CCIM៖ អ្នក​​​សារព័ត៌​​មាន​​​​ឯករាជ្យ នៅ​បន្ត​​​​​ប្រឈម​​​​​ការគំរាម​កំហែង និង​​​ការរឹតត្បិត​ផ្សេងៗ

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានរកឃើញថា ក្នុងឆ្នាំ​២០២៤ ស្ថានភាពនៃសារព័ត៌​​មាន​ឯករាជ្យនៅកម្ពុជា នៅបន្ត​​​​រង​​ការ​រឹត​​ត្បិត ការ​គំរាម​កំហែង​ផ្នែកច្បាប់ និង​​ហានិភ័យ​​សុវត្ថិ​​​​ផ្សេង​ក្នុង​ពេល​​​​បំពេញ​វីជ្ជាជីវៈរបស់ខ្លួន​។

ការ​រកឃើញនេះ បាន​ធ្វើ​ឡើង​តាមការចេញ​​​​របាយការណ៍​កម្រាស់ជិត២០ទំព័ររបស់មជ្ឈមណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៥ ស្តីពី​ បញ្ហាប្រឈមរបស់សារព័ត៌មានឯករាជ្យ​សម្រាប់​ឆ្នាំ២​០២៤។

របាយការណ៍នេះ​​ ផ្អែក​​​លើ​​ការ​ស្ទ​ង់​មតិ​​​អ្នក​សារព័ត៌មាន​ចំនួន ១០០​នាក់ តាមរយៈការ​​ពិភាក្សា​គ្នា​​​​ជា​​ក្រុម និង​​កិច្ច​​សម្ភាសន៍​​ជាមួយ​​អ្នក​​សារ​ព័ត៌មាន​ និង​​អ្នក​​ជំនាញ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា។

​របាយការណ៍របស់ CCIM បានបញ្ជាក់ថា អ្នកចូលរួម​ក្នុងកា​រស្ទង់មតិចំនួន ៣៩% បាន​និយាយ​ថា សេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងឆ្នាំ​២០២៤ មានការ​​​ធ្លាក់ចុះ និង​មានស្ថាន​ភាពកាន់តែអាក្រក់ទៅៗ ខណៈ​​អ្នកសារព័ត៌​មាន ៩១% បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភា​ព​ផ្ទាល់​ខ្លួន​នៅ​ពេល​បំពេញ​ការ​ងាររបស់​ពួក​គេ។

របាយការណ៍ដដែល បញ្ជាក់ថា អ្នកសារព័ត៌មានដែលបានស្ទង់មតិ​​​ បាន​ទទួល​រងកា​រ​​គំរា​ម​កំហែង​​ផ្នែ​ក​ច្បាប់​​មាន ៦៥% ការ​យាយី​​ដោយ​ពាក្យ​​សម្តី ​៥៦% ការតាម​ឃ្លាំមើល​ ​៥៣% និង​ការ​ប្រើ​អំពើ​លើរូបរាងកាយ​ចំនួន​៥២%។

​របាយ​ការណ៍​ CCIM ​​លើក​​ឡើងទៀត​​​​ថា ​បញ្ហា​ប្រឈម​របស់​អ្នក​សារព័ត៌មាន​ឯករាជ្យ​ មានដូច​ជា ​ការគំរាម​កំហែង​ផ្នែក​ច្បាប់ វិបត្តិ​ហិរញ្ញ​វត្ថុ និង​ហានិភ័​យ​សុវត្ថិភាព​ផ្សេងៗ ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន ខណៈ​ពេល​ដែលព​លរដ្ឋ​អ្នកសារព័ត៌​មាន និង​អ្នក​សារព័ត៌មាន​អនឡាញ បាន​ក្លាយ​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ផ្តល់​​ព័ត៌មានទៅកាន់សាធារណ​ជន។

របាយ​ការណ៍បន្តថា៖ «ការរំលោភបំពាន និងអំពើហិង្សាលើអ្នកសារព័ត៌មានតែងតែកើតមាន​។ ក្នុងឆ្នាំ ២០២៤, CCIM បាន​ធ្វើ​ការយ៉ាង​ចិត្តទុកដាក់ចំពោះ​សុវត្ថិភាពរបស់អ្នកសារព័ត៌មាន បានកត់ត្រាករណីយាយីលើអ្នកសារព័ត៌មានចំនួន ៤៥ ដែលចំនួននេះកើន​ឡើង ៣.៥៥% បើប្រៀបធៀបនឹងឆ្នាំ២០២៣ មាន​តែ​៤១​ករណី។ ករណីទាំងនោះ​រួមមាន ករណីរំលោភបំពាន ២០ករណី ករណីចោទប្រកាន់ ៨​ករណី និងការចាប់ខ្លួន ៦ករណី ព្រមទាំងមានករណីរំខាន និងការចាប់ឃុំជាច្រើនករណី និង​មានករណីអ្នកសារព័ត៌មានស្លាប់​ ១នាក់ផងដែរ»។

នាយិកា​ប្រតិបត្តិ​នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)​ លោក​​ស្រី ឆន សុគន្ធា មាន​​​ប្រសាសន៍​ថា ​អ្នកសារព័ត៌មានឯករាជ្យ​នៅកម្ពុជា ដែលរាយការណ៍​ពី​បញ្ហារសើប ​តែង​តែ​រង​ការ​គំរា​ម​កំហែង​​នានា ដូច​ជា ​ការ​ដក​សិទ្ធិ​សារ​ព័ត៌មាន​ជាដើម។

លោក​​ស្រី​ថា៖ «ជាពិសេសរឿងដីធ្លី ធនធានធម្មជាតិ នយោបាយ ការ​រំលោភសិទ្ធិលើកម្មករកម្មការិនី​ជាដើម គឺពួកគាត់[អ្នកសារព័ត៌មាន]ប្រឈមទៅនឹងការដកអាជ្ញាប័ណ្ណឬដកសិទ្ធិសារព័ត៌មាន។​ មួយ​ទៀត​​ការគំរាម​កំហែង ឬការប្រើប្រាស់ប្រព័ន្ធតុលាការជាយន្តការមួយ ក្នុងការបំបាក់ស្មារតីដល់អ្នកសារព័ត៌មាន ដែល​ធ្វើឲ្យអ្នកដែលចង់ក្លាយជាអ្នកសារព័ត៌មានជំនាន់ក្រោយ គាត់មានការខ្លាចរអា ឬគិតពិចារណាថាតើគាត់គួរតែបន្តធ្វើជាអ្នកសារព័ត៌មានទៀតឬក៏អត់»។

លោក​​ស្រី​ សុគន្ធា ឱ្យ​ដឹង​ទៀត​ថា ​ចំនួន​អ្នក​សារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ន គឺ​មិន​មាន​ការថយចុះនោះទេ ខណៈ​​អ្នកសារព័ត៌មានដែលទទួលបានកាតសារព័ត៌មាន​ពីក្រសួងព័ត៌មាន មានចំនួនរហូតដល់ ១ម៉ឺន​នាក់​។ តែយ៉ាងណា អ្នកស្រីថា ចំនួនដែលមានថយ​ចុះនោះ គឺថយចុះតែចំនួនអ្នកសារព័ត៌មានដែលរាយ​ការណ៍​ពី​​បញ្ហា​រសើប​។

លោក​ស្រី​ថា​៖ «អ៊ីចឹង​ហើយទើបខ្ញុំលើកទឹកចិត្តឱ្យ​អ្នកសារព័ត៌មានទាំងអស់ គាត់បានចូលរួមវគ្គមូលដ្ឋានគ្រឹះសារព័ត៌មានដើម្បីយល់ដឹងអំពីច្បាប់ ក្រមសីលធម៌សារព័ត៌មានជាដើម ដើម្បីជៀសវាងពីបញ្ហាប្រឈម​​​​ផ្សេងៗ និង​ហានិភ័យ ឬការប្រព្រឹត្តហួសក្រមសីលធម៌​សារព័ត៌មានជាដើម ដែល​អាចជួយអ្នកសារព័ត៌​មានពី​បញ្ហា​ប្រឈម​ទាំង​នោះ​»។

ករណីនេះ លោក​​ស្រី ​ឆន សុគន្ធា ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនថា​អ្នកសារព័ត៌មានខ្លួនឯង រដ្ឋាភិ​បាល និង​ម្ចាស់មូលនិធិ ត្រូវតែធ្វើការជាមួយគ្នា​ដើម្បីធ្វើឱ្យវិស័យសារព័ត៌មាន មាន​ភាព​ល្អប្រសើរឡើង និង​​ធ្វើឱ្យចំនួន​អ្នកសារព័ត៌មានឯក​រាជ្យ​កើន​ឡើងវិញ​។

ជាមួយគ្នានេះដែរ​ របាយការណ៍របស់ CCIM ក៏បាន​ផ្តល់អនុសាសន៍ដល់​រដ្ឋាភិបាល​​ធ្វើកំណែទម្រង់​​​ទៅ​លើ​​ច្បាប់ដែល​រឹតត្បិត​​​ ដោយដកចេញនូវ​បទប្បញ្ញតិ្ត​​ដែលមិនច្បាស់លាស់​ និង​​​ជា​​ការ​​រាំង​​ស្ទះ​​ដល់​​ការ​​យក​​ព័ត៌​​មាន​របស់​​អ្នកសារព័ត៌មាន និង​រឹតត្បិត​សេរីភាព​សារព័ត៌មាន។

ស្រដៀងគ្នានេះ​ដែរ​ លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់​ថា ខេមបូចា​ សង្កេត​ឃើញដែរ​ថា ពីមួយឆ្នាំទៅមួយឆ្នាំ​​ អ្នក​សារព័ត៌មាន​ឯក​រាជ្យ តែង​តែជួប​នូវ​បញ្ហា​​ប្រឈម​នានា មិន​ថា​​ការ​រង​នូវ​ការ​​ប្រើ​​ហិង្សា​លើរូបរាង​កាយ​ និង​​ការ​រិត​ត្បិតក្នុង​រូប​ភាព​​ផ្សេងៗ​ ដែលករណីនេះ ​ចាំ​បាច់​ត្រូវ​មាន​​​ឱ្យ​​មាន​​ការ​​ឆ្លើយ​​តប ​និង​​ការ​​ដាក់​ចេញ​នូវ​ផែន​ការ​សកម្មភាព​ផ្សេង​ទៀត​​ ដើម្បីដោះស្រាយនូវ​បញ្ហា​ទាំង​អស់​ដែល​បាន​កើត​ឡើង​លើ​អ្នក​សារព័ត៌មាន​។

លោក​ថា​៖ «យើង​ឃើញ​ថា​ បញ្ហា​ដែល​កើត​មាន​ឡើង​ កត្តា​រួម​ផ្សំ​ច្រើនដែល​នាំ​ឱ្យ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន​ មាន​ដូច​ជា​ កត្តា​ច្បាប់ នៅ​កម្ពុជា​យើងមាន​ច្បាប់​ច្រើន មាន​ដូច​ជា​ក្រម​ព្រហ្មទណ្ឌ​ ​ដែល​មាន​ខ្លឹម​សារ​ទូលំ​ទូលាយ​ ងាយ​ស្រួល​ក្នុង​ការ​ចោទ​ប្រកាន់​ចំពោះ​អ្នក​សារព័ត៌មាន។ ការ​ប្រែប្រួល​​ផ្នែក​នយោបាយ​ ក៏​ជា​កត្តាមួយ​នាំ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​អ្នក​សារព័ត៌មាន​ផង​ដែរ។ កត្តា​សង្គម ការ​កើន​ឡើង​នូវ​ការ​វិនិ​យោគ​ ការ​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អន​ឡាញ អំពើ​ពុក​រលួយ​ជា​ដើម»។

ករណីនេះ លោក ណុប វី ស្នើ​​គ្រប់​ភាគី​ពាក់​ព័ន្ធ​រួមគ្នា​ ផ្ដល់យោបល់​នៅ​ពេលមានការ​​​តាក់​តែង​ច្បាប់​នានា ខណៈ​លោក​ថា ​ការទទួល​បានយោបល់ពីភាគីចម្រុះប្រសើរជាសម្រេចតែក្នុងចំណោមក្រុមណាមួយ។

លោក​ថា៖ «​អ្នក​ពាក់​ព័ន្ធគួរ​ពិនិត្យ​មើល​​ច្បាប់ដែល​កំពុង​​ជជែក​និង​រៀប​ចំ​ ដែល​មិន​ទាន់​បាន​ជជែក​ និង​ពិភាក្សា​ឱ្យ​បាន​ផុសផុល​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ​គួរតែ​បើក​ឱ្យ​ទូ​លាយ​នៅ​ក្នុង​ការ​ទទួល​បាន​យោបល់​ត្រឡប់​ពី​អ្នក​ទាំង​អស់​នោះ​ ប្រសើរ​ជាង​ការ​សម្រេចចិត្ត​តែ​មួយ​ក្រុម​។ ចំណែក​អ្នក​សារព័ត៌មាន​គួរ​ពង្រឹង​សមត្ថ​ភាព ដើម្បី​ឆ្លើយ​តប​នូវ​កត្តា​ប្រែប្រួល​សង្គម​មួយ​ចំនួន​ ការ​ចូល​រួម​ចំណែក​ពី​សាធារណៈជន​ទូទៅ​ផង​ដែរ​ ដើម្បី​កំណត់​ឬ​ឱ្យ​តម្លៃ​លើ​តួនាទី​របស់​ស្ថាប័នប្រព័ន្ធ​ផ្សព្វ​ផ្សាយ ជាពិសេស​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ ដែល​​ហ៊ាន​រាយការណ៍​ព័ត៌មាន​ពិត​ក្នុង​សង្គម​»។

អ្នកសារព័ត៌មានឯករាជ្យមួយ​រូប​​ លោក អ៊ឹង ស៊ា បានលើកឡើង​ថា ក្នុង​ការ​បំពេញ​ការ​​ងារ​ជា​អ្នកសារ​ព័ត៌​មាន កន្លងមក លោក​ធ្លាប់​ត្រូវ​បាន​គេ​គំរាម​ដល់​សុវត្ថិ​ភាព​រាង​កាយពីសំណាក់​ឆ្មាំយាម​ អំឡុងពេល​ដែលលោក​​ចុះ​រាយ​ការណ៍​ព័ត៌មាន​នៅ​ការ​ដ្ឋាន​មួយ​ ក្នុ​ង​ខេត្ត​កំពត។

លោក​បង្ហាញការ​អន់ចិត្តនៅពេល​ដែល​​លោក​ជា​អ្នក​សារព័ត៌មាន​ម្នាក់ ដែល​ខំប្រឹងប្រែង​ចុះយក​ព័ត៌មាន​​ដល់​​សហគមន៍​​ និង​ចូល​រួម​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់សាធារណជន​ ដើម្បី​ជា​​ប្រយោជន៍​រួម តែ​បែរ​ជា​ត្រូវ​រង​ការគំរាមកំហែងទៅវិញ។ ករណីនេះ លោក អ៊ឹង ស៊ា បាន​​ស្នើគ្រប់​​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋាន​កុំ​រើស​អើង​អ្នក​សារព័ត៌​មាន និង​ត្រូវ​ជួយ​គាំពារ​អ្នក​សារព័ត៌មាន​ពេល​ចុះ​យក​ព័ត៌​មាន។

លោកថា៖ «អ្វីដែលសំខាន់នោះ គឺការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន នៅពេលដែលអ្នកសារព័ត៌មាន​ចុះៗព័ត៌មានធ្វើការជាមួយពួកគាត់ដោយយកចិត្តទុកដាក់ និងកុំប្រកាន់គោលនយោបាយ ឬ​មួយ​គិតថាអ្នកសារព័ត៌មាន​មកពីផ្នែកនេះមិនល្អ ផ្នែកនោះមិនល្អ។ ម្យ៉ាងវិញទៀត ចង់បានការគាំទ្រពីអង្គការ​ដែលធ្វើការលើផ្នែកសិទ្ធិមនុស្សឲ្យចូលរួមយ៉ាងស្រសាក់ស្រសាំជាមួយរដ្ឋាភិបាល នៅក្នុងការធ្វើយ៉ាងណាឱ្យមានការគាំពារដល់អ្នកសារព័ត៌មាន»។

ជុំវិញបញ្ហានេះ លោកទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មាន​ប្រសាសន៍ថា ​របាយការណ៍ដែលអង្គ​ការ​នានា​​ បានរៀបចំឡើង​​​ជាការចូលរួម​ចំណែក​​មួយ​​ផ្នែក​ ព្រោះបានកត់ត្រារាល់បញ្ហារបស់អ្នកសារព័ត៌មាន ដែល​បង្ហាញពីការយកចិត្តទុកដាក់ពីសកម្មភាពការងាររបស់ពួកគាត់។

លោកថា​៖ «ពួកគាត់ទាំងអស់បានលើកទឹកចិត្តឱ្យ​ចូលរួមផ្តោតពីសកម្មភាពការងារ ដូចជា ការប្រតិ​បត្តិ​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​អ្នក​សារព័ត៌មាន​យើង និង​ធានា​ឱ្យ​មាន​ការ​លើក​កម្ពស់​ការ​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន និង​លិខិត​បទ​ដ្ឋាន​ពាក់​ព័ន្ធ​ក្នុង​វិស័យសារ​ព័ត៌មាន​ ដែល​យើងកំពុង​អនុវត្ត​ជា​ប្រចាំ»។

បើតាម​មន្ត្រីអ្នកនាំពាក្យ​រូបនេះ​ គិតចាប់ពីឆ្នាំ២០២៤ ដល់ត្រីមាសទី១ ឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបាន​ជួយ​​ដោះស្រាយបណ្តឹងពាក់ព័ន្ធសារព័ត៌មាន សរុបចំនួន ៥៧ករណី ក្នុងនោះ ក្រសួងបានជួយជ្រោមជ្រែងក្នុងដំណើរការដោះស្រាយវិវាទតាមផ្លូវតុលាការចំនួន ៨ករណី។

លោក​បន្តថា ចំពោះទង្វើបំពានបទប្បញ្ញតិ្តច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌និងវិជ្ជាជីវៈ កិច្ចសន្យាអាជីវ​កម្មសារព័ត៌មាន និងការបំពានសិទ្ធិឯកជនភាពបុគ្គលធ្ងន់ធ្ងរហើយ​មិនព្រមកែកំហុស ក្រសួងបានអនុវត្ត​​វិធានការលុបអាជ្ញាបណ្ណចំនួន ៩អង្គភាព និងបានចេញលិខិតព្រមានចំនួន ១៣អង្គភាព និងបានព្យួរអាជ្ញាបណ្ណចំនួន ១ អង្គភាព ព្រមទាំងបានអនុវត្តនីតិវិធីរដ្ឋបាលដោយបានផ្តល់ការតម្រង់ទិសលើការប្រតិ​បត្តិក្រមសីលធម៌វិជ្ជាជីវៈ និងណែនាំដល់អ្នកសារព័ត៌មានប្រព្រឹត្តខុសវិជ្ជាជីវៈ ដោយធ្វើកិច្ចសន្យាចំនួន​៤៣​ករណី។ ចំណែកឯកំហុសវិជ្ជាជីវៈ ត្រូវបានកែតម្រូវឱ្យមានភាពសុក្រឹតជាមួយព័ត៌មានត្រឹមត្រូវ ហើយត្រូវបាន​ផ្សាយដើម្បីឱ្យសាធារណជនអស់មន្ទិល និងភាគីពាក់ព័ន្ធទទួលយកបានរៀងៗខ្លួន។

កាលពីចុង​ខែ​មេសា ឆ្នាំ​២០២៥នេះ ​ក្រសួងព័ត៌មាន ក៏បាន​ចេញរបាយការណ៍​ប្រចាំ​ឆ្នាំ​២០២៥ ដោយ​​បង្ហាញ​​ថា ក្នុង​ចំណោម​​អ្នក​​ស្ទង់​​មតិ​​សរុប​​ចំនួន ៤៦៧នាក់ ឬ​ស្មើ​នឹង ៨១,៤​ភាគរយ តំណាងអ្ន​កសា​រ​ព័ត៌​មាន​​ទូទាំង​ប្រទេស ដែល​ត្រូវ​បាន​សម្ភាសន៍​ បាន​និយាយ​ថា សេរីភាព​សារ​ព័ត៌​មាន​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ។

តែសម្រាប់ ​របាយការណ៍​ដែលចេញ​ដោយ​អង្គការ​អ្នក​សារព័ត៌មា​ន​គ្មាន​ព្រំដែន​(RSF) កាល​ពីថ្ងៃទី២ ខែ​ឧសភា ឆ្នាំ​២០២៥វិញ ​​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា ១៦១ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងសន្ទស្សន៍​សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៥ ដែលជាការ​ធ្លាក់ចុះ​បន្ថែម​ទៀត​ពី​ចំណាត់​ថ្នាក់ ១៥១ កាលពីឆ្នាំ២០២៤ ដែលចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយកាន់តែយ៉ាប់យ៉ឺន៕

អត្ថបទគួរឱ្យចាប់អារម្មណ៍