បទយកការណ៍៖ បញ្ហាចោរកម្ម ក្លាយជាបន្ទុក​បំណុល និង​​សម្ពាធផ្លូវចិត្តដល់ពលរដ្ឋ

ដោយៈ

មាស ដា Avatar

នារាត្រីរំលងអាធ្រាតម៉ោង ២ទៀប​​ភ្លឺ នាថ្ងៃទី១១ ខែមិនា ឆ្នាំ​២០២៥ថ្មីនេះ មានករណីចោរកម្ម​មួយ​បាន​កើតឡើង​នៅបន្ទប់​ជួលមួយកន្លែង ក្នុងភូមិ​ទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយក្នុងនេះ ក្រុមចោរ​ បានលួចម៉ូតចំនួន ៤គ្រឿង នៅទីតាំងតែមួយ។ នេះបើតាមការ​អះអាង​របស់​និស្សិត​ស្រីមួយរូប ឈ្មោះ ហ៊ឹម រត្ថា អាយុ ២៣ឆ្នាំ ជាម្ចាស់ម៉ូតូមួយ​គ្រឿង​​​ម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរី​​ឆ្នាំ​២០១០ ក្នុងចំណោម​ម៉ូតូ ៤គ្រឿង​​ ដែលត្រូវបានក្រុមចោរលួចទៅបាត់​ស្រមោល។

ជាកូនកសិករ មានស្រុកកំណើតនៅខេត្តកណ្តាល កញ្ញា ហ៊ឹម រត្ថា បាន​​ចាត់​​ទុក​ករណីចោរ​កម្ម​នេះ​​ថា វាជាបន្ទុកបំណុលមួយសម្រាប់គ្រួសារ​កញ្ញា​ ដែលកំពុងមានស្ថានភាពលំបាកស្រាប់ ព្រោះ​ឪពុកម្តាយ​របស់កញ្ញា ត្រូវបង្ខំចិត្ត​​ខ្ចីបុលធនាគារ ដើម្បីទិញម៉ូតូថ្មីមួយទៀតតម្លៃ ១៣០០ដុល្លារ​​ ឱ្យ​កញ្ញា​ប្រើប្រាស់​សម្រាប់​​ទៅសិក្សា និង​​​សរសេរសារណាបិទបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម​។

កញ្ញារៀបរាប់ថា៖ «ពួកគាត់​ត្រូវ​បង្ខំ​ចិត្ត​យក​ប្រាក់​កម្ចី​ធនាគារ​ ដើម្បី​ទិញ​ម៉ូតូ​ថ្មី​ ខ្ញុំ​ពិត​ជា​ពិបាក​ចិត្ត​ និង​ខូចចិត្ត​ណាស់​ដែល​រឿង​នេះ​បាន​បង្ករ​ការ​លំបាក​ដល់​ពួកគាត់​ទាំង​ពីរ​ […] សម្រាប់​ខ្ញុំ ​មិនមែន​ជា​កូន​អ្នក​​ធូរធារ ​ដែល​ត្រូវ​មក​រស់នៅ ​បន្ត​ការ​សិក្សា​នៅ​ក្រុង​ភ្នំពេញ​ មិន​មាន​បងប្អូន​​ណា​​ដែល​​ជា​ខ្នង​​បង្អែក​ ​សម្រាប់​ការ​សិក្សា​ក្រៅ​ពី​ឪពុក​ម្ដាយ ហើយ​ខ្ញុំ​ដឹង​ថា​ ឪពុកម្ដាយ​ខ្ញុំ​ក៏​ពុំ​មាន​លទ្ធភាព​ដែរ​ គាត់​​មាន​ត្រឹមតែ​ប្រាក់​​សម្រាប់​ផ្គត់ផ្គង់​កូន​រៀន​​ជា​ប្រចាំ​ខែ​ គាត់​មិន​បាន​​សល់​ហិរញ្ញវត្ថុ​អ្វី​ធំដុំ​ឡើយ​»។

លោក ឈូក ប៊ុនថៃ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំ​ទី១ នៅសាកលវិទ្យាល័យន័រតុន ដែល​​បាត់ម៉ូតូHonda Dream ឆ្នាំ២០១៧ នៅទីតាំង​តែមួយជាមួយកញ្ញា ហ៊ឹម រត្ថា បាន​បង្ហាញ​អារម្មណ៍​សោក​​សៅ​ នៅពេល​ដែលបាត់ម៉ូតូ ព្រោះគាត់ពឹងអាស្រ័យទៅលើតែម៉ូតូនេះហើយ សម្រាប់ធ្វើដំណើរ​ទៅរៀន និងទៅលេងស្រុកកំណើត។ លោកបន្តថា នៅពេលដែលជួបរឿងចោរកម្ម​បែប​​​​នេះ ធ្វើឱ្យ​រូបគាត់ និងគ្រួសារ ជួបការលំបាកក្នុងជីវភាពមួយកម្រិត​ទៀត។

​និស្សិតដែលជាកូនកសិករ មានស្រុកកំណើតនៅស្រុកជីក្រែង ខេត្ត​សៀម​រាបរូបនេះ រៀបរាប់ថា៖ «រឿង​ធ្វើ​ដំណើរ វា​ពិបាក ដោយ​សារ​ខ្ញុំ​នៅ​រៀន។ ពេល​បាត់​អ៊ីចឹង​ទៅ អត់​មាន​អី​ជិះ​ទៅរៀន ព្រោះមា​នតែម៉ូតូ​មួយ​ហ្នឹង​ក្នុង​គ្រួសារ។ បាត់​ភ្លាមៗ យើង​ពិបាក យើង​អត់​លុយ ហើយទាល់​តែ​ចូល​ឆ្នាំ​ខ្ញុំ​ទៅ​ស្រុក​វិញ ទើប​គាត់​និយាយ​ជា​មួយ​ខ្ញុំ [រឿង​ទិញ​ម៉ូតូ​មួយ​ទៀត] តែ​ទាល់​តែខ្ចី​លុយ​គេ ដោយ​សារ​តែ​គាត់​[ធ្វើ​ស្រែ]​ពិបាក​រក​លុយ»។​

យុវជន​រូប​នេះ មិន​រំពឹង​ថា ម៉ូតូ​ដែល​បាត់​ទៅនោះ​ អាច​​រក​ឃើញ​វិញ​នោះ​ទេ ព្រោះ​លោក​ថារហូត​មក​ដល់​ពេល​នេះ មិ​ន​ទាន់​ទទួល​បាន​ដំណឹង​​​អ្វីសោះ​ឡើយពីខាងសមត្ថកិច្ច បើទោះជា​រូបគាត់បានដាក់ពាក្យបណ្តឹងភ្លាមៗក្រោយបាត់ម៉ូតូក៏ដោយ។ ​

និស្សិតស្រី​ម្នាក់ទៀត ដែលជាជនរង​គ្រោះ​​​ដោយសារ​អំពើចោរ​កម្ម​ដែរ​នោះ ​​កញ្ញា រ៉ាយ ឡាង អាយុ២២ឆ្នាំ ឱ្យដឹង​ថា កាល​ពីរសៀល​​​ថ្ងៃទី១៩ ខែ​មីនា ឆ្នាំ​២០២៥ កញ្ញា​ក៏ត្រូវបាន​ចោរលួច​ម៉ូតូHonda Beat មួយគ្រឿងផងដែរ នៅទីតាំង​បន្ទប់ជួល ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កញ្ញា​បន្ត​ថា ក្រោយចោរលួច​ម៉ូតូ​តម្លៃជាង ​១០០០ដុល្លារនេះ គឺកញ្ញា​មានសម្ពាធ​ផ្លូវ​ចិត្ត​ និង​ប៉ះពាល់ការសិក្សា ដោយសារ​ត្រូវ​ចំណាយលុយ​ច្រើន​លើការ​ធ្វើដំណើរ​​ តាម​កង់បី ឬហៅថាPassApp។

ជាកូនទីពីរ ក្នុង​​ចំណោម​បងប្អូន៤នាក់ ដែលមានស្រុកកំណើតនៅ​ខេត្ត​កំពង់ធំ​ កញ្ញា រ៉ាយ ឡាង​ រៀបរាប់ថា៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ខ្លាច​ហើយ​ខ្ញុំ​ភ័យ ខ្ញុំ​មាន​អារម្មណ៍​ថា អត់​មាន​សុវត្ថិភាព​សម្រាប់​​ខ្លួន​ឯង​ ឬ​ក៏​និស្សិត​ដទៃ​ទៀត។ ពិបាក​មួយ​ទៀត​ ពេល​ខ្ញុំ​បាត់​ម៉ូតូ​ហ្នឹង ខាត​ពេល​រៀន​ខាត​​ពេល​ជិត​៣ថ្ងៃ​ ដោយសារតែ​​ខ្ញុំ​អត់​មាន​អី​ជិះទៅ​រៀន​ទេ។ មួយ​ទៀត​ ខ្ញុំ​ត្រូវ​ទៅ​ធ្វើ​ការ​អ៊ីចឹង​អត់មាន​ម៉ូតូ​ ខ្ញុំ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ដែរ ព្រោះ​កន្លែង​ទៅ​បង្រៀន​ខ្លះ​ផ្លូវ​ឆ្ងាយ​ត្រូវ​ជិះ​ម៉ូតូ​ តែអត់​ម៉ូតូ​ខ្ញុំ​អត់​អាច​ជិះ​ PassApp បានទេ​ ព្រោះត្រូវចំណាយលុយច្រើនក្នុងការជិះ PassApp ទៅ​ដែរ»។

យុវតី​រូបនេះ​ បញ្ជាក់​ថា កញ្ញា​បានដាក់ពាក្យបណ្តឹង នៅប៉ុស្តនគរបាលរដ្ឋបាលភ្នំពេញថ្មី តាំងពីថ្ងៃទី១៩ ខែមីនាផងដែរ ក៏ប៉ុន្តែរហូត​មកដល់ដើមខែមេសានេះ ​គឺកញ្ញាមិន​ទាន់ទទួលបានតម្រុយ ឬដំណឹងអ្វី​ឡើយពីអាជ្ញាធរ ពាក់ព័ន្ធ ម៉ូតូ Honda Beatរបស់កញ្ញា ។ ​

កញ្ញា​ស្នើ​សមត្ថកិច្ច​​​ចាត់​វិធានការ​​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​ស្មើ​ភាព​គ្នា​ ដូចទៅនឹង​ករណីចោរឆក់កាបូបជនបរទេស ដែលត្រូវបានចោរឆក់នាពេលថ្មីៗនេះ​។

កញ្ញាបញ្ជាក់ថា៖ «បើធៀប​នឹង​ព័ត៌មាន​ថ្មីៗ ដែល​ចោរ​ឆក់​កាបូប​បរទេស​ថ្មីៗ​ គ្រាន់​តែ​ប៉ុន្មាន​ម៉ោង​រក​ឃើញ​ចោរ​។ ចុះ​ប្រជាពលរដ្ឋ​ដូច​យើង​ និស្សិត​អី​ ពេល​គាត់​បាត់ម៉ូតូ​អ៊ីចឹង​រក​អត់​ឃើញ​។ ខ្ញុំ​អត់​ដឹង​ថា​ ប៉ូលិស​គាត់​ធ្វើការ​ម៉េច​»។

មិនមែនមានតែយុវជន និងយុវតី​ខាងលើនេះ​ទេ ​​ដែល​ជាជនរងគ្រោះក្នុង​​អំពើចោរកម្មនេះ​ ស្រប​ពេល​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​មានករណីចោរកម្មផ្សេង​ៗ​ទៀត​បានកើតឡើង​ ទាំងនៅក្នុង​រាជធានីភ្នំពេញ និង​តាមបណ្តាខេត្តផ្សេងៗ ​ដូចជា ករណី​ចោរ​ឆក់កាបូប និងទូរស័ព្ទ ករណីចោរលួច និងចោរប្លន់​ជាដើម។ នេះបើតាមការ​ផ្សព្វផ្សាយនៅលើបណ្តាញសង្គម​ជាហូរហែ ពីសំណាក់​ជនរងគ្រោះ និងការ​ផ្សព្វផ្សាយលើផេកបណ្តាញសារព័ត៌មាន​មួយចំនួន។

​កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៥ ​មានករណីចោរកម្មមួយបានកើតឡើងលើ ជនបរទេស ដែលគេស្គាល់ថា ជា​​អ្នកផលិតមាតិកា​ល្បីលើបណ្តាញសង្គម ទាំង​​Facebook និងYoutube ដែលមានឈ្មោះ Travelwithchris​ នៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ​ក្រោយហេតុការណ៍នោះ​ ​សមត្ថកិច្ច ចាប់ជនល្មើសដែលធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបពីជន​ជនបរទេសនោះ បានភ្លាមៗ និងបានប្រគល់សម្ភាសន៍ទាំងអស់ទៅជនបរទេស​នោះវិញ។ ​

ចំណែក កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៥ ក៏មានករណីក្រុមចោរប្លន់រថយន្ត​របស់ពលរដ្ឋ កំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿន ពីរាជធានី​ភ្នំពេញ ឆ្ពោះ​ទៅក្រុងព្រះសីហនុផងដែរ ហើយ​ក្នុង​ថ្ងៃដដែល​នោះ សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ ក៏បាន​តាមចាប់ក្រុមចោរបានភ្លាមៗផងដែរ។

ករណីចោរកម្ម បាន​ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាល​ ដែល​បានដាក់ចេញនូវគោលនយោបាយ​ «ភូមិឃុំមានសុវត្ថិភាព។​​

រាជ​​រដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១០​​ ​បាន​​ដាក់​ចេញ​នូវ​​ផែនកា​រ​ណែនាំ ស្តីពី ការចាត់តាំង​អនុ​វត្ត​​​​​គោលនយោបាយ «ភូមិ ឃុំ ​មានសុវត្ថិភាព»​ ដើម្បីជំរុញ និងលើកកម្ពស់ចលនាការពារសន្តិ​សុខ សណ្ឋាប់​​ធ្នាប់សាធារណៈ​នៅគ្រប់ពេល និងគ្រប់ច្រកល្ហកនៅទូទាំង​ប្រទេសកម្ពុជា​​។

​នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០២៤ លោក ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ​ក៏​បានដាក់ចេញផែន​ការ​​យុទ្ធសាស្ត្រ ស្តីពី ការអនុវត្ត​គោលនយោបាយ​ «ភូមិ ឃូំ សង្កាត់មានសុវត្ថិភាព» ឆ្នាំ​២០២៤ ដល់ឆ្នាំ​២០២៨ផងដែរ។

ក្នុងនោះ លក្ខណៈ​សម្បត្តិ​«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» មានចំនួន​​៧ចំណុច ដែលរួមមាន ទី១ ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ទី២  គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ទី៣  មានសណ្តាប់ធ្នាប់​សាធារណៈល្អ ជាពិសេសគ្មានគ្រោះ​ថ្នាក់ចរាចរណ៍។ ទី៤ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ទី៥ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ទី៦ មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ។ ទី៧ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។

Newsroom Cambodia មិនទាន់សុំការអត្ថាធិប្បាយជុំវិញករណីនេះ ពី​លោក ​ទូច សុឃៈ ​អ្នក​នាំ​​ពាក្យ​​ក្រសួង​​មហាផ្ទៃ ​​លោក​ ឆាយ គឹមខឿន ​អ្នក​នាំពាក្យ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ និង​លោក​ សំ វិច្ឆិកា ​អ្នក​នាំពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ បាន​នៅ​ឡើយ​ទេ។​

កាល​ពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០​២៤ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​​ក្នុង​ពិធី​ជួប​សំណេះ​​សំណាល​​ជាមួយ​អាចារ្យ អាចារិនី​​លើក​ទី៩ ថា រដ្ឋា​ភិបាល​អាណត្តិ​ទី៧ ​បាន​ផ្តោត​លើ​ការងារ​អាទិភាព​​ចម្បង​ៗ​ ​ជាពិសេស​គោល​នយោ​បាយ​ ភូមិ ឃុំ សង្កាត់ ​មាន​សុវត្ថិភាព ​ដែល​រួម​​មាន​​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​គុណ​ភាព តម្លា​ភាព និង​ទទួល​បាន​ជំនឿ​ទុក​ចិត្ត ​គ្មាន​​បទ​ល្មើស​លួច​ឆក់​ប្លន់ គ្រឿង​ញៀន ល្បែង​ស៊ី​សង​ បទ​ល្មើស​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​តាម​​មូល​ដ្ឋានជាដើម។

លោកថ្លែងថា៖ «គ្មានបទល្មើស​លួ​ច​ឆក់​ប្លន់ គ្រឿង​​​​ញៀន ល្បែងស៊ីសង បទល្មើសខុសច្បាប់គ្រប់​ប្រភេទ[…] ទាំង​នេះ​ជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល សួរ​ថាយើង​សម្រេច​បាន១០០%​ឬនៅ? នៅទេ។ ប៉ុន្តែវាជាទិស​ដៅរបស់​រាជរដ្ឋាភិបាល ក្នុងការខិត​ខំប្រឹង​ប្រែង​ជាប់​ជាប្រចាំ ដាក់ចេញវិធានការជាប់​ជាប្រចាំ ដើម្បីយើងឈានទៅរកការសម្រេចភារកិច្ចជាអតិបរមាជូនប្រជាពលរដ្ឋ ទាំងការផ្តល់សេវា ទាំងការរក្សាស្ថិរភាពសន្តិសុខសង្គម»។

លោក​ សេក សុជាតិ ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត​ និង​ការ​ស្រាវ​ជ្រាវ កត់សម្គាល់ថា គោលនយោបាយ​«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» គឺល្អ ក៏ប៉ុន្តែការដោះស្រាយបញ្ហាចោរ​កម្ម​ គឺមិនទាន់ឃើញមាន​ប្រសិទ្ធិភាពនៅឡើយ។ លោក​ថា បញ្ហាចោរកម្ម បាន​ក្លាយជាបន្ទុកសេដ្ឋកិច្ច និង​សម្ពាធផ្លូវចិត្ត​ដល់ពលរដ្ឋ ដូច្នេះបញ្ហានេះ ទាមទារ​ឱ្យថ្នាក់ដឹកនាំ​​​​ប្តេជ្ញាចិត្ត​ខ្ពស់ ​ក្នុងការ​អនុវត្ត​ច្បាប់ឱ្យស្មើភាពគ្នា និង​ធ្វើសកម្មភាពជាប់ជាប្រចាំ។

លោកបន្ថែមថា បើសិន​ជា​មិនមានយន្តការ​ និង​ការ​ប្តេជ្ញាចិត្ត​ក្នុងការដោះស្រាយបញ្ហានេះ​ទេ​ នោះប្រជា​ពលរដ្ឋនឹងកាន់តែបាត់បង់ជំនឿជឿជាក់លើអាជ្ញាធរ ​​ក្នុងការ​ការ​ពារ​សុខសុវត្ថិភាពជូនពួកគេ។

លោកថា៖ «យើង​ចង់ឃើញការ​ប្តេជ្ញាចិត្ត​ជាក់លាក់មួយពីថ្នាក់ដឹកនាំ ហើយអនុវត្ត​ឱ្យស្មើភាពគ្នា ដើម្បីធានាបាននូវ​​តម្លាភាព សុចរិតភាព ហើយ​នឹងមានប្រសិទ្ធិភាព​នៅក្នុងការ​អនុវត្ត​ច្បាប់​ ដោយ​ធ្វើ[សកម្មភាព​]ឱ្យដូចភ្លៀងរលឹម»​។

បើតាម​លោក​ សេក សុជាតិ នៅពេលមានពិធីបុណ្យជាតិធំៗម្តងៗ ក្រុមចោរកម្ម ​តែងតែ​ធ្វើសកម្មភាព​លួច ឬគាស់ផ្ទះប្រជាពលរដ្ឋ​ នៅពេលដែលពលរដ្ឋចាកចេញពីរាជធានីភ្នំពេញ ​ទៅលេងស្រុកកំណើត​។

ចំណែក ​លោក អ៊ូ វីរៈ ប្រធាន​វេទិកា​​អនាគត ​លើកឡើងថា ដើម្បីដោះស្រាយ​បញ្ហាចោរកម្មឱ្យមានប្រសិទ្ធិភាព គឺលុះត្រាតែលុបបំបាត់ទីផ្សារ​ងងឹតជាមុនសិន ដោយត្រូវ​​​ផ្តន្ទា​ទោស​ឲ្យធ្ងន់ធ្ងរ ​ចំពោះ​ទាំងអ្នកលួច និង​អ្នក​ទទួល​ផលពីចោរ​កម្ម​។ លោកបន្ត​ថា ការ​ដោះស្រាយបញ្ហានេះ មិន​ស្មុគ​ស្មាញ​ខ្លាំង​នោះទេ ព្រោះអ្នកទទួលទិញផលចោរកម្ម ប្រាកដ​ជាដឹងថាជារបស់ចោរ ព្រោះ​របស់របរទាំង​នោះ ​​មិនមានឯកសារបញ្ជាក់ត្រឹមត្រូវ។

លោកលើកឡើងថា៖ «បើបិទផ្សារចោរបាន កុំឱ្យចោរមានទីផ្សារ​ ខ្ញុំមើលទៅមិនមានចោរច្រើនទេ វាអាច​កាត់បន្ថយច្រើន។ យើង​មើលឬសគល់ទៅ បើសិនជាទីផ្សារគាត់ឈប់មាន​ គាត់ប្រហែលជារកអីផ្សេងហើយ គាត់មិន​បន្តឆក់ទូរស័ព្ទ ឆក់កាបូបទៀតទេ»។

ត្រឡប់មករក និស្សិតជិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ​​ ហ៊ឹម រត្ថា វិញ​ កញ្ញាប្រាប់​ថា ​រហូត​មកដល់ពេល​​នេះ ទាំង​​កញ្ញា និង​និស្សិតប្រុស ​​៣នាក់ផ្សេងទៀត ដែលបាត់ម៉ូតូ​ដូចគ្នានោះ នៅមិនទាន់​ទទួលបានដំណឹង​អ្វីពីសមត្ថកិច្ចនៅ​ឡើយ។

ករណីនេះ កញ្ញា​ក៏​បាន​​ស្នើអាជ្ញាធរ​មានសមត្ថកិច្ច​​ ចាត់​វិធានការ​ឱ្យ​មាន​ប្រសិទ្ធិភាព​ចំពោះអំពើ​ចោរកម្មនេះ។

និសិ្សតស្រីរូបនេះ​លើកឡើងថា៖ «ខ្ញុំ​ចង់​សំណូមពរ​ឱ្យបងៗ​សមត្ថកិច្ច​ជួយ​ខ្នះខ្នែង​ លើរឿង​នេះ​​ឱ្យបាន​លឿន ​ព្រោះ​ឃើញ​មាន​ច្រើន​ករណី​ដែល​ដាក់​ពាក្យ​​ប្ដឹង​ ហើយ​ដូច​ជា​ស្ងាត់​មិន​បាន​ដំណឹង​អី​សោះ​។ យូរៗវា​នឹង​ធ្វើ​ឲ្យឱ្យចោរ​​បាន​ចិត្ត​នឹង​ធ្វើឲ្យ​ការ​លួច​នេះ​ កើន​ឡើង​ជា​មិនខាន​»៕

…………………………..
អត្ថបទដោយ៖ លាស់ លីបលីប និងមាស ដា

អត្ថបទគួរឱ្យចាប់អារម្មណ៍