កម្មករ​រោង​ចក្រ​គល័រ​ស្តារ តវ៉ាបិទផ្លូវទាមទារ​អត្ថប្រយោជន៍ការ​ងារ ក្រោយ​រោង​ចក្រ​​ប្រកាស​​ដូរ​ទីតាំង​​​

កម្មករ​​កម្មការិនីប្រមាណ ៥០០នាក់ ធ្វើការ​នៅ​​​រោង​ចក្រ​​ គល័រ​ស្តារ ខេម​បូឌា ប្រដាក់ ខូអិល​ធីឌី បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​បិទកំណាត់​ផ្លូវ២១៧ ចំណុច​ផ្សារ​ព្រែក​ជ្រៃ ក្នុង​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី​២០ ខែឧសភានេះ ​ដើម្បីទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​អត្ថប្រយោជន៍​ការ​ងារមួយចំនួន​ ក្រោយ​ពី​​ក្រុម​ហ៊ុន​​​ប្រកាសពីការ​​​ដូរ​ទីតាំង​រោង​ចក្រ ទៅខេត្តតាកែវ។​

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៥​ ខាង​​​​រោង​ចក្រ ឬ​​​ក្រុម​​ហ៊ុន គល័រស្តារ ខេម​បូឌា ( Color Star (Cambodia) Product Co.,LTD) បាន​ចេញ​​​​សេចក្តីជូនដំណឹង​​​មួយ ពីការ​ដូរទីតាំង​រោង​ចក្រ​​ពីរាជធានីភ្នំពេញ ទៅ​ខេត្តតាកែវ។ សេចក្តីជូនដំណឹង​នោះ ខាង​រោង​ចក្រ​​​ដោយ​បញ្ជាក់​ថា ដោយ​សារ​ម្ចាស់ដី​​លែង​​បន្ត​​​កិច្ច​សន្យា​ជួល​ដី​នៅរោង​ចក្រ​ចាស់ ទើប​​ខាង​រោង​​ចក្រ​ត្រូវ​​បង្ខំ​ដូរ​ទៅកាន់ទីតាំងថ្មី ដែលមាន​​ចម្ងាយ ៣៥គី​ឡូ​ម៉ែត្រ ផ្លូវ​ជាតិ​លេខ​២ ភូមិ​ក្រាំង​ធ្នង់ ឃុំ​ក្រាំង​ធ្នង់ ស្រុក​បាទី ខេត្ត​តាកែវ។

ក្រុមហ៊ុនបន្តថា ​ពេល​​វេលា​​ផ្លាស់​​ប្តូរ​​ទីតាំង គឺ​​ថ្ងៃ​​ធ្វើការ​ចុង​ក្រោយ​​របស់​រោង​ចក្រចាស់ នៅ​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៥ ខណៈ​កាល​​បរិច្ឆេទ​បើក​ដំណើរ​ការ​ជាផ្លូវ​ការ​នៃ​រោងចក្រ​ថ្មី នឹង​​​ចាប់ផ្តើម​​​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥ (តាមផ្នែក)។

ចំណែក ​អត្ថប្រយោជន៍​នឹង​ការ​លើក​ទឹក​ចិត្ត​ដល់​កម្មករ​និយោជិតវិញ ក្រុមហ៊ុននេះ​បញ្ជាក់​ថា  កម្មករ​​និយោជិត​ទាំង​អស់​ ដែល​ផ្លាស់​ពី​រោង​ចក្រ​ចាស់​​ប្តូរ​ទៅ​រោង​ចក្រ​ថ្មី នឹង​ទទួល​បាន​ប្រាក់លើក​ទឹក​ចិត្ត​ចំនួន ២០០​ដុល្លារ​​ក្នុង​ម្នាក់ៗ ដែល​បញ្ចូល​ទៅ​ក្នុង​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ​​រយៈ​ពេល៦ខែ​ ក្នុង​៥ខែដំបូង​នឹង​​​ទទួល​បាន ៣០​ដុល្លារ និង​ខែទី​៦ ទទួលបាន​ ៥០ដុល្លារ។

អ្នកស្រី​ រឿង សារ៉ន ដែលអះអាង​ថា​ជា​​​ក​ម្មការិនី​​ធ្វើការ​​នៅ​រោង​ចក្រ​​ គល័រ​ស្តារ ខេម​​បូឌា បាន​ឱ្យ​ដឹង​ថា ទីតាំងថ្មីដែលរោងចក្រប្តូរទៅគឺឆ្ងាយពីក្រុង ហើយអ្នកស្រីនិង​កម្មករ​​មួយចំនួន​ទៀត សុំ​បញ្ចប់​កិច្ច​សន្យា​ការ​ងារ ប៉ុន្តែ​​ស្នើ​​ឱ្យ​ខាង​រោង​ចក្រ​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត ​តាម​រយៈ​ពេល​ដែល​ពួក​គាត់​​បាន​ធ្វើការ​ជាមួយ​ក្រុម​ហ៊ុន ប៉ុន្តែ​ខាង​រោង​ចក្រ​មិនយល់ព្រម ទើបកម្មករ​នាំគ្នា​តវ៉ា​​ ដោយបិទកំណាត់​ផ្លូវ​នេះ ដើម្បី​ទាមទារឱ្យ​​មាន​ដំណោះស្រាយ​​។

អ្នកស្រីលើក​ឡើង​ថា៖ «ខាងក្រុមហ៊ុនគាត់តម្រូវឱ្យពួកខ្ញុំសហការជាមួយគាត់ ទៅតាមពួកគាត់​​នៅរោងចក្រថ្មី ហើយដល់ពេលពួកខ្ញុំអត់ព្រមទៅអ៊ីចឹង ខ្ញុំចង់សួរគាត់ថាមានអ្វីលើកទឹកចិត្តឱ្យពួកខ្ញុំអត់? ជាប្រាក់ ជាលុយ អ្នកធ្វើការយូរឆ្នាំ តិចឆ្នាំ​អីចឹង»។


អ្នកស្រីបន្តថា អ្នក​ដែល​មិន​ព្រម​ទៅ​ធ្វើការ​នៅ​រោង​ចក្រ​ថ្មី គឺ​​មិន​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​អ្វី​ទេ បាន​តែ​ប្រាក់​ខែ និង​ប្រាក់​បំណាច់​ឆ្នាំ​ធម្មតា។

កម្មការិនីធ្វើការ​នៅរោង​ចក្រ គល័រស្តារ មួយរូបទៀត អ្នកនាង ម៉ិច កិរិយា បាន​ឱ្យ​ដឹងដែរថា​មូល​​​​ហេតុមួយ​ទៀត ​ដែលពួកគាត់នាំគ្នា​តវ៉ា​ដោយ​បិទ​កំណាត់​ផ្លូវ​លេខ​២១៧នេះ ដោយ​សារ​តែ​​ពួក​​គាត់​​ចង់​​ឱ្យ​​ខាង​​រោង​​ចក្រ​គិត​ប្រាក់​បំណាច់ឆ្នាំ​​​​ដោយ​គុណទៅតាម​ឆ្នាំ​ដែល​កម្មករ បាន​ធ្វើ​ការ មុនពេល​ដែលរោង​ចក្រ​ប្តូរ​ទីតាំង។

អ្នកនាង​និយាយ​​ថា៖​ «​​ តវ៉ាចង់អោយខាងរោងចក្រគិតលុយជាមួយគ្នានឹងក្រុមដែលរើទៅមុន នេះជាដើមហេតុ»។

យ៉ាងណា ស្រប​ពេល​ដែលកម្មករ​តវ៉ាបិទកំណាត់​ផ្លូវនេះ ខាង​មន្ត្រីក្រសួង​ការ​ងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ចុះទៅសម្របសម្រួល និង​ដោះស្រាយ​ភ្លាមៗផងដែរ ហើយ​កម្មករ​ក៏បាន​​នាំគ្នា​រំសាយ​ការ​តវ៉ាវិញ នៅម៉ោងប្រមាណ​ជិត១០ព្រឹក។

តំណាង​រោង​ចក្រ គល័រស្តារ ខេម​បូឌា មិនអាចសុំការ​បញ្ជាក់ជុំវិញ​ការ​ទាមទារ​របស់កម្មករ​នេះបាន​នៅឡើយទេ គិត​ត្រឹមថ្ងៃអង្គារនេះ។​

អគ្គនាយករងនៃ​អគ្គនាយក​ដ្ឋាន​ការ​ងារ​នៃ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ លោក​ អ៊ូ រតនា មាន​ប្រសាសន៍​ថា ក្រសួង​បានសម្របសម្រួល​ដោះ​ស្រាយ​វិវាទការងារ​​នេះ​ជាមួយ​ភាគី​កម្មករ និង​ខាង​រោង​ចក្រ​រួច​រាល់​ហើយ ដោយ​ខាង​រោង​ចក្រ​បាន​អនុវត្តន៍​តាម​ផ្លូវ​ច្បាប់ ហើយ​ភាគី​កម្មករ​បាន​ទទួល​យក​ដំណោះ​ស្រាយ និង​យល់​ព្រម​ចូល​ធ្វើ​ការ​វិញ​ នៅ​ថ្ងៃ​ទី២១​ ខែ​ឧសភា។

លោកថា៖ «កម្មករដែលព្រមទៅ ក្រុមហ៊ុន​រក្សា​អត្ថប្រយោជន៍ការងារ តួនាទី​ ភារកិច្ច ឬក៏ប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅដដែល​ ព្រមទាំងបន្ថែម​ប្រាក់ឧបត្តម្ថបន្ថែម […] ប្រសិននិយោជិតដែលអត់ទៅទេ ក្រុមហ៊ុននឹងបញ្ចាប់កិច្ចសន្យាទូទាត់ទៅតាមផ្លូវច្បាប់»។

បើតាម​សេចក្តីជូនដំណឹង​របស់ក្រសួង​ការ​ងារ ចេញ​ផ្សាយ​​នៅ​ថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០២៥នេះ ឱ្យដឹងថា ក្រោម​​ការ​​សម្របសម្រួលរបស់ក្រសួង​​​​ក្នុងរយៈពេល​២ថ្ងៃ គឺនៅថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែឧសភានេះ គឺ​ភាគី​ទាំងពីរ បាន​​ឯកភាព​ទូទាត់​លើ​​​ ​​​៤ចំណុច ស្រប​​ទៅ​តាម​ច្បាប់ ដើម្បី​​បញ្ចប់​​វិវាទ ក្នុង​​នោះ​មានការ​ទូទាត់​​​​​ប្រាក់​​ឈ្នួល​​ដែល​​មិនទាន់​​បាន​​បើក​, ប្រាក់​បំណាច់​ទូទាត់​​ជួស​​​ការ​​ឈប់​សម្រាក​​ប្រចាំ​​ឆ្នាំ​​ដែល​នៅ​សល់, ប្រាក់បំណាច់​​ជួស​ការ​ជូន​ដំណឹង​មុន និង​ប្រាក់​​បំណាច់​អតីត​ភាព​ការ​ងារ។

ជាមួយគ្នានោះ ក្រសួង​ក៏បានអំពាវនាវ​ដល់​កម្មករនិយោជិតនៃក្រុមហ៊ុន​​ គល័រ​ស្តារ រងចាំការ​ដោះ​​ស្រាយ​​​របស់​​ក្រសួង ចៀស​វាង​​ការ​​យក​ជម្រើស​​តវ៉ា​ដោយ​​ការ​​បិទ​ផ្លូវ​​​សាធារណៈ ដែល​នាំ​​​ឱ្យ​​ប៉ះពាល់​​ដល់​​សណ្តាប់​ធ្នាប់​​​សាធារណៈ​ និ​ង​​អាច​​ឈាន​​ដល់​​កា​​រប្រព្រឹត្ត​​ល្មើស​ច្បាប់​ដែល​ជាបទល្មើស​ព្រហ្មទណ្ឌ​។

នាយកប្រតិបត្តិនៃអង្គការ​សង់​ត្រាល់ លោក មឿន តុលា សង្កេត​ឃើញថា​ បញ្ហា​​​ឈាន​​​ដល់​​ការ​តវ៉ា​​​អាច​​បណ្តាល​មកពី​ការ​ជជែក​គ្នា​មិនច្បាស់លាស់ អំពីនីតិវិធីនៃទូរទាត់​អត្ថប្រយោជន៍​ការ​ងារ នៅពេល​​ដែល​រោង​ចក្រ​​​ប្តូរ​ទីតាំង។

យ៉ាងណា លោក​ពន្យល់​ផ្លូវច្បាប់​បែបនេះថា​៖ «នៅក្នុងផ្លូវច្បាប់អញ្ចេះទេ អ្នកដែល​អត់ទៅទីតាំង​ថ្មី អាហ្នឹង​គឺ​គេ​ប្រើ​ គេហៅថា ការ​​ផ្តាច់កិច្ច​សន្យា​​។ ការ​ផ្តាច់​កិច្ច​សន្យា​ហ្នឹង​ គឺ​​គេ​គោរព​តាម​លក្ខ​ខណ្ឌទាំង​៥ហ្នឹងទៅ លក្ខខណ្ឌ​ទាំង​៥​មានន័យ​ថា ត្រូវ​ជូនដំណឹង​គេ​មុន ហើយ​បើ​សិន​ជា​មិន​ជូន​ទេ ត្រូវទូរទាត់​ជា​លុយ​ ប្រាក់ខែ​ចុង​ក្រោយ​ត្រូវតែ​ផ្តល់ឱ្យ​គេ ប្រាក់​បំណាច់​ផ្តាច់កិច្ច​សន្យា ឬប្រាក់​បំណាច់​បណ្តេញ​ចេញ​ហ្នឹង​​ ត្រូវ​ផ្តល់​ឱ្យ​គេអីចឹង​ទៅ​​ បើ​សិន​ជាមិនទាន់ទូរ​ទាត់​ទេ ហើយ​​​មួយ​ទៀត​គឺ​ប្រាក់​ជួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​​ បើសិនជា​នៅសល់​ ហើយសំណង​ជំងឺ​ចិត្ត​​ បើ​សិន​ជា​ខាង​រោង​ចក្រហ្នឹង មិនមាន​ហេតុ​ផល​សមរម្យ​ណា​មួយ​​ ក្នុងការ​មក​ប​ញ្ជាក់ថា​​ខ្លួន​ឯង​មិន​អាច​​បន្ត​​កិច្ច​​សន្យា​ហ្នឹង​បានទេ អាហ្នឹង​គេ​អាច​បើក​សិទ្ធិ​ឱ្យ​ភាគី​ម្ខាង​ទៀត ប្តឹង​ទាម​ទារសំណង​ជំងឺ​ចិត្ត​ហ្នឹង អាហ្នឹង​ជាទូទៅគេ​គោរពតាមលក្ខខណ្ឌ​៥ហ្នឹង»។

យ៉ាងណា លោក​ មឿន តុលា ជំរុញ​​​ដល់​ក្រសួង និង​​អាជ្ញាធរ​ពាក់ព័ន្ធ​ ត្រួត​ពិនិត្យ អង្កេត និង​ជំរុញ​ឱ្យ​ខាង​រោង​ចក្រ​ដែល​ជា​និយោជក​អនុវត្ត​ទៅតាម​ច្បាប់ ដោយ​មិន​ចាំបាច់​ទាល់តែ​មានការ​តវ៉ាពីសំណាក់កម្មករ ហើយ​បាន​ដោះស្រាយ​នោះទេ។

គួរបញ្ជាក់ថា កម្មករ​រោង​ចក្រ​ គល័រស្តារ បានផ្ទុះការ​តវ៉ា​ម្តង​ហើយ នៅរសៀលថ្ងៃទី​១៩ ខែ​ឧសភា​ម្សិលមិញនេះ ប៉ុន្តែ​ដោយសារ​ការ​ចរចា​រក​ដំណោះស្រាយ​មិនទាន់មានការ​ឯកភាព​គ្នា​ទៅលើ​ចំណុច​ទាំង​៥ ដែលពួកគេ​ទាមទារ ទើប​មានការ​តវ៉ាបិទកំណាត់ផ្លូវ​លេខ​២១៧​រយៈពេល​ខ្លី នៅព្រឹក​នេះ រហូត​ដល់​ក្រសួង​ការ​ងារ​ចុះទៅ​សម្រុះសម្រួលដោះស្រាយ​​៕

អត្ថបទ៖ លី រូស្សឡាន និង​ តាំង ប៉ហ្គិច

អត្ថបទគួរឱ្យចាប់អារម្មណ៍