កម្មករកម្មការិនីប្រមាណជាង ៨០០នាក់ ធ្វើការរោងចក្រឡឺក្រោនស៊ូ (LeCrown Shoes) ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបន្តការតវ៉ាចូលដល់ថ្ងៃទី៣ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដោយពួកគេអះអាងថាដោយសារខាងរោងចក្របង្ខំឲ្យផ្តិតមេដៃលាឈប់ពីការងារ ដោយគ្មានការជូនដំណឹងទុកជាមុន និងមិនមានសំណងសមស្របទៅតាមច្បាប់។
កម្មការិនីដែលអះអាងថាធ្វើការនៅរោងចក្រ ឡឺក្រោនស៊ូ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ Press Start Cambodia នៅថ្ងៃទី១០ ខែកក្កដានេះថា ខាងរោងចក្រកាលពីថ្ងៃទី០៨ ខែកក្កដា បានហៅកម្មករចំនួន ៨២៨នាក់ ទៅផ្តិតមេដៃលាឈប់ពីការងារភ្លាមៗ ដោយមិនមានការជូនដំណឹងជាមុន ខណៈដែលពួកគាត់កំពុងតែមមាញឹកក្នុងការងារ។ អ្នកស្រីបន្តថា មូលហេតុនេះហើយបានជាកម្មករទាំងជាង ៨០០នាក់ បាននាំគ្នាផ្ទុះការតវ៉ាចាប់ពីថ្ងៃនោះមក។
អ្នកស្រីនិយាយថា៖ «ដល់ពេលម៉ោងដែលគេហៅយើងហ្នឹង គេហៅយើងទៅភ្លាមហ្មងៗ! គេអត់មានប្រាប់យើងថា គេបញ្ឃប់មុន ឬក៏មួយថ្ងៃពីរថ្ងៃ គេអត់សោះតែហ្មង! ពេលដល់ម៉ោងហ្នឹង គេហៅយើងទៅតាហ្មង»។
ក្រោយពីត្រូវបានបញ្ឈប់ពីការងារ ខាងភាគីរោងចក្រក៏មិនបានទូទាត់សំណងសមស្របទៅតាមច្បាប់ការងារជូនកម្មករឡើយ ដោយកម្មការិនីរូបនោះ បញ្ជាក់ថា កម្មករដែលចូលធ្វើការរយៈពេលមិនដល់ ៥ទៅ៦ឆ្នាំផង ទទួលបានប្រាក់អត្ថប្រយោជន៍ច្រើនជាងកម្មករដែលមានអតីតភាពការងារ ១០ឆ្នាំដូចជាអ្នកស្រី។
លោកស្រីថា៖ «ខ្ញុំពួកចាស់ចូល២០១៥ហ្នឹង ហើយគេឲ្យខ្ញុំតែ៥០០(ដុល្លារ)ទេ! ចាញ់ទាំងគេពួកថ្មីៗ គេមិនទាន់បានមួយឆ្នាំផង គេបានដល់មួយពាន់ ដល់ជិតប្រាំមួយ, ប្រាំពីរ, ប្រាំបីរយអញ្ចឹងណា[…] ចិត្តខ្ញុំ ខ្ញុំចង់ធ្វើការវិញ ប៉ុន្តែបើគេត្រូវតម្រូវធ្វើយើងចឹងហើយ សុំថាឲ្យបញ្ឈប់ក៏បញ្ឈប់ចុះ ខ្ញុំអត់ថាអីទេ ប៉ុន្តែសុំតែគិតលុយឲ្យខ្ញុំឲ្យត្រឹមត្រូវមក»។
ស្រដៀងគ្នានេះដែរ កម្មការិនីម្នាក់ទៀតដែលធ្វើការនៅរោងចក្រឡឺក្រោនស៊ូ ដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពផងដែរនោះ បានអះអាងថា រូបគាត់ក៏ជួបករណីបង្ខំឱ្យផ្តិតមេដៃបញ្ឈប់ពីការងារ ដោយគ្មានការជូនដំណឹងជាមុន និងផ្តល់សំណងទៅតាមច្បាប់ការងារ ពីសំណាក់ភាគីរោងចក្រផងដែរ។
ករណីនេះ អ្នកស្រីស្នើដល់រោងចក្រ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយដល់ពួកគាត់ទៅតាមច្បាប់ការងារ និងអតីតភាពការងាររបស់អ្នកស្រី ដែលធ្វើការនៅរោងចក្រនេះជាង១០ឆ្នាំរួចមកហើយ។
ស្តី្រកម្មកររូបនោះបន្តថា៖ «ខ្ញុំចង់ឲ្យគាត់[រោងចក្រ]បន្ថែមលុយឲ្យខ្ញុំជាងហ្នឹងទៀត ដកខ្ញុំក៏ដកទៅ ឲ្យខ្ញុំបាន មិនបានអីត្រឹមមួយពាន់ដែរទៅ ព្រោះអីខ្ញុំអ្នកចាស់អីចឹងហ្អា៎! ព្រោះខ្ញុំខំធ្វើការឡើង១១ ឆ្នាំហើយ! ហើយស្រាប់តែបានលុយតិចជាងអ្នកថ្មី គេទើបហ្នឹងចូល។ ណាមួយដកយើងក៏អត់មានមូលហេតុ ធ្វើការសុខៗ ស្រាប់តែដក ដូចថាការងារ ប្រាប់យើងមកថាអត់ការងារធ្វើ អត់អីទៅចាំដកមនុស្ស តែសុខៗដកមនុស្សតែម្តង ”។
បើតាមក្រុមកម្មករ រោងចក្រឡឺក្រោនស៊ូនេះជារោងចក្រផលិតស្បែកជើង ដែលមានថៅកែជាជនជាតិចិន ហើយគិតមកដល់ម៉ោងជាង ៣រសៀលថ្ងៃព្រហស្បតិ៍នេះ ការចរចារកដំណោះស្រាយនៅមិនទាន់មានលទ្ធផលនៅឡើយទេ។
Press Start Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីខាងតំណាងរោងចក្រផលិតស្បែកជើង LeCrown Shoes បាននៅឡើយទេ។
ចំណែក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម លោក ចេង ហ៊ាង មានប្រសាសន៍យ៉ាងខ្លីថា មន្ត្រីជំនាញ បាននិងកំពុងសម្របសម្រួលរកដំណោះស្រាយ ជូនកម្មករនៅរោងចក្រផលិតស្បែកជើង LeCrown Shoes នេះ។
លោកថា៖ «កំពុងតែធ្វើការ(ករណីខាងលើ) ចាំលទ្ធផលចុងក្រោយទៅ”។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) មានប្រសាសន៍ថា បើផ្អែកលើផ្លូវច្បាប់ នៅពេលដែលមានការបញ្ឈប់កម្មករភ្លាមៗ ហើយកម្មករនោះមិនមានកំហុស គឺខាងភាគីរោងចក្រត្រូវគិតគូផ្តល់អត្ថប្រយោជន៍ឲ្យកម្មករ៥ចំណុច ដូចជា ប្រាក់ខែចុងក្រោយ ប្រាក់បំណាច់ឆ្នាំដែលនៅសេសសល់ ថវិកាជូនដំណឹងជាមុន ប្រាក់បំណាច់អតីតភាពការងារ និងប្រាក់សំណងជំងឺចិត្តជាដើម។ យ៉ាងណា លោកស្រីក៏បានបញ្ជាក់ដែលថា បើទោះជាក្នុងករណីដែលរកឃើញថា ភាគីកម្មករបានប្រព្រឹត្តិកំហុសក្តី ភាគីរោងចក្រក៏ត្រូវផ្តល់អត្ថប្រយោជន៍ទៅឲ្យកម្មករមួយចំនួនដែរ រួមមាន ប្រាក់ខែចុងក្រោយ និងប្រាក់បំណាច់ឆ្នាំ។
លោកស្រីថា៖ «ក្រុមហ៊ុនត្រូវទូទាត់អត្ថប្រយោជន៍ឲ្យគាត់តាមផ្លូវច្បាប់ ក្នុងករណីដែលកម្មករអត់មានកំហុសធ្ងន់អីទេ គឺត្រូវបង់សំណងឲ្យគាត់តាមផ្លូវច្បាប់»។
ករណីតវ៉ារបស់កម្មកររោងចក្រ LeCrown Shoes ត្រូវបានគេមើលឃើញថា កើតឡើងស្របពេលដែលសហរដ្ឋអាមេរិក ប្រកាសឲ្យដឹងពីអត្រាពន្ធគយថ្មីចំនួន ៣៦ភាគរយ លើទំនិញនាំចូលពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែកក្កដាម៉ោងនៅសហរដ្ឋអាមេរិក ដែលត្រូវនឹងព្រឹកថ្ងៃទី០៨ ខែកក្កដា ម៉ោងនៅកម្ពុជា។
តែយ៉ាងណា បើតាមកម្មកររោងចក្រនេះ គឺពួកគាត់មិនដឹងថា ការបញ្ឈប់កម្មករភ្លាមៗនេះ មានពាក់ព័ន្ធនឹងករណីសហរដ្ឋអាមេរិក កំណត់អត្រាពន្ធគយថ្មីនេះឬយ៉ាងណានោះទេ៕