លោក ស៊ី ជីនពីង៖ ប្រទេសចិន​​​នឹងបើកទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មកម្ពុជា

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ​បាន​លើកឡើងថា ប្រទេសចិន នឹង​បើក​ទីផ្សារដ៏ធំ​សម្រាប់ទំនិញកម្ពុជា ហើយ​គ្រោងនឹងនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ពី​កម្ពុជាផងដែរ ខណៈអ្នក​វិភាគសេដ្ឋកិច្ច អំពាវនាវឱ្យមានការសិក្សា និង​វិនិយោគរួមគ្នា រវាងកម្ពុជា-ចិន ដើម្បីធានាថា កសិផលកម្ពុជាផលិតឡើងស្របតាមស្ដង់ដារបស់ចិន។

នេះបើតាម​ការចុះផ្សាយ​លើ​គេហទំព័រក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបាន​ស្រង់ប្រសាសន៍របស់​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងអំឡុង​​ជំនួបជាមួយ​​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅឯរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ។

ប្រភពដដែលបាន​ស្រង់សម្តីលោក ស៊ី ជីនពីង បន្តថា លោក​​នឹង​​​ជំរុ​ញ​ឲ្យ​សហគ្រាស​​ចិន​កាន់​តែ​ច្រើន​​មក​​វិនិយោគ​​នៅ​​កម្ពុជា និង​រក្សា​ទីផ្សារ​ដ៏​ធំរបស់ខ្លួន​​​សម្រាប់​​កម្ពុជា ដោយ​អនុញ្ញាត​ឱ្យ​ ​​​នាំ​ចូល​​ផលិត​ផល​កសិកម្ម​ ដែល​មានគុណភាពខ្ពស់ពី​ប្រទេសកម្ពុជាផងដែរ​។

ប្រធានាធិបតីចិន លោក ស៊ី ជីងពីន បានមកបំពេញទស្សនៈកិច្ចនៅកម្ពុជាក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ និង១៨ ខែមេសានេះ ដែលជាការបំពេញទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោក​មក​កាន់តំបន់អាស៊ីអាគ្នេយ៍ រួមមាន វៀតណាម ម៉ាឡេស៊ី និងកម្ពុជា។

Newsroom មិនអាចសុំ​ការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងការបរទេស​កម្ពុជា​ លោក ជុំ សន្ទរី និងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ រួមទាំង អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានទេ។

ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា​ លោក ប៉ែន បូណា​​ សុំមិនធ្វើ​អត្ថាធិប្បាយ ដោយប្រាប់ថា កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន​រួចហើយពីលទ្ធផលនៃដំណើរទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតីចិនរួចហើយ។

សេចក្ដីប្រកាសព័ត៌មាន​​របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៧ ខែមេសា បាន​ឱ្យ​ដឹងថា​ ក្នុងដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន នៅកម្ពុជានេះ ភាគីទាំងពីរ បានប្តេជ្ញាយ៉ាងម៉ឹងម៉ាត់​ក្នុងកា​រគាំទ្រ​ប្រព័ន្ធពាណិជ្ជកម្ម​ពហុភាគី​ ផ្អែកលើ​ច្បាប់​បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មាន​កា​ររើស​អើង​ ខណៈរួមគ្នា​លើកកម្ពស់​ការ​រីកចម្រើន​ជាបន្តបន្ទាប់នៃច្បាប់​ពាណិជ្ជ​កម្ម​​ពិភព​លោក ក៏ដូចជាសេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម ការវិនិយោគ និងការ​សម្របសម្រួល។

ក្រសួងការបរទេសកម្ពុជា បន្តថា ភាគីទាំងពីរ ក៏បាន​ឯកភាពធ្វើការ​រួមគ្នា​ ដើម្បីកសាង​ច្រវាក់​ផ្គត់ផ្គង់ និងឧស្សាហកម្ម​ប្រកបដោយសុវត្ថិភាព និងស្ថិរភាព ព្រមទាំង​គាំទ្រដល់ការ​អភិវឌ្ឍ​តំបន់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និងពាណិជ្ជកម្ម​ស្តង់ដា​ខ្ពស់ ក៏ដូចជា​លើកកម្ពស់​ការ​កសាង​​​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ រួមមាន ប្រព័ន្ធដឹកជញ្ជូន បណ្តាញថាមពល​ ខ្សែ​កាប​អុបទិក ឃ្លាំង​ស្តុកទំនិញ និងភស្តុភារកម្ម។​

ប្រភពដដែលបន្តទៀត​ថា ភាគី​ចិនបានបញ្ជាក់ជាថ្មី​នូវការគាំទ្រការ​អភិវឌ្ឍ​តំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងបានសន្យាលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាពកាន់តែច្រើនមកបណ្ដាក់ទុននៅកម្ពុជា។ ភាគីចិន ក៏បានសម្តែង​ការគាំទ្រ​ចំពោះកិច្ច​ខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការ​ជំរុញគម្រោង​គ្រប់​គ្រង​ធនធានទឹក​ចម្រុះហ្វូណនតេជោ​ផងដែរ។​

លោក ចាន់ សុផល នាយក​នៃមជ្ឈមណ្ឌល​សិក្សាគោលនយោបាយ​ ចាត់ទុកការបើកទីផ្សារដ៏ធំរបស់ចិនសម្រាប់កម្ពុជា ជាដំណឹងល្អសម្រាប់កសិករខ្មែរ។ ជាមួយគ្នានេះ លោក​ថា បើទោះបីជាកម្ពុជាមានសក្ដានុពលក្នុងការផលិតទំនិញកសិកម្មក៏ដោយ រដ្ឋាភិបាលក៏គួរតែមានវិធានការក្នុងការពង្រីក និងបង្កើនទិន្នផលទៅចិនបន្ថែម​ទៀត តាមរយៈការសិក្សា និង​វិនិយោគ​​រួម​​គ្នា រវាងក្រុមហ៊ុនចិននិងខ្មែរ ដើម្បីធានាថា កសិផលកម្ពុជាស្របតាមស្ដង់ដាដែលចិនតម្រូវ។

លោកនិយាយថា៖ «ចិនមានតម្រូវការខ្ពស់អនាម័យ តែបើមានក្រុមហ៊ុនចិន ចូលមករួមគ្នាវិនិយោគជាមួយក្រុមហ៊ុនខ្មែរ ប្រហែលជាដំណោះស្រាយមួយដែរ»។

បើតាម លោក ចាន់ សុផល កន្លងមក កម្ពុជា ក៏បាននាំចេញកសិផលជាច្រើន​ទៅកាន់ទីផ្សារចិនផងដែរ រួមមាន ស្វាយ​កែវមៀត កៅស៊ូ ម្រេច ស្វាយចន្ទី តែភាគច្រើនតាមច្រក​វៀត​ណាម។

ទិន្ន​​ន័យ​របស់អគ្គនា​យកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) បង្ហាញថា នៅក្នុងត្រីមាស​ទី១ ឆ្នាំ​២០២៥ ការនាំចេញទំនិញ​របស់​កម្ពុជា ទៅចិន​មានទំហំទឹកប្រាក់ ៣៤៨,១៩ លាន​ដុល្លារ ធ្លាក់ចុះ ៤,៩ ភាគរយ ចំណែក​ឯ​ការ​នាំទំនិញចូល​មកវិញ មាន​ទំហំ​ទឹកប្រាក់ ៣,៧២ ពាន់លានដុល្លារ កើន ៣០,៨ ភាគរយ។

ចំណែក របាយការណ៍របស់ក្រសួង​ពាណិជ្ជកម្មកម្ពុជា ក្នុង​ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​​ចិន មាន​ទឹក​ប្រាក់​សរុប ១៥,១៩ ពាន់លាន​ដុល្លារ ក្នុង​នោះ ​ទំនិញ​​​ចិន​នាំ​មក​កម្ពុជា មាន​ចំនួន ១៣,៤៤ ពាន់​លាន​ដុល្លារ ចំណែកទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន ១,៧៥ ពាន់​លាន​ដុល្លារ។

ទំនិញសំខាន់ដែលកម្ពុជានាំចេញទៅទីផ្សារចិននៅឆ្នាំ២០២៤ មានភាគច្រើនជាផលិតផលកសិកម្ម ដូចជា អង្ករ ស្វាយ ចេក ផ្លែមៀន​​ និងផលិតផលជលផលមួយចំនួន។ ដោយឡែក ទំនិញដែលកម្ពុជានាំចូលពីចិន មានភាគច្រើនគឺជាវត្ថុធាតុដើម បម្រើក្នុងវិស័យឧស្សាហកម្មកាត់ដេរ  ឧស្សាហកម្មយានយន្ត និងសំណង់ជាដើម។

បើតាមសេចក្តីប្រកាសព័ត៌មាន​របស់​​ក្រសួងការ​បរទេស​កម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់​ថ្នាក់ដឹកនាំកំពូលចិន​នេះដែរ កម្ពុជា​និងចិន បានចុះហត្ថលេខាលើឯកសារចំនួន​៣៧ ពាក់ព័ន្ធនឹងការអភិវឌ្ឍ​ធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយជាដើម។

ក្រៅពីនោះ ភាគីកម្ពុជា និងចិន ក៏បាន​ឯកភាពពង្រឹង​កិច្ចសហប្រតិបត្តិ​ការ​លើវិស័យ​​ការ​ពារ​ជាតិ និងសន្តិសុខ ការ​ពង្រឹង​ការការពារបរិស្ថាន ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន​ និងវប្បធម៌ និងការ​ផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់​ និងសកល រួមនិងបញ្ហា​ផ្សេងៗទៀត​ផងដែរ៕

អត្ថបទ៖ វ៉ា សុភានុត

អត្ថបទគួរឱ្យចាប់អារម្មណ៍