កម្មករ-កម្មការិនីប្រមាណជិត ១០០០នាក់ ធ្វើការនៅរោងចក្រផលិតសម្ភារៈកីឡា WP Sports នៅឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ ទាមទាររកដំណោះស្រាយទៅលើបញ្ហាបញ្ឈប់បុគ្គលិកដោយគ្មានមូលហេតុ និងទាមទារលក្ខខណ្ឌការងារមួយចំនួន ក្រោយរោងចក្រនេះបានបណ្ដេញកម្មករចេញជាច្រើននាក់ជាបន្តបន្ទាប់។
លោក ប៊ុត ម៉ារ៉ា ជាតំណាងកម្មករ និងជាអនុប្រធានសហព័ន្ធសហជីពសិទ្ធិកម្មករខ្មែរ ឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះថា កម្មករនៅរោងចក្រ WP Sports បានផ្ទុះការតវ៉ាក្រោយពីថៅកែរោងចក្រនេះ បានបញ្ឈប់បុគ្គលិកជាច្រើននាក់ដោយគ្មានមូលហេតុ និងបានគាបសង្កត់ ធ្វើបាបកម្មករពេលកំពុងធ្វើការងារ។
លោកថា៖ «គាត់ធ្វើកូដកម្ម ដោយសារនាយកគ្រប់គ្រងហ្នឹង គាត់បញ្ឈប់កម្មករឥតមូលហេតុ កម្មករខុសតិចតួច ឬក៏គាត់មិនបានដឹងខ្លួន គ្រាន់តែអង្គុយដាក់ដៃលើតុតិចអីចឹង ចឹងគាត់មកដល់កេសឬក៏ដកកាតទៅបញ្ឈប់ម៉ង បញ្ឈប់ជាច្រើននាក់ហើយបានជាគាត់មិនសប្បាយចិត្ត បានផ្ទុះកូដកម្ម[…] ខាងរោងចក្រគាត់ធ្វើមិនគប្បី ធ្វើមិនតាមច្បាប់មកលើបងប្អូនកម្មករបានគាត់[កម្មករ]អត់សប្បាយចិត្តគាត់ផ្ទុះកូដកម្ម»។
ករណីនេះ លោក ប៊ុត ម៉ារ៉ា បានស្នើដល់ខាងក្រុមហ៊ុនដោះស្រាយ ដោយយកកម្មករដែលបញ្ឈប់ចូលធ្វើការវិញ និងលក្ខខណ្ឌការងារមួយចំនួនដែលបានស្នើ ដើម្បីបញ្ចប់វិវាទការងារនេះ ហើយកម្មករនឹងព្រមចូលធ្វើការវិញ។
លោក មាន់ រចនា មានអាយុ៣៧ឆ្នាំ ជាកម្មករផ្នែកវេចខ្ចប់នៅរោងចក្រ WP Sport លើកឡើងថា មូលហេតុដែលកម្មករទាំងអស់មិនចូលធ្វើការ ហើយចេញតវ៉ានៅព្រឹកនេះ ព្រោះមើលឃើញថារោងចក្រមិនគោរពលក្ខខណ្ឌការងារ និងបានបញ្ឈប់កម្មករជាបន្តបន្ទាប់ ហើយចំពោះលោកផ្ទាល់រោងចក្រមិនបានបញ្ឈប់ទេ តែលោកនៅតែចេញតវ៉ា គឺដើម្បីឱ្យភាគីរោងចក្រដោះស្រាយបញ្ហាដែលកម្មករជួបប្រទះ។
លោកបន្តថា៖ «ថៅកែបញ្ឈប់កម្មករអត់មូលហេតុ ថាចង់បញ្ឈប់ បញ្ឈប់តែម្តង […] ទង្វើថៅកែហ្នឹងធ្វើអញ្ចឹងខុស គាត់[កម្មករ]ធ្វើការសុខៗហេតុអ្វីបញ្ឈប់គាត់? បើមានគេ គង់ដល់ខ្ញុំដែរ បើមិនតវ៉ាថ្ងៃក្រោយដល់យើង[…] សុំណូមពរឱ្យថៅកែដើរគេតាម line និងបញ្ឈប់គេតាមអំពើចិត្ត និងសុំឱ្យខាងរដ្ឋបាលបើកលុយឱ្យទៀងទាត់»។
ចំណែកកម្មការីនៃរោងចក្រ WP Sports សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងដែរថា ថៅកែរោងចក្រនេះមានភាពតឹងរឹងហួសហេតុពេក និងមិនគោរពសិទ្ធិកម្មករ ទើបកម្មករមិនពេញចិត្តឈានដល់ការចេញតវ៉ាបែបនេះ។
កម្មការិនីនិយាយថា៖ «កូដកម្មហ្នឹងថៅកែរឹតបណ្តឹងកម្មករពេក គេរឹតបណ្តឹងយើងពេកពេលធ្វើការ មិនត្រូវចិត្តគេដកភ្លាមៗ អត់មានថាធ្វើព្រមានលើកទី២ លើកទី៣ទេគេដកភ្លាមៗម៉ង តាមតែចិត្តរបស់គេ ដូចអត់មានច្បាប់ទម្លាប់អីផង»។
អ្នកស្រីបានសំណូមពរឲ្យថៅកែគោរពសិទ្ធិកម្មករ និងត្រូវមានច្បាប់នៅក្នុងរោងចក្រ ព្រមទាំងជៀសវាងការបញ្ឈប់កម្មករដោយគ្មានមូលហេតុ។
បើតាមក្រុមកម្មករ ការធ្វើកូដកម្មនេះ ពួកគេបានទាមទារនូវលក្ខខណ្ឌការងារមួយចំនួនផងដែរ ក្នុងនោះមានដូចជា ស្នើឲ្យថៅកែទទួលយកកម្មករ-កម្មការនីចំនួន ៣០នាក់ ដែលថៅកែរោងចក្របញ្ឈប់ឲ្យចូលបម្រើការងារវិញ កម្មករ-កម្មការនីចូលបម្រើការងារថ្មី ត្រូវបង្រៀនជំនាញដល់កម្មករ ការឈប់សម្រាកថ្ងៃបុណ្យជាតិ បើឲ្យកម្មករកម្មការនីធ្វើការបន្ថែមម៉ោងត្រូវបើកប្រាក់ជូនកម្មករកម្មការនី ដោយកំណត់ថ្ងៃបើកប្រាក់ឲ្យបានជាក់លាក់ ស្នើសុំប្រាក់ថែទាំសុខភាពមួយខែ៥ដុល្លារ និងស្គេនមុខពេលចូលធ្វើការចំនួន៣ដងក្នុងមួយថ្ងៃជាដើម។
តំណាងភាគីរោងចក្រ WP Sports មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបានទេ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។
ជុំវិញករណីនេះ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង លោក អ៊ូ សុខឿន បាននិយាយថា មន្ត្រីមន្ទីរការងារបាននិងកំពុងសម្របសម្រួលដោះស្រាយវិវាទការងារនៅរោងចក្រផលិតសម្ភារៈកីឡានេះ។
លោកថា៖ «គេ[កម្មករ]ទាមទារឡើងដល់១០ចំណុច ឥឡូវផ្សះផ្សាបាន៨ហើយ នៅសល់២ទៀត កំពុងតែបន្ត មិនទាន់ចប់ទេ»។
អតីតប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា កម្មករទទួលរងបញ្ហាមួយចំនួនដែលពួកគេមិនអាចទទួលយកបាន ទើបបណ្តាលឱ្យពួកគេសម្រេចចិត្តប្រមូលផ្តុំធ្វើកូដកម្មនេះឡើងដើម្បីទាមទារនូវអ្វីដែលពួកគេចង់បាន។
លោកថា៖ «អ្វីដែលកម្មករធ្វើកូដកម្មនេះ គឺដោយសារតែពួកគេមានការលំបាក ក្នុងការដោះស្រាយជាមួយក្រុមហ៊ុន ដូចជា ការបញ្ឈប់ភ្លាមៗ ដូចជាបន្ទប់ទឹកឬបង្គន់អនាម័យឬស្អីៗផ្សេងៗហ្នឹង គឺពាក់ព័ន្ធនឹងលក្ខខណ្ឌការងារនៅក្នុងក្រុមហ៊ុនដែលមិនអាចដោះស្រាយបាន»។
លោកស្នើឱ្យក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ គួរតែចូលខ្លួនដោះស្រាយជូនកម្មករ ដើម្បីឱ្យកម្មករទទួលបាននូវលក្ខខណ្ឌការងារល្អប្រសើរ។
លោកថា៖ «ទោះបីជាកូដកម្មធ្វើឡើងដោយប្រភេទណាក៏ដោយ ក្រុមហ៊ុននិងស្ថាប័នពាក់ព័ន្ធ ត្រូវតែទៅចូលរួមធ្វើការដោះស្រាយ ដើម្បីឱ្យសំណូមពរឬក៏បញ្ហារបស់ពួកគាត់ហ្នឹង ត្រូវបានដោះស្រាយ ហើយកុំឱ្យមានបញ្ហាកើតឡើងទៀត តែគាត់មានត្រឹមត្រូវយុត្តិធម៌ហើយ ខ្ញុំគិតថាគាត់ចូលធ្វើការ គាត់នឹងសហការធ្វើការទៅថ្ងៃមុខបានល្អហើយ»៕