សមាគមខ្មែរកម្ពុជាក្រោម រក​កិច្ច​អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​វៀត​ណាម​ដោះ​លែង​ខ្មែរ​ក្រោម​១៦​អង្គ / នាក់

សមាគម​ខ្មែរកម្ពុជា​​​​ក្រោម បាន​​​​ដាក់​​​ញត្តិ​នៅ​​ស្ថាន​ទូត​ និ​ងស្ថាប័ន​អន្ត​រ​ជាតិ​មួយចំនួន ​​​ដើម្បី​​អន្តរា​គមន៍​​​​​ឱ្យ​វៀត​​ណាម​ ​ដោះ​លែង​ព្រះ​សង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​ចំនួន​ ១៦​​អង្គ/នាក់ ដែល​​ត្រូវ​​បាន​​ចាប់​​ខ្លួន ពាក់​​ព័ន្ធ​​នឹង​​ការ​​អនុវត្ត​​សិទ្ធិ​​ជំនឿ​សាសនា និង​ការ​អភិរក្ស​វប្បធម៌​ដោយ​សន្តិ​វិធី។

នៅព្រឹកថ្ងៃទី២៩ ខែមេសា សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ បាន​ប្រមូល​ផ្ដុំគ្នា​ប្រមាណ​១០០​នាក់ នៅ​ទី​ស្នាក់កា​រ​សមាគម​ដែលស្ថិត​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​ក៏​បន្ត​ដាក់​ញត្តិ​តាម​ស្ថាន​ទូត និង​ស្ថាប័ន​អន្តរ​ជាតិ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​វៀត​ណាម​បញ្ឈប់​រាល់​ទង្វើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​លើ​ខ្មែរ​ក្រោម ព្រម​ទាំង​ដោះ​លែង​ព្រះ​សង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​ជាប់​ឃុំ។

តែយ៉ាងណា ញត្តិ​ដែលគ្រោ​ង​ដាក់​នៅ​ស្ថាន​ទូត និង​ស្ថាប័ន​អន្តរ​ជាតិ​ចំនួន​៥ រួម​មាន ស្ថាន​ទូត​សហគម​ន៍​អឺរ៉ុប អាមេរិក អូស្រ្តាលី វៀត​ណាម និង​ឧត្តម​​ស្នង​ការ​​អង្គការ​​សហប្រជាជាតិ​​ទទួល​បន្ទុក​​កិច្ច​ការ​​សិទ្ធិ​​មនុស្សប្រ​ចាំ​កម្ពុជា ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ណែនាំ​​​ឱ្យ​​ដាក់​​ញត្តិ​​នៅ​ក្រសួង​​ការ​​បរទេស​​ជំនួស​​វិញ ហើយ​ក្រសួង​នឹង​បញ្ជូន​បន្ត​ទៅ​ស្ថាន​ទូត​វៀត​ណាម រួម​ទាំង​ស្ថាន​ទូត​ផ្សេងៗ​ទៀត។

បើតាមញត្តិដែលដាក់ទៅកាន់ស្ថានទូតបរទេស តាមរយៈក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា វៀត​ណាម​ ត្រូវតែដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំង១៦អង្គ/នាក់ ដែល​កំពុង​ជាប់​ឃុំ​ជា​បន្ទាន់​ និង​ឥត​លក្ខ​ខណ្ឌ ហើយ​អាជ្ញាធរ​វៀត​ណាម​ត្រូវ​អនុញ្ញាត​ និង​ទទួល​ស្គាល់​ព្រះ​សង្ឃ​ឡើង​វិញ ចំពោះ​ព្រះ​តេជ​គុណ គឹម សំរិន ថែម​ទាំង​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​វៀត​ណាម ពិចារណា​ធ្វើ​វិសោធន​កម្ម​មាត្រា​៣៣១ នៃ​ក្រម​ព្រហ្មទណ្ឌ ដើម្បីធានា​ថា ខ្លឹម​សារ​របស់​វា​ស្រប​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស និង​រដ្ឋ​ធម្ម​នុញ្ញរបស់ខ្លួន។

ខ្លឹមសារក្នុងញត្តិ បានគូសបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ អាជ្ញាធរវៀតណាម បាន​ចាប់​ខ្លួន​សកម្មជន និងព្រះសង្ឃខ្មែរក្រោមចំនួន១៦អង្គ/នាក់ ដោយពួកគេ បាន​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​នេះ ជាការ​បង្ហាញ​ថា រដ្ឋាភិបាល​វៀតណាម នៅតែ​បន្ត​គាប​សង្កត់​មក​លើ​សហគមន៍​ខ្មែរ​ក្រោម ជាពិសេស​កិច្ចខិតខំប្រឹងប្រែង​របស់ពួកគេ ក្នុងការតស៊ូ​មតិ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម សេរីភាព​ខាង​សាសនា និងការអភិរក្សវប្បធម៌ដោយសន្តិវិធី។

ញត្តិដដែរ បន្តថា ក្នុងចំណោម១៦អង្គ/នាក់ មានព្រះតេជគុណ គឹម សំរិន ដែលបាន​តស៊ូមតិ​ដើម្បី​សិទ្ធិ​សាសនា និង​ជន​ជាតិ​ដើម​របស់​ខ្មែរ​ក្រោម​ជាយូរ​មក​ហើយ និង​សកម្មជន​លេច​ធ្លោ​ពីរ​រូប គឺ លោក ថាច់ ង៉ា និងលោក ថាច់ ស្វឹងដុង។ អ្នកទាំងនោះភាគច្រើនរងបទចោទ «រំលោភ​លើ​សេរីភាព​ប្រជា​ធិប​តេយ្យ» តាមមាត្រា៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម។

សមាគមខ្មែរកម្ពុជាក្រោម​ បានបន្តចាត់ទុកថា ការចាប់ផ្សឹក ការឃុំខ្លួន ការបណ្ដេញ​ព្រះសង្ឃ​ចេញ​ពី​វត្ត និង​ការរុះរើសំណង់សាលាឈទានខ្មែរក្រោម គឺជាអំពើដ៏ធ្ងន់ធ្ងរ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស ជាពិសេសការរំលោភលើសេរីភាពនៃការបញ្ចេញមតិ សេរីភាព​ក្នុង​ការ​ជួប​ជុំ​ដោយ​សន្តិ​វិធី សេរីភាព​ក្នុង​ការ​អនុវត្ត​ជំនឿ​សាសនា ដែលជាសេរីភាព​មូលដ្ឋាន​របស់​ជនជាតិ​ដើម និង​សិទ្ធិ​មនុស្ស​ទូទៅ ដែលមានចែងនៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សហប្រជា​ជាតិ​ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច ដែល​វៀតណាម​ជាភាគី​ហត្ថលេខីផងដែរ។

លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ សង្ឃឹម​​ថា ការដាក់ញត្តិនេះ នឹងទទួលបាននូវលទ្ធផលវិជ្ជមានមួយចំនួន ដែលធ្លាប់​ទទួល​បាន​ពី​មុន​មក ដោយ​សារ​សហគមន៍អឺរ៉ុប បាន​អន្តរាគមន៍​ទៅ​កាន់​រដ្ឋាភិបាល​វៀត​ណាម។

លោក​បាន​អះអាង​ថា អាជ្ញាធរ​វៀតណាម​តែង​តែ​ស្នើ​កម្ពុជា​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពលរដ្ឋ​ខ្លួន​ដែល​រ​ស់​នៅ​កម្ពុជា ហេតុ​ដូច្នេះ​ហើយ​​លោករំពឹង​​ថា រដ្ឋាភិបាល​កម្ពុជា នឹង​នាំ​យក​បញ្ហា​ដែល​ខ្មែរ​ក្រោម​ជួប​ប្រទះ​ ទៅជជែក​ជាមួយរ​ដ្ឋាភិបាល​វៀតណាម​ផង​ដែរ។

លោកនិយាយថា៖ « «រដ្ឋាភិបាល​វៀត​ណាម​គេមក​កម្ពុជា​ម្តងៗ គេ​ស្នើ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ផ្តាំសួរ​សុខ​ទុក្ខ  មើល​សុខទុ​ក្ខរបស់​ពលរដ្ឋ​គេ​នៅកម្ពុជា​រាប់​សែន​នាក់ មិន​មែន​រាប់​ពាន់​នាក់​ទេ រាប់​សែន​នាក់ យ៉ាងណា​មិញ យើង​នៅ​កម្ពុជា​ក្រោម​រាប់​លាន​នាក់ អីចឹង​រដ្ឋា​ភិបាល​កម្ពុជា ក៏​មាន​ក្តី​សង្ឃឹម និងមានសុទិដ្ឋិនិយមថា រដ្ឋាភិបាល​នឹងពាំនាំបញ្ហានេះ ទៅជជែក​ជាមួយ​រដ្ឋាភិបាល​វៀត​ណាម ដូច​គ្នា​យ៉ាង​អីចឹង​ដែរ»

ព្រះតេជគុណ គង់នៅវត្តសាមគ្គីរង្សី ហៅវត្តខ្មែរកម្ពុជាក្រោម ព្រះនាម សិរី វឌ្ឍនៈ មាន​សង្ឃ​ដីកា​នៅ​កន្លែង​ជួប​ជុំ​គ្នា​ថា ព្រះស​ង្ឃខ្មែរក្រោម និងសកម្មជនខ្មែរ​ក្រោម ពេល​ខ្លះ​គ្រាន់​តែ​ធ្វើ​សកម្ម​​ភាព​សាសនា និង​រៀន​សូត្រ​អំពី​សៀវភៅ​សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បី​បង្រៀនខ្មែរក្រោមនៅទីនោះ ក៏អាជ្ញាធរវៀតណាម ចោទប្រកាន់ និងចាប់ផ្សឹកដែរ។

ព្រះតេជគុណ មានសង្ឃដីកាថា៖ «តាមការសង្កេតរបស់អាត្មាកន្លងមក ឃើញថា ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​ទី​នោះ ពេលខ្លះទៅគ្រាន់តែសកម្មភាពសាសនា សកម្មភាពអប់រំ ការ​ពង្រឹង​ទំនៀម​ទម្លាប់​ប្រពៃណី ឬក៏សកម្មជនខ្មែរក្រោមនៅទីនោះ គ្រាន់​តែ​កាន់​សៀវ​ភៅអំ​ពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដើម្បីស្វះស្វែង ដើម្បី​បង្រៀន​ទៅ​ដល់​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទី​នោះ គ្រាន់​តែ​ប៉ុណ្ណឹង​សោះ ក៏​រដ្ឋាភិបាល​មាន​ការ​ចោទ​ប្រកាន់ ចាប់​ផ្សឹក និង​ចាប់​ខ្លួន»

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការសិទ្ធិមនុស្ស​​​លីកាដូ ថ្លែង​ថា ការ​ដាក់​ញត្តិ​តាម​ទូត​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​ស្វែង​រក​កិច្ច​គាំពារ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​​​របស់​​វៀត​​ណាម គឺ​ស្រប​តាម​ច្បាប់។

លោក សំអាត ក៏​បាន​លើក​ឡើង​ថា រដ្ឋធម្មនុញ្ញកម្ពុជា​មាត្រា ៣៣ កថាខណ្ឌ​២ ចែង​ថា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារ ខណៈច្បាប់ស្តីពីសញ្ជាតិ មាត្រា៨ បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ឯបរទេស ត្រូវបានរដ្ឋគាំពារតាមគ្រប់មធ្យាបាយការទូត និងមិនមានបាត់បង់សញ្ជាតិដោយខ្លួនឯងឡើយ។

លោកបន្តថា៖ «ដូច្នេះក្រសួងការបរទេសកម្ពុជា​អាចពិ​និត្យ​លទ្ធភាព​តាម​ផ្លូវ​ការ​ទូត ​ដើម្បី​ជួយ​គាំពារ​ប្រជាពលរ​ដ្ឋកម្ពុជា​ក្រោម»

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និង​​តំណាង​ស្ថានទូតវៀតណាម​ប្រចាំ​នៅ​កម្ពុជា ពុំអាចសុំការ​អត្ថា​ធិប្បាយ​បាន​ទេ នៅថ្ងៃទី​២៩ ខែមេសានេះ។

នៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ ពោលគឺបាំងតែជាងមួយខែទៀត ​គឺ​ជាខួប៧៦ឆ្នាំ ​នៃ​ការ​បាត់បង់ទឹកដី​កម្ពុជា​ក្រោម ​ដែល​ត្រូវ​បាន​បារាំង​ដាក់​បញ្ចូល​ក្នុងទឹកដី​វៀតណាម ​កាលពី​ឆ្នាំ​១៩៤៩ នៅ​​​ពេល​​ដែល​បារាំង​ដាក់អាណានិគមលើ​កម្ពុជា ដែលមានមានផ្ទៃដីទំហំ ៦៧ ៧០០​គីឡូ​ម៉ែត្រ​ការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង។

សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម មាត្រា៩ ឱ្យដឹងថា ជនជាតិ​​​​ដើម និងបុគ្គ​​លជនជាតិដើម មានសិទ្ធិស្ថិតនៅជាសមាជិកសហគមន៍ ជាជនជាតិដើម និងសង្គមជាតិ សមស្របតា​​ម​ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ និងសង្គម​ជាតិ​ពាក់​ព័ន្ធ។ គ្មានការរើសអើងណាមួយកើតឡើ​​ង​​ដោយសារការប្រើសិទ្ធិនេះឡើយ។

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ទទូចឱ្យអាជ្ញាធរវៀតណាម ធ្វើការ​​ដោះលែង​សកម្មជនខ្មែរកម្ពុជាក្រោម ទាំង១៦អង្គ/នាក់ ប្រសិនបើពួកគេ​គ្រាន់តែ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ដែល​ស្របតាម​គោល​ការណ៍​របស់សិទ្ធិមនុស្សអន្តរជាតិ។

លោក​បន្តថា រដ្ឋាភិបាលកម្ពុជា ក៏ត្រូវមានវិធានការនិងអន្តរាគមន៍ផងដែរ ដើម្បីឱ្យខ្មែរក្រោម​អាច​អនុវត្ត​សិទ្ធិ​សេរីភា​ព​​ដូច​ខ្មែរ​កណ្ដាល ដោយសារតែកន្លងមករដ្ឋាភិបាលកម្ពុជា តាំងពី​សម័យ​​សង្គម​រាស្រ្តនិ​យម​បាន​ចាត់​ទុក​ខ្មែរ​ក្រោម​ជាពលរដ្ឋខ្មែរដែរ។

 លោក​បញ្ជាក់​ថា៖ «យើងទទូចឱ្យប្រទេសវៀតណាម ធ្វើការដោះលែងសកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​ការ​ចាប់​ខ្លួន​កន្លង​ទៅ ធ្វើយ៉ាងណា​ឱ្យ​គេ​មាន​សេរីភាព​នៅក្នុង​ការ​អនុវត្ត​សិទ្ធិរបស់​គេ បើគ្រាន់តែគេប្រើប្រាស់សិទ្ធិសេរីភាពក្នុងនាមពលរដ្ឋ គោរពតាម​គោល​ការណ៍សិទ្ធិមនុស្ស»

…………………………….
អត្ថបទដោយ៖ វ៉ា សុភានុត

អត្ថបទគួរឱ្យចាប់អារម្មណ៍