បទយកការណ៍ ៖អ្នកទោសជាង៣ម៉ឺននាក់ត្រូវខ្មែរក្រហមសម្លាប់នៅក្នុងវត្តអូរត្រកួន ខេត្តកំពង់ចាម

ដោយៈ

Press Start Cambodia Avatar

វត្តមុនីសាលវ័ន ហៅអូរត្រកួនជាទីតាំងមួយដែលឋិតនៅមិនឆ្ងាយពីទីរួមស្រុកកងមាស ហើយមានរយៈចម្ងាយប្រ​មាណ​ជា៧០គីឡូម៉ែត្រពីរាជធានីភ្នំពេញបើគេធ្វើដំណើរតាមដងផ្លូវមួយខ្សែប្រ៉បជួរមា​ត់ទន្លេមេគង្គ។ទិដ្ឋ​ភាពមួយបានលេចត្រដែតឡើងក្រោយពីភ្លៀងរលឹមមួយមេ បង្កើតបានជាទស្សនីយ៍ភាពមួយយ៉ា​ងស្រស់មនោរម្យក្រោមផ្ទៃមេឃស្រឡះ។រីឯរុក្ខជាតិខៀវខ្ចីហ៊ុំព័ទ្ធទីវត្តអារាមយ៉ាងស្រ​ស់​​បំ​ព្រងគួរឱ្យគយគន់ និងរំភើបក្រៃលែង។ក្រោមពន្លឺព្រះទិន្នករនាកណ្តាលថ្ងៃត្រង់ សូរដំណក់ទឹកភ្លៀ​ងធ្លាក់មកជាដំ​ណ​ក់​ៗ​ពីលើដំបូលព្រះវិហារ លាយឡំសំឡេងបក្សាបក្សី ស្រែករកគ្នាកំដរភាពស្ងប់ស្ងាត់នៅទីនេះ ដ៏​ក​ងរំពង​ និងបង្កើតបានជាតន្រ្តីធម្មជាតិមួយ ដ៏សែនមនោរម្យ។​ប៉ុ​ន្តែទីនេះមិនមែ​ន​គួ​រឱ្យ​រំ​ភើ​បដូចអ្វីដែលយើងបាន​ឃើ​ញនេះ​​​ឡើយ។តាមពិតទៅ ទីអា​រាម​មួយនេះ ក៏ធ្លាប់​ជាក​ន្លែ​ងដែ​ល​ខ្មែ​រ​ក្រ​ហម ឃុំ​ឃាំងមនុស្ស ហើ​យ​ក៏ជាវាលពិឃាតមួយដែរ ក្នុងចំណោមទី​តាំង​ដ​ទៃ​​ទៀត នៅក្នុ​ងរ​ប​ប​ក​ម្ពុ​ជា​ប្រជាធិបតេយ្យ។

លោក ថូ ឈឿង កំពុងអង្គុយលើគ្រែរនៀបដែល​ធ្វើពី​ឬស្សី ក្រោមផ្ទះដំបូលក្បឿងពណ៌ក្រហម ក្នុងរង្វង់មុខជ្រាវជ្រួញ ដោយពុ​ក​ចង្កាមានល្បាយទង់ដែងផង។ជាអ្នកភូមិរស់នៅភូមិអង្គរបានទី២ ឃុំអ​ង្គ​របាន នៃស្រុកកងមាស ខេត្តកំពង់ចាម លោក ឈឿន និយាយកាលពីខែកញ្ញា ឆ្នាំ២០២៥ ថា ខ្លួន​ក៏ជាអតីតអ្នកទោសម្នា​ក់​ដែ​រ នៅមន្ទីរឃុំឃាំងអូរត្រកួននេះ នៅក្នុងរបបកម្ពុ​ជាប្រជាធិ​បតេយ្យ​។ អង្គុ​យ​ត្របោមក្បាលជង្គុង ក្នុងសភាពទ្រុឌទ្រោមបន្តិចទៅហើយដោយជំងឺប្រចាំកាយ និងយូរៗម្តង គេ​សង្កេតឃើញ​លោ​ក ​ថូ ឈឿង ឱនមុខចុះអមដោយកែវភ្នែក​ពណ៌ស្រអាប់សម្លឹងទៅកូនក្រដាសមួយសន្លឹ​ក រួចងើបមុខឡើ​ង​ដកដង្ហើមធំ ហើយនិយាយថា អំឡុងពេល​ខ្មែរ​ក្រ​ហ​មឃុំខ្លួ​នលោកដែ​លប្រើ​ពេ​ល​ជា​ង៣ខែ គឺពួក​គេធ្វើ​ទារុណកម្មតាមរយៈការបង្អត់អាហារ វាយនឹងដំបង រំពាក់ផ្តៅ និង​ចងព្យួរទៅនឹងធ្នឹមព្រះវិហារ។​ក្រៅពីនេះ​ នៅមានអ្នកទោសផ្សេងទៀតត្រូវពួកខ្មែរក្រហមចងនឹងខ្សែរ៉តទម្លាក់ពី​លើដំ​បូលព្រះវិ​ហា​រ​ម​កក្រោមផ្ទប់នឹងការ៉ូ រួចភ្ជុចទៅនឹងស៊ីម៉ង់ត៍ ដែលបណ្តាលឱ្យអ្នកទោសខ្លះ ត្រូវ​បាត់​បង់​ជី​វិ​ត​នៅពេលធ្វើទា​រុណកម្មតែម្តង​ក៏មានដែរ។

លោកនិយាយថា៖ «គេស្អប់ខ្ញុំទេបង គោម៉ានឹមមួយថ្ងៃចល័ត២​ គោម៉ានឹមកាច់ពោត គេបានតែ២ជើងទេ ខ្ញុំបីជើង។ [….] ម៉ោង៤ គឺថាចល័ត២នាក់រទេះមួយ ខ្ញុំម្នាក់ បរទៅកាច់ពោតចុះពីលើផ្ទះពាក់ខោអាវទឹមគោឡើងដេកលើរទះទាំង២នាក់ចល័ត។ គេបំបែកវាឱ្យចេញពីខ្ញុំ ឱ្យគេចូលវាអត់ព្រម គេចាប់ខ្ញុំបណ្តោយ។ឡើងលើតុវាចង់អានៀក(ដៃ) វាព្យួរដល់ធ្នឹម រួចចាប់វាយហើយៗ នៀកខ្លឹមស្រគ្រាំប៉ុនកដៃរួចដាក់ក្បាល  »

ជាអតីតអ្នកទោសក្នុងរបបកម្ពុជាប្រជាធិបតេយ្យម្នាក់ លោក ឈឿង និយាយដោយសំដីដាច់ៗ រៀ​ប​រាបពី​ហេ​តុ​​ការណ៍ថា លោកពិតជាមានសំណាងខ្ពស់ ក្នុងពេលអ្នកផ្សេងទៀត ត្រូវពួកខ្មែរក្រហម​ស​ម្លា​ប់​​ស្ទើ​រ​គ្មានសល់។ហើយការរស់រានមានជីវិតឡើងវិញនេះ​អាចចាត់ទុកថាជា​បុណ្យសំ​ណាង​ខ្ពស់​ណា​ស់​ដែរ  គឺការដោះលែងរូបលោកនៅចំពេលពួកខ្មែរក្រហម រៀបចំពីធីបុណ្យបក្ស ក្រោយពេលដែលដឹ​ង​ថាលោក ថូ ឈឿង ត្រូវគេចោទប្រកាន់ទាំងពុំមានបទល្មើស។

គិតមកដល់ពេលនេះ គេសង្កេតឃើញ អតីតទីតាំងនៃមន្ទីរឃុំឃាំង ដែលស្ថិតនៅក្នុងភូមិសាស្រ្តវត្ត​​អូ​រ​ត្រ​កួននេះ ស្លាកស្នាមនៃការធ្វើទារុណកម្ម បានសាបរលាប និងបាត់ដានស្ទើរគ្មាន​សេស​សល​ទៅ​ហើ​យ​​​។ជំនួសមកវិញ ទីតាំងប្រវត្តិសាស្រ្តនេះ គឺសល់តែស្តុបមួយកន្លែងគត់ ដែលអាចបញ្ជាក់​បា​ន​​ថា ទី​នេះ​ធ្លាប់ជាកន្លែងធ្វើទារុណកម្ម និងជាមន្ទីរឃុំឃាំងមនុស្ស ក្នុងរបស់វាលពិឃាត។ណាមួយ ដោ​យ​សា​រតម្រូវការ នៃការកសាងវត្តអារាមនេះ ឱ្យក្លាយជាកន្លែងគោរពបូជា​ ប្រកប​ដោយ​សោ​ភ័ណ​ភា​​ពផ​ង​ សម្រាប់អ្នកមានជំ​នឿ​លើ​​​​ព្រះពុទ្ធសាសនា ហេតុនេះភស្តុតាងនានា ដូចជារណ្តៅកប់សាកស​ព​ក្រោ​យ​ពេលសម្លាប់ ឧបករណ៍ធ្វើទារុណកម្ម បញ្ជី​ឈ្មោះ​​អ្នកទោស និងស្នាមឈាមជាដើម បាន​បាត់​រូប​រាង និងទម្រង់ដើមអស់ទៅហើយ។

ហាក់មិនខុសគ្នាប៉ុន្មានដែរ ក្នុងរង្វង់មុខពោរពេញដោយក្តីទុក្ខសោក ព្រោះតែធ្លាប់ឆ្លងកាត់ការរស់នៅ​ដ៏​សែនឈឺចាប់ក្នុងអតីតកាល នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​ដូចអ្នកដទៃទៀតដែរ លោក សំរិទ្ធ ម៊ុ​យ ឯកភាពថា វត្តមុនីសាលវ័ននេះ ធ្លាប់ត្រូវពួកគេខ្មែរក្រហម យកទៅប្រើប្រាស់បម្រើឱ្យកា​រ​​ឃុំ​ឃាំ​ង​ និងសម្លាប់មនុស្សដ៏ប្រល័យពិតប្រាកដមែនកាលណោះ។ហើយម្យ៉ាងវិញទៀត ពួកខ្មែរក្រហមស​ម្លា​ប់មិនរើសមុខឡើយមិនថាជា​ខ្មែរ ចិន ចាម ប្រជាជនចាស់ ឬប្រជាជនថ្មីទេ​ ឱ្យតែមាផែនការ​សម្លាប់​ពី​អង្គការចាត់តាំង ជនរងគ្រោះទាំងនោះ គ្មានវាសនានឹងរួចផុតពីការសម្លាប់ម្ត​ងណានោះ​ឡើយ​។​លើ​ស​ពី​​នេះ​ទៅទៀត​ អ្នកដែលរងការចោទប្រកាន់ដោយរបបកម្ពុជាប្រជាធិបតេយ្យ អ្នកដែលត្រូវខ្មែរក្រ​ហម​ចោទប្រកាន់ថាជាខ្មាំង គឺគ្រប់តំបន់ក្នុងខេត្ត​កំ​ពង់ចាម ត្រូវគេបញ្ជូនមកឃុំខ្លួន និងសម្លាប់​នៅទី​នេះ​​ទាំងអស់។មិនតែប៉ុណ្ណោះ មុនពេល​សម្លាប់​អ្នក​ទោសម្តងៗ ក្រុមយោធាខ្មែរក្រ​ហមតែងចាក់ឧ​ឃោ​ស​នស័ព្ទ ដែលជាការ​បន្លំសំឡេង​ស្រែកទ្រ​យោយំ​រ​ប​​ស់​ជនរងគ្រោះថែមទៀតផង។

លោកបន្តថា៖ «ពេលណាវាវៃវាចាក់មេក្រូ ចាក់ចម្រៀងចាក់អីហ្នឹង ដើម្បីបន្លប់កុំឱ្យឮសំឡេងស្រែកអញ្ចឹងទៅណាព្រោះខ្លះ មិនទាន់អស់កម្លាំងណាវាយកមកយប់នេះវាវៃ»

ដូចគ្នានេះដែរ អ្នកស្រី សេង សុខហេង សព្វថ្ងៃរស់នៅភូមិអង្គរបានទី២ ឃុំអង្គបាន ស្រុកកងមាស និ​យា​យថាសាច់ញាតិរបស់អ្នកស្រីដែលសុទ្ធសឹងតែជាមន្រ្តីរាជការ នៅក្នុងសម័យសង្គមចាស់ ត្រូវ​ពួ​ក​ខ្មែ​រក្រហម យកមកសម្លាប់នៅទីនេះទាំងពូជសូម្បីទារក ក៏មិនលើកលែងដែរ។ក្នុងរង្វង់មុខជ្រួញបន្តិ​ច​ អ​មដោយធ្មេញពណ៌មាស អ្នកស្រីរៀបរាប់ថាហេតុការណ៍នេះ វាគឺជារឿងដែលឈឺចាប់ និងខ្លោ​ច​ផ្សា​​រ​បំ​ផុ​​ត​ ដែលមិនអាចបំភ្លេចបានឡើយ។មួយវិញទៀត មិនថាប្រជាជនចាស់ ឬប្រជាជនថ្មីទេ ពួក​ខ្មែ​​រ​ក្រ​ហម តែងបង្ខំឱ្យធ្វើការ ដោយហូបមិនគ្រប់គ្រាន់ទៀត។

អ្នកស្រីបន្តថា៖«មានបងប្អូនជីដូនមួយម្តាយ និង​ម្តាយធំគេយកមកសម្លាប់នៅកន្លែងហ្នឹងទាំងអស់ គ្រួសារខ្ញុំក៏គេសម្លាប់ច្រើនដែរវត្តអូរត្រកួនហ្នឹងហ៎។ឆ្លងកាត់យ៉ាងណា យើងជាប្រជាជនចាស់ នៅសង់តែ២ថ្ងៃទៀតផង គេរកយកទៅវៃចោល ដូចខ្ញុំអីគ្មានតែនៅទេ នៅតែ២ថ្ងៃទៀតទេដាច់ហ្នឹង តាមខ្សែរយៈគ្រួសារបងប្អូន៧៥ »

រីឯរបាយការណ៍សិក្សាស្រាវជ្រាវដែលចេញដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ណាល័យហ្លួងម៉ែ រកឃើញថាវត្តអូរត្រកួន និងសាលាររៀនក្បែរនេះធ្លាប់ត្រូវពួកខ្មែរក្រហមយកធ្វើជាមន្ទីរសន្តិសុ​ខ និងមន្ទីរឃុំឃាំងចន្លោះពីឆ្នាំ១៩៧៤-១៩៧៨។មុនដំបូងមន្ទីរសន្តិសុខនេះ ឃុំឃាំងជនរងគ្រោះភាគច្រើន​ជាទាហាន លន់ នល់។ហើយបន្ទាប់​មករបបកម្ពុជាប្រជាធិបតេយ្យនេះ​ចាប់ផ្តើមពង្រីក នៃការចា​ប់​ខ្លួ​ន​​រហូតទៅដល់ប្រជាជនថ្មី។អ្នកទាំងនោះ ត្រូវគេជម្លៀសចេញ​ពីទីក្រុងភ្នំពេញមកកាន់ស្រុកកងមាស​។របាយការណ៍បន្ថែមទៀតថានៅវត្តនេះមានរណ្តៅកប់សាកសពចំនួន៤៦៧រណ្តៅ។ហើយតាមការប៉ា​ន​ស្មានចំនួនជនរងគ្រោះគឺមានចំនួន៣២.៦៩០នាក់ជាចំនួនដែលច្រើនជាងគេក្នុងស្រុកកងមាស។

ចំណែកឯ ព្រះគ្រូចៅអធិកាវត្តមុនីសាលវ័ន ហៅវត្តអូរត្រកួន គឺព្រះតេជព្រះគុណ ផេន រតនៈ ព្រះ​អ​ង្គមានថេរដីកាថា ការបាត់បង់ស្លាកស្នាម ទាំងនៅក្នុងព្រះ​​វិហារ ឧបករណ៍ធ្វើទារុណកម្ម និងរណ្តៅកប់​សា​​កសពជាដើម ទាំងនោះក៏ព្រោះតែ នៅក្នុងទីវត្តអារាមនេះទាំងមូល ចាំបាច់ត្រូវ​កែលម្អ និង​ស្ថា​បនា​វត្ត​​​ឱ្យ​​មានសោភណ្ឌភាពគួរជាទីគោរពបូជាអស់ពុទ្ធបរិស័ទ្ធផង។ម្យ៉ាងវិញទៀត ដើម្បីបញ្ចៀស​កុំឱ្យ​មា​ន​រូបភាពសោកសៅ និងតក់ស្លុតសម្រាប់គ្រប់គ្នាមកលេងវត្ត ទើបមានការស្រុះស្រួលគ្នាសម្រេចលុបស្លាកស្នាមទាំងនេះចេញ​តែ​ម្ត​ង មើលទៅកុំឱ្យវារន្ធត់ពេក។

ប្រភពបន្តថា៖«គាត់មកវត្តម្តងៗគាត់នៅខ្លាចមិនទាន់ទាំងបាត់ផង គាត់នៅចាំ ព្រោះរសជាតិនៃការឆ្លងកាត់ជាប់ច្រវាក់ជាប់ខ្នោះ នៅក្នុងព្រះវិហារនេះកន្លែងមន្ទីរឃុំឃាំងគឺគាត់អាចនិយាយបានថាសឹងតែ ជីវិតដង្ហើមចុងក្រោយ ប៉ិនដោយសារខាងរណសិរ្សសង្រោះជាតិហ្នឹងមកជួយគាត់ទាន់អញ្ចឹង»

បើតាមព្រះតេជព្រះគុណ ផេន រតនៈ ទីនេះសព្វថ្ងៃបានប្រែក្លាយជាកន្លែងដែល​គួរដ​ល់​បូជា​សម្រា​ប់​​ញា​តិមិត្ត របស់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​។ជារៀងរាល់ឆ្នាំសាច់ញាតិ​ដែលរស់នៅ​ស​ព្វ​​ថ្ងៃ​ តែងមកថ្វាយទាន និងបូជាគ្រឿងសក្ការផ្សេងៗ ដើម្បីឧទ្ធិសថ្វាយអ្នកដែលបានស្លាប់ ដោយ​ការ​ធ្វើ​ទារុណកម្ម នៅក្នុងសម័យកាលដែលគ្រប់គ្រងដោយរបបខ្មែរក្រហម។

ប្រភពន្តថា៖«បើមានសាច់ញាតិនិមន្តបង្សុកូលទៅ ខ្លះទៅក៏អុជធូបហើយ អញ្ជើញឧទ្ទិសអីណា យទេយ្យទានឧទ្ទិសដល់ញាតិគាត់អញ្ចឹងទៅ»។

មានទីលំនៅទល់មុខនឹងវត្តអូរត្រកួន ជាអតីតមេឃុំពាមជីកង លោក ជា ម៉ាលី ឱ្យដឹងថាតាមពិត​ទៅ​មាន​ភ​ស្តុ​តាងជាច្រើនដែលបង្ហាញពីសកម្មភាព នៅក្នុងសម័យខ្មែរក្រហមជាពិសេ​សទាក់ទងទៅ​នឹង​មន្ទី​​រសន្តិសុខ អូរត្រកួននេះ។លើសពីនេះទៅទៀត ពួកអតីតយោធាខ្មែរក្រហម ដែលធ្លាប់បម្រើការ​នៅ​​មន្ទីរសន្តិសុខនេះ មា​ន​ទិន្នន័យគ្រប់គ្រាន់ រាប់ចាប់តាំងធ្វើបញ្ជីឈ្មោះអ្នកទោស ការប្រមូលព័​ត៌​មា​ន​​ពីប្រ​​វត្តិអ្នកទោស និង​កា​រតក់ត្រានូវចម្លើយសារភាពរបស់ជនរងគ្រោះជាដើម។ប៉ុន្តែ ក្រោយពី​រប​ប​នេះ​​ត្រូវដួលរលំទៅ ព​ល​រដ្ឋខ្មែរ បានបំផ្លាញភស្តុតាងទាំងនោះគ្មានសេសសល់ តាមរយៈការគាស់ក​កា​យរកវត្ថុមានតម្លៃ ទើ​បធ្វើ​ឱ្យឯកសារដែលជាប្រវត្តិសាស្រ្តបែបនេះ ត្រូវខូចខាត និងបាត់ប​ង់ទ្រង់​ទ្រា​​​​យដើម។ម្យ៉ា​ងវិញ​ទៀ​ត​​ ដោយគ្មានអ្នកអភិ​រក្ស​ និងខ្វះការថែទាំ​ផ​ង ស្ថិតក្រោមហេតុផលទាំងនេះ ដែ​លនាំ​ឱ្យឯក​សា​រដ៏​សំ​ខា​ន់ទាំងអម្បាលម៉ាន់​ត្រូវ​បា​​ត់​បង់ទាំងស្រុង។

លោកបន្តថា៖​ « ពីដើមគេច្រើនសរសេរក្រដាសស្តើង ហើយក្រដាសស្រដៀងមូរជក់បារី ហើយអាឯកសារហ្នឹងបើតាមខ្ញុំដឹង កប់នៅក្នុងពាងនៅក្នុងវត្តហ្នឹង គេគាស់រកមាសរកអីហ្នឹងឯង »

ជុំវិញរឿងនេះដែរ មន្រ្តីឃ្លាំមើលសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) លោក យី សុខសាន្ត យល់ឃើញថា របបប្រល័យពូជសាសន៍ ប៉ូល ពត ជារបបមួយដែលសម្លាប់មនុស្សដោ​យ​គ្មានហេតុផល និងធ្វើបាបប្រជាជនស្លូតត្រង់ក្នុងនោះក៏មានលោកផ្ទាល់ដែរដែល​ជាជនរងគ្រោះ​​ក្នុ​ង​ចំណោមពលរដ្ឋកម្ពុជាជិត២លានត្រូវខ្មែរក្រហមសម្លាប់។កត្តានេះហើ​យបានជាលោកសម្រ​​ចចិត្តបម្រើការងារជាមន្ត្រីការពារសិទ្ធិមនុស្សជាង៣០ឆ្នាំមកនេះ។បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ កា​​រ​​សម្លាប់មនុស្សដូចនេះ គឺជាផលជះដ៏អាក្រក់​បំផុតមួយ​ទៅ​ដ​ល់​សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការ​អ​នុវត្តគោលការណ៍ប្រជាធិបតេយ្យ។

លោកបន្តថា៖«ចំណុចនេះហើយបានជាពូចូលបម្រើការមកដល់សព្វថ្ងៃនេះចូលតាំងពីឆ្នាំ១៩៩១ មល់ឥឡូវា៣៤ឆ្នាំហើយ ដោយសារតែពូទទួលរងការឈឺចាប់ ពីរបបមួយដែលខ្មែរ និងខ្មែរសម្លាប់គ្នាដោយគ្មានហេតុផល។ យើងអត់ដឹងខុសអីសោះ គេចោទថាត្បត់អង្គការតិចគឺគេយកទៅសម្លាប់ចោ​​ល ដូចអត់ដឹងមានស្អីសោះ ជួនកាលយើងដាំដំឡូងខ្លួនយើង ចិញ្ចឹមមាន់យើង ហូបខ្លួនយើង ក៏គេថាក្បត់អង្កការ គេយកទៅវ៉ៃចោល ហើយយើងចេះតែអោយគេវ៉ៃចោលទៅ»

ចំណែកឯ នាយកបណ្ណាសារ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ណាល័យហ្លួងម៉ែលោក រស់ សំពៅ រៀបរាប់ថា ក្រុមអ្នកស្រាវជ្រាវរបស់លោកធ្លាប់បានចុះទៅសិក្សាស្រាវជ្រាវរួចមកហើយកាលពី ខែកុម្ភៈ ឆ្នាំ១៩៩៦ ដ​​ល់ទីតាំងនៃវត្តអូរត្រកួននេះ។លោកបន្តថា ផ្អែកលើការអង្កេត និងសិក្សាស្រាវជ្រាវ​រកឃើ​ញ​ថាវត្តអូរត្រកួន និងសាលាររៀនក្បែរនោះ ធ្លាប់ត្រូវរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ សាឡុត ស ឬប៉ុល ពត យកធ្វើជាមន្ទីរសន្តិសុ​ខសម្រាប់ឃុំឃាំងអ្នកទោសចន្លោះតាំងពី១៩៧៤-១៩៧៨។

បើតាមលោក រស់ ពៅ មុនដំបូងពួកខ្មែរក្រហម ប្រើប្រាស់មន្ទីរសន្តិសុខនេះ សម្រាប់តែជនរងគ្រោះជាទាហាន លន់ ណុល ទេ តែក្រោយៗមកទៀត ពួកគេក៏ចាប់ផ្តើមបន្តឃុំខ្លួនប្រជាជនថ្មីដែលត្រូវបានជ​ម្លៀ​សចេញពីទីក្រុងភ្នំពេញមកកាន់ស្រុកកងមាសដែរ។

លោកបន្តថា៖«ចំនួនសាកសពដែលគេស្មានក្នុងនឹងមានចំនួណ៣២.៦៩០នាក់ ដែលមានរណ្តៅ ៤​៦​៧ យោងតាមទិន្នន័យសាលាស្រុកដែលគាត់ប៉ាន់ស្មាន ដូចថារណ្តៅធំមួយអញ្ចឹង អារុណ្តៅហ្នឹងឃើ​ញធំ​ថាហើយច្រើន ដូចថាគេដឹកមកទាំងឡានៗ ហើយធម្មតាកន្លែងសម្លាប់គេមិនដែលឱ្យយើងទៅមើ​ល​ទេ ពួកគាត់ដឹងតាមរយៈការលួចមើលឃើញ ឬក៏អីអញ្ចឹងទៅ »

ថ្វីបើពេលនេះ របបកម្ពុជាប្រជាធិបតេយ្យត្រូវដួលរលំហើយក្តី ការសន្សល់ទុកក្តីឈឺចាប់នៃជនស៊ីវិលរាប់មិនអស់ដែលធ្លាប់ឆ្លងកាត់ តាមរយៈការធ្វើទារុណកម្ម ការបង្អត់អាហារ ធ្វើការគ្មានពេលសម្រាក់ និ​ងកុមារត្រូវរស់យ៉ាងលំបាកដាច់ពីឱពុកម្តាយជាដើម វានៅតែជាវាំងន​នខ្មៅងងឹតសម្រា​ប់ជីវិតពួ​ក​គេ​​​នៅឡើយ។នេះជាការលើកឡើងរបស់លោក ថូ ឈឿង។

លោក ថូ ឈឿង ពោលថា៖ « វត្តអូរត្រកួនក្នុងស្រុកកងមាស ឈាមដាមពោលពាស ឆ្អឹងគរដូចភ្នំ ចំ​ណែ​កបង និងឆោមយំ គេចងផ្គុំនៅក្រោមដើមពោធ អាសូរូបអូន និងក្មួយទាំង៦ ពួកវាវាយហើយថែមទាំងដៀលថា ឱពុកក្បត់ជាតិ CEA សម្លាប់ហើយណាពុះទ្រូងយកថ្លើមស៊ី ខ្ញុំសូមផ្តាំកូនចៅជំនាន់ក្រោ​យ កុំប្រ​ហេស​ធ្លុយឱ្យរបបពពតឬស្យា មកកាប់សម្លាប់កូនខ្មែរទៀតណា ខ្ញុំសូមតក់ត្រា ចារក្នុ​ង​ប្រ​វត្តិ​សាស្រ្ត »

អត្ថបទដោយ៖ ទ្រី លាងគ្រី និងលន ម៉ាលី