បទយកការណ៍៖ ពលរដ្ឋមួយចំនួនស្នើ​ពង្រីក​សេវា​ធ្វើអត្តសញ្ញាណប័ណ្ណ ខណៈពួកគេ​ត្អូញត្អែរពីការចំណាយពេល​រងចាំយូរ​​

នៅវេលាម៉ោង៩ព្រឹក លើជាន់ទី២ នៃផ្សារទំនើបអុីអនម៉ល២ ក្នុង​ខណ្ឌសែន​សុខ រាជធានីភ្នំពេញ គេ​សង្កេត​​​​ឃើញ​​មាន​​ប្រជាពលរដ្ឋ​ជាច្រើន​ បាន​នាំគ្នា​​តម្រង់​​ជួរ​ត្រៀប​ត្រា នៅ​​មុខ​ទីតាំង​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​។ ​ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនោះ ក៏​មាន​​ពលរដ្ឋ​ខ្លះ​មកពីតាមបណ្តាខេត្តផ្សេង​ៗ និង​ខ្លះទៀត ​រស់​នៅ​រាជធានី​ភ្នំពេញ។

កំពុង​ឈរតម្រង់ជួរ​រងចាំ​ធ្វើអត្តសញ្ញាណប័ណ្ណ​នៅ​សាខា​ផ្សារ​ទំនើបអ៊ីអន​២សែនសុខ​ អ្នកស្រី ផា កំផាត ជាប្រជាពលរដ្ឋ​មក​​​ពីខេត្តព្រះវិហារ បានឱ្យដឹង​ថា អ្នកស្រីបានមកតម្រង់ជួរតាំងពីម៉ោង ៧កន្លះព្រឹក រហូត​ដល់ម៉ោងជិត១១ព្រឹក​ នៅ​តែ​​មិន​​ទាន់​បាន​​ចូល​ទៅ​ជួប​​មន្ត្រី​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​នៅ​ឡើយ។

អ្នក​ស្រីបន្ត​ថា ដោយសារ​អត្តសញ្ញាណប័ណ្ណរបស់គាត់ អស់សុពលភាព និង​ចង់កែតម្រូវ​​ឈ្មោះ​របស់​គាត់​​ដែលធ្វើ​​​ខុសកាលពីពេលមុន​​ផង​នោះ ធ្វើឱ្យ​​គាត់​ត្រូ​វ​ឡើង​ចុះ​ពី​ស្រុកកំណើត​ មករាជធានី​ភ្នំពេញ ​ជាច្រើន​ដង ដែល​ធ្វើ​ឱ្យ​ការងារ​របស់​គាត់ត្រូវ​រាំងស្ទះមួយចំនួន​ផង​ដែរ។

អ្នកស្រីថា៖«និយាយទៅខាត[ពេលវេលា​]ដែរហ្នឹងហាស តែមិនដឹងធ្វើម៉េច បើយើងចង់បានអត្តសញ្ញាណប័ណ្ណហើយ[…] និយាយទៅវាសំខាន់ច្រើនយ៉ាងយើងត្រូវធ្វើប្លង់ដី និយាយទៅទិញអីធ្វើអី យើងត្រូវតែប្រើអត្តសញ្ញាណប័ណ្ណ ដូចថាយើងត្រូវបើកកុងធនាគារឬខ្ចីលុយអង្គការក៏ត្រូវតែប្រើអាហ្នឹង»។

ទោះជាត្រូវ​​​រង់ចាំយូរ ប៉ុន្តែ​ស្ត្រីរូបនេះ មិន​បាន​ដាក់​បន្ទុក​ទៅ​លើ​អ្នក​ផ្តល់​សេវា​កម្ម​ឡើយ ព្រោះ​អ្នក​ស្រី​មើលឃើញ​ពី​ភាព​ជាក់​ស្តែង​នូវ​ចំនួន​មនុ​ស្ស​ជាច្រើន​ដែល​បាន​មក​ចាំ​ទទួល​សេវាកម្មនេះ។

អ្នកស្រីថា៖«និយាយទៅមិនយឺតទេ តែគ្រាន់តែថាមកពីមនុស្សច្រើន ដល់មនុស្សច្រើន យើងត្រូវតែចាំហើយ តែបើមនុស្សអត់ច្រើនយើងចូលទៅលឿនដែរហ្នឹង»។

ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋម្នាក់ទៀត​មកពីខេត្តព្រៃ​វែង​​ លោក សៀង សិត មានមុខរបរ​ជាកសិករ បាន​​​មកដល់កន្លែង​រ​ងចាំ​ធ្វើអត្តសញ្ញាណបណ្ណ​នៅសាខា​ផ្សារអ៊ីអន២សែនសុខ​នេះ នៅម៉ោង​៨ព្រឹក។ លោក សៀង សិត ដែលមានវ័យជាង៣០ឆ្នាំ​ បានប្រាប់ថា មូល​ហេតុ​ដែលគាត់​ឡើង​ម​ក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នៅរាជធានីភ្នំពេញ​នេះ ដោយសារ​​នៅ​ទី​នេះ​មាន​សេវាកម្ម​​លឿន​ជាង​នៅ​​​រដ្ឋបាល​​ឃុំ​​ដែលលោក​រស់នៅ​ ដែល​ត្រូ​វ​ប្រើ​រយៈ​ពេលយូរ​ជិត​កន្លះឆ្នាំ ទម្រាំបាន។

លោកថា៖ «ធ្វើនៅនឹងសេវេកម្មវារាងលឿនរយៈពេលដែរ ៣០ថ្ងៃ គិតចាប់ពីរថ្ងៃគេធ្វើការ នៅតាមបណ្តាស្រុក ឃុំប្រើរយៈពេលយូរ។ កាលពេលខ្ញុំធ្វើ[លើកមុន]ហ្នឹង​ ​ប្រើពេលរាងច្រើនដែរ ខ្ទង់ជិតកន្លះឆ្នាំអីចឹងទៅ»។

បើតាម លោក សៀង សិត​ ការទម្រង់ជួរដើម្បីទទួលសេវាកម្ម​មួយនេះ​​ គឺត្រូវការចាប់​លេខរៀង ដែល​នៅ​ពេល​ព្រឹក​​ លោក​ថា ខាង​មន្ត្រី​ដែលធ្វើអត្តសញ្ញាប័ណ្ណបើក​​​ទទួល ​ព្រឹក១០០នាក់ និង​ពេល​រសៀល ៩០នាក់ ។

ដើម្បីពន្លឿនសេវា​នៃកា​រធ្វើអត្តសញ្ញាណប័ណ្ណ​ ដែលមួយថ្ងៃៗមាន​មនុស្ស​រាប់រយនាក់​មក​ទៅទទួល​សេវានេះ លោក សៀង សិត បានស្នើ​ដល់​ក្រសួង​មហាផ្ទៃ ក៏ដូចជាស្ថាប័ន​ពាក់ព័ន្ធ ពង្រីក​ទីតាំង​​ធ្វើបន្ថែមទៀត នោះប្រជាពលរដ្ឋនឹង​មិនរងចាំយូរ ហើយ​អាចទទួលបាន​អត្តសញ្ញាណ​​ប័ណ្ណ​ប្រើប្រាស់​ជា​ប្រយោជន៍​​តាម​តម្រូវ​ការ​ប្រចាំថ្ងៃ​របស់ខ្លួន​បានទាន់ពេល។

លោកមានប្រសាសន៍ថា៖ «ប្រសិនជាដាក់ឲ្យមានការងារធ្វើពីរកន្លែង ឬបីកន្លែង ដើម្បីឲ្យ​យើង​កាត់​បន្ថយកក​ស្ទះ[ហ្នឹង] បើកាន់តែលឿនជាងហ្នឹង កាន់តែល្អដែរឲ្យបានប្រើឲ្យទាន់ពេលវេលា»។

ចំណែក បុរស​វ័យចំណាស់ម្នាក់ ដែលកំពុងអង្គុយ​រង់​​ចាំ​ទទួល​អ​ត្ត​សញ្ញាណ​ប័ណ្ណ​នៅផ្សារ​ទំនើប​អ៊ីអន​ពីរ លោក​ អឹម រ័ត្ន អាយុ​ ៨០ឆ្នាំ ជាប្រជាពលរដ្ឋ​​រស់នៅ​បុរី​អង្គ​រភ្នំពេញ ក្នុង​រាជធានីភ្នំពេញ បាន​ឱ្យដឹងថា អត្ត​​សញ្ញាណ​ប័ណ្ណ​របស់​លោក បាន​ផុតកំណត់​នៃកា​រប្រើប្រាស់ ទើប​​លោក​ត្រូវ​​មក​ធ្វើ​ជា​ថ្មីទៀត​​។ លោកបន្ត​ថា ការ​រៀបចំ​សេវា​ផ្តល់អត្តសញ្ញាណប័ណ្ណនៅសា​ខា​ផ្សារទំនើប​អ៊ីអន២​នេះ ជា​រឿង​ល្អ និង​​មាន​សេវា​ល្អ ហើយ​​នៅពេល​មក​​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ លោក​មិន​បានចំណាយ​​​ពេល​រង់​ចាំ​យូរ​ទេ ដោយសារ​​គេ​ផ្តល់អាទិភាពសម្រាប់​មនុស្ស​​ចាស់។

តែយ៉ាងណា​ លោកថា ​សម្រាប់មនុស្ស​វ័យកណ្តាលវិញ​ លោកសង្កេត​ឃើញពួកគេ​​ត្រូវឈរតម្រង់ជួរ​​រងចាំយូរ ទម្រាំ​ដល់​លេខ​រៀង​របស់ពួកគេ ដែល​ករណីនេះ លោក​ចង់​​ឱ្យ​មាន​​កន្លែង​សម្រាប់​​អ្នក​អង្គុយ​​រង់​ចាំ​ឱ្យ​បាន​​​ច្រើន​ជាង​មុន ពង្រីក​ទីកន្លែង​​ឱ្យ​ធំជាងមុន និងមាន​បុគ្គលិកច្រើនជាងនេះ នោះ​កាន់តែល្អប្រសើរ​​។

លោក​ថា៖«ពេលមក​ហ្នឹង​​មនុស្សច្រើន ប៉ុន្តែ​​ចាស់ៗគេឱ្យទៅ​មុន ធ្វើហ្នឹង​រយៈ​ពេលមួយខែកន្លះ ហើយរបស់​ខ្ញុំ​ជាង​មួយ​ខែ​កន្លះ​ហើយ មកធ្វើតាំងពីថ្ងៃ៥ខែ២(កុម្ភៈ) ខ្ញុំទើបតែ​​មកយកថ្ងៃហ្នឹង។ និយាយចំ​​សេវាល្អ គ្រាន់តែ​មនុស្សច្រើន​ពេក មើលឃើញគ្នា​​(បុគ្គលិកបម្រើ​ការនៅអត្ត​សញ្ញាណបណ្ណ) រៀង​​ហ​ត់នឿយដែរ​ហ្នឹង។ កន្លែងនេះ​វា​តូច ហើយ​អ្ន​ក​ធ្វើ​សម្រុក​មក​ធ្វើ​តែ​កន្លែង​ហ្នឹង សម្រុក​មក​តែ​ពិបាក […] បញ្ហាកន្លែង​តូច គឺ​ត្រូវ​ពង្រីក​ឱ្យ​ធំ​ជាង​ហ្នឹង​ទៀត ព្រោះកន្លែងនេះធ្វើជាប្រចាំ មិនមែនធ្វើ១ថ្ងៃ ឬ២ថ្ងៃទេ ហើយរបស់នេះ ប្រជាជនផុតកំណត់ត្រូវតែមកធ្វើ។ ទាល់តែបន្ថែមបុគ្គលិក ហើយបន្ថែមតុ​ឱ្យអ្នកមកអង្គុយដែរ»។

ជាមួយគ្នានេះដែរ​លោក ជឹម បុនធឿន មានវ័យជាង៣០ឆ្នាំ ប្រកបរបរ​​ជាអ្នកលក់​ពោត នៅត្រឡោកបែក ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ដែល​មកចាំ​ទទួល​អត្ត​សញ្ញាណប័​ណ្ណតាំង​ពី​ម៉ោង​៩ ដល់​ម៉ោង ១០​កន្លះ ព្រឹកដែរនោះ យល់ថា កន្លែង​ផ្តល់​សេវា​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​មានសេវាល្អ តែ​បើ​មាន​សាខា​ច្រើន​ជាង​នេះកាន់​តែ​ល្អ ជៀស​វាង​អ្នក​ឡើង​មក​ខក​ពេល​ជា​ដើម។

លោកថា៖ «សេវាកម្មកគេល្អ[…] បើសាខាមានច្រើន ងាយស្រួលសម្រាប់ពលរដ្ឋងាយ​ធ្វើ(អត្តសញ្ញាណប័ណ្ណ) ដល់​ពេល​មកសម្រុកអញ្ចឹង​ ពេលខ្លះ អ្នក​ខ្លះមក​ខក អញ្ចឹង​ទាល់​តែ​ដឹង​ពេល​វេលា​មក​មុន អ្ន​ក​ខ្លះអត់​សូវ​ដឹង​ទេ មក​ច្រើន​តែ​ខក អ្នក​ខ្លះ​ម៉ោង​ជាង​១០​បាន​មក ដល់​ពេល​គាត់​ចាំ​ទៅ​ខក»។

យោង​តាម​អនុក្រឹត្យ​ ស្តីពី​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ របស់រាជរដ្ឋាភិបាល ចុះនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បាន​លើកឡើងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ សំដៅលើឯកសារផ្លូវការមួយ​សម្រាប់បញ្ជាក់សញ្ញាណ​របស់បុគ្គលទាំងឡាយ​ណាជាសញ្ញាណខ្មែរ។

អនុក្រឹត្យដដែលបន្តថា អត្តសញ្ញាណប័ណ្ណ ត្រូវបានធ្វើ​សម្រាប់​បុគ្គល​ដែល​​មាន​អាយុ​ពី ១៥​ឆ្នាំ ដល់​ក្រោម ៦០ឆ្នាំ​ រីឯសុពលភាពអត្តសញ្ញាណប័ណ្ណមានរយៈពេល១០ឆ្នាំ ចាប់ពីថ្ងៃចេញប័ណ្ណ មានន័យថា បុគ្គលនៅ​ក្នុង​ជួរ​អាយុ​នេះ នឹង​ត្រូវ​បន្ត​អត្តសញ្ញាណ​ប័ណ្ណ​របស់​ពួក​គេ​រៀង​រាល់​១០​ឆ្នាំ​ម្តង។

សម្រាប់បុគ្គលដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ អាច​ប្រើ​អត្ត​សញ្ញាណ​ប័ណ្ណមានសុពលភាព ដោយអាចប្រើជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃចេញប័ណ្ណ ដោយមិនតម្រូវឱ្យមានការបន្តធ្វើអត្តសញ្ញាណប័ណ្ណ។

តាមរយៈហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានណែនាំឱ្យប្រជាពលរដ្ឋត្រូវពិនិត្យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅពេលទទួលបានពីកន្លែង​ផ្ដល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ក្នុងនោះពលរដ្ឋត្រូវផ្ទៀងផ្ទាត់ព័ត៌មាននៅលើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ ទីកន្លែងកំណើត អាសយដ្ឋាន និងព័ត៌មានផ្សេងៗ​​ទៀត។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តថា ក្នុងករណីសាមីខ្លួនពិនិត្យឃើញថា ក្នុងអត្តសញ្ញាណប័ណ្ណមានព័ត៌មាន​​ខុស​ពី​ព័ត៌មាន​នៅក្នុង​ឯកសារ ឬ​ភស្តុតាង​ផ្លូវ​ការ​នានា ដែល​បាន​ផ្តល់ជូ​ន​អាជ្ញាធរ​នៅ​ពេល​បំពេញបែប​បទ​ស្នើ​សុំ​ធ្វើ​អត្ត​សញ្ញាណប័ណ្ណ នោះពលរដ្ឋត្រូវតវ៉ាទៅ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌនៃលំនៅដ្ឋានរបស់ខ្លួន នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំ នៅផ្សារទំនើបអ៊ីអនម៉ល២ (Aeon Mall សែនសុខ)ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ ដែលមានព័ត៌មានខុស និង​ឯកសារភស្តុតាងផ្លូវការនានា ដែលផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ច។

គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានទេនៅរសៀលថ្ងៃទី៧ ខែមេសានេះ ដោយទូរស័ព្ទចូលតែត្រូវចុចបិទ។

មន្ត្រីក្រសួងមហាផ្ទៃ​ម្នាក់ ដែល​សុំមិនបញ្ចេញ​ឈ្មោះ បានឱ្យដឹង​ថា ការធ្វើអត្តសញ្ញាណប័ណ្ណ ​មាន​ច្រើន​​ សាខា ដែល​​ប្រជាពលរដ្ឋអាច​ប្រើប្រាស់បាន។ លើសពីនេះ ប្រជាពលរដ្ឋដែលមានបណ្ណ័ បសស អាចដាក់ពាក្យសុំអត្តសញ្ញាណប័ណ្ណតាមរយៈការិយាល័យប្រៃសណីយ៍ផ្សេងៗក្នុងក្រុង ស្រុក និងខណ្ឌ។

លោកប្រាប់ថា៖ «ទាក់ទងនឹងការស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណនៅបណ្ដា​សាខា យើងមានគោលការណ៍ពី​អគ្គចែងមក យើងមានកំណត់ចំនួនមនុស្ស​ដែលយើងត្រូវជូន​ មន្ត្រីយើងស្នើសុំផ្ដល់។ ក្នុងករណី​ដែលលើស​ចំនួនកំណត់ ក៏​យើងត្រូវផ្អាកដែរ ព្រោះ​ទីតាំង​យើង​មានច្រើន​សាខា។ អ៊ីចឹង​សាមី​ខ្លួន​គាត់អាច​អ៊ីអន២​ក៏បាន អ៊ីអន​៣​ក៏បាន ឬស្នាក់កា​រប.ស.ស ក៏មានដែរ ពលរដ្ឋដែលមានប័ណ្ណប.ស.ស អាចស្នើសុំបាន[…]ឬក៏តាមបណ្ដាបុស្តិ៍ក្រុង ស្រុក ខណ្ឌអ៊ីចឹងទៅ»។

លោកបានបញ្ជាក់ថា អ៊ីអនអាចដំណើរការពាក្យសុំធ្វើអត្តសញ្ញាណប័ណ្ណបានតែ ១៩០ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​ គឺពេលព្រឹក​ទទួលចំនួន ៩០នាក់​ និងពេល​រសៀល​ ១០០នាក់​។

លោកមានប្រសាសន៍ថា៖ «ក្នុងករណី​អ៊ីអន ឧទាហរណ៍​ពេលព្រឹក គាត់ធ្វើតែ​ចំនួនមនុស្សដែលមានចំនួន៩០នាក់អីទេ ឬសៀលអាចទទួលបាន១០០នាក់ អ៊ីចឹងក្នុងមួយថ្ងៃអាច ១៩០នាក់អីទេ។ អ៊ីចឹងបើលើសចំនួនកំណត់ ក៏យើងមិនអាចទទួលដែរ។ លើសចំនួនកំណត់ការដែលយើងកំណត់ ដែលថា clear ការ​ងារ​បញ្ចប់​ត្រឹម​ម៉ោង​រដ្ឋបាល ការងារ​បញ្ចប់​ត្រឹម​ម៉ោង​១២ថ្ងៃ​ត្រង់​ បញ្ចប់​ពេល​ព្រឹក ល្ងាច​ឡើង​ម៉ោង​៥ ត្រូវធ្វើ​ម៉េច​clearឱ្យ​អស់​ក្នុងម៉ោង​រដ្ឋបាល​ហ្នឹង ចុះបើលើសចំនួនកំណត់ក៏យើងផ្អាក​ទទួល​ដែរ​ណ៎ា»។

លោកថា ពលរដ្ឋអាចទៅផ្សារអ៊ីអន៣ ឬនាយកដ្ឋានអត្តសញ្ញាណកម្ម​បាន ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ​នេះ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើន​ចូលចិត្តមកសាខា​ផ្សារ​អ៊ីអន​២នេះ។

លោកមានប្រសាសន៍ថា៖ «គាត់[ពលរដ្ឋ]អាចអញ្ជើញទៅអ៊ីអន៣ក៏បាន ឬក៏មកនាយកដ្ឋានអត្តសញ្ញាណ​​ប័ណ្ណក៏បាន មក​ខាង​​វត្តនិរោធ ច្បារអំពៅអ៊ីចឹង ក៏ប៉ុន្តែបងប្អូនយើងគាត់ចូលចិត្តថា​ ទៅតែអ៊ីអនហ្អាស បើនាយកដ្ឋាន​គាត់អត់សូវមក​ទេ អ៊ីចឹងហើយ គាត់រអ៊ូរទាំ ទៅត្អួញនៅកន្លែងហ្នឹង ក៏ប៉ុន្តែអាកន្លែងណា​ទូលាយគាត់អត់សូវមកទេ»។

លោក យង់ គឹមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ថា ការបើកឱ្យមានការធ្វើអត្តសញ្ញាណប័ណ្ណ​​​​​នៅ​​តាម​​ផ្សារទំនើប ដោយមិនគិតថ្ងៃ​សៅរ៍ និង​អាទិត្យ ហើយ​មន្ត្រី​​​ដាក់​វេន​គ្នា​ធ្វើ​ការ​​រហូត ​គឺ​ជារឿងល្អ ព្រោះងាយ​ស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ទៅកាន់ទីតាំងទាំងនោះ​ និងចំណេញពេលវេលា​។

លោកបន្តថា៖«តាមពិសោធន៍អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មលោក បានធ្វើនៅតាមផ្សារ​EAON រួចហើយ​ហ្នឹង លោកគួរ​តែដកស្រង់ពិសោធន៍​នេះ ដើម្បីទៅពង្រីកក្នុងការធ្វើនៅកន្លែងផ្សេងៗទៀត​ឱ្យបានច្រើន មិនមែនតែក្នុងរាជធានីភ្នំពេញទេ អាចធ្វើជាប្រចាំការនៅកន្លែងណាមួយនៅតាមខេត្ត នៅទីប្រជុំជន ឱ្យ​ប្រជាពលរដ្ឋអាចធ្វើបានច្រើន នេះក៏ជាយុទ្ធ​សាស្រ្តឈ្នះៗដែរ រដ្ឋក៏ទទួលបានចំណូល ពលរដ្ឋមិនប្រឈម​ហានិភ៏យនៃការគ្មានអត្តសញ្ញាណប័ណ្ណ គាត់​ទៅ​ណា​ទៅ​ណី​ងាយស្រួលដែលគាត់មានអត្តសញ្ញាប័ណ្ណ​ប្រើប្រាស់ ដើម្បីសម្គាល់ខ្លួនថាគាត់ជាខ្មែរ»។

លោក​សង្កេតឃើញដែរ​ថា កន្លងមក ការ​ធ្វើអត្តសញ្ញាណប័ណ្ណ​ត្រឹម​តែ​រយៈ​ពេល​៣០​ថ្ងៃ តែពេលនេះមា​ន​រយៈ​ពេល​រហូត​ដល់​៤៥ថ្ងៃ។ លោកយល់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គួរ​តែពង្រីកទីតាំ​ង​បន្ថែមទៀត ឬបន្ថែម​បុគ្គលិក ឬជ្រើសបុគ្គលិកកិច្ចសន្យាបន្ថែម ដើម្បីពន្លឿន​ការ​ងារ​នេះ​ ឱ្យ​នៅ​ក្រោម​៣០​ថ្ងៃ ឬកាន់​តែ​មាន​រយៈ​ពេល​ខ្លី​កាន់​តែ​ល្អ និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់។

តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុកកាលពីឆ្នាំ២០២៤  បានឱ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបោះពុម្ពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ប្រមាណជិត ១,២ លានសន្លឹក ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ហើយចំនួនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីសរុបដែលបានការបោះពុម្ព និងប្រគល់ស្នងការខេត្តក្រុងនៅពេលនោះមានប្រមាណជាង១៤,៤លានសន្លឹក។

ចំណែកឯការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាអស់សុពលភាព មានចំនួនជាង ៧៧,៥ម៉ឺនសន្លឹក ហើយចំនួនអត្តសញ្ញាណប័ណ្ណសញ្ជាតិទុតិយតា ដែលបានផ្ដល់មានចំនួនប្រមាណជិត ១,៨ លានសន្លឹក។

ត្រឡប់មកកាន់ប្រជាពលរដ្ឋ ដែលកំពុងរង​ចាំធ្វើអត្តសញ្ញាណប័ណ្ណវិញ អ្នកស្រី ផា កំផាត ចង់ឃើញ​សមត្ថកិច្ច​​ពង្រីក​ និងបង្កើន​ប្រសិទ្ធភាពនៃការ​ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណនេះ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ដែល​ទៅរក​សេវា​កាន់តែមានភាពងាយស្រួល មិនរង់ចាំយូរ ហើយ​ការធ្វើនោះទៀត​សោត ក៏មិនចំណាយ​ពេលរង់ចាំយូរដល់ទៅជាង ៤៥ថ្ងៃដូចគ្នា។  

អ្នកស្រីកំផាន បន្ថែមថា៖«វាយូរហ្នឹងហើយ ប៉ុន្តែយើងធ្វើម៉េច​បើយើងមិនអាចកំណត់ឱ្យគេបាន គេកំណត់ឱ្យយើងប៉ុណ្ណា យើងមានតែប៉ុណ្ណឹងឯង បើគេថា៥០ថ្ងៃគឺ៥០ថ្ងៃហើយ​ បើ​គេ​ថា ៤៥ថ្ងៃ​គឺ៤៥ថ្ងៃហើយ​ ចឹង​យើង​មិន​អាច​ទៅ​តឿន​គេ​ទេ […] តែបើថាត្រឹមមួយអាទិត្យ ឬមួយខែបាន ឬក៏ត្រឹម​កន្លះ​ខែបា​ន ក៏ល្អដែរ វា​ល្អជា​ជាង​ ៤០ ទៅ​ ៥០ថ្ងៃ»៕

…………………………..

អត្ថបទដោយ៖ ពូ សូរាជីនី

អត្ថបទគួរឱ្យចាប់អារម្មណ៍