រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជំហរបញ្ជូនវិវាទនៅតំបន់ព្រំដែនដែលរសើបចំនួន៤ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ស្របពេលដែលកម្ពុជា ក៏នៅប្រកាន់ជំហរចូលរួមរកដំណោះស្រាយតាមក្របខ័ណ្ឌទ្វេភាគីដែលមានស្រាប់ជាមួយភាគីថៃ នាពាក់កណ្តាលខែមិថុនាខាងមុខនេះផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស និងកិច្ចសហការល្អជាមួយប្រជាជាតិនានា ជាពិសេសប្រទេសជិតខាងមានព្រំដែនរួម ដែលត្រូវបានបែងចែកឡើងតាំងពីអំឡុងសម័យអាណានិគមបារាំង។
សេចក្តីថ្លែងការណ៍ដដែលបន្តថា ប៉ុន្តែជារឿងគួរឱ្យសោកស្តាយ ដែលកងកម្លាំងយោធាថៃ បានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា នៅតំបន់មុំបី ក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យទាហានខ្មែរម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដែលឧប្បត្តិហេតុនេះ ស្ថិតក្នុងចំណោមការវិវត្តមួយចំនួនដ៏គួរឱ្យព្រួយបារម្ភ។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «ដោយមើលឃើញពីបញ្ហានេះ និងដើម្បីផលប្រយោជន៍នៃការធានាបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនវិវាទនៅតំបន់ដែលមានភាពរសើបចំនួន៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការICJ នៅទីក្រុងឡាអេ។ តំបន់ទាំង៤នេះ នៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការដោះស្រាយនោះទេ»។
បើតាមសេចក្តីថ្លែងកាណ៍ដដែល ទោះបីជាកម្ពុជាបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការអន្តរជាតិICJ ប៉ុន្តែរដ្ឋាភិបាលនៅតែបន្តការសន្ទនា និងចក្រកាទូត ដោយចូលរួមរកដំណោះស្រាយតាមរយៈក្របខណ្ឌទ្វេភាគីដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC) ជាមួយភាគីថៃ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។ កម្ពុជាបញ្ជាក់ដែរថា ករណីតំបន់ទាំង៤ ដែលមានវិវាទនឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំ JBC នោះទេ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមពិនិត្យដំណើរការ នៃការស្វែងរកដំណោះស្រាយបញ្ហានេះ ដោយស្ងប់ស្ងាត់ និងអត់ធ្មត់ ដើម្បីចៀសវាងប្រែក្លាយ ទៅជាបញ្ហាជាតិសាសន៍ ឬការបំផុសបំផុលចលនាជាតិនិយមជ្រុលជាដើម។
ខណៈកម្ពុជាកំពុងស្វែងរកដំណោះស្រាយលើផ្លូវច្បាប់នៅតុលាការអន្តរជាតិ ប្រទេសថៃវិញ បានបញ្ជាក់នូវជំហរក្នុងការចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរ។
តាមរយៈសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ ចេញកាលពីថ្ងៃពុធ បានបញ្ជាក់ថា រដ្ឋាភិបាលថៃយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការការពារពេញលេញនៃអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសថៃ ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ។
សេចក្តីថ្លែងការណ៍របស់ថៃដដែល បន្តថា កម្ពុជា និងថៃបានព្រមព្រៀងគ្នា ក្នុងការស្តារភាពស្ងប់ស្ងាត់ និងទប់ស្កាត់ការតានតឹងបន្ថែមទៀត តាមរយៈយន្តការទ្វេភាគី ហើយក៏មិនភ្លេចរំលេចអំពីការត្រៀមខ្លួនរបស់ប្រទេសថៃ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្នែកលើច្បាប់អន្តរជាតិ អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពី ការវាស់វែងព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការ ដែលមានស្រាប់ ក្នុងកិច្ចប្រជុំ JBC ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនវិវាទព្រំដែនជាមួយប្រទេសថៃ នៅតំបន់រសើបទាំងនេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នាប្រទេសហូឡង់។
លោកថា៖ «ខ្ញុំចង់ឱ្យរដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សូមឱ្យច្បាស់លាស់ សូមឱ្យមានឆន្ទៈមុតមាំ ហ៊ានស៊ីហ៊ានសង អ៊ីចឹងហើយរដ្ឋាភិបាលកម្ពុជា កុំទន់ជ្រាយ ទន់ភ្លន់ ហើយកុំរឹងរូស តែរឹងមាំទៅនឹងការជជែកចរចាបែបណា គឺជារឿងទ្វេភាគី។ ចរចាយើងចរចា តែកុំចុះចាញ់ ហើយត្រូវតែបន្តការប្ដឹង ដើម្បីកុំឱ្យក្រោយៗទៀត យោធាសៀម ចេះតេយកហេតុការណ៍ហ្នឹង ដើម្បីបង្កើតវិបត្តិនយោបាយប្រទេសខ្លួនឯងហើយ មករំខានដល់ប្រទេសជិតខាង អាហ្នឹងយើងអត់អាចទទួលយកបានទេ»។
លោក មាជ សុវណ្ណារ៉ា បានបន្តថា ប្រទេសជិតខាងកម្ពុជា រួមទាំងថៃផង ជាប្រទេសសមាជិកអង្គការសហប្រជាជាតិ និងជាប្រទេសហត្ថលេខីលើសន្ធិសញ្ញាទីក្រុងប៉ារីស៍ ២៣តុលា ដែលមានតួនាទីគោរពអធិបតេយ្យភាពប្រទេសកម្ពុជា។
លោកបន្ថែម៖ «រឿងការចរចា យើងបង្កើតនូវព្រំដែនសន្ដិភាព ព្រំដែនកិច្ចប្រតិបត្តិការ ព្រំដែនដែលចំណេញផលប្រយោជន៍ទាំងអស់គ្នា ក្នុងវិស័យជួញដូរពាណិជ្ជកម្មសេដ្ឋកិច្ច។ ការចរចា យើងនៅតែចរចា យើងអត់អាចអរិភាព នៃប្រទេសជិតខាងបានទេ យើងត្រូវតែបង្កើតមិត្តភាពប្រទេសជិតខាង ប៉ុន្ដែការចរចា គឺយើងឈរលើការមិនចាញ់ប្រៀបគ្នា ហើយយកអង្គហេតុ អង្គច្បាប់មកដាក់បញ្ហាលើតុ បើយើងដោះស្រាយទ្វេភាគី ឬក៏ឯកតោភាគីណាមួយមិនបានជោគជ័យ ដោយសារមានះ ដោយសារអំណាច ដោយសារអំណាយយោធា អាហ្នឹងយើងដឹកដៃគ្នាទៅតុលាការអន្តរជាតិ»។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ ប្រាប់ Press Start Cambodia ថា ការរក្សាជំហររុញវិវាទព្រំដែនរវាងកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ប្ដឹងទៅតុលាការ ICJ គឺជម្រើសល្អបំផុតសម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីចៀសវាងជម្លោះកើតឡើងនាពេលអនាគតទៀត ក៏ដូចជាការពារតំបន់ទាំងនេះ ជាតំបន់សន្តិភាព រក្សាបានការអភិវឌ្ឍរវាងប្រជាជន និងប្រជាជន។ លោកបន្តថា ការចរចាទ្វេភាគី អាចនឹងមិនមានប្រសិទ្ធភាព ដោយសារភាគីនៃការចរចាមិនមានតុល្យភាព ឬភាពស្មើគ្នា។
លោក វណ្ណលី បញ្ជាក់ដូច្នេះថា៖ «សង្ឃឹមថារដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោកនឹងរក្សាការតាំងចិត្តយ៉ាងមុតមាំ លើការធ្វើរឿងនេះឱ្យបានជោគជ័យ ដោយមិនមែននិយាយជាវោហាសាស្ត្រ ឬក៏ល្បែងនយោបាយទេ សង្ឃឹមថានឹងសម្រេចបានយ៉ាងពិតប្រាកដ ធ្វើជាកាដូសម្រាប់ប្រជាពលរដ្ឋខ្មែរ ឱ្យស្របទៅនឹងឆន្ទៈ នៃការទាមទាររបស់ពលរដ្ឋអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែរឿងប៉ះទង្គិចគ្នាតាមព្រំដែនរវាងកម្ពុជា-ថៃ វាកើតឡើងដដែលៗ ញឹកញាប់ ជាបញ្ហាជាងកន្លះសតវត្សមកហើយ»។
ក្រៅពីតំបន់វិវាទដ៏រសើបនៅតំបន់ទាំងបួននេះ លោក វណ្ណលី ក៏បានជំរុញដល់រដ្ឋាភិបាលកម្ពុជា យកបញ្ហាកោះគជ់ និងតំបន់សមុទ្រត្រួតស៊ីគ្នា(OCA) ទៅតុលាការ ICJ ដែរ ព្រោះជាតំបន់រសើបខ្លាំងជាមួយថៃ ដែលពោរពេញដោយធនធានធម្មជាតិនោះផងដែរ។
បើតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា គឺកម្ពុជាបានប្តេជ្ញាចិត្តឥតងាករេចំពោះការដោះស្រាយដោយសន្តិវិធី រួមទាំងការបញ្ជូនវិវាទព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដែលបានកាត់ក្តីឱ្យកម្ពុជាឈ្នះម្តងនៅឆ្នាំ១៩៦២ និងឈ្នះម្តងទៀតនៅឆ្នាំ២០១៣ នៅក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ៕