ប្រជាពលរដ្ឋចំនួន ១៣នាក់ហើយ ដែលរស់នៅឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានក្រុមហ៊ុនបូមខ្សាច់មួយកន្លែង ដាក់ពាក្យប្តឹងទៅសាលាដំបូងខេត្តតាកែវ ជុំវិញបទញុះញង់ និងបរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការតវ៉ាបិទផ្លូវ រារាំងដល់អាជីវកម្មរបស់ក្រុមហ៊ុន។
អ្នកស្រី ជា មុំ ជាពលរដ្ឋរស់នៅភូមិចារ ឃុំចារ បាននិយាយថា កាលពីថ្ងៃទី២០ ខែឧសភា អ្នកស្រី និងពលរដ្ឋចំនួន ៥នាក់ទៀត បានទទួលដីកាកោះហៅ ពីតំណាងអយ្យការខេត្តអមសាលាដំបូងខេត្តតាកែវ ឱ្យចូលបំភ្លឺករណី ញុះញង់ បរិហារកេរ្តិ៍ និងការរារាំងចរាចរណ៍សាធារណៈ តាមបណ្ដឹងភាគីខាងក្រុមហ៊ុនឈ្មោះ លោក ភាព លីហុង។
បើតាមអ្នកស្រី មុំ កាលពីអំឡុងខែមេសា មានប្រជាពលរដ្ឋចំនួន៧នាក់ ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺផងដែរ ជុំវិញបណ្ដឹងរបស់ក្រុមហ៊ុនបូមខ្សាច់នេះ។
អ្នកស្រី បានគូសបញ្ជាក់ថា ដើមហេតុដែលនាំឱ្យមានវិវាទរវាងពលរដ្ឋ និងក្រុមហ៊ុន កើតឡើង កាលពីអំឡុងខែមីនា នៅពេលដែលក្រុមហ៊ុនចាប់ផ្ដើមដាក់ម៉ូទ័របូមខ្សាច់ ក្នុងទីតាំងអាជីវកម្មរបស់ខ្លួនក្នុងភូមិចារ ឃុំចារ ដែលបណ្ដាលឱ្យអណ្ដូងទឹករបស់ពលរដ្ឋលែងមានទឹកសម្រាប់ប្រើប្រាស់ ខណៈពលរដ្ឋរស់នៅក្បែរទីតាំងបូមខ្សាច់ ក៏មានការព្រួយបារម្ភខ្លាចប៉ះពាល់ដីចំការរបស់ខ្លួនផងដែរ។
អ្នកស្រី ជា មុំ និយាយថា៖ «(បារម្ភ)ទី១ បាក់ដីប្រជាពលរដ្ឋដែលគាត់កាយជម្រៅជ្រៅទៅនៅជាប់ជាមួយដីប្រជាពលរដ្ឋនឹងចំនួន៣ម៉ែត្រពីព្រំប្រទល់របស់គាត់។ ទី២ ពលរដ្ឋអត់ទឹកប្រើ ខ្ញុំចូលរួមនេះ ខ្ញុំអត់មានដីនៅទីហ្នឹងទេ ខ្ញុំប៉ះពាល់អត់ទឹកប្រើ។ […] ពលរដ្ឋអត់មានជំនាញទេ តែពេលជាក់ស្ដែង ពេលគាត់ [បើកម៉ូទ័រ] បូមខ្សាច់ គឺពលរដ្ឋអត់ទឹក»។
អ្នកស្រី មុំ បានអះអាងទៀតថា ក្រោយមានការតវ៉ាពីពលរដ្ឋជាបន្តបន្ទាប់ រហូតមានការដាក់លូតូចមួយតាមដងផ្លូវ ដើម្បីរារាំងរថយន្តដឹកខ្សាច់ និងការចុះអន្តរគមន៍ពីអភិបាលស្រុកព្រៃកប្បាស កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនក៏បានបញ្ឈប់ប្រតិបត្តិការបូមខ្សាច់បន្តទៀត។
លុះក្រោយមានការស្ងប់ស្ងាត់បានមួយរយៈ អ្នកស្រីថា បែរជាថ្ងៃទី២០ ខែឧសភា ក្រោយប្រជាពលរដ្ឋដកលូចេញពីផ្លូវបានមួយថ្ងៃ តាមការស្នើសុំរបស់អភិបាលស្រុក ក៏ស្រាប់តែសមត្ថកិច្ចបានបញ្ជូនលិខិតកោះហៅរបស់តុលាការមកប្រគល់ឱ្យអ្នកស្រី និងពលរដ្ឋ ៥នាក់ទៀត។
បើតាមដីកាកោះហៅឱ្យចូលបំភ្លឺរបស់តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ឈ្មោះ ម៉ៅ ស៊ីណា បានបង្គាប់ឱ្យ អ្នកស្រី ជា មុំ ចូលបំភ្លឺនៅរសៀលថ្ងៃទី០៥ ខែមិថុនា ដើម្បីសាកសួរអំពីដំណើររឿង ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បរិហារកេរ្តិ៍ជាសាធារណៈ និងប្រើប្រាស់មធ្យោបាយជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដោយដើមបណ្ដឹងឈ្មោះ ភាព លីហុង។
កាលពីថ្ងៃទី២១ ខែឧសភា ពលរដ្ឋមួយរូបទៀតរស់នៅភូមស្វាយចាល់ ឃុំចារ អ្នកស្រី លី នីតា បានបង្ហោះដីកាកោះហៅរបស់តំណាងអយ្យាការអមសាលាដំបូងខេត្តតាកែវ លើហ្វេសប៊ុករបស់ខ្លួន ដែលមានដើមបណ្ដឹងឈ្មោះ ភាព លីហុង ផងដែរ។ បើតាមការសរសេររៀបរាប់លើហ្វេសប៊ុក អ្នកស្រីថា ខ្លួនមិនដែលបានចូលរួមតវ៉ាករណីបូមខ្សាច់នៅឃុំចារនោះទេ ដោយសារអ្នកស្រីជាប់ធ្វើការ ប៉ុន្តែបែរត្រូវរងបណ្ដឹងនៅតុលាការផងដែរ។
បើតាមពាក្យបណ្ដឹងដែលបង្ហោះនោះ អ្នកស្រី លី នីតា គ្រោងចូលបំភ្លឺនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ដើម្បីសាកសួរអំពីដំណើររឿង ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បរិហាកេរ្តិ៍ជាសាធារណៈ និងប្រើប្រាស់មធ្យោបាយជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដោយដើមបណ្ដឹងឈ្មោះ ភាព លីហុង។
លោក ភាព លីហុង ជាដើមបណ្ដឹងដែលពលរដ្ឋអះអាងថាជាម្ចាស់ក្រុមហ៊ុនបូមខ្សាច់នោះ ពុំអាចសុំការអត្ថាធិប្បាយបានទេ គិតត្រឹមល្ងាចថ្ងៃទី២២ ខែឧសភានេះ។
ចំណែក លោក វ៉ី សំណាង អភិបាលខេត្តតាកែវ មានប្រសាសន៍ថា ប្រជាពលរដ្ឋមិនមានសិទ្ធិក្នុងការរារាំងការធ្វើដំណើរលើផ្លូវសាធារណៈនោះទេ។ តែយ៉ាងណា លោកនឹងតាមដានករណីនេះ ប្រសិនបើពលរដ្ឋមិនមានចេតនាអាក្រក់នោះ។
លោកនិយាយថា៖ «ទាក់ទងរឿងគេប្ដឹងទៅតុលាការចាំមើលខ្ញុំ តាមមើលសិនតើវាឈានចូលដល់អី យើងមិនអាចឱ្យប្រជាជនរងពាក្យបណ្ដឹងដោយសារចឹងៗបានទេ ហើយយើងនឹងតាមមើល»។
លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ មានប្រសាសន៍ថា អាជ្ញាធរគួរតែបើកការស៊ើបអង្កេតករណីនេះ ដើម្បីមានដំណោះស្រាយល្អសម្រាប់ភាគីទាំងសងខាង។ លោកបន្តថា ប្រសិនបើពលរដ្ឋមិនរងផលប៉ះពាល់ ក៏ពួកគេមិនធ្វើការតវ៉ាប្រឆាំងនឹងអាជីវកម្មរបស់ក្រុមហ៊ុនដែរ ដែលការណ៍នេះ ក្រុមហ៊ុនក៏គួរតែរកដំណោះស្រាយតាមរយៈអាជ្ញាធរ ជាជាងការប្ដឹងផ្ដល់ពលរដ្ឋទៅតុលាការ។
លោកបន្តថា៖ «ដូច្នេះភាគីទាំងពីរជាពិសេសក្រុមហ៊ុនគួរដោះស្រាយ តាមរយ:យន្តការអាជ្ញាធរជាជាងការប្តឹងផ្តល់ទៅតុលាការ ដែលបង្កវិវាទកាន់តែធ្ងន់ធ្ងរ។ ម្យ៉ាងទៀត ក្រុមហ៊ុនគឺត្រូវការប្រជាជាពលរដ្ឋគាំទ្រ ក្នុងដំណើរការវិនិយោគរបស់ខ្លួន ប្រសិនបើប្រជាពលរដ្ឋបន្តការទាមទារ និងតវ៉ា ក៏ប៉ះពាល់ដល់ដំណើរការវិនិយោគរបស់ខ្លួន»៕