បទ​យក​ការណ៍៖ ​យីកេកួយដែល​​ជាទម្រង់​​សិល្បៈល្ខោនមួយបែប​​របស់​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​​​ខេត្ត​​​កំពង់​ធំ ប្រឈមនឹង​ការ​បាត់បង់

យីកេកួយ គឺជា​ទម្រង់ល្ខោន​យីកេមួយ​បែបដែលមាន​​វ័យចំណាស់​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ នៃខេត្តកំពង់ធំ។ ល្ខោន​យីកេកួយ​នេះ មានភាព​ស្រដៀងគ្នា​ទៅនឹង​ល្ខោនយីកេខ្មែរដទៃ​ទៀត​ដែរ ទៅលើការសន្ទនា ការច្រៀងរបស់តួអង្គ។

យីកេប្រចាំតំបន់ នៃខេត្តកំពង់ធំនេះ​ ក៏មានវាសនាមិនខុសពីល្ខោនដទៃទៀតដែរ ក្នុងសម័យសង្គ្រាម គឺត្រូវបានរងការបំផ្លិចបំផ្លាញអស់ស្ទើរតែទាំងស្រុង ទាំងធនធានមនុស្ស ទាំងចម្រៀង សាច់​រឿងជាភាសាកួយ ព្រមទាំងក្បាច់រាំផងដែរ។ ក្រោយ​សម័យ​សង្គ្រាម​បានដួលរលំ មានតែសិល្បករចំនួនមិនដល់ ៥នាក់ផង ដែលនៅរស់រានមានជីវិត។

អ្នក​ស្រី មួន សុគន្ធ វ័យ​៤៥​ឆ្នាំ ជា​​អ្នក​សម្តែង​ និង​​អ្នក​បង្រៀន​យី​កេ​កួយ បាន​​​​ឱ្យ​ដឹង​ថា យី​កេកួយ ​ជា​វប្បធម៌ និងអត្តសញ្ញាណមួយរបស់ជនជាតិដើម​ភាគតិច​កួយ ប្រចាំខេត្តកំពង់ធំ ដោយវា​មាន​​លក្ខណៈ​​ពិសេស​​​​ខុសពីយីកេ​ធម្មតា ត្រង់សម្លៀកបំពាក់ដែលច្នៃម៉ូត​ដោយដៃ​​ ភាសា និង​​មានក្បាច់រាំ​តាម​បែប​ជនជាតិ​ដើមភាគតិច។

អ្នកស្រី​​ថា​៖ «យីកេ​នេះ​​គ្មាន​ហូលផាមួង កង​ជើង​កង​ដៃ ដូច​ល្ខោន​ផ្សេងទេ គឺ​ដេរ​កំណាត់​សំពត់​បត់​​ធម្មតា​ ស្លៀក​ឱ្យ​តែ​បាន​សម្តែង​ហ្នឹង ព្រោះ​យើង​ខ្វះ​លុយ​ទិញ​សម្ភារៈ​ថ្លៃៗ​មក​ប្រើ។ ហើយ​ដេរ​ខ្លួន​ឯង ទម្រាំ​បាន​មួយៗ​រាប់​ខែ​។ ភាគ​ច្រើន​យក​កំណាត់​ពណ៌​ផ្សេងៗគ្នា​មក​ដេរ​ ច្នៃម៉ូត​ខ្លួនឯង ឱ្យ​តែបាន​​ឃើញ​ពណ៌ប្លែកៗពី​គ្នា​ហើយ​ដាក់​ឌិន​អង្កាំ​ជាយៗអាវ​ទៅ ហើយ​យក​អង្កាំហ្នឹង​បន្លំ​ធ្វើ​ម្កុដ​ ធ្វើអី កុំ​ឱ្យ​តែ​ខ្វះ​ចន្លោះ​សម្រាប់​​​តួហ្នឹង​ឯង»។​

​តាមទំនៀម​របស់ជនជាតិ​ដើម​ភាគតិចកួយនៅខេត្តកំពង់ធំ​ យីកេកួយនេះ ត្រូវ​បាន​គេ​យក​មក​សម្តែង​​រៀង​រាល់​​​ពេល​​មាន​​បុណ្យ​​ទាន​​ធំៗ ដូចជា បុណ្យចូលឆ្នាំថ្មី ឡើងអ្នកតា ឬបុណ្យភូមិ ហើយ​នៅពេល​មាន​ការ​​សម្តែងម្តងៗ គឺ​សម្តែង​​មួយយប់ទល់ភ្លឺ ដោយមានដុតចន្លុះលាយជាមួយនឹងជ័រស្រល់ធ្វើ​ជាភ្លើងបំភ្លឺ។

ទោះ​បី​ជាទម្រង់​សិល្បៈ​​យីកេ​កួយនេះ​​ មាន​ទស្សនីយ​ភាព​ល្អ​មើល​យ៉ាង​ណា​ក្តី​ ក៏​ពុំ​សូវ​មាន​ទី​ផ្សារ​ក្នុង​ប្រទេស​​កម្ពុជា​បច្ចុប្បន្ន​​នោះ​ដែរ ហើយ​ស្ទើរ​តែ​បាត់​បង់​ពី​មួយ​សម័យ​កាល​ទៅ​មួយ​សម័យ​កាល​ ដោយ​សារ​ការ​ប្រែ​ប្រួល​របស់​សង្គម។

តាមបទពិសោធន៍​សម្តែងជាច្រើន​ឆ្នាំ​​ របស់អ្នក​ស្រី មួន សុគន្ធ ដែលជា​ជន​​ជាតិដើមភាគតិច​កួយ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ធំរូបនេះ គឺ​អ្នកស្រីសង្កេតឃើញ​​ប្រជាពលរដ្ឋ​​ នា​សម័យ​បច្ចុប្បន្ន​ ហាក់មិនសូវ​​​ចាប់​អារម្មណ៍​ទស្សនា​​ដូចសម័យមុន​នោះទេ ហើយ​​ពេលមានកម្មវីធី ឬបុណ្យទាន​ម្តងៗ ពួកគាត់​តែង​តែ​​ជួល​​ធុងបាស់ ឬក្រុមតន្ត្រីសម័យ​ ទៅ​ប្រគុំ​លេង​​កម្សាន្តជំនួស​វិញ​ ព្រោះចំណាយថវិកា​ជួល​អស់តិច​ជាង​ការ​ជួល​យីកេទៅសម្តែង​។

មួយវិញទៀត អ្នកស្រីថា យុវជន​ បច្ចុប្បន្ន ក៏​មិនសូវ​ចាប់អារម្មណ៍​ក្នុង​ការ​រៀនសម្តែងយីកេនេះផងដែរ ខណៈការ​រៀបចំ​ឆាកសម្តែង និង​ការ​ធ្វើដំណើរដឹកសម្ភារៈ​ទៅសម្តែងម្តងៗ ត្រូវ​កា​រចំណាយថវិកា​ច្រើន ដែលធ្វើឱ្យការ​ជួល​ក្រុមសម្តែង​ទៅសម្តែងក៏ត្រូវ​ចំណាយ​ខ្ពស់។​

អ្នកស្រីបន្តទៀតថា​៖ «​ក្មេងៗ​​ខ្លះ​ទៅ​ធ្វើ​ការ​រោង​ចក្រ​ដើម្បី​រក​​លុយ​ ​ដោះ​ស្រាយ​ជីវភាព ចំណែក​ម៉ែឳខ្លះ​ទៀត ក៏​គាត់លើក​ទឹក​ចិត្តកូន​ឱ្យ​តស៊ូបន្តធ្វើទៅ ដើម្បី​កុំ​ឱ្យ​ភ្លេច​ប្រពៃ​ណី​ខ្មែរ​យើង។ ឯម្តាយ​ឳពុក​ផ្សេងទៀត​គាត់​និយាយថា​នៅ​ហាត់​ធ្វើ​អី ហាត់​អត់​ប្រយោជន៍​អត់​មានលុយ​ចូល​ផ្ទះ បាន​លុយ​ឯណា​ទិញ​អង្ករហូប។ អ៊ីចឹង​មិន​បាច់​លេង​ទេ ទៅ​ស៊ីឈ្នួល​គេ​វិញឆាប់​បាន​លុយ​ជាង​»។

អ្នកស្រី មួន សុគន្ធ និយាយ​ថា បញ្ហា​ទាំង​នេះហើយ​​ ដែល​ធ្វើឱ្យ​ការ​សម្តែង​ល្ខោន​បុរាណ និងយីកេ ជាពិសេសយីកេ​កួយ​នេះ ប្រឈម​នឹង​ការ​បាត់បង់បន្តិ​ចម្តងៗ ក្នុងពេលបច្ចុប្បន្ននេះ។​ 

តែយ៉ាងណា សម្រាប់អ្នកស្រី មួន សុគន្ធ រូបគាត់នៅតែបន្ត​សម្តែង និងឆ្លៀតពេលក្នុងការបង្ហាត់បង្រៀន​យុវជន​ជំនាន់ក្រោយ បើសិនពួកគេនៅបន្តចាប់អារម្មណ៍​នឹង​យីកេកួយ​នេះ ដើម្បីរក្សា​អត្តសញ្ញាណ និង​វប្បធម៌របស់ជនជាតិ​ដើមភាគតិច កុំឱ្យ​បាត់បង់។

អ្នកស្រី​ថ្លែង​ថា៖ «​តាំង​ពី​បុរាណ​មក​ដូនតា​ពួក​ខ្ញុំ​លេង​រហូត​ហើយ ណា​មួយ​ខ្ញុំ​ឃើញ​ថា​គេ​មិន​សូវ​យក​យីកេមក​លេង​ ទើប​ខ្ញុំ​ចង់​ឱ្យ​យីកេ​លេង​ឡើង​វិញ​ ព្រោះ​វា​ជា​ប្រពៃ​ណី​ជន​ជាតិ​កួយ​យើង។ ខ្ញុំ​ស៊ូ​នៅ​លេង​ទៀត​ ទោះ​គ្មាន​អ្នក​គាំ​ទ្រច្រើន​ក៏​ដោយ ជន​ជាតិ​ពួក​ខ្ញុំ​​គឺខ្វះ​ខាត ​ហើយ​ចង់​ឱ្យ​ក្មេងៗ​បាន​រៀន​បន្ត​ និង​សម្តែង​​ឡើងវិញ អ៊ីចឹង​បាន​ពួក​ខ្ញុំ​ចេះ​តែ​នៅ​បន្ត​ដល់​សព្វ​ថ្ងៃ  […]​ ខ្ញុំ​មិន​ឱ្យ​បាត់​ទេ សព្វ​ថ្ងៃ​នេះ​ខ្ញុំ​បង្ហាត់​​ក្មេង​​ឱ្យ​​​ចេះ​ ហើយ​ពួក​ខ្ញុំចាស់ៗ​​សម្រាក​ តែ​មិនមែន​​មានន័យ​ថា ​ឈប់​ទេ គឺនៅ​ក្នុង​វង់​ ប៉ុន្តែ​ឥឡូវ​នេះ​បង្ហាត់​ក្មេង​ឱ្យ​បាន​ចេះ​ច្រៀង​ ចេះ​រាំ​ក្បាច់ ដើរតួអី​ជា​ដើម​ហ្នឹង​។

អ្នកដឹកនាំ​ការ​សម្តែង និងជា​តួអង្គសម្តែង​យីកេកួយអស់រយៈពេល​ជិត​មួយ​ទស្សវត្សរ៍មកហើយ​នោះ​ លោក អេង ឃន​ ឱ្យ​ដឹង​ដែរថា បច្ចុប្បន្ន នៅក្នុងសហគមន៍​ជនជាតិដើមភាគតិច​កួយ ខេត្តកំពង់ធំ កម្រ​មានការ​សម្តែង​យីកេកួយនេះ ដែលខុសពីសម័យមុន ដែលធ្វើឱ្យ​រូបលោក មានក្តីបារម្ភពីការ​បាត់បង់​សិល្បៈមួយនេះ។

លោកថា៖ «​នៅ​ក្នុង​ជន​បទ​ឥឡូវ​ គេ​មិន​សូវ​យក​ពួក​ខ្ញុំ​ទៅ​​សម្តែង​ទេ ភាគ​ច្រើន​មាន​តែ​ធុង​បាស់​ ចំណែក​ក្រុម​​ពួក​ខ្ញុំ​ទាល់​តែ​មាន​កម្មវិធី​ដូច​បុណ្យ​ភូមិ បុណ្យ​សហគមន៍អី​បាន​គេ​ហៅទៅ […] ខ្ញុំ​ពេញ​ចិត្ត​ក្នុង​អាជីពជាអ្នក​សម្តែង​ល្ខោន​យីកេកួយ ព្រោះ​វា​ជា​អត្តសញ្ញាណ​របស់​ជន​ជាតិពួក​យើង»​។

បុរសវ័យ ​៥៥ឆ្នាំរូប​នេះ ​ឱ្យ​ដឹង​ថា ​ល្ខោន​យីកេ​កួយ​​មាន​តាំង​ពី​យូរលង់​ណាស់​មក​ហើយ ហើយ​ក៏​មិនមែន​កើតមានដោយ​ឯក​ឯងនោះដែរ​ ដោយសារ​សាច់រឿង​និមួយៗ ទាល់តែ​មាន​ពូជពង្ស ការ​បង្កើត​ឡើង​ពី​ដូនតាមកបាន​សម្តែង​បាន​​។ ករណីនេះ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ងាក​មក​ចាប់អារម្មណ៍ និងជួយ​គាំទ្រ​ដល់​សិល្បៈបុរាណឡើងវិញ ដើម្បីលើកស្ទួយ និង​អភិរក្ស​សិល្បៈវប្បធម៌​ខ្មែរ ឱ្យ​រស់​រវើកឡើង​វិញ។

លោកថា៖ «បើ​បាត់​បង់ទៅ​ វា​ស្តាយ​ ដូន​តា​ខំបង្កើត​មក​ហើយ​ បើ​យើង​មិន​​អភិរក្ស​ជំនាន់​យើង​ ជំនាន់​ក្រោយ​នឹង​លែង​បាន​មើល […] ​ខ្ញុំ​មិន​ចង់​ឱ្យ​សាប​សូន្យ​ទេ​ ចង់​ធ្វើ​យ៉ាង​ម៉េច​បន្ថែម​ឱ្យ​មាន​ការ​លើក​ស្ទួយ​​​ទូទាំង​ប្រទេស​ហ្នឹង​ណា។ ខ្ញុំ​ចង់ឱ្យ​ពល​រដ្ឋខ្មែរ​យើង​បែរ​មក​មើល​សិល្បៈ​បុរាណ​ទាំង​នោះ​វិញ​ ជាក់​ស្តែងល្ខោន​​យីកេ​ និង​ផ្ការាំ​ទឹក​រាំ​ និង​រឿង​ដទៃ​ទៀត​វាពិត​ជា​មាន​លក្ខណៈ​ខុស​គ្នា​ពិត​ប្រាកដ​មែន»​។

ទោះយ៉ាងណា ល្ខោន​យីកេជនជាតិដើមភាគតិចកួយ ដែលជាប្រភេទសិល្បៈកម្រ​នេះ ក៏បាន​បង្ហាញ​វត្តមាន​សម្តែង​យ៉ាងចែងចាំង ក្នុង​មហោស្រព​សិល្បៈ​បុណ្យភូមិ កាលពីថ្ងៃទី៥ និងទី៦ ខែមេសា ឆ្នាំ​២០២៥នេះ។

អ្នក​នាង​ រិទ្ធី លំអរ​ពេជ្រ ដែល​ជា​​ប្រធាន​មហោ​​ស្រព​​សិល្បៈ​​បុណ្យ​ភូមិ​ និង​ជា​សហស្ថាបនិក​បុណ្យ​​ភូមិ ឱ្យ​ដឹង​ថា ​បើ​សិន​ជា​មិន​មាន​ការ​លើក​យកទម្រង់​​សិល្បៈប្រពៃណី​​បុរាណ ជាពិសេស​ល្ខោនយីកេ​កួយ​នេះ ​មក​​សម្តែង ឬដាក់​បង្ហាញ​ឱ្យ​​ទស្សនិក​​ជន​​មើល​​ទេ​ នោះ​សិល្បៈ​ទាំង​អស់​នោះ អាច​​​ប្រឈម​​នឹង​ការ​បាត់​បង់។

អ្នក​នាង​ថ្លែង​ថា៖ «ពាក្យ​ថា​សិល្បៈឬ​ភាសា​អង់​គ្លេស​ហៅ​ថា​ (Living Art) មាន​ន័យ​ថា ​សិល្បៈ​ គឺ​​ត្រូវ​តែ​រស់​រាន​មាន​ជីវិត ​មិន​មែន​គ្រាន់​តែ​ជា​ការ​ដាក់​បង្ហាញ​ ដាក់​នៅ​លើ​ទូរទស្សន៍ ​ឬក៏​ដាក់​តាំង​​ជា​រូប​គំនូរ ​ហើយ​យើង​ថា​យើង​ថែរក្សា​ទេ។ របស់​ទាំង​អស់​ហ្នឹង[សិល្បៈ​] ត្រូវ​រស់​នៅ​ជា​មួយ​​សិល្ប​ករ​​។ សិល្បៈ​អាច​រស់​បាន​ត្រូវ​មាន​សិល្បៈ​ករ​សម្តែង​ ឯសិល្បៈ​ករ​សម្តែង​បាន​នៅ​ពេល​​មាន​អ្នក​គាំ​ទ្រ​គាត់​មើល​។ បើ​កាល​ណា​មាន​អ្នក​មើល​គឺ​មាន​ទី​ផ្សារ​ អ៊ីចឹង​មានន័យ​ថា ​អ្នក​ជំនាន់​ក្រោយ ​គាត់​អាច​បន្ត​ជំនាញ​ហ្នឹង​បាន ​ដោយ​មិន​បាច់​ភ័យ​រឿង​គ្មាន​ទី​ផ្សារ»។

មាន​មាឌ​តូច​ សម្បុរ​ស្រអែម​ អ្នក​ដឹក​នាំ​កុនវ័យ​ក្មេង​​រូប​នេះ​ ឱ្យ​ដឹង​ទៀត​ថា ​បើមិនមាន​ការ​​​​​បន្ត​​បណ្តុះ និង​​​បង្ហាញ​​ផ្លូវ​​ដល់​​​អ្នក​ជំនាន់​ក្រោយ​​ពី​តម្លៃ​នៃ​សិល្បៈ​បុរាណ​ទេ នោះ​គឺ​ស្មើ​នឹង​មិន​ផ្តល់​តម្លៃ​​នៃ​​ការ​ខិត​ខំ​ប្រឹង​​ប្រែង​របស់​អ្នក​ជំនាន់​មុន។

អ្នកនាង​និយាយ​៖ «បើ​យើង​គ្រាន់​តែ​ចារ្យ​​ដាក់​ក្នុង​សៀវភៅ ​ដាក់​ថា​យើង​មាន​ល្ខោន​ប្រពៃណីប៉ុណ្ណេះ ហើយ​គ្មាន​ទិដ្ឋភាព​[ការ​សម្តែង] ​ហ្នឹង​​កើត​ឡើង​ជា​ការ​ពិត​​ទេ​ របស់​ហ្នឹង​នឹង​បាត់​បង់។ ឧទាហរណ៍​ជាក់​ស្តែង ​គោព្រៃ​ជា​សត្វ​តំណាង​ជាតិ​ ប៉ុន្តែ​យើង​អត់​ដែល​ឃើញ​ទេ​ អ៊ីចឹង​វា​ដូច​គ្នា​ទៅ​នឹង​ល្ខោន​ដែរ។ ជាក់​ស្តែង​ល្ខោន​ស្រមោល​ស្បែក​ធំ ល្ខោន​យី​កេ ​ជា​ល្ខោន​របស់​ខ្មែរ​ ប៉ុន្តែ​យើង​​ទៅ​រកមើល​​កន្លែង​ណា​​មាន​សម្តែង​ ហើយ​កូន​​សិស្សល្ខោន​ស្បែក​រៀន​តឬអត់​ យើង​អត់​ដឹង​ អាហ្នឹង​គឺ​ជា​ហានិភ័យ​មួយ​ដែល​អាច​ថា​ទៅ​ថ្ងៃ​មុខ​ដែល​បាត់​បង់​ទម្រង់​សិល្បៈ»។

ក្នុង​ទឹក​មុខ​មាំ អ្នក​នាង ​រិទ្ធី លំអរ​ពេជ្រ បាន​ទទូច​ឱ្យ​មាន​ការ​ចូល​រួម​គាំ​ទ្រ និង​ថែរក្សាសិល្បៈបុរាណ​ខ្មែរ ​ពី​គ្រប់​​មជ្ឈ​ដ្ឋានទាំង​អស់​ មិន​ថា ​យុវជន ក្មេង ចាស់ អង្គការ​សង្គម​ស៊ីវិល ​និង​រដ្ឋាភិបាល​​នោះទេ​ ហើយ​​​​ការ​ថែរក្សា​ជា​ដំបូង ​គឺ​ត្រូវ​មាន​ការ​គាំ​ទ្រ​​​នូ​វការ​សម្តែង។

អ្នក​នាង​ថ្លែង​ថា៖ «នៅ​ពេល​ដែល​មាន​ជា​កម្មវិធី ក៏ដូច​ជា​ការ​ដាក់​បង្ហាញ ទាក់​ទង​នឹង​សិល្បៈ​ប្រពៃណី​របស់​យើង​ សង្ឃឹម​ថា ​មាន​ប្រជាជន​ខ្មែរយើង​ជា​អ្នក​​ដំបូង​ ដែល​គាំទ្រមុនគេ​មុន​នឹង​ឱ្យ​អន្តរជាតិ​មក​គាំទ្រ​យើង។ ហើយ​ក្នុង​សម័យ​ឌីជីថល ​យើង​អាច​ចងក្រង​បាន​ជា​វីដេអូ និង​​រូប​ថត​ ងាយ​ស្រួល​ច្រើន​ជាង​ពី​មុន​ ហេតុអ្វី​បាន​យើង​មិន​ធ្វើ​។ ដូច្នេះ​ក្រៅ​ពី​ការ​គាំទ្រ ​គឺ​​ការ​ចង​ក្រង​ហ្នឹង​​មាន​សារៈ​សំខាន់​មែន​ទែន​ជា​ពិសេសនៅ​តំបន់​ដាច់​ស្រយាល​។ ឧទាហរណ៍​ដូច​ល្ខោន​យីកេកួយ​​​នៅ​ខេត្ត​កំពង់​ធំ​ គឺមាន​លក្ខណៈ​ជា​របស់​ជន​ជាតិដើម​មួយ​ក្រុម​​ ដែល​ជា​អំបូរ​កួយ​»។

លោក ស៊ុំ ម៉ាប់ អ្នកនាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ បាន​ប្រាប់​ Newsroom Cambodia កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា​ ឆ្នាំ​២០២៥​នេះ​ថា ​ក្រសួង​បាន​ខិតខំ​ប្រឹង​ប្រែង​​ការពារ​អ្វី​ដែល​មាន​ស្រាប់ ​និង​​បន្ត​ស្រោច​ស្រង់​​អ្វី​ដែល​ប្រឈម​នឹង​ការ​បាត់​បង់។

លោកថា ជាក់​ស្តែង ​ក្រសួង​បាន​​ស្រាវជ្រាវ ចង​ក្រង និង​ស្តារ​ឡើង​វិញ​​នូវ​វប្បធម៌​អរូបីមួយ​ចំនួន​ ដូច​ជា​ សិល្បៈ របាំ ល្ខោន​ ហើយ​ក្រសួង​បាននិង​​​កំពុង​បន្តថែរក្សា​ជំនាញ​​ដូនតា​ និង​បណ្តុះ​​ដល់​អ្នក​ជំនាន់​ក្រោយ​ ហើយ​​ការ​ចូល​រួមរបស់​យុវជន​​ក្នុង​ការ​ថែរក្សា ​និង​ការពារ​ បន្តវេនពី​ដូនតា ពិត​ជា​មាន​សារៈ​សំខាន់​ ព្រោះ​យុវជន​គឺជា​សសរទ្រូង​ដ៏​រឹង​មាំ ​សម្រាប់​អភិវឌ្ឍន៍​​ប្រទេស។

លោក​ថ្លែង​ថា៖ «ការងារ​វប្បធម៌​ជា​ការ​ងារ​មួយ​ដែល​គ្មាន​ទី​បញ្ចប់​នោះ​ទេ បើ​រលក​មុន​បាត់​ មិន​មាន​រលក​ថ្មី​មក​ជំនួស​ អាហ្នឹង​គឺជា​ហានិភ័យ​បាត់​បង់​ អ៊ីចឹង​ហើយ​បាន​តួនាទី​របស់​យុវជន​បន្តវេន​ជា​រឿង​សំខាន់។ ការការពារ​បេតិកភណ្ឌ​ទាំង​អស់​នោះ ​ពិតជា​មាន​ប្រយោជន៍​ ហើយ​រឿង​សំខាន់​ ​គឺ​អត្តសញ្ញាណ​។ ការពារ​បាន​កាន់​តែ​មាំ​ ស្តារឡើង​វិញ​កាន់​តែ​ច្រើ​នោះ​អត្តសញ្ញាណ​របស់​យើង​កាន់​តែ​រឹង​មាំ​ទាំង​បច្ចុប្បន្ន​និង​ទៅ​អនាគត ដើម្បី​ធានា​ការការពារ ថែរក្សា និង​បន្តអភិរក្ស​ឱ្យ​គង់​វង្ស​តាម​រយៈ​យុវជន​ជំនាន់​នេះ​»។

លោក​បាន​រំលេច​ឧទាហរណ៍​ជាក់​ស្តែង​ ពី​គុណ​តម្លៃ​និង​អត្ថ​ប្រយោជន៍​របស់​សិល្បៈ​​បុរាណ​ខ្មែរ​ដោយថា​ វា​មិន​ត្រឹម​តែ​ជា​និមិត្តរូប ​និង​ជាបេតិកភណ្ឌ​របស់​ជាតិ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​មុខ​របរ​ដើម្បី​ឱ្យ​ប្រជាជន​ខ្មែរ​អាស្រ័យ​ផល​បាន​ តាម​រយៈ​ការ​បន្តធ្វើ​ ការ​​ដាក់​បង្ហាញ ​និង​បង្រៀន​ដល់​​កូន​ចៅ​ជំនាន់​ក្រោយ។

លោក​ថ្លែង​ថា​៖ «ប្រយោជន៍​ក្នុង​ការបន្ត​​ថែរក្សា​ ការពារ ទាំង​អស់​ហ្នឹង​ ​គឺ​ពាក់​ព័ន្ធ​នឹង​ជីវភាព​ ព្រោះ​​​វាជា​អាជីព​ទាំង​សិល្បៈ របាំ តូរ្យ​តន្រ្តី ចម្រៀង​ និង​សិប្បកម្មជំនាញ​ដូន​តា​ទាំង​អស់​ហ្នឹង​វា​ពាក់ព័ន្ធ​ជីវភាព​ដែរ។ បើ​កាលណា​យើង​ថែរក្សា​បាន​ល្អ អភិវឌ្ឍន៍​កាន់​តែ​ទៅ​មុខ​ អ៊ីចឹង​អ្នក​ដែល​​​ពាក់​ព័ន្ធ​​​ការងារ​ទាំងអស់​នោះ​ ជីវភាព​​ក៏​កាន់​តែ​ប្រសើរ​ទៅ​តាមហ្នឹង​ដែរ ដែល​បច្ចុប្បន្ន​គេហៅ​ថា ឧស្សាហកម្មវប្បធម៌ហ្នឹង​ឯង​ ដែល​ចូលរួម​​ធានាដល់​​និរន្តភាព​ចំណូល​របស់​អ្នក​ដែល​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ហ្នឹង​»។

លោក អែក កុសល មានមុខរបរ​ជា​​អ្នកថតរូប​ឯករាជ្យ និង​ធ្លាប់​ទសន្សា​ការ​​សម្តែងយីកេ​កួយ​នេះ បាននិយាយថា​​ យីកេកួយ ជាទម្រង់សិល្បៈបុរាណមួយ ដែល​គេ​​ទស្សនា​ហើយចង់​ទស្សនា​​​ទៀត។​ លោក​យល់ថា គួរតែ​មានការ​លើកទឹកចិត្ត និង​ជំរុញឱ្យមានការ​សម្តែង​​ល្ខោន​យីកេ​​នេះ ឱ្យ​បាន​ច្រើនបន្ថែមទៀត ដើម្បី​លើកស្ទួយសម្បត្តិវប្បធម៌ដូនតាដែលបន្សល់​ទុក។​

លោក​ថ្លែង​ថា៖ «ជាពិសេសនៅពេលមានកម្មវិធី សូមឱ្យ​អ្នកគ្រប់គ្រងកម្មវិធីជួយ​ទាក់ទងទៅពួក​គាត់ដើម្បីឱ្យ​បាន​សម្តែង ជាការលើកទឹកចិត្តពួកគាត់។ បើសិនជាគ្មានការគាំទ្រ ខ្ញុំគិតថានឹងបាត់បង់ ហើយបើបាត់បង់វាជារឿងមួយគួរឱ្យ​​សោកស្តាយបំផុត ព្រោះវាមានអាយុកាលរាប់​​រយឆ្នាំមក​ហើយ ដែលបងប្អូនជនជាតិកួយគាត់​សម្តែង គាត់លេងនៅតាមស្រុករបស់គាត់។ ខ្ញុំគិតថា យើងទាំងអស់គ្នាគួរតែងាក​មក​គាំទ្រ ព្រោះល្ខោនយីកេជនជាតិភាគតិច មានអ្វីជាច្រើនគួរអោយចាប់អារម្មណ៍ ទាំង​ក្រោយ​ឆាក​ និង​លើ​ឆាក»។

បើតាម​ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ​ បច្ចុប្បន្ន​ កម្ពុជា​ មាន​​សម្បត្តិវប្បធម៌​ខ្មែរចំនួន ១៤​ហើយ ដែល​ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក ក្នុងនោះ​មាន៤ ជាបេតិក​​ភណ្ឌរូបី និង៧ទៀត ជាបញ្ជីបេតិកភណ្ឌអរូបី និងបញ្ជីស្មារតីចងចាំនៃ​ពិភពលោកមាន៣។

បេតិកភណ្ឌរូបី មានដូចជា ឧទ្យានបុរាណវិទ្យាអង្គរ ប្រាសាទព្រះវិហារ តំបន់ប្រាសាទសម្បូរព្រៃគុហ៍ និងប្រាសាទកោះកេរ។ ដោយឡែក បេតិកភណ្ឌអរូបី មានដូចជា ក្រមា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោល​វត្តស្វាយអណ្ដែត និងក្បាច់គុនល្បុក្ក។ ចំណែក បញ្ជីស្មារតីចងចាំនៃពិភពលោក មាន៣រួមមាន បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលស្លែង, ឯកសារសំឡេងនិទានរឿង រាមកេរ្ដិ៍ ដោយតាគ្រុឌ និងរឿងអ៊ីណាវបុស្បា។

ត្រឡប់​ទៅ​អ្នកស្រី​ មួន សុគន្ធ ជនជាតិដើមភាគតិចកួយ និងជាតួសម្តែង​ល្ខោន​យីកេ​កួយ​​វិញ អ្នកស្រី​​ចង់ឱ្យ​អ្នក​ពាក់​ព័ន្ធ​ ជា​ពិសេស​រដ្ឋាភិបាល គិត​គូអភិរក្ស​យីកេ​កួយ​​ដ៏​កម្រមួយ​នេះ​​​​ឡើងវិញ ព្រោះ​ជា​អត្តសញ្ញាណ វប្បធម៌ និង​ប្រពៃណី​ជន​ជាតិ​ដើម​ភាគតិច​អម្បូរកួយ​មួយក្រុម​នៅខេត្តកំពង់ធំ​៕
………………………….

អត្ថបទដោយ៖ ណឺ មិនា​

អត្ថបទគួរឱ្យចាប់អារម្មណ៍