អ្នកជំនាញនិងសង្គមស៊ីវិល ស្នើអាជ្ញាធរមានយន្តការសមស្រប​​ដោះស្រាយ​ការ​​រំលោភចំណីផ្លូវយក​ធ្វើអាជីវកម្ម​

អ្នកជំនាញ និងសង្គមស៊ីវិល ស្នើរដ្ឋាភិបាលបង្កើតយន្តការសមស្រប​​មួយ ក្នុង​ការ​រៀប​ចំសណ្ដាប់​​​ធ្នាប់​សាធារណៈ និង​​ដោះ​ស្រាយ​ករណី​អាជីវក​រ​លក់​ដូរ​រំលោភ​ចំណី​ផ្លូវ ដោយឈរ​លើ​​ផលប្រយោជន៍​រួម ទាំង​អាជីវករ និងសាធារណជន។

ការ​ស្នើ​របស់​សង្គមស៊ីវិល បានធ្វើឡើង​ស្របពេលដែល​បញ្ហាលក់ដូរ​ និង​កា​រយក​ចិញ្ចើម​ផ្លូវ​ធ្វើ​ជាប្រយោជន៍បុគ្គល នៅតែបន្ត​កើត​មាន ​បើទោះបីជា អាជ្ញាធរ​រាជធានីភ្នំពេញ​ បាន​ចុះអប់រំ និង​​​​ចាត់វិធានការ​រដ្ឋបាលជារឿយៗ ដើម្បី​​រៀបចំសណ្តាប់ធ្នាប់​សាធារណៈនេះ។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) បាន​សម្តែង​ការ​គាំទ្រ​ចំពោះចំណាត់ការ​របស់​អាជ្ញាធរ​រាជធានីភ្នំពេញ ក្នុង​​ការ​រៀបចំចិញ្ចើមផ្លូវនេះ។

ទន្ទឹមនេះ លោកយល់ថា កត្តាដែលពលរដ្ឋផ្លាស់ប្ដូរមក​ប្រកបរបរតាមចិញ្ចើមផ្លូវ ដោយសារ​ការ​​លក់ដូរក្នុងផ្សារចង្អៀត រួមទាំងកំណើនអាជីវករដែលពុំមានលទ្ធភាព​បង់ថ្លៃតូបក្នុងផ្សារ គួប​ផ្សំនឹងទីតាំងភូមិសាស្រ្ត​អំណោយផល​ដល់ការរកស៊ីតាមចិញ្ចើមផ្លូវ ដែលមានមនុស្សធ្វើដំណើរច្រើនផងដែរ។

តែយ៉ាងណា ការរំលោភចំណីផ្លូវដើម្បីធ្វើជាអាជីវកម្មនេះ លោក យង់ គិមអេង ក៏យល់​ថា វាបាន​ធ្វើឱ្យមាន​ការកកស្ទះចរាចរណ៍ ហើយក៏អាចឈានទៅជាជម្លោះរវាងអាជីវករតាមផ្លូវ និងអ្នកធ្វើដំណើរផងដែរ នៅពេលដែលមានការប៉ះពារគ្នាកើតឡើង។

លោក​ថា៖ «វាប៉ះពាល់សំខាន់​គឺ​ចរាចរណ៍ តែបើ​សម្រួលឱ្យលក់ដូរ​មានរបៀបរៀបរយមានសណ្ដាប់ធ្នាប់ ក៏អាច់កាត់បន្ថយកក​ស្ទះច​រាចរណ៍​ដែរ បើ​មិន​ចឹង​ទេ ការ​ឈ្លោះ​គ្នា ក៏​អាច​មានរវាង​អ្នកធ្វើដំណើរនិងអ្នកលក់ ពេលប៉ះយានយន្តអី»។

ករណីនេះ​ លោកបានផ្ដល់យោបល់ថា រដ្ឋគួររៀបចំឱ្យមានទីតាំងលក់ដូរ​ នៅពេលដែលអាជីវករ​​​​​​លក់ដូរ​​តាមដងផ្លូវកាន់តែមានចំនួនច្រើន​ឡើង ខណៈពួកគេមិនមានលទ្ធភាពក្នុងការធ្វើអាជីវកម្មនៅតាមផ្សារទំនើប ឬផ្សារធម្មតាដែលការជួលតូបថ្លៃនោះទេ។ លោកថា ការ​លក់ដូរ​តាម​​ផ្លូវ ក៏​ជា​​ផ្នែកមួយជួយ​​ជំរុញសេដ្ឋកិច្ចជាតិ​ដែរ។

លោក​និយាយថា៖ «អ្វីដែលធ្វើឱ្យមានភាពល្អប្រសើរ អាជ្ញារធរគួរតែកំណត់​ទីតាំងលក់ដូរអី ឱ្យ​​បាន​ច្បាស់លាស់ កន្លែង​​ណាអាចលក់បាន កន្លែងណាលក់មិនបាន»។

លោក គង់ សុវណ្ណ ទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាស្ថាបនិកអង្គការ ខេមសេហ្វ មានប្រសាសន៍នៅថ្ងៃទី៣១​ ខែមិនា ឆ្នាំ​២០២៥​នេះ​​ថា ការរៀបចំសណ្ដាប់​ធ្នាប់​​តាម​ដង​ផ្លូវ​​ត្រូវ​មាន​វិធាន​ការ​ជាក់​លាក់ ដោយ​ផ្អែកលើ​ផល​ប្រយោជន៍ ទាំងអាជីវករ និងសាធារណ​ជន ទើបមាននិរន្តរភាព។ លោកបន្ត​ថា នៅពេលអាជ្ញាធរហាមឃាត់ពលរដ្ឋមិនឱ្យប្រកបរបរតាមចំណីផ្លូវ ក៏គួរតែមាន​យន្តការសមស្រប​មួយ ដើម្បី​បញ្ជៀស​ការហាម​ឃាត់នៅទិស​ខាងកើត បែរជាអាជីវករ​​នាំគ្នាទៅ​​លក់ដូ​រ​នៅ​ទិស​ខាង​លិច​វិញ។

លោកលើកជាឧទាហរណ៍ថា នៅ​តាម​តំបន់​ផ្សារក្រមួន អាជ្ញាធរ​អាច​បង្កើតទីតាំង​ណា​មួយដើម្បី​ជំនួស ហើយរៀបចំតំបន់នោះ ដោយរៀបចំការលក់ ការទុក​ដាក់​ម៉ូតូ​និង​ចំណត រួមទាំងការលក់ដូរ​​តាមមុខផ្ទះ ដោយកំណត់ចូលមកចិញ្ចើម​ផ្លូវដល់​កម្រិត​​ណា រួមទាំងអនាម័យនៅពេលដែលលក់ហើយ។

លោក​ថា៖ «ទាល់តែទី១ ពន្យល់គាត់ឱ្យមានការចូលរួម ទី២ជម្រាបអំពីយន្តការ​របស់អាជ្ញាធរ​ដែលអនុវត្ត ទី៣ ការផ្ដល់ជម្រើសការផ្លាស់ប្ដូរ ពីកន្លែងដែលមើលទៅបង្កឱ្យ​​មាន​ភាពរញ៉េរញ៉ៃ រុញ​​ទៅដាក់កន្លែងមួយ​ដែល​មាន​ភាព​ងាយ​ស្រួល នៅក្បែរហ្នឹងឬនៅទីតាំងណាដែរ ធ្វើឱ្យគាត់អាចលក់ដូរបាន នៅក្នុងយន្តការណាមួយដែលអាចទទួលយកបានទាំងអស់គ្នាចឹងទៅ»។

លោក គង់ សុវណ្ណ បានគូសបញ្ជាក់​ថា សណ្ដាប់ធ្នាប់ក្នុងទីក្រុងមានភាពរៀបរយ អ្នក​ធ្វើដំណើរ​អាចដល់គោលដៅតាមការកំណត់ ដោយមិនខាត​ពេលវេលា និងប្រេង​សាំង ជាពិសេស​មិនបំពុលបរិស្ថាន​ដែលកើតចេញពីប្រេងឥន្ទនៈ នៅពេលមានការកកស្ទះចរាចរណ៍ផង​ដែរ។

លោកបន្ថែមថា ក្រៅពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ​បានល្អប្រសើរហើយ អាជ្ញាធរតាមខណ្ឌនីមួយៗ គួរតែរៀបចំឱ្យមានផ្លូវដើរលំហែ ដោយបំពាក់ភ្លើងបំភ្លឺ រួមទាំងរៀបចំកម្មវិធីផ្សេង​ៗ​ ដែលរួមមានទាំងការលក់ដូរដែលមានសណ្ដាប់ធ្នាប់ទៀតផង។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអភិបាល​រាជធានីភ្នំពេញ លោក ឃួង ស្រេង​ បានទេ​គិត​ត្រឹមថ្ងៃទី​០១ ខែមេសា ឆ្នាំ២០២៥នេះ។

តែយ៉ាងណា ជារឿយៗ គេ​សង្កេតឃើញ​អាជ្ញាធរ​នៅ​ខណ្ឌនិមួយ​ៗ ​ក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក៏បាន​ចុះណែនាំ និងរៀបចំសណ្តាប់ធ្នាប់​នៅ​តាម​តំបន់មួយចំនួន ដែល​មានសភាព​កក​កុញទៅដោយ​ការ​រំលោភ​ដីចំណី​ផ្លូវ​ យក​ទៅធ្វើអាជីវកម្ម ឬលក់ដូរ​ផងដែរ។

ជាក់ស្តែង ដើម្បី​សោភ័ណភាព​តាម​ដង​ផ្លូវ​សាធារណៈ និង​កាត់បន្ថយ​ការ​កកស្ទះចរាចរណ៍​ អាជ្ញាធរ​​ខណ្ឌ​​បឹង​​កេង​កង រាជធានីភ្នំពេញ កាលពី​ដើមសប្តាហ៍​មុន បាន​ចេញ​សេចក្ដីជូនដំណឹង​​​​ទៅ​​ដល់​​ប្រជា​ពលរដ្ឋ​​ដែល​​យក​​ចំណី​​ផ្លូវ​ ​ធ្វើជា​អាជីវកម្ម​លក់ដូរ​ នៅចំណុច​​​លើ​ផ្លូវ​៣៤៨ ឲ្យ​​រុះរើ​ចេញ​ជា​បន្ទាន់ ដោយ​​ទុក​រយៈពេល​មួយ​សប្ដាហ៍។

បើ​តាម លោក លី ពូ ចៅសង្កាត់​ទួល​ស្វាយព្រៃ​ទី១ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ នៅចំណុច​ផ្លូវ៣៨៨នោះ អាជីវករ​ប្រមាណ​​ជាង ៥០​នាក់ ដែល​លក់ដូរ​ចល័ត ហើយ​​​ភាគច្រើន​ជា​អ្នក​លក់​បន្លែ ត្រី​សាច់ ជាដើមនោះ នៅបន្តលក់ដូរ បើទោះជា​អាជ្ញាធរ​បាន​ចុះណែនាំ​ជាបន្តបន្ទាប់​ក៏ដោយ​។

ចំណែក កម្លាំង​រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ កាលពីថ្ងៃទី២៣ ខែ​មករា ឆ្នាំ​២០២៥ ក៏បាន​បន្តដាក់​គ្រឿង​ចក្រ​រុះរើ​សំណង់សំយាប​ផ្ទះ​ រោង​លក់​ដូរ និងខឿន​បេតុងដែល​សង់​រំលោភ​លើ​ចិញ្ចើម​​ផ្លូវ​​ឃ្យូ អឹម អាយ (QMI) ព្រមទាំង​វាយកម្ទេច​សាប​ដែលចាក់​បិទ​លើ​គម្រប​លូ។ វិធានការ​របស់​អាជ្ញាធរ​ខណ្ឌ ធ្វើឡើង​ដើម្បីបើក​ផ្លូវ​នោះឱ្យ​បាន​ធំទូលាយ កាត់បន្ថយកា​រកកស្ទះ​ចថរាចរណ៍ ធ្វើ​ឱ្យ​មានចិញ្ចើម​ផ្លូវ​ត្រឹម​ត្រូវ ទុកសម្រាប់​អ្នក​ធ្វើដំណើរ​ថ្មើរ​ជើង​ដើរ និង​ងាយ​ស្រួល​ក្នុង​ការ​ស្តារលូ នៅពេល​ស្ទះ​ក្នុ​ងរដូវរវស្សា​ផង​ដែរ។

នៅក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យនេះ អាជ្ញា​ធរខណ្ឌ​ ក៏ធ្លាប់​បាន​អនុវត្ត​​វិធាន​ការ​​​របស់​ខ្លួន​ កាល​ពី​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​​ចាប់ផ្តើម​ចុះ​វាស់​វែង​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ រហូត​ទៅ​ដល់​រោងចក្រ​QMI ដែល​ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​ទី​២,​ ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ និង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ជាមួយ​នឹង​ការ​ណែនាំ​អាជីវករ​លក់​ដូរ​នៅតាម​បណ្តោយ​រោង​ចក្រ​នេះ ឱ្យ​រុះរើ ​និង​រំកិល​ចូល​ក្នុង​ចេញ​ពី​ចិញ្ចើម​ផ្លូវ​។

ដោយ​បញ្ជាក់​ទៅលើ​វិធានការ​របស់​អាជ្ញាធរខណ្ឌ លោក ប៉ាង លីដា អភិបាល​រងខណ្ឌពោធិ៍​សែន​ជ័យ​ មាន​ប្រសាសន៍កាលពីថ្ងៃទី១៧ ខែមីនា ថា៖ «អនុវត្តច្រើនដងហើយនៅតាមផ្សារ ពលរដ្ឋ គាត់ស្ម័គ្រចិត្តរុះរើខ្លួនឯង អត់មានដំណោះស្រាយទេ»

អ្នក​ស្រី ប៊ុន មួយលី អាជីវករ​លក់​ផ្លែ​ឈើ​ជាប់​រោង​ចក្រកាត់ដេរ QMI ស្ថិតនៅ​ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌពោធិ៍​សែន​ជ័យ ​ដែល​តូប​របស់​អ្នក​ស្រីត្រូវ​បាន​អាជ្ញាធររុះរើ​នោះ​ បាន​លើកឡើង​ថា​ អ្នក​ស្រី​មិន​មាន​ការ​អាន់អន់​ចិត្ត​ចំពោះ​ការតម្រូវ​ឱ្យ​​រំកិលតូប​លក់ដូរ​​​​ថយ​ក្រោយ​​ជម្រៅ ៣​ម៉ែត្រ ពី​ទីតាំង​ចាស់​​ពីសំណាក់​អាជ្ញា​ធរ​នោះទេ។

អ្នកស្រី​​ថា ការ​ធ្វើ​បែប​នេះនឹង​​​ធ្វើ​ឱ្យ​ដងផ្លូវ​មាន​ភាព​ស្រឡះ ​​និង​មិន​សូវ​កក​ស្ទះ​ដូច​មុន​ ខណៈអ្នកស្រីថា ការ​រំកិល​តូប​លក់ដូរ​ទៅ​មុខរំលោភលើ​ចំណីផ្លូវ​នាពេល​កន្លងមកនេះ គឺអ្នកស្រីធ្វើតាម​គ្នា ដោយសារ​ការ​លក់ដូរ​នៅខាង​ក្នុងជ្រៅតែ​ម្នាក់ឯង គឺ​មិនមានអ្នកទិញ​ឡើយ។

អាជីវករវ័យ៤៣ឆ្នាំរូបនេះ និយាយថា៖ «អត់អីទេ ធ្វើចឹងល្អវិញ ដោយចូល[ក្នុង]ទាំងអស់គ្នា ចឹងយើងលក់ទាំងអស់គ្នាទៅ»។  

​ចំណែក លោក អឿន ម៉ៅ អាជីវករលក់សាច់ស្រស់​នៅតាមបណ្ដោយផ្លូវវេងស្រេង ក្បែរស្តុបលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ក៏មិន​​ជំទាស់នឹង​វិធាន​ការ​រុះរើ​របស់​អាជ្ញធរដែរ ប្រសិនបើលោក​​ត្រូវបណ្ដេញចេញពីទីតាំងលក់នេះ ដោយ​​​លោកថា ប្រហែលជាផ្លាស់ប្ដូរទៅលក់នៅក្នុងផ្សារវិញ។

តែ​យ៉ាងណា លោកបារម្ភ​ពីការធ្លាក់ចុះ​ចំណូល​​ផងដែរ ដោយ​អះអាងថា ការលក់ដូរតាមចំណីផ្លូវ អាច​ឱ្យលោករកប្រាក់ចំណូលបានច្រើនជាងលក់ដូរនៅក្នុងផ្សារ ដោយសារចិញ្ចើមផ្លូវមានមនុស្សឆ្លងកាត់ច្រើន។

លោកនិយាយ​​ថា៖ «លក់យូរហើយតាំងពី​​នៅផ្លូវតូច ប្រមាណ១០ឆ្នាំហើយ។ កាលមុនលក់ដាច់ ជួយកូនៗបានរៀន អាបង១២ ប្អូន៩ និង៦ មួយអាទិត្យលក់បាន៤០ទៅ៨០ម៉ឺនដែរ [មុនកូវីដ]។ លូវបាន១០ម៉ឺនរៀល​»

លោក ជ័យ​ សំណាង វ័យ៤៦​ឆ្នាំ​ ជាប្រជាពលរដ្ឋ​រស់នៅ​​ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ បានត្អូញត្អែរ​​ថា លោកតែង​ជួប​ការ​លំបាក​​ជា​រៀង​រាល់ព្រឹក​ នៅពេល​ដែល​​ជូន​កូនស្រី​​ទៅសាលារៀន​ ដោយសារ​​ស្ថាន​ភាព​​ចរាចរណ៍​មាន​ភាព​មមាញឹកខ្លាំង ចាប់ពីម៉ោង​ ៦កន្លះ​​រហូត​​ដល់​​ម៉ោង​ ៩​ព្រឹក និង​ពេល​រសៀល​ចាប់ពីម៉ោង ​៤​​ដល់​ម៉ោង​​៨យប់​​។

លោក​យល់ថា ការកកស្ទះនេះ បណ្ដាលមកពីការបើកបរ​​មិនគោរពតាមកន្លងផ្លូវអាទិភាព ខណៈ​អាជីវករ​មួយចំនួន​បានលក់ដូរ​​រំលោភលើចិញ្ចើមផ្លូវ រួមទាំងកត្តាពលរដ្ឋ​ជាច្រើន​នាក់សម្រុក​ធ្វើ​ដំណើរ​ក្នុង​ពេល​ជាមួយ​គ្នា។

លោកបន្តថា៖ «មកពីម៉ូតូធ្វើដំណើរនិងឡានរុល អត់មានការយោគយល់គ្នា។ អ្នកលក់តាមផ្លូវ(រូមចំណែក)ប៉ះពាល់(ស្ទះចរាចរណ៍)ខ្លះដែរ»។

ពាក់ព័ន្ធនឹង​បញ្ហា​ចរាចរណ៍​នេះដែរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញលោក សាំ ពិសិដ្ឋ បានបញ្ជាក់ប្រាប់ Newsroom ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានរថយន្តចុះបញ្ជីសរុបចំនួន ៧៤ម៉ឺនគ្រឿង និង​ម៉ូតូ ២,៥លានគ្រឿង។

បើតាមច្បាប់ស្ដីពី «ផ្លូវថ្នល់» មាត្រា៦៤ ចែងថា ជនណាដែលធ្វើកិច្ចការសាធារណការទាំង​ឡាយ​នៅក្នុង​តួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ គែមផ្លូវ និងដី​នៅសល់ នៃដីចំណីផ្លូវ​ដោយគ្មានការអនុ​​ញ្ញាត​​ពីសមត្ថកិច្ច​គ្រប់គ្រងផ្លូវថ្នល់ ត្រូវពិន័យអន្តរការណ៍ជា ប្រាក់ចំនួន ៥០០ ០០០ (ប្រាំសែន) រៀល។

មាត្រា​៧១ ចែងថា ជនណាដែលសាងសង់ដោយខុសច្បាប់​​នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍​នៅលើដី សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងតម្រូវឱ្យរុះរើចេញនូវ​សំណង់នោះ។ ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ខែទៅ១ ឆ្នាំ និងពិន័យជា ប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ២ ០០០ ០០០ (ពីរលាន) រៀល។

ចំណែក មាត្រា៧៤ ចែងថា ជនណាដែលទន្ទ្រាន ត្រួតត្រា ប្រើប្រាស់ ដោយសាងសង់សំណង់ ឬការ្យទាំងឡាយបំពានលើដីរបស់ផ្លូវថ្នល់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល និងតម្រូវឱ្យរុះរើ។ ករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែ ទៅ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ៤ ០០០ ០០០ (បួនលាន) រៀល។

លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥​​​នេះ បានរិះគន់ថា តាមផ្លូវ​នៅរាជធានីភ្នំពេញ ពិបាកក្នុងការរកផ្លូវថ្មើរ​ជើងសម្រាប់ឱ្យពលរដ្ឋ ខណៈបណ្ដោយផ្លូវមួយចំនួនក៏បើកបរលែងកើតទៀត ដោយសារការធ្វើអាជីវកម្មរំលោភចិញ្ចើមផ្លូវ។

លោកនិយាយថា៖ «ខ្ញុំទទូចឱ្យការសហការជាមួយអគ្គស្នងការនគរបាលជាតិ នាយកដ្ឋានសណ្ដាប់ធ្នាប់ចរាចរណ៍ បូកទាំងរាជធានីភ្នំពេញ ក៏ដូចជាខណ្ឌទាំង១៤ អ្នកពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមធ្វើការងារនេះ [ដើម្បីរៀបចំសណ្ដាប់​ធ្នាប់​​​សាធារណៈ]»

ដោយឡែក ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីចុងខែមករា ឆ្នាំ២០២៥​​នេះ អភិបាល​រាជធានីភ្នំពេញ លោក ឃួង ស្រេង​ បានឱ្យដឹងថា វិធានការចំពោះមុខ ដែលអាជ្ញាធរត្រូវរួមគ្នាអនុវត្ត គឺបន្តខិតខំផ្សព្វផ្សាយ និង​​រឹតបណ្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងលើកទឹកចិត្តឱ្យ​មានការរៀបចំចំណត​​​សាធារណៈ បន្ត​ខិតខំអនុវត្តហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការ ចំនួន៣ទន្ទឹមគ្នា គឺសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ សណ្តាប់ធ្នាប់សំណង់ និងសណ្តាប់ធ្នាប់អ្នកលក់ដូរ៕

…………………………..
អត្ថបទដោយ៖ វ៉ា សុភានុត

អត្ថបទគួរឱ្យចាប់អារម្មណ៍