ពលរដ្ឋនៅ​ជាប់​ប្រឡាយ​លូ​បឹង​ត្របែក​​​សុំ​កិច្ច​អន្តរា​គមន៍​ពី​​​រដ្ឋាភិ​បាល ខណៈ​​កំពុង​​​ប្រឈម​​​​​ការ​​​បណ្ដេញ​​​ចេញ​

ប្រជាសហគមន៍សាមគ្គីរុងរឿងរស់នៅជាប់ប្រឡាយលូបឹងត្របែក ក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ​មន រាជធានីភ្នំពេញ ប្រមាណជាង៥០នាក់ ស្នើប្រមុខរដ្ឋាភិបាល ជួយ​​អន្តរា​គមន៍​​ដោយ​​ផ្ដល់​សំណង​ជា​ថវិកា​​ ឬ​​ផ្ទះ​​សមរម្យ​ជូន​ពួក​គាត់ ខណៈអាជ្ញាធរមូលដ្ឋាន​ដាក់​កំហិត​ឱ្យ​ពួកគាត់​រុះ​រើ​ផ្ទះ​សម្បែង​នៅ​​សប្ដាហ៍​​នេះ។​

ការ​ស្នើនេះ បានធ្វើឡើង​អំឡុងពេលដែលប្រជាពលរដ្ឋប្រមាណ ៥០នាក់ តំណាង​ឱ្យ​ជាង ៨០គ្រួសារ ​ដែល​រស់​ជាប់​ប្រឡាយ​លូបឹង​ត្របែក តាមបណ្តោយ​ផ្លូវ​លេខ៩៧ ៩៩ និង​១០៥ បាន​ធ្វើសន្និសីទ​សារ​ព័ត៌មាន កាល​​​ពីថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ​២០២៥នេះ។

អ្នកស្រី ខឹម ពៅ អាយុ ៥៨ឆ្នាំ​ ជាពលរដ្ឋ​​​​រស់​នៅ​តាមបណ្តោយ​​ផ្លូវ​លេខ​​៩៩ តាម​​មាត់​ប្រទ្បាយ​បឹង​ត្របែក បាន​ថ្លែង​ថា កាលពីថ្ងៃទី​១៣ ខែមិថុនា អាជ្ញាធរ​មូលដ្ឋាន បានជូនដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​ជាង ៨០គ្រួសារ រុះ​រើ​ផ្ទះចេញពីតំបន់​នោះ ដើម្បីឱ្យ​រដ្ឋាភិបាលអភិវឌ្ឍន៍​គម្រោង​ពង្រីក​ប្រឡាយ​រំដោះទឹក​ក្នុង​រាជធានីភ្នំពេញ។

អ្នកស្រីបន្តថា ខាង​អាជ្ញាធរ​បានដាក់ឱសានវាទ ឱ្យ​ពួកគាត់រុះរើចេញ ​​ត្រឹម​ថ្ងៃទី ២២ ខែមិថុនា​នេះ​​ជា​កំហិត ដែល​​ការណ៍នេះ អ្នកស្រីបាន​ស្នើ​ដល់ប្រមុខ​រាជរដ្ឋាភិបាល ជួយ​អន្តរាគមន៍​រកដំណោះស្រាយ​សម្រាប់ពួកគាត់ ដោយ​ពួកគាត់​ស្នើសុំ​សំណង​​សមរម្យ ឬផ្លាស់ប្តូរទីតាំង​ថ្មីឱ្យ​ពលរដ្ឋ​រស់នៅ​បានសមរម្យ។​

អ្នកស្រីបន្តថា៖ «គាត់បានដាក់លិខិតមកឱ្យប្រជាជនរុះរើផ្ទះ សម្បែងនៅថ្ងៃទី២២ ខែ៦ ឆ្នាំ២០២៥ គាត់ផ្តល់​​​សំណងជាលុយ​មួយខ្នងផ្ទះបាន ១២០០[ដុល្លារ​] ខ្នងផ្ទះខ្លះបានតែ៧៥០[ដុល្លារ​] ខ្នងផ្ទះឯទៀតបាន​៨០០[ដុល្លារ] ខ្នងផ្ទះខ្លះបាន២០០០[ដុល្លារ​]  ខ្នងផ្ទះខ្លះបាន១៥០០[ដុល្លារ​] តើឱ្យប្រជាពលរដ្ឋរស់នៅកន្លែងណា? តើឱ្យគាត់ទៅទិញអ្វីបាន? ដូចខ្ញុំកូនច្រើន ដើរ​រើសអេតចាយផង ឱ្យលុយខ្ញុំប៉ុណ្ណឹង​​តើឱ្យ​ខ្ញុំទៅទិញ​អ្វីបាន? ខ្ញុំរើសអេតចាយសម្រាប់ចិញ្ចឹមជីវិត ឱ្យ១២០០[ដុល្លារ​] តើខ្ញុំរស់នៅរបៀបណា? តើប្រជាជនទាំងអស់រស់នៅរបៀបណា?»។

ចំណែកឯ អ្នកស្រី មុត សុផុន អាយុ៥៨ ឆ្នាំ រស់នៅបណ្ដោយផ្លូវលេខ​៩៧ ស្របតាមបណ្តោយ​លូ​បឹង​ត្របែក​នោះ​ដែរ ដែលមានកូន​ចំនួន​ ៩នាក់​ក្នុងបន្ទុក ​បានលើកឡើង​ថា ពួក​គាត់​មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍរបស់​​រាជរដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​ស្នើ​សុំ​ឱ្យ​​អាជ្ញាធរ​ផ្ដល់​សំណង​សមរម្យ ខណៈដែលពួកគាត់បានតាំង​ទីលំនៅ​នៅទីតាំង​ជាង ៣០ឆ្នាំ​មកហើយ។ អ្នកស្រីបន្តថា ចំពោះ​​​ការ​ផ្តល់សំណង​ត្រឹម​​ចំនួន ៧៥៦ដុល្លារ ជាថ្នូរឱ្យ​ពួកគាត់​​​​ចាកចេញពីលំនៅឋាន​នេះ គឺពួកគាត់ពុំអាចទទួលយកបាន​ទេ ដោយ​សារ​ចំនួននេះមិនគ្រប់​គ្រាន់​សម្រាប់​ឱ្យ​​គាត់​ទៅ​រកផ្ទះថ្មី​សម្រាប់​រស់​នៅ​សមរម្យ​បានឡើយ។​

អ្នកស្រីថា៖ «នៅក្នុងថ្ងៃ២២​ហ្នឹង គេមករូសរើផ្ទះអញ្ចឹងពួកយើងវាពិបាក ដើម្បីអីប្រជាពលរដ្ឋនៅនេះសុទ្ធ​តែ​អ្នកក្រ ​​ដូចខ្ញុំកូនច្រើន ដល់អ៊ីចឹងអត់ដឹងទៅរស់នៅកន្លែងណា វាអត់ដឹងទៅនៅកន្លែងណា លុយ​បាន​តែ​ ៧-៨ រយ[ដុល្លារ​​]ហ្នឹង ហើយទៅទិញដីកន្លែងណាបាននៅ?[…] សូមសម្ដេច ហ៊ុន សែន ហ៊ុន ម៉ាណែត សម្ដេច​តា​សម្ដេច​យាយ​ទាំង​អស់ ដើម្បី​ឱ្យ​ជួយ​​ប្រជា​ពលរដ្ឋ​នៅ​តាម​លូ ឱ្យ​រក​កន្លែង​ឱ្យ​សមរម្យ ​ដើម្បី​បាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ឱ្យ​បាន​សុខ កុំ​ឱ្យ​​ចេ​ញ​ទៅ​​ទាំង​​ទឹក​ភ្នែក»។

អ្នកស្រី ម៉េង ស្រីនឿន ជាពលរដ្ឋ​រស់​​នៅ​តាមបណ្តោយ​​ផ្លូវលេខ​១០៥ បាន​និយាយថា អ្នកស្រីបានរស់នៅ​តំបន់​នោះ​អស់រយៈពេល ២០ឆ្នាំ ជាមួយសមាជិកគ្រួសារទាំង ៨នាក់។ អ្នកស្រីគ្រាំទ្រ ចំពោះគម្រោងអភិវឌ្ឍន៍​​របស់រដ្ឋាភិបាល ក្នុងគោលបំណងការពារទឹកជំនន់ ប៉ុន្តែអ្នកស្រីមិនយល់ស្របក្នុងការទទួលសំណង​របស់អាជ្ញាធរផ្តល់ឲ្យនោះទេ​។

អ្នកស្រីនិយាយថា៖ «បើរាជរដ្ឋាភិបាលចង់ដោះស្រាយនៅទីនេះដែរ ដើម្បីបញ្ចៀសទឹកជំនន់កុំឲ្យជន់លិចដល់ទីក្រុង នាងខ្ញុំក៏ព្រមទទួលការអភិវឌ្ឍ​របស់​រដ្ឋាភិបាល ក៏ប៉ុន្តែ​នៅ​ខាង​អាជ្ញាធរ​ដែលគាត់​ដោះដូរជាសំណង ២១០០[ដុល្លារ​​] ឲ្យ​នាងខ្ញុំទទួលបែបម៉េច? តើពួកយើងយកលុយហ្នឹងទៅធ្វើអីកើតដែរ»។

ជុំវិញករណីនេះ អ្នកនាំពាក្យរដ្ឋបាល​​រាជធានីភ្នំពេញ អ្នកស្រី ដោ សម្ភស្ស មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​មិន​អនុញ្ញាត​​ឱ្យ​ពលរដ្ឋ​រស់​នៅ​តំបន់​នោះបន្តទៀត​បាន​ទេ ព្រោះ​​ត្រូវពង្រីក​ប្រឡាយដើម្បី​​រំដោះ​ទឹ​ក​កុំ​ឱ្យ​ជន់​លិច​រាជ​ធានីភ្នំពេញ ហើយ​ក្នុង​ករណីក្រុមពលរដ្ឋមិនសុខចិត្ត គាត់អាចប្ដឹងទៅតុលាការបាន។

អ្នក​ស្រីថា​៖ «បើគាត់ទាមទារៗមិនសុខចិត្តជាមួយនឹងសំណងដែលអន្តរក្រសួង គាត់កំពុងដោះស្រាយ យើង​បាន​បើក​ផ្លូវ​ឱ្យ​គាត់​ធ្វើ​ការ​ប្ដឹង​តវ៉ា គាត់​អាច​ប្ដឹង​ទៅ​ក្រសួង ហើយទី​ពីរ​ទៀត​បើ​គាត់​មិន​ព្រម​ទេ សំណង​រដ្បវេណី​ហ្នឹង​ គាត់​អាច​ប្ដឹង​ទៅ​តុលាការ គាត់​អាច​ប្ដឹង​បាន»។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃ​អង្គការការ​ពារ​សិទ្ធិ​មនុស្ស​​លីកាដូ មាន​ប្រសាសន៍​​ថា អាជ្ញាធរត្រូវចរចារជាមួយ​ប្រជាពលរដ្ឋ​ដោយសន្តិវិធី ដើម្បីស្វែងរកដំណោះស្រាយ​ដែលអាចទទួលយកបានទាំង​អស់គ្នា ដើម្បីបញ្ចៀសការបណ្តេញចេញដោយបង្ខំ ឬការកើតឡើងនូវអំពើហិង្សាណាមួយ ។

លោក​ថា៖ «ការបណ្តេញចេញដោយបង្ខំ​ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ និងបង្កឱ្យមានផលប៉ះពាល់ក្នុងការតាំងទីលំនៅថ្មី និងជីវភាពរស់នៅ និងមុខរបររបស់ប្រជាពលរដ្ឋ ការសិក្សារបស់កុមារ ជាដើម។ បទពិសោធន៍កន្លងមក អាជ្ញាធរអាចធ្វើការដកស្រង់បទពិសោធន៍ទាំងនោះបាន ហើយពីការបណ្តេញចេញដោយ​បង្ខំ។ កន្លងមក អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានទទូចឱ្យរាជរដ្ឋាភិបាល​បញ្ឈប់​ការ​បណ្តេញ​ចេញ​​ដោយ​បង្ខំ»។

គួរ​បញ្ជាក់ផងដែរថា គម្រោងស្តារ​ប្រឡាយឡូបឹង​ត្របែក គឺជាគម្រោងមួយក្នុងផែនការធំ ដើម្បីដោះស្រាយបញ្ហា​​ទឹក​ជំនន់ និង​បង្កើន​ប្រសិទ្ធ​ភាព​ប្រព័ន្ធ​លូទឹកនៅ​រាជធានីភ្នំពេញ ដែលបានដឹកនាំ​ដោយក្រសួងសាធារណ​ការ និងដឹកជញ្ជូន និងរដ្ឋបាល​រាជធានីភ្នំពេញ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍