សមាជិកបក្សប្រឆាំង៣នាក់ ត្រូវបានចាប់ខ្លួន​ពាក់ព័ន្ធនឹងបទក្បត់ជាតិ និងញុះញង់

អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង អះអាងថា មានសកម្មជននយោបាយចំនួន ៣នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ចោទ​ប្រកាន់ និង​ឃុំខ្លួ​ន​នៅ​ពន្ធនាគារ​បណ្ដោះ​អាសន្ន ពាក់​ព័ន្ធ​នឹងបទ ក្បត់​ជាតិ និង​ញុះ​ញង់។

អង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញផ្សាយអត្ថបទខ្លី​មួយ​ នៅល្ងាចថ្ងៃទី០៩ ខែកញ្ញាថា សមាជិកបក្សប្រឆាំងចំនួន៣នាក់ ក្នុងនោះមួយរូប នៅខេត្តបន្ទាយមានជ័យ និងពីរនាក់ទៀត នៅខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី០៥ ខែកញ្ញា។

អង្គការលីកាដូ​ បន្តថា​ លោក ចាន់ ជាតិ សកម្មជនបក្សឆន្ទៈខ្មែរ នៅខេត្តបន្ទាយមានជ័យ ត្រូវបានចោទប្រកាន់ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ អាចធ្វើឱ្យអន្តរាយការការ​ពារ​​ជាតិ» តាមបញ្ញតិ្តមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ដោយបទចោទនេះ ស្ថិតក្នុងចំណោមបទចោទពាក់ព័ន្ធនឹងអំពើ ក្បត់ជាតិ។ លោក ចាន់ ជាតិ អាចប្រឈមមុខជាប់ពន្ធនាគារ លើ​​បទចោទ​ពី អំពើ​ក្បត់​ជាតិ​ ពី ៧ឆ្នាំ ទៅ១៥ឆ្នាំ ប្រសិន​បើលោកត្រូវបានផ្តន្តាទោស។

លីកាដូ អះអាងថា ការចាប់ខ្លួនលោក ចាន់ ជាតិ ធ្វើឡើងក្រោយពេលដែលលោកបានទៅ ថតរូប និងវីដេអូ នៅព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ​​​មានជ័យ។ បច្ចុប្បន្ននេះ លោក ចាន់​ ជាតិ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ​ខេត្តបន្ទាយមានជ័យ។

លីកាដូ បន្តទៀតថា ចំពោះសកម្មជនគណបក្សប្រឆាំងនៅខេត្តកំពង់ស្ពឺ ចំនួន ​ពីររូបទៀត គឺលោក វ៉ន ឡាង ជំទប់ទី២ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ កូតាបក្សភ្លើងទៀន និងលោក ហែម ហឿន សមាជិកក្រុមប្រឹក្សាស្រុកឱរ៉ាល់ កូតាបក្សឆន្ទៈខ្មែរ ក៏ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី​៥ ខែកញ្ញា។ អ្នកទាំងពីរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ញុះញង់»។

លីកាដូ បន្តអះអាងថា លោក ហែម ហឿន ត្រូវបានចាប់ខ្លួន ក្រោយពីលោកបានផ្តល់ព័ត៌មានពីការចាប់ខ្លួនលោក វ៉ន ឡាង ទៅកាន់ក្រុមការងារគណបក្សឆន្ទៈខ្មែរ។ បច្ចុប្បន្ននេះ អ្នកទាំងពីរត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ (ម១) ក្រោម​​ការ​ចោទ​ប្រកាន់​ពី​បទ ញុះ​ញង់ ដោយ​​អាចនឹងប្រឈមជាប់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន មានប្រសាសន៍ខ្លី​ថា ចៅក្រមស៊ើបសួរសម្រេចចោទប្រកាន់សមាជិកក្រុមប្រឹក្សាបក្សប្រឆាំងលោក វ៉ន ឡាង និងលោក ហែម ហឿន ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបង្គាប់ឱ្យឃុំខ្លួនបណ្ដោះ​អាសន្ន​​នៅពន្ធនាគារ ម១ ប៉ុន្តែលោកបដិសេធក្នុងការផ្ដល់ព័ត៌មានលម្អិត។

លោក​បញ្ជាក់ថា៖ «ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ត្រូវបានសម្រេច​ឃុំខ្លួនបណ្ដោះអាសន្ន។ ខ្ញុំសូមបញ្ជាក់ជូនប៉ុណ្ណឹងព្រោះនៅក្នុងដំណាក់ការស៊ើប»។

លោក វ៉ន សុគា អាយុ ២៦ឆ្នាំ ជាកូនប្រុសរបស់លោក វ៉ន ឡាង ជំទប់ទីពីរ នៅឃុំត្រពាំងជោរ ស្រុក​ឱរ៉ាល់ និយាយថា ឪពុករបស់លោកត្រូវបានអ្នកភូមិប្រទះឃើញអាជ្ញាធរចាប់ខ្លួន អំឡុងពេលជិះម៉ូតូទៅបញ្ចូលអាគុយតាមផ្លូវ។

លោក​ថា ការចាប់ខ្លួននេះ អាជ្ញាធរមិនបានជូនដំណឹងដល់ក្រុមគ្រួសារនោះទេ ខណៈលោកបានស្វែងរកដំណឹងពីឪពុក តាំងពីអាជ្ញាធរខេត្ត រហូតដល់រាជធានីភ្នំពេញ ទើបបានជួបគ្នា។

លោក​បានអះអាងថា លោក វ៉ន ឡាង មិនសូវចេះប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនោះទេ ហើយគាត់ចូលចិត្តមើលតែវីដេអូក្នុងយូធូប (YouTube) ប៉ុណ្ណោះ ខណៈលោកក៏បានស្រាវ​ជ្រាវ​លើ​ហ្វេសប៊ុករបស់ឪពុកដែរ គឺមិនមានអ្វីខុសប្រក្រតីឡើយ។ 

លោក​និយាយថា៖ «ខ្ញុំអត់ដឹងថា គេគិតពុកខ្ញុំម៉េច ប៉ុន្តែជាក់ស្ដែងគាត់ជាមនុស្សល្អខ្លាំងសម្រាប់​គ្រួសារខ្ញុំ ហើយគាត់អត់ដែលដើរទៅណាបាត់ចឹងទេ។ ខ្ញុំសង្ឃឹមថា តុលាការនឹងជួយដោះស្រាយបញ្ហាដែលគាត់កំពុងមាន ឱ្យគាត់បានត្រលប់មកវិញ»។

អធិការនគរបាលស្រុកឱរ៉ាល់ លោក ប៊ុត ប៊ុនធឿន មានប្រសាសន៍ថា ការចាប់ខ្លួនលោក វ៉ន ឡាង និងលោក ហែម ហឿន គឺអនុវត្តតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញប៉ុណ្ណោះ។

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នៅថ្ងៃ​ទី០៩ ខែកញ្ញានេះ បានចេញសេចក្ដីថ្លែងការណ៍​រួមគ្នាមួយ ដោយអំពាវនាវឱ្យអាជ្ញាធរដោះលែងសកម្មជនរបស់ខ្លួន និងបញ្ឈប់ការធ្វើ​ទុក្ខ​បុកម្នេញមកលើសកម្ម​ជន​នយោបាយ​តាមគ្រប់រូបភាព។

បើតាមសេចក្ដីថ្លែងការណ៍ដដែល​ កាលពីថ្ងៃទី០៥ ខែកញ្ញា អាជ្ញាធរបានចាប់ខ្លួនជំទប់ទី២ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ កូតាបក្សភ្លើងទៀនលោក វ៉ន ឡាង និងសមាជិកក្រុមប្រឹក្សាស្រុកឱរ៉ាល់ កូតាបក្សឆន្ទៈខ្មែរលោក ហែម ហឿន។

គណបក្សប្រឆាំងទាំងពីរ បានចាត់ទុកការចាប់ខ្លួននេះ គឺជាការគំរាមកំហែងនិងធ្វើទុក្ខបុកម្នេញ ក្នុងគោល​បំណងរារាំងការធ្វើសកម្មភាពនយោបាយរបស់សកម្មជនបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ​។

គណបក្សទាំងពីរ  ក៏បានអំពាវនាវឱ្យអាជ្ញាធរដោះលែងសកម្មជនគណបក្សភ្លើងទៀន និងគណ​បក្សឆន្ទៈខ្មែរ​ទាំងអស់ ​ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញ​តាមគ្រប់រូបភាពមកលើសកម្មជនគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរតទៅទៀត។

អគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ មានប្រសាស៍ថា តាមព័ត៌មានពីក្រុមគ្រួសារ សមាជិក​បក្សប្រឆាំងទាំងពីរនាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារ ម១ ​កាលពីថ្ងៃ​ទី០៧ ខែកញ្ញា ខណៈពួកគេ​ត្រូវបានចាប់ខ្លួននៅទីតាំងផ្សេងគ្នា ក្នុងស្រុកឱរ៉ាល់។ ចំពោះករណីនេះ លោកបន្ថែមថា គណបក្សនឹងផ្ដល់មេធាវីការពារក្ដី រួមទាំងដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បី​សុំជួបពិភាក្សា ជុំវិញការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់។

បើតាម លោក លី សុធារ៉ាយុទ្ធ ក្រៅពីសកម្មជន​នយោបាយទាំងបីរូប​ខាង​លើ​​ សមត្ថកិច្ចក៏បានចាប់ខ្លួន លោក ទិន ប៊ុនធឿន សកម្មជនបក្ស​​ភ្លើងទៀន នៅស្រុកត្រពាំង​ប្រាសាទ ខេត្តឧត្តរ​មាន​ជ័យ កាលថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងបទ ក្បត់ជាតិ ដោយចោទថា បានផ្តល់​ព័ត៌មានឲ្យទាហានសៀម។

លោកបន្តទៀតថា ក្នុងឆ្នាំ២០២៥នេះ មានសកម្មជនគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនចំនួន​១០​នាក់​ហើយ ត្រូវបានចាប់ខ្លួន។ បើគិតតាំងពីឆ្នាំ២០២២ មកមានសមាជិកជិត៣០នាក់ ត្រូវបានចាប់ខ្លួន ក្នុង​នោះមាន១៧នាក់ កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ។

នាយក​ទទួលបន្ទុកកិច្ចការ​ទូទៅនៃ​​​អង្គការការ​ពារ​សិទ្ធិ​មនុស្ស​​លីកាដូ លោក ​អំ សំអាត ​មានប្រសាសន៍ថា ការចាប់សកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់កន្លងមកនេះ គឺនាំឱ្យមានការរិះគន់ពីសហគមន៍ជាតិ និងអន្តរ​ជាតិ ចំពោះការរឹតត្បិតលំហសេរីភាពនយោបាយ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្និញសកម្មជននយោ​បាយ។ លោកបន្ថែមថា ក្នុងកាល:ទេស:នេះ អ្នកនយោ​បាយទាំងអស់ គួរមានសាមគ្គីភាព ឯកភាពជាតិ ការផ្សះផ្សា​ជាតិ ដោយតម្កល់ឧត្តមប្រយោជន៍​​ជាតិជាធំ។

មន្រ្តីការពារសិទ្ធិមនុស្សរូបនេះ អះអាងថា អាជ្ញាធរបានរំលោភលើនីតិវិធីច្បាប់ ប្រសិនបើមិនបង្ហាញដីកា ឬប្រាប់មូលហេតុនៃការចាប់ខ្លួនដល់សាម៉ីជន ឬក្រុមគ្រួសារគេឱ្យបានដឹង។

លោកនិយាយថា៖ «តាមក្រមនីតិវិធីព្រហ្មទណ្ឌការចាប់ខ្លួន ទោះបីជាបទល្មើសជាក់ស្តែង ក៏ត្រូវប្រាប់​ពី​បទ​ល្មើស និងមូលហេតុនៃការចាប់ខ្លួនឱ្យសាម៉ីខ្លួន ឬក្រុមគ្រួសារគេបានដឹង។ ហើយ​បើបទល្មើសមិនជាក់ស្តែងការចាប់ខ្លួនត្រូវមានដីកាពីតុលាការ និងបង្ហាញដីកា ដោយប្រាប់ពីមូលហេតុ និងការចោទប្រកាន់។ ប្រសិនបើសមត្ថកិច្ចមិនបានអនុវត្ដដូច្នេះទេ គឺរំលោភទៅនីតិវិធីនៃក្រមព្រហ្មទណ្ឌ»

អត្ថបទគួរឱ្យចាប់អារម្មណ៍