លោក រ៉ុង ឈុន ថាការសម្រេចរឹបអូសផ្ទះ​លោក​លក់​ដោយ​បង្ខំ​​​ពី​សំណាក់​តុលាការជា​រឿង​ធ្ងន់​ធ្ងរ

ទីប្រឹក្សា​គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា ការសម្រេចរឹបអូសផ្ទះរបស់លោក លក់ដោយបង្ខំ​ ដើម្បីសងសំណងទៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជារឿងធ្ងន់ធ្ងរសម្រាប់លោក ព្រោះលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ តែលោកនឹងមិនតវ៉ាចំពោះការសម្រេចនេះឡើយ។

ការលើកឡើងនេះ គឺធ្វើឡើងក្រោយលោកទទួលបានដីការសម្រេចចាប់ផ្ដើមការលក់ដោយបង្ខំរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ។

តាមរយៈដីកាចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ចៅក្រម យី សុខវួច បានបង្គាប់ឱ្យលក់ដោយបង្ខំនូវអចលនវត្ថុ​ ដែលជា​កម្មសិទ្ធ​របស់ លោក រ៉ុង ឈុន ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ដើម្បីសងទៅម្ចាស់បំណុល​ដែលជា​អតីតគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន និង​បច្ចុប្បន្នជារដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ដីកាបញ្ជាក់ថា៖ «១-ចាប់ផ្តើមនីតិវិធីលក់ដោយបង្ខំ។ ២-រឹបអូសអចលនវត្ថុដែលមានក្បាលដីលេខ ១២០៦០៧០៣-២១២៥ មានទីតាំងនៅភូមិទួល​រកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តឈ្មោះ រ៉ុង ឈុន ដើម្បី​ម្ចាស់បំណុលនៃការអនុវត្ត»។

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ មាន​ប្រសាសន៍​​​​ថា វាជារឿងធ្ងន់ធ្ងរដែលសាលាដំបូងរាជធានីភ្នំពេញសម្រេចរឹបអូសផ្ទះលោកកំពុងរស់នៅទៅលក់ដោយបង្ខំ ទាំងដែលលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ ហើយសំណើ​សុំបង់សំណងតាមលទ្ធភាពរបស់លោក ក៏តុលាការមិនបានឆ្លើយតប។

លោកថា៖ «ខ្ញុំគិតថា គេចង់ធ្វើយ៉ាងណា អាហ្នឹងវាទៅតាមការសម្រេចចិត្តរបស់តុលាការ ពីព្រោះអ្វីដែលយើង​បាន​ដាក់ យើងបានដាក់ហើយ សុំឱ្យបង់តាមលទ្ធភាពដែលយើងមាន ហើយតុលាការមិនបានឆ្លើយតបទៅនឹងអ្វីដែលយើងបានស្នើសុំ ហើយស្រាប់តែចេញដីកា​​សម្រេចបង្ខំ ចាប់ផ្ដើមលក់ដោយបង្ខំដល់ផ្ទះសំបែង អ៊ីចឹងវាជារឿងមួយធ្ងន់ធ្ងរមែនទែន»។

តែយ៉ាងណា ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះថា លោកនឹងមិនតវ៉ាចំពោះការសម្រេចនេះឡើយ ដោយ​សារ​លោក​មិន​មាន​ទំនុក​ចិ​ត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា។

លោកថា៖ «ហើយខ្ញុំគិតថាផ្ទះ ខ្ញុំវាគ្មានអ្វីដែលអស្ចារ្យអីទេ បើយើងគិតទៅវាប៉ុន​សំបកគ្រំ ប្រសិនថាមិនអាចលើកលែងបាន អាហ្នឹងទៅតាមហ្នឹងទៅ ខ្ញុំក៏មិនមានថាត្រូវតវ៉ាផ្លូវច្បាប់បែបម៉េច ច្បាប់នៅស្រុកយើងដូចជាអត់មានអីទំនុកចិត្តអីទាំងអស់»។

ចំពោះការបរិច្ចាគថវិកាពីសំណាក់​សមាជិកបក្ស និងសប្បុរសជននានា​វិញ​ លោកថា បច្ចុប្បន្ននេះ លោក​​ទទួល​បាន​ថវិកា​ប្រមាណជិត ២៣ ០០០​ដុល្លារ​​។

លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មាន​ប្រសាសន៍យ៉ាងខ្លីថា តុលាការនឹងអនុវត្តតាមច្បាប់​រដ្ឋប្បវេណី ក្នុងការលក់ដោយបង្ខំនូវផ្ទះរបស់ លោក រ៉ុង ឈុន។

លោកថា៖ «ជាទូទៅ នីតិវិធីទាក់ទងលក់​​អនុវត្តដោយបង្ខំ យើង​អនុវត្ត​តាម​នីតិ​វិធី​រដ្ឋ​ប្បវេណី​យើង​ត្រឹម​ត្រូវ មិន​មានអីទេ ព្រោះយើងធ្វើតែតាមច្បាប់»។

នាយកទទួលបន្ទុកកិច្ច​​ការ​ទូទៅនៃ​អង្គការការ​ពារសិទ្ធិ​មនុស្ស​​​​​លីកាដូ(LICADHO) លោក អំ សំអាត យល់​ថា ដីកា​បង្គាប់​​ឱ្យលក់ដោយ​បង្ខំនូវ​​​អចលនទ្រព្យ​នេះ បង្ហាញថា តុលាការ​​ហាក់មិនបាន​​ពិចារណា​​​លើ​សំណើ​របស់លោក រ៉ុង ឈុន ដែល​ស្នើ​សុំ​សង​សំណង​ទៅ​ដើម​បណ្តឹង​ជាដំ​ណាក់​កាល ក្រោយលោក រ៉ុង ឈុន ថាគ្មានលទ្ធភាពសង​សំណងម្ដងទាំងអស់។

លោកបន្តថា ការសម្រេចរបស់តុលាការនៅពេលនេះ អាចនាំឱ្យមានការរិះគន់ពីសំណាក់សាធារណៈ​មតិជាតិ និង​​អន្តរជាតិ ខណៈ​ដែល​ លោក រ៉ុង ឈុន ជាសកម្មភាពជននយោបាយលេចធ្លោមួយ​រូប​របស់​គណបក្សប្រឆាំង​នៅ​កម្ពុជា។

លោកថា៖ «ករណីនេះ តុលាការ​​គួរតែពិចារណា និងសម្របសម្រួលលើការបង់សំណង​[តាមដំណាក់កាល​]តាមសំណើររបស់លោក រ៉ុង ឈុន ដើម្បីកុំឱ្យមានការិះគន់បន្ថែមទៀត​ លើករណី​លោក រ៉ុង ឈុន»។

កាលពីថ្ងៃទី១៨ ខែ​សីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោស លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទ «ញុះញង់បង្ក​ឱ្យ​មាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិ​សុខ​សង្គម» ពាក់ព័ន្ធនឹង​​ការអត្ថាធិប្បាយរបស់​លោក​​ ​​​​អំពីបញ្ហាព្រំដែនកម្ពុជា​-វៀតណាម​​ ដែលលោកបានដឹកនាំមនុស្សចុះទៅខេត្តត្បូងឃ្មុំ។

ជាមួយគ្នានោះដែរ សកម្មជន ​២នាក់ទៀត រួមមាន កញ្ញា ស កណិការ និងលោក​ តុន និមល ក៏​ត្រូវបានតុលាការ​​ផ្តន្ទាទោ​ស​ដាក់​ពន្ធនាគារ​២០ខែ ពីបទ ញុះញង់ ដូចលោក រ៉ុង ឈុន​ ដែរ។

តែយ៉ាងណា សាលាឧទ្ធរណ៍ បានកាត់តម្រឹមទោស​​ លោក រ៉ុង ឈុន ពី ២ឆ្នាំមកឱ្យអនុវត្តតែ ១៥​ខែ ១១ថ្ងៃ ក្នុង​ពន្ធនាគារ ដែលទោសនៅសេសសល់ចំនួន ៨ខែ ១៩ថ្ងៃ ត្រូវបានព្យួរ ក៏ប៉ុន្តែលោក រ៉ុង ឈុន ត្រូវបានដាក់​​ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ​​របស់តុលាការរយៈពេល៣ឆ្នាំ និងជាប់បម្រាមតុលាការមួយចំនួន។

អ្នកទាំង៣ ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​បង់ប្រាក់​សំណងទៅដើម​បណ្តឹង ដែលជារដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចំនួន ៤០០លាន​រៀល ឬស្មើ​ប្រមាណ ១០ម៉ឺន​ដុល្លារ​។

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ គឺលោកស្រី​ យី សុខវួច បានបង្គាប់​ឱ្យលោក រ៉ុង ឈុន និងសកម្មជន២រូប​នោះ​ បង់ប្រាក់សំណង​ទៅដើម​បណ្តឹង ដោយទុករយៈពេល​ឱ្យ​១ខែ ប៉ុន្តែ​ដល់ថ្ងៃ​កំណត់ លោក រ៉ុង ឈុន បញ្ជាក់ថា ពុំមាន​លទ្ធភាពបង់គ្រប់ចំនួន ហើយ​បាន​​ស្នើ​ទៅតុលាការ​​ សុំ​បង់ជាដំណាក់កាលៗ។

ក្រៅពីសំណុំរឿងនេះ លោក រ៉ុង ឈុន ក៏​កំពុង​ជាប់​បណ្ដឹង​​នៅ​តុលាការ​មួយ​ទៀត​ ក្រោម​បទ «មិន​រាង​ចាល​​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម​ ​លើ​​បទ ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ២០២៤ ដោយសារ​លោក​នៅ​តែ​បន្ត​សកម្មភាព​សង្គម និង​​នយោបាយ បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ៕

អត្ថបទដោយ៖ ហុង សេរីហ្វុង​

អត្ថបទគួរឱ្យចាប់អារម្មណ៍