្យ​​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា ដែលប្រមុខ​រដ្ឋាភិបាល​ គ្រោ​ងចាប់ផ្តើម​នៅ​ឆ្នាំ២០២៦ខាងមុខ ប៉ុន្តែជំរុញឱ្យ​មានការ​ត្រៀមថវិកាជាតិ​សម្រាប់ជួយ​ផ្គត់​ផ្គង់ដល់​យុវជន​ដែលចូលហ្វឹកហាត់ ឬអនុវត្ត​ ដើម្បីជៀសវាង​ផលប៉ះពាល់ជីវភាព ដោយ​​សារ​ការ​ហ្វឹកហាត់មានរយៈពេលច្រើ​ន​ខែ។ ​​

ក្នុង​​កម្មវិធី​អបអរ​សាទរ​ខួប​អនុស្សាវ​រីយ៍​លើក​ទី​៣២ ទិវា​បង្កើត​កង​រាជអាវុធ​ហត្ថ នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​​១៤ ខែ​​កក្កដា ម្សិលមិញ​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​មាន​ប្រ សាសន៍​​ថា ច្បាប់កាតព្វកិច្ច​យោ​ធា ដែល​បង្កើត​ឡើង​កាលពីឆ្នាំ​២០០៦ នឹង​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​២០២៦ ខាង​មុននេះ។ ជាមួយគ្នានេះ លោកក៏​​បាន​​ណែនាំ​​ដល់​​ក្រសួង​​​ស្ថាប័ន​​ពាក់​ព័ន្ធ ត្រូវ​ពិនិត្យលើ​ការ​​​​ធ្វើ​វិសោធន​​កម្ម​​​មាត្រា​​មួយ​ចំនួន មុននឹង​ដាក់ឱ្យអនុវត្ត ដើម្បីឱ្យ​ស្របនឹង​​បរិបទឬស្ថានភាព​កម្ពុជា​​​​បច្ចុប្បន្ន ជាពិសេស​​ទៅលើ​​ពេលវេលា​​​​នៃ​​​​ការ​​​អនុវ​ត្ត​​ ដោយ​ប្តូរពី ១៨ខែ ទៅ​២៤ខែវិញ​។​​ 

លោកថ្លែង​ថា៖ «ច្បាប់​កាតព្វ​កិច្ច​យោធា វាជួយ​អី ជួយ​យើង​ទី១ នៅ​ក្នុង​​​ការ​បង្កើន​បរិមាណ​សាច់​ទ័ព យើង​​រើស​​ទ័ព​កាតព្វ​កិច្ច​ យើង​មាន​លទ្ធ​ភាព​រើស​ទូលំ​ទូលាយ​ជាង​រើស​ទ័ព​អាជីព អីចឹង​យើង​អាច​បំពេញ ឥលូវ​យើ​ងរើសបំពេញ​​ចូល​សោធន​ប៉ុន្មាន​ យើង​រើស​បំពេញប៉ុណ្ណឹង​​។ ទី២ ​គឺ​បង្កើន​​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញ​សាច់​ទ័ព ទ័ព​ដែល​រើស​មក​ហ្វឹកហ្វឺន​​មួយ​​រយៈ​​ខ្លី​​ទៅ​បំពេញ ​​ឥលូវ​​គឺនឹង​ត្រូវ​​​​​អនុវត្ត​​ច្បាប់​​នេះ ចឹង​​ទ័ព​​ដែល​​​​ចូល​​ម​ក​​ក្នុង​​ ២​ឆ្នាំ គាត់​​នឹង​​ជាប់​​កាតព្វ​កិច្ច ចឹង​ឋាន្តរ​​ស័ក្តិ​​អី​អត់ព្រួយបារម្ភទេ គឺបំពេញសាច់ទ័ព អង្គភាពខ្លះយើងមានតែក្បាលទេ ចឹងគឺយើងមានយោធិនសម្រាប់ ២ឆ្នាំហើយ​ចល័តរហូតរាល់ឆ្នាំ»។

ជុំវិញការលើកឡើង​របស់​ប្រមុខរដ្ឋាភិបាលនេះ លោកបណ្ឌិត មាស នី អ្នកវិភាគនិងស្រាវជ្រាវការអភិវឌ្ឍសង្គម បានលើកឡើងថា ជា​ពេល​វេលាដ៏​ស័ក្តិ​​សម សម្រាប់កម្ពុជា​ក្នុង​ការ​​​អនុវត្តច្បាប់​ស្តីពី កាតព្វ​កិច្ច​យោធា នេះ​ព្រោះ​កន្លង​មក​រហូត​ដល់​បច្ចុប្បន្ន កម្ពុជា​តែ​ងតែ​ទទួល​​រង​នូវ​​​ការ​គំរាម ​ឬការ​ម៉ា​ក់​ងាយ ពី​ប្រទេស​ជិត​ខាង​ ដែលមានថៃ និងវៀតណាម​ជាដើម​​។

លោកបន្តថា៖ «ខ្ញុំ​គិត​ថា ពេលវេលាសម្រាប់ធ្វើការ​​រៀប​ចំ​កម្លាំង ​កង​​កម្លាំង​ប្រដាប់​អាវុធ​បម្រុង ឬ​ការ​បរិច្ចាគ​​​កិច្ច​​យោធា​ គឺ​ជា​ភាពចាំបាច់សម្រាប់ប្រទេសមួយ អញ្ចឹង​បើសិ​នរា​ជរដ្ឋាភិបាលមានលទ្ធភាពហើយ គួរតែធ្វើ​ទៅ​ប៉ុណ្ណា​ទៅតាម​ហ្នឹង​ទៅ​ យ៉ាងហោចក៏មានកម្លាំងសម្រាប់ត្រៀម​ដែរ។ បើយើង​ត្រៀមនេះ មិន​មែន​បានន័យថា យើង​រៀប​កងកម្លាំងសម្រាប់ទៅវៃគេ ទៅតតាំង​​អីជាមួយគេទេ ប៉ុន្តែ​គឺ​​ជា​ការ​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើវិស័យការពារជាតិផង​ដែរ​​»។ 

តែយ៉ាង​​ណា លោក មាស នី បាន​​ជំរុញ​ដល់​​​រដ្ឋាភិបាល​​​គិត​​គូរ​​ពី​​កា​​រ​ត្រៀ​ម​​ថវិកា​​​ជាតិ សម្រាប់​ជួយ​​​​ដល់​​​អ្នកដែលចូលទៅ​បំពេញ​កាតព្វកិច្ច​យោធា ដើម្បី​​ជួយ​សម្រួល​​ដល់​​ជីវភាព ឬ​សេដ្ឋ​កិច្ច​​គ្រួសារ​​របស់​​​ពួក​​គេ​​ ដោយសារ​ពេលវេលា​នៃ​ការ​អនុវត្តមានរយៈពេល​ច្រើនខែ ​ខណៈ​យុវជន​វ័យ​​​​ចាប់​ពី១​៨​ឆ្នាំ ដល់​​៣០​ឆ្នាំ​ ដែល​ច្បាប់​ចែង​ពីការ​តម្រូវឱ្យអនុវត្តកាតព្វកិច្ច​នេះ ជាវ័យដែលកំ​ពុង​សិក្សា និង​​​ពេញ​កម្លាំងក្នុងការ​ប្រកបរបរ​​ចិញ្ចឹម​ជីវិត​ និងគ្រួសារ។​​

លោក​ថ្លែង​​ថា៖ «ខ្ញុំគិតថា សម្រាប់​ការ​ចូល​បម្រើ​​ក្នុង​វិស័យ​យោធា​នេះ អាច​មាន​ផ្តល់​ជំនួយ​ខ្លះៗ​ពី​រដ្ឋ​ទៅ ពី​ថវិកា​ជាតិ​ អញ្ចឹ​ង​នេះ​អាស្រ័យលើ​ការ​ជ្រើស​រើស តែ​បើទា​ញម​នុស្ស​ដែល​កំពុង​តែ​កម្លាំង​ពេញ​ ហើយ​ធ្វើការ​ចិញ្ចឹម​គ្រួសារ​យក​មក​បម្រើ​​បរិយា​កិច្ច​យោធា អាហ្នឹងប៉ះពាល់ជៀសមិនរួចទេ»។

ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យ​ប្រើប្រាស់កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដោយមាន៦ជំពូក និង១៨មាត្រា។ ច្បាប់នេះបានកំណត់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប​ទាំង២ភេទ ដែលមាន​​អាយុចាប់ពី​ ១៨ឆ្នាំ​​ ដល់ ៣០ឆ្នាំ ត្រូវតែ​​បំពេញ​កាតព្វកិច្ច​យោធា ហើយការបំពេញនេះទៀត​សោត​សម្រាប់​ស្ត្រី គឺ​ផ្អែកទៅតាមការស្ម័គ្រចិត្ត។

ស្រដៀងគ្នានេះដែរ ​លោក យី សុខសាន្ត មន្រ្តី​​​អង្កេត​​​ជាន់​​​ខ្ពស់​នៃ​សមាគម​ការ​ពា​រ​សិទ្ធិ​មនុស្ស អាដ​ហុក (Adhoc) មាន​ប្រសាសន៍ថា ​កា​រដាក់ឱ្យ​អនុវត្ត​​​​ច្បាប់​​កាតព្វ​​កិច្ច​​យោធា គឺ​ជា​​​គំនិត​​មួយ​មាន​​សារៈ​សំខាន់​​ចំពោះ​​ការ​​ការ​​ពារ​​ជាតិ ប៉ុន្តែរដ្ឋាភិបាល​ត្រូវ​ត្រៀម​ខ្លួន​ ជាពិសេស​ផ្នែក​សេដ្ឋកិច្ច និង​ថវិកា​ជាតិ​ឲ្យ​បានគ្រប់គ្រាន់​​ សម្រាប់ផ្តល់ដល់​អ្នក​ទៅ​អនុវត្តកាពត្វកិច្ចយោធា ស្របពេលថេរវេលានៃការ​អនុវត្តមានរហូត​ដល់ ១៨ខែ ឬដល់ទៅ ២៤ខែបើ​មានការ​កែ​សម្រួល​​​​មាត្រា​​​មួយចំនួនក្នុងច្បាប់នេះ។​

លោកថា៖ «ខ្ញុំគិតថា ប្រទេសណា​ក៏​គេ​ត្រូវ​ការ​កម្លាំង​ប្រដាប់​អាវុធ ក៏​ដូច​ជាកា​តព្វ​កិច្ច​នៃព​លរដ្ឋ​ម្នាក់ៗ សូម្បី​តែ​ខ្ញុំ​ធ្លាប់ទៅ​ចិន អាឡឺម៉ង់​អី​ គេ​ឱ្យ​ពលរដ្ឋ​ម្នាក់​មាន​សិទ្ធិ​មាន​កាតព្វកិច្ចត្រូវទៅហាត់ទៅរៀន[…] វាអត់​អី​ទេ ប៉ុន្តែ​វា​អាស្រ័យ​ថា ​តើ​រដ្ឋាភិ​បាល​លោក មាន​លទ្ធភាព​ដែល​ឱ្យ​ពួក​គាត់​ទៅ​រៀន​ហ្នឹង រៀន​មួយ​ឆ្នាំ​កន្លះ​ហ្នឹង​​ថា​ តើ​យើង​មាន​លទ្ធភាព​អាច​ផ្តល់​ជា​អីខ្លះ​ ដូច​ជា ប្រាក់ខែ ឬកា​រ​ចិញ្ចឹម​គាត់​ឱ្យ​ទៅ​រៀន​ទៅ​អីហ្នឹងណា ថា​ តើ​មាន​លទ្ធភាព​ដែរ​ឬ​អត់ ដែល​យើង​មើល​កន្លង​មក​សូម្បី​តែ​ទាហាន​យើង​ ដូច​ជា​ នៅ​ប្រាក់​ខែ​ទាប​ បញ្ហា​ជីវភាព​នៅ​ខ្វះ​ខាត នៅ​ពេល​ដែល​យើង​បង្កើត​ អាហ្នឹង​មួយទៀតវាធ្វើឱ្យរដ្ឋត្រូវតែត្រៀមលក្ខណៈ ដើម្បីរកថវិកា​ដើម្បី​ផ្តល់​ឱ្យ​ពួក​គាត់»

យុវជន ធូ វ៉ាឃីម អាយុ២៣ឆ្នាំ គាំទ្រចំពោះរដ្ឋាភិបាល ដែលគ្រោងនឹង​​​ដាក់​ឱ្យ​​អនុវត្ត​ច្បាប់នេះនៅឆ្នាំក្រោយ ខណៈ​លោក​​យល់​​ថា ការអនុវត្តកាតព្វកិច្ច​យោធា ជារឿងមួយសំខាន់​សម្រាប់យុវជន​ និង​ប្រជា​ពលរដ្ឋ ក្នុង​ការ​ទទួល​បាន​ឱកាស​ហ្វឹកហាត់ផ្នែក​យោធា​ ចូលរួមជាមួយ​សង្គម ចាកឆ្ងាយពីការ​ធ្វើក្មេងទំនើង ​និង​​​ចូលរួម​ការ​ពារ​​បូរណ​ភាព​​ទឹក​ដី​ផងដែរ​។

លោកថា៖ «ខ្ញុំយល់ឃើញថា នេះ​គឺវា​ជា​ការ​ល្អ​ហើយ​បើ​មាន​ច្បាប់​នឹង​កើត​ឡើង​មែន ក៏​ខ្ញុំ​ចូល​រួម​សាទរ​ហើយ​និង​ស្វាគមន៍​ ហើយ​និង​សហការ​រីក​រាយ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ចូល​រួម​ជាមួយ​ការ​ការ​ពារ​ទឹក​ដី​បូរណភាព​ទឹក​ដី​ផង​ដែរ​[…] បើ​​មាន​​ច្បាប់​​នេះ​ពិត​មែន​នៅ​ឆ្នាំ​២០២៦ យើង​នឹង​មើល​ឃើញ មើលឃើញ​អំពី​ធនធាន​យុវជ​ន​ឬ​ក៏​យុវជន​ ឬ​ក៏​ប្រជាពលរដ្ឋ​ណាដែល​នឹង​ហ៊ាន​លះ​បង់​ យើង​នឹង​មើល​ឃើញ​ថា នរណា​គេ​ដែល​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ អ្នក​ណា​គេ​ដែល​ទៅ​ចូល​រួម​ពិត​ប្រាកដ»។

យ៉ាងណា លោកថា សម្រាប់​ពេលវេលានៃការ​អនុវត្ត​កាតព្វកិច្ច​យោធា ដែលមានរយៈពេល១៨ខែ​ នៅក្នុង​ច្បាប់ ឬក៏អាច​​ឡើង​​ដល់​ ២៤ខែ បើមានការ​ធ្វើវិសោធនកម្ម​ច្បាប់​​មែននោះ វា​អា​ច​​ជា​ពេល​វេលា​​មួយ​​យូរដែរ ​​សម្រាប់​​អ្នក​ដែល​​មាន​​គ្រួសារនៅ​ក្នុង​បន្ទុក ព្រោះពួកគេ​ត្រូវការ​រក​ប្រាក់ចំណូល​ដើម្បីផ្គត់ផ្គង់ជីវភាព។​​ ប៉ុន្តែសម្រាប់អ្នកដែលមិនមានគ្រួសារក្នុងអំឡុងពេល​នោះ​ និង​​អ្នកដែល​មាន​ជីវភាព​ធូរ​ធារ ប្រហែល​ជា​មិន​មាន​ផល​​ប៉ះ​ពាល់​នោះ​ទេ។ 

លោកថា៖ «មិនយូរ​​ទេ សម្រាប់​ខ្ញុំ​​​ជា​អ្នក​មាន​ពេល​វេលា តែស​ម្រាប់​អ្នក​ផ្សេង​គេ​អត់​សូវ​មាន​ពេល​ អាច​ថា​យូរ ក្នុង​១ឆ្នាំ​ទៅ​២ឆ្នាំ​ហ្នឹង សម្រាប់​ខ្ញុំ​នៅ​រៀន​ជិត​ចប់ ណាមួ​យ​យើង​មាន​ពេលច្រើន​ចូល​រួម​ដើម្បី​យក​បទ​ពិសោធន៍ ហើយ​យល់​អំពី​គុណ​​​តម្លៃ​​​នៃ​​ការ​​លះ​​បង់​​របស់​យោធា​ផ្សេង​ៗ វា​មិន​យូរប៉ុន្មាន​ទេ។ តែ​សម្រាប់​អ្នក​មាន​គ្រួសារ មាន​កូន អាច​នឹងប៉ះ​ពាល់ មែន​ទែនទៅ គេ​រើស​ចាប់​ពី​ ១៨[ឆ្នាំ] ដល់៣០[ឆ្នាំ] អ្ន​ក​ខ្លះ​ក៏​មាន​គ្រួសារ អ្នក​ខ្លះ​ក៏​អត់»។

អ្នកនាំពាក្យក្រសួងការពារ​ជាតិ លោកស្រី ម៉ាលី សុជាតា មិនទាន់អាចឆ្លើយតប​​ជុំវិញនីតិវិធី​នៃ​​​កា​​រ​ធ្វើវិសោធនកម្មច្បាប់​នេះ មុននឹងការ​ដាក់ឱ្យអនុវត្តនៅឆ្នាំ​២០២៦​​នៅឡើយ​។

លោកស្រីថា៖ «ខ្ញុំ​នឹង​ពិនិត្យ​ និង​ផ្តល់​ការ​ឆ្លើយ​តប​តាម​លទ្ធភាព​ជាក់​ស្តែង​ បើ​បាន​ទទួល​ព័ត៌​មាន​ពី​អង្គ​ភាព​ជំនាញ»។

បើតាមច្បាប់ស្តីពីកាតព្វកិច្ច​យោធា ក៏មានចែងពី​ទោស​ប្បញ្ញត្តិ​ផង​ដែរ ប្រសិន​បើ​ប្រជាពលរដ្ឋ មិន​ចូលរួមក្នុងការ​អនុវត្តនូវកាតព្វកិច្ចយោធា​នេះ។

មាត្រា១៣ នៃច្បាប់ស្តីពីកាតព្វកិច្ច​​យោធា ​ចែង​ថា ប្រជាព​លរដ្ឋគ្រប់​រូប ដែល​ត្រូវ​អញ្ជើញ​ឱ្យ​ចូល​​បំពេញ​កាតព្វ​កិច្ច​យោធា ហើយ​មិន​បាន​មក​បង្ហាញ​ខ្លួន​តាម​ការ​អញ្ជើញ​ក្នុង​រយៈ​ពេល ៣០​​​ថ្ងៃ គិត​ពី​ថ្ងៃ​ទទួល​ដំណឹង​ ត្រូវ​ចាត់​ទុក​ជា​ជន​រឹង​រូស លើក​លែង​តែ​មាន​មូល​ហេតុ​ត្រឹម​ត្រូវ​ពុំ​អាច​​​មក​បង្ហាញ​ខ្លួន​បាន។

ជន​ដែល​រឹង​រូស និង​ជន​រួម​គំនិត​ក្នុង​ការ​គេច​វេះ​ពី​កាតព្វ​កិច្ច​យោធា ក្នុង​កាលៈ​ទេសៈ​ប្រទេស​មាន​សន្តិភាព ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រហូត​ដល់ ១​ឆ្នាំ។ ក្នុង​​កាលៈ​ទេសៈ​ប្រទេស​មាន​សង្គ្រាម ត្រូវ​ផ្តន្ទាទោ​ស​ដាក់​ពន្ធនាគា​រ​​រហូត​ដល់ ៣ឆ្នាំ។

រីឯ មាត្រា១៥ ចែងថា ​ជន​ណា​ដែល​ឆ្លៀត​យក​ឋានៈ​តួនាទី ដើម្បី​រាំង​ស្ទះមិ​ន​ឱ្យ​ពលរដ្ឋ​ចូល​បំពេញ​​កាតព្វ​កិច្ច​យោធា ឬ​ប្រើ​ប្រាស់​ច្បាប់​នេះ​ធ្វើ​អាជីវកម្ម​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ដល់ ៥ឆ្នាំ.

យ៉ាងណា បើ​តាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រៅពីការប្រកាសពីការអនុវត្ត​ច្បាប់​កាតព្វ​​​កិច្ចយោធា នៅឆ្នាំ២០២៦ខាង​មុខ លោកក៏បាន​បញ្ជាក់ដែរ​ថា រដ្ឋាភិបាលក៏គ្រោង​​​នឹង​បង្កើន​​​​​ថវិកា​​​​សម្រាប់​​វិស័យ​​ការ​​ពារ​​ជាតិ ដើម្បី​ពង្រឹង​ និង​​ធ្វើ​​​ទំនើប​​កម្ម​​វិស័យ​​ការពា​រ​ជាតិ​នេះ​ផង​ដែរ ហើយវិធានការ​​នេះ​ មិន​​មែ​ន​​ដើម្បី​​គំរាម ឬ​ឈ្លាន​ពាន​នរណា​នោះ​ទេ តែ​ជា​ការ​ពង្រឹង​កិច្ចការ​ពារ​បូរណ​ភាព​ទឹក​ដី៕

អត្ថបទគួរឱ្យចាប់អារម្មណ៍