រថយន្ត​​ក្រុង​៦០០​គ្រឿង​នឹង​​ផ្តល់​​សេវា​​​​ឥត​​គិត​​ថ្លៃ​​ ៦​ថ្ងៃ​​ អំឡុង​ពិធីបុណ្យចូល​ឆ្នាំ​ខ្មែរ​

ដោយៈ

Press Start Cambodia Avatar

រដ្ឋបាលរាជធានីភ្នំពេញប្រកាសឱ្យប្រើប្រាស់សេវារថយន្ដក្រុងឥតគិតថ្លៃចំនួន៦០០គ្រឿង រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០​២៦ ដើម្បីជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋនៅ​ក្នុងឱកាស​​​ពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ។ 

យោង​តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ចុះនៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ​នឹងដាក់ឱ្យប្រើប្រាស់រថយន្ដក្រុងសាធា​រណៈដោយឥតគិតថ្លៃ ក្នុងនោះមានសេវា​ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងសេវារថយន្ដក្រុងអាកាសយានដ្ឋានអន្តរជាតិតេ​ជោចំនួន១០០ គ្រឿង និងសេវា​ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្ត​​ត្រឡប់ចូលមករាជធានីភ្នំពេញវិញចំនួន ៥០០គ្រឿង។ 

សេចក្តី​ជូន​ដំណឹងបាន​ឱ្យ​ដឹង​ទៀត​ថា ម៉ោង​ចេញ​ដំណើរ​ចាប់ពី​ម៉ោង ៦: ៣០ព្រឹក ដល់​ម៉ោង ១១:៣០​ ព្រឹក​ ដោយ​ទីតាំង​ចេញដំណើរ​ពីភ្នំពេញ​មាន ​៦កន្លែង គឺ​នៅ​ស្ថានីយរថយន្ត​ក្រុង​វាលស្បូវ ស្ថានីយរថយន្តក្រុង​ចាក់អង្រែលើ ស្វានីយរថយន្តក្រុង​ផ្លូវ ២០០៤ ស្ថានីយរថយន្តក្រុង​សួនច្បារឫស្សីកែវ ដីឡូត៍តំបន់ OCIC ជ្រោយ​ចង្វារ និងស្ថានីយរថយន្តក្រុង​រង្វង់មូល​កួច​កាណុង។

កញ្ញា ខឿន សុម៉ារី ជានិស្សិតជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដែលមកបន្ដ​ការ​​​សិក្សានៅរាជធានីភ្នំពេញ​ មានស្រុកកំណើតនៅខេត្តឧត្តរមានជ័យ បង្ហាញការត្រេកអរក្រោយដឹងដំណឹងនេះ ព្រោះខ្លួនមានគម្រោងទៅលេងស្រុក​កំណើតនា​ពេលខាងមុខ។

សុម៉ារី ជឿថា ការធ្វើបែបនេះជួយសម្រួលការ​ធ្វើ​ដំណើរ​​របស់​នាង ប្រជាពល​រដ្ឋទូទៅ អ្នកធ្វើការ ក៏ដូចជាសិស្សនិសិ្សតផ្សេងទៀតបាន​ច្រើន​ ដើម្បីជួបជុំគ្រួសារ ថែមទាំងជួយសន្សំសំចៃថវិការផងដែរ។  

សុម៉ារី និយាយថា៖ «ជាធម្មតា តម្លៃធ្វើដំណើរតែងមានការឡើងថ្លៃ អំឡុងពេលចូលឆ្នាំ។ បើតាមបទពិសោធន៍កន្លងមក គឺអាចឡើងពី ៣៥០០០រៀលដល់៤០០០០ ឬ៥០០០០រៀល អ៊ីចឹងទៅ។ ដូច្នេះការមានរថយន្ដក្រុងជិះដោយ​​ឥតគិតថ្លៃ ដែលរៀបចំដោយរដ្ឋពិតជាជួយសម្រួលបានច្រើនមែនទែន»​​​។ 

ចំណែកអ្នក​ស្រី ហ៊ី ស្រីល័ក្ខ អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម  ជាកម្មការិ​នីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ បាននិយាយថា អ្នក​ស្រី​សប្បាយចិត្ត ដែលមានរថយន្ដក្រុងធ្វើដំណើរដោយឥតគិតថ្លៃបែបនេះ ហើយក៏មានបំណងចង់ប្រើប្រាស់មធ្យោបាយនេះផងដែរ ក៏ប៉ុន្ដែអ្នក​ស្រីសម្រេច​ចិត្តជ្រើសរើស​យកមធ្យោបាយផ្ទាល់ខ្លួនជំនួសវិញ​ ព្រោះយល់ឃើញថា ការឈប់របស់ឡានក្រុងនៅឆ្ងាយពីផ្ទះរបស់​អ្នក​ស្រី​ពេក។

អ្នក​ស្រី​បន្តថា  អ្នក​ស្រី​ត្រូវការរថយន្ដជិះបន្ដ​ទើប​​អាចទៅដល់ផ្ទះ​ ដូច្នេះវានៅតែ​ពិបាក និងត្រូវចំណាយប្រាក់​​បន្ថែមដដែលសម្រាប់អ្នកមានទីលំនៅនៅតាមតំបន់ជាយខេត្តនានា។

អ្នក​ស្រី ហ៊ី ស្រីល័ក្ខ និយាយ​ថា ៖ «បើសិនមានឡានគេជូនដល់ផ្ទះតែម្តងនឹងសប្បាយចិត្ត សម្រាប់អ្នករោងចក្រនិងអ្នកដែលគ្មានអ្វីជិះ​»។

ជុំវិញករណីនេះ លោក ថន ធន អាយុ​២៦ឆ្នាំ ជាមន្រ្ដី​​សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រ ក៏យល់​ឃើញថា នេះក៏ជារឿងល្អមួយដែរ ដែល​ដ្ឋាភិបាល តែងផ្ដល់មធ្យាបាយធ្វើដំណើរដោយឥតគិតថ្លៃជារៀង​​រាល់ឆ្នាំបែបនេះ  ដើម្បី​ជួយ​សម្រួលដល់កម្មករ​ ដោយកាត់បន្ថយ​ការចំ​ណាយរបស់ពួកគាត់​។

ទោះបី​ជា​យ៉ាងណា លោកថា បើតាមការសង្កេតផ្ទាល់​ កន្លងមកចំនួនអ្នក​និយម​​​ប្រើប្រាស់មធ្យោបាយនេះអាចថា ត្រឹម​ពាក់កណ្ដាលនៅឡើយ ព្រោះស្រុក​កំណើតរបស់កម្មករ​ កម្មការិ​នីទៀតសោតភាគច្រើនសុទ្ធ​តែ​នៅឆ្ងាយពីចំណតឡានក្រុង គឺនៅតាមជនបទដាច់ស្រយាល​ផ្សេងៗ។

លោកនិយាយ​ថា៖ «ឡានក្រុងសាធារណៈរបស់រដ្ឋមិនអាចទៅដល់ទេ។ ភាគច្រើន គឺទៅតែតំបន់ទីរួមស្រុក ឬទីរួមខេត្តតែប៉ុណ្ណឹងឯង។ ចឹងពួកគាត់ត្រូវបន្ដដោយឡានឬហៅអ្នកផ្ទះពីឆ្ងាយមកយកទៀត»។

គូរបញ្ជាក់ផងដែរថា ឆ្នាំកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញក៏បានផ្ដល់ជូនសេវា​រថយន្តក្រុងឥតគិតថ្លៃបែបនេះដល់ប្រជាពលរដ្ឋទូទៅ ដើម្បីសម្រួល​ការ​ធ្វើដំ​ណើរ​ អំឡុងពិធីបុណ្យចូល​ឆ្នាំ​ថ្មី ​និង​ភ្ជុំបិណ្ឌ​ផងដែរ៕

អត្ថបទដោយ៖ សារី លីហ្សា​

អត្ថបទគួរឱ្យចាប់អារម្មណ៍