កម្មករ២០០នាក់ធ្វើការ​​នៅ​រោង​ចក្រ​​ត្រូ​ភីខល​ ត​វ៉ា​ប្រឆាំង​​ការ​ប្ដូរ​ថ្ងៃ​ឈប់​សម្រាក​​​​​ពី​ថ្ងៃ​អាទិត្យ

កម្មករ-កម្មការិនីប្រមាណ​ជិត ២០០នាក់ បម្រើការងារនៅរោងចក្រ ត្រូភីខល ហ៊្រ្វូត អេស៊ា នៅព្រឹកថ្ងៃ​ទី២៣ ខែមករានេះ បាន​​ប្រមូលផ្ដុំគ្នាតវ៉ាបិទផ្លូវនៅមុខរោងចក្រដែលស្ថិតនៅលើផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយជំទាស់ចំពោះការផ្លាស់ប្ដូរថ្ងៃឈប់សម្រាកពីថ្ងៃអាទិត្យ ទៅឈប់នៅថ្ងៃផ្សេងជំនួស។

កម្មករបម្រើការងារផ្នែកបោះពុម្ភលេខកូដនៅរោងចក្រ ត្រូភីខល ហ៊្រ្វូត អេស៊ា លោក ឃិន សុធារ៉ា និយាយថា កម្មករ-កម្មការិនី បានសម្រេចប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខរោងចក្រ ដើម្បីឱ្យភាគីរោងចក្រ​លុប​ចោល​ផែន​ការដែលចង់ឱ្យកម្មករនៅបន្តធ្វើការក្នុងថ្ងៃអាទិត្យ ដោយគ្មានប្រាក់គុណបន្ថែម ហើយបង្វែរថ្ងៃឈប់សម្រាកទៅថ្ងៃផ្សេង។

បើតាមលោក សុធារ៉ា គម្រោងរបស់ក្រុមហ៊ុន គឺកម្មករតាមផ្នែកនីមួយៗ នឹងចាប់ឆ្នោតជ្រើសរើសថ្ងៃឈប់ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ជំនួសឱ្យការឈប់សម្រាកនៅថ្ងៃអាទិត្យ ហើយគ្រោងអនុវត្តចាប់ពីថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះតទៅ។

លោកនិយាយថា៖ «យើងធ្លាប់ធ្វើថ្ងៃអាទិត្យគុណលុយចឹង ដល់យើងសម្រាកថ្ងៃធម្មតា មកធ្វើថ្ងៃអាទិត្យ​អត់គុណចឹង យើងពិបាកទទួលយកដែរ។ ណាមួយថ្ងៃអាទិត្យឈប់សម្រាក យើងចង់ដើរលេង ចង់សប្បាយ​ដែរបង»។

លោក​បន្ថែមថា ការតវ៉ាព្រឹកនេះ មានកម្មករសរុបប្រមាណ២០០នាក់ ដែលធ្វើការវេនព្រឹក ក្នុងចំណោមកម្មករសរុបជាង៦០០នាក់ ដែលធ្វើការទាំងពីរ (មានវេនយប់)។ ការ​ជួប​ជុំ​គ្នាតវ៉ាបានកើតឡើងនៅវេលាម៉ោងប្រមាណ៩ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ នៅ​ពេល​ដែល​មានការចុះមកសម្របសម្រួលពីមន្រ្តីក្រសួងការងារ។

បើតាមកម្មកររូបនេះ រោងចក្រខាងលើជារោងចក្រកែច្នៃដំណាប់ស្វាយ ដែលមានថៅកែជាជនជាតិហ្វីលីពីន និងនាំចេញទៅកាន់សហរដ្ឋអាមេរិក និងប្រទេសជប៉ុនជាដើម។

ចំណែកម្មករបម្រើការងារផ្នែករៀបក្រដាសកាតុងនៅ​រោងចក្រ ត្រូភីខល ហ៊្រ្វូត អេស៊ា លោក ស្រ៊ឺ សម្បត្តិ អាយុ ២០ឆ្នាំ និយាយថា លោកមិនយល់ព្រមចំពោះការផ្លាស់ប្ដូរថ្ងៃ​ឈប់​សម្រាក​នោះ​ទេ ដោយ​សារ​តែ​ការឈប់សម្រាកនៅថ្ងៃអាទិត្យ គឺជាថ្ងៃមួយដែលក្រុមហ៊ុនជាច្រើនឈប់សម្រាកដែរ នោះ លោក​អាច​ជួបជុំ​បងប្អូន និងក្រុមគ្រួសារបាន។ 

លោក​និយាយថា៖ «យើងទាមទារឈប់ថ្ងៃអាទិត្យធម្មតា​ ហើយ (ប្រសិនបើថែមម៉ោង) យើងធ្វើថ្ងៃអាទិត្យ​គុណ​ធម្មតា»។

Press Start Cambodia មិន​អាចសុំការ​បញ្ជាក់ជុំវិញ​ករណីនេះ ពីតំណាង​​រោងចក្រ ត្រូភី​ខល ហ៊្រ្វូត អេស៊ា បាន​ទេ នៅរសៀល​ថ្ងៃសុក្រនេះ។​

បើតាម​ អ្នកនាំពាក្យក្រសួងការងារ និ​ងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ លោក ស៊ុន មេសា បានអះ​អាង​​​ថា ក្រោយ​ការ​សម្រប​​សម្រួល​ពីក្រសួងការងារ ភាគីរោងចក្រនិងកម្មករបានឯកភាព​គ្នាក្នុងការឈប់សម្រាកចំនួនមួយថ្ងៃក្នុងមួយសប្ដាហ៍។ ជាមួយគ្នានេះ លោក​​ថា ចំពោះការឈប់សម្រាកនៅថ្ងៃណានោះ ជាការសម្រេចចិត្តរវាងកម្មករនិងរោងចក្រ។

លោកថា៖ «ករណីនេះ គេដោះស្រាយហើយៗ គាត់ឯកភាពគ្នាសះជាអស់ហើយ។ គេឯកភាពគ្នាមួយសប្ដាហ៍សម្រាកមួយថ្ងៃ។ (ឈប់សម្រាកនៅថ្ងៃណា?) នៅថ្ងៃណា ជាការសម្រេចចិត្តឯកភាពរវាងកម្មករ​និងរោងចក្រសហគ្រាស។ គេចូលអស់ហើយ គេចូលល្ងាចថ្ងៃហ្នឹង និងបងប្អូនមួយចំនួនគេចូលថ្ងៃស្អែក»

លោក អាត់ ធន់ អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ មាន​ប្រសាសន៍​ថា តាម​ច្បាប់​បាន​កំណត់​ឱ្យ​កម្មករ​ឈប់​សម្រាក​ក្នុង​មួយ​សប្ដាហ៍ ហើយ​ជាទូទៅ​ត្រូវ​បាន​គេ​កំណត់​នៅ​ថ្ងៃ​អាទិត្យ។ តែ​ ​យ៉ាង​ណា លោក​ជំរុញឱ្យក្រុម​ហ៊ុន​ធ្វើ​ការ​កំណត់​ថ្ងៃ​ឈប់​សម្រាក​ឱ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ចៀស​វាង​ការខាតបង់អត្ថប្រយោជន៍របស់កម្មករ នៅពេលធ្វើការប៉ះចំថ្ងៃ​ឈប់​សម្រាក។

លោកក៏ទទូចឱ្យ​ក្រុមហ៊ុនសរសេរលក្ខខណ្ឌផ្ទៃក្នុង ឱ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងថ្ងៃ​ឈប់​​សម្រាក ដូច​វិស័យសណ្ឋាគារ​និងភោជនីយដ្ឋានផងដែរ។

លោក​និយាយថា៖ «ពេលខ្លះក្រុមហ៊ុនឱ្យឈប់មួយថ្ងៃ ថ្ងៃផ្សេងហ្នឹង វាមិនខុសទេ តែជូនកាល ថ្ងៃ​​អាទិត្យ ថ្ងៃបុណ្យ វាចំថ្ងៃធ្វើការមួយ​ចំនួន វាបានលុយគុណ ហើយប្រសិនបើគាត់អត់បានកំណត់ថ្ងៃឈប់ជាក់លាក់ ដល់ពេលគាត់ [កម្មករ] ឈប់ថ្ងៃណាក៏អត់បានលុយគុណដែរ។ ដល់ចឹង អាហ្នឹងគឺចេតនាក្រុមហ៊ុនចង់កេងពីកម្មករដែរ […]ការទាមទាររបស់កម្មករពេលខ្លះយើងគិតថា ដូចជាមិនសមទេច្បាប់អនុញ្ញាត ប៉ុន្តែបើយើងមើលមែនទែន ជូនកាលអាចចេតនា​ក្រុមហ៊ុនវាមានទុច្ចរិតច្រើន ចឹងកម្មករគេទារហ្នឹងត្រូវវិញ»៕