លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ និងបញ្ជាឱ្យបិទច្រកទ្វារព្រំដែនចំនួន២ គឹច្រកជាំស្រងាំ និងជប់គគីរ នៃខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះទៅ បន្ទាប់ពីភាគីថៃ ប្រកាសបិទច្រកសាយតាគូ-ជប់គគីរ ជាឯកតោភាគីមុន។
យោងតាមការបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា ចាប់ពីម៉ោង ១២យប់ថ្ងៃទី២២ ខែមិថុនានេះទៅ ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។
លោកថា៖ «បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា»។
ជុំវិញការផ្អាកនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃនេះ កាលពីថ្ងៃទី២០ ខែមិថុនា ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានលើកឡើងថា កម្ពុជាមិនស្លាប់ដោយសារការមិននាំចូលប្រេងឥន្ធនៈពីប្រទេសថៃនោះទេ ប៉ុន្តែអ្នកដែលស្លាប់នោះ គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ ខណៈកម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីដោះស្រាយស្ថានភាពដែលខាងថៃគំរាមរួចហើយ ទាំងរឿងអ៊ីនធើណែត អគ្គិសនី ពលករ និងពេលនេះ រឿងប្រេងទៀត។
ស្របពេលគ្នានោះ ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានផ្តល់យោបល់ទៅរាជរដ្ឋាភិបាលកម្ពុជា គួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទពីប្រទេសនេះផងដែរ។
ការលើកឡើងរបស់ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីលោកឃើញគណបក្សប្រឆាំងថៃមួយ កាលពីថ្ងៃទី២០ ខែមិថុនា បានជូនយោបល់ទៅរាជរដ្ឋាភិបាលថៃ ឱ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់។
នៅព្រឹកថ្ងៃអាទិត្យនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបញ្ជាទៅអភិបាលខេត្តឧត្តរមានជ័យ ឱ្យបិទច្រកជប់គគីរ ខាងកម្ពុជា ជាអចិន្ត្រៃយ៍វិញ និងបិទច្រកទ្វារព្រំដែនអន្តរជាតិជាំស្រងាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បន្ថែមមួយទៀតផងដែរ ក្រោយពីមេបញ្ជាការយោធភូមិភាគ២ នៃកងទ័ពថៃ បានចេញលិខិតជូនដំណឹងពីការបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ ដោយឯកតោភាគីមុន។
លោកបានគូសបញ្ជាក់ថា៖ «កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា»។
បើតាមប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ វាជារឿងចម្លែកមួយ ដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំឱ្យមានការចរចាបើកច្រកព្រំដែន ឱ្យមានភាពប្រក្រតីភាពឡើងវិញ ប៉ុន្តែពេលជាមួយគ្នានោះ បែរជាកងទ័ពរបស់ថៃនៅតែបន្តបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញ ជាឯកតោភាគីទៅវិញ។
យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្រាប់ការបើកច្រកព្រំដែនរវាងកម្ពុជា និងថៃ ខាងកម្ពុជានៅតែប្រកាន់ជំហរ «មិនមានការចាំបាច់ ក្នុងការចរចាទ្វេភាគីរឿងបើកច្រកព្រំដែន រវាងប្រទេសទាំងពីរនោះទេ»។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់សារជាថ្មីដែរថា ប្រសិនបើភាគីថៃ ពិតជាចង់បើកច្រកព្រំដែនឱ្យប្រក្រតីឡើងវិញនោះ គឺកងទ័ពថៃ ដែលជាអ្នកចាប់ផ្ដើមបិទច្រកជាឯកតោភាគីមុន ត្រូវបើកច្រកឡើងវិញជាឯកតោភាគីឱ្យដូចស្ថានភាពមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥វិញ នោះកម្ពុជានឹងបើកឡើងវិញដែរ យ៉ាងយូរត្រឹម ៥ម៉ោងបន្ទាប់។
ភាពតានតឹងនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ និងការមានវិធានការនានាដាក់គ្នាទៅវិញទៅមក ជាបន្តបន្ទាប់ បានកើតឡើងក្រោយពីទាហានថៃ បានវាយឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់ នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។
លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ថ្លែងប្រាប់ Press Strat Cambodia នៅថ្ងៃអាទិត្យនេះថា ច្រកព្រំដែនជប់គគីរ និងជាំស្រងាំ គឺបិទហើយ ដោយមានស្ថានភាពស្ងប់ស្ងាត់ធម្មតា គ្មានការចេញចូលរបស់ប្រជាពលរដ្ឋ ឬការចល័តទំនិញនោះទេ។
លោកថា៖ «ច្រកទាំងពីរ ជារួម គឺជាច្រកសម្រាប់ការដោះដូរពាណិជ្ជកម្ម កម្រិតមធ្យម ជាមួយនឹងចលនាប្រជាពលរដ្ឋទាំងថៃ ទាំងកម្ពុជា ចេញចូលជាប្រចាំថ្ងៃ ជាពិសេសអ្នកនៅជាប់តាមបណ្ដោយព្រំដែនយើងនេះ»។
បើតាមលោកអភិបាលខេត្តរូបនេះ ក្នុងខេត្តឧត្តរមានជ័យ មានច្រកព្រំដែនអន្តរជាតិសំខាន់ៗចំនួន៣ ដូចជាច្រកព្រំដែនអន្តរជាតិជប់គគីរ ស្ថិតក្នុងស្រុកបន្ទាយអំពិល ជាប់នឹងខេត្តបុរីរម្យ នៃប្រទេសថៃ ច្រកព្រំដែនអន្តរជាតិជាំស្រងាំ ស្ថិតក្នុងស្រុកអន្លង់វែង ជាប់នឹងខេត្តស៊ីសាកេត នៃប្រទេសថៃ និងច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងស្រុកសំរោង ជាប់នឹងខេត្តសុរិន្ទ្រ នៃប្រទេសថៃ។ មុនវិធានការបិទព្រំដែនទាំងពីរនៃប្រទេសទាំងពីរក្នុងខេត្តនេះ លោកថា ច្រកទ្វារអន្តរជាតិជាំ បើកដំណើរការ ៣ថ្ងៃក្នុងមួយសប្តាហ៍ គឺចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ហើយច្រកជប់គគីរ បើកត្រឹមតែបីថ្ងៃដូចគ្នា គឺចាប់ពីម៉ោង ១០ព្រឹក ដល់ថ្ងៃត្រង់ប៉ុណ្ណោះ។
ជុំវិញការបិទព្រំដែននេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បានលើកឡើងថា ស្ថានភាពបច្ចុប្បន្ននេះ គឺមិនអាចទប់ស្កាត់ការសម្រេចចិត្តរបស់អ្នកនយោបាយបានទេ ហើយបើការឆ្លើយតបបែបសងសឹកគ្នា រវាងប្រទេសទាំងពីរនៅតែបន្តក្នុងរយៈពេលវែង នឹងប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសប្រជាជនរស់នៅតាមបណ្ដោយព្រំដែន។
លោកបណ្ឌិតលើកឡើងយ៉ាងដូច្នេះ៖ «គ្រាន់បានឈ្នះគ្នាផ្លូវចិត្ត តែរឿងសេដ្ឋកិច្ច គឺចាញ់ទាំងសងខាង តែក្នុងពេលនេះ យើងមិនអាចទប់ការសម្រេចចិត្តរបស់អ្នកនយោបាយបានទេ ព្រោះអីទាំងសងខាងនៅចង់ចាញ់ចង់ឈ្នះខ្លាំង ហើយបើវិធានការបែបនេះ នៅបន្តយូរតទៅទៀត ខ្ញុំគិតថា អ្នកនយោបាយ គាត់នឹងចាប់ផ្ដើមពិបាករឿងការទូតទាំងសងខាង ហើយបើអ្នកដែលមានសេដ្ឋកិច្ចខ្លាំង ក្រែងគេមានច្រកចេញទៅណាទៅណីទៀត តែបើអ្នកសេដ្ឋកិច្ចខ្សោយ អាចនឹងមានផលលំបាកច្រើន ដែលត្រូវប្រឈម និងដោះស្រាយជាមួយ»។
កម្ពុជា និងថៃ មានព្រំដែនជាប់គ្នា ប្រវែងប្រមាណ ៨១៧គីឡូម៉ែត្រ ក្នុងនោះមានខេត្តចំនួន៧ របស់កម្ពុជា ជាប់ព្រំដែនថៃ ក្នុងនោះមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បៃលិន បន្ទាយមានជ័យ ព្រះវិហារ និងឧត្តរមានជ័យ។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ច សង្កេតឃើញថា ក្នុងស្ថានភាពកំពុងតឹងតែងនៃប្រទេសកម្ពុជា និងថៃ វិធានការបិទព្រំដែនបានកើតឡើងជាបន្តបន្ទាប់ ហើយអាចឈានដល់ការបិទច្រកព្រំដែនទាំងអស់ បន្ទាប់ពីប្រទេសថៃ បានហៅឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ឱ្យត្រឡប់ទៅកាន់ទីក្រុងបាងកកវិញ កាលពីពេលថ្មីៗនេះ។
ផលប៉ះពាល់លើផ្នែកសេដ្ឋកិច្ចវិញ លោកបណ្ឌិត ជ័យ តិច ថាភាគីថៃ គឺជាអ្នកខាតបង់ច្រើន ព្រោះជាប្រទេសអ្នកលក់ឱ្យកម្ពុជា។ យ៉ាងណា លោកថា កម្ពុជាផ្ទាល់ក៏ប្រឈមនឹងតម្រូវការផ្នែកផ្គត់ផ្គង់រយៈពេលខ្លីផងដែរ ដែលតម្រូវឱ្យរដ្ឋាភិបាល ត្រូវដាក់ចេញការឆ្លើយតបច្បាស់លាស់ទៅលើផលប៉ះពាល់នៃផ្នែកនិមួយៗ ដូចជា បញ្ហាកម្មករកម្ពុជាដែលមកពីប្រទេសថៃវិញ ប្រេងសាំង និងបុគ្គលិកកម្ពុជា ដែលធ្វើការលើវិស័យនេះ ក៏ដូចជាអាជីវករ ពាណិជ្ជករកម្ពុជាដែលរកស៊ីនាំចេញនាំចូលជាមួយខាងថៃ។
លោកថា៖ «ដូច្នេះខ្ញុំជឿជាក់ថា រដ្ឋាភិបាល នឹងមានវិធានការ តាមរយៈការប្រជុំជាមួយនឹងវិស័យឯកជន និងក្រសួងដែលពាក់ព័ន្ធ ដើម្បីចាត់វិធានការឆ្លើយតប ជួយសម្រួលដល់កម្មករ អាជីវករ ពាណិជ្ជកររបស់កម្ពុជាយើង ក្នុងការដោះស្រាយបញ្ហាការងារជូនពួកគាត់ ក៏ដូចជាការស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងៗទៀត ដើម្បីជំនួសការនាំចូលពីខាងប្រទេសថៃនេះ»។
បើតាមលោក ជ័យ តិច ប្រទេសថៃ ខាតបង់ទឹកប្រាក់ប្រមាណ ១៤លានដុល្លារក្នុង១ថ្ងៃ លើការនាំចូលផ្នែកពាណិជ្ជកម្មនឹងកម្ពុជា ខណៈវិធានការបិទការនាំចូលបន្លែ និងផ្លែឈើមកកម្ពុជា ថៃខាតប្រាក់ប្រមាណ ១លានដុល្លារក្នុង១ថ្ងៃ។
ឯការបិទការនាំចូលគ្រឿងកំប៉ុង៤មុខ រួមមាន ស្រាដប ស្រាបៀរ ភេសជ្ជៈ និងត្រីខកំប៉ុង លោកថា ថៃអាចនឹងខាតទឹកប្រាក់ប្រមាណ ២៥០លានដុល្លារ ខណៈការបិទការនាំចូលប្រេងសាំង ថៃនឹងខាតប្រមាណ ២ ១០០លានដុល្លារនៃការនាំចូលប្រមាណ ២៩% នៃការនាំចូលសរុបរបស់កម្ពុជា។
តាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ សម្រេចបានតម្លៃទឹកប្រាក់សរុបប្រមាណ ១,១៤ពាន់លានដុល្លារ កើនឡើង ២,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រទេសថៃ នៅកម្ពុជា កាលពីខែមេសាកន្លងទៅ ប្រទេសទាំងពីរ មានគោលបំណងលើការសម្រេចឱ្យបាន ១៥ពាន់លានដុល្លារអាមេរិកសម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគីត្រឹមឆ្នាំ២០២៧៕